សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៩ ខែមីនា ប្រកាសបង្កើតក្រុមការងារពិសេសមួយ និងបង្កើតកញ្ចប់ថវិកាជំនួយសង្គ្រោះដើម្បីជួយពង្រឹងវិស័យស្រូវអង្ករនៅកម្ពុជា ខណៈក្រុមម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករព្រមានពីការក្ស័យធន។
ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក សុខ ពុទ្ធីវុធ មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានថា ក្រុមជំនាញផ្នែកស្រូវអង្ករ ដែលមានសមាសភាពពីសហព័ន្ធស្រូវអង្ករកម្ពុជា ពីរដ្ឋាភិបាល និងពីដៃគូពាក់ព័ន្ធនឹងធ្វើការងារជាមួយក្រុមការងារពិសេស ដើម្បីដោះស្រាយបញ្ហាបន្ទាន់ ដែលកំពុងលេចឡើងក្នុងឧស្សាហកម្មស្រូវអង្ករកម្ពុជា។
លោកបន្ថែមទៀតថា កញ្ចប់ថវិកាសង្គ្រោះ ក៏នឹងត្រូវបង្កើតឡើងដើម្បីជួយជ្រោមជ្រែងក្រុមផលិតករអង្ករ ដែលហៀបនឹងដាច់ខ្យល់។ លោក ពុទ្ធីវុធ បញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងស្នើថវិកាប្រមាណពី ២០ ទៅ ៤០លានដុល្លារពីរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ភូមិ (RDB) ឲ្យដាក់ឥណទានជួយសង្គ្រោះវិស័យស្រូវអង្ករកម្ពុជា ក្នុងរយៈពេលខ្លី។ ទឹកប្រាក់នេះ នឹងឲ្យផលិតករអង្ករខ្ចីជាដើមទុនប្រមូលទិញស្រូវស្តុកទុកកិន៖ «នឹងបន្ថែមកម្លាំងថែមទៀត ទៅដល់សហព័ន្ធស្រូវអង្ករយើង ក្នុងការដោះស្រាយបញ្ហាមួយចំនួនទៀត ដែលក្នុងរយៈពេលខ្លីនេះកើតឡើង។ យើងបានឯកភាពគ្នាដោះស្រាយទៅលើស្ថានភាពដែលកំពុងតែជួបប្រទះនេះ»។
ការចាត់វិធានការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ពេលនេះ កើតឡើងស្របពេលក្រុមផ្ដួចផ្ដើមមួយដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ (RISKS) ព្រមានតាមរយៈរបាយការណ៍មួយដែលផ្ញើជូនក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី៧ ខែមីនា ថា ផលិតករអង្ករក្នុងស្រុកកំពុងប្រឈមនឹងការក្ស័យធន ដោយទាមទារឲ្យមានវិធានការបន្ទាន់។
ទោះជាយ៉ាងណាក៏ដោយ សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា វិធានការដែលបានដាក់ចេញមិនមែនបន្ទាប់ពីឃើញការព្រមានក្នុងរបាយការណ៍នេះទេ។ លោក សុខ ពុទ្ធីវុធ ថ្លែងថា ការដាក់ចេញនូវផែនការនេះ បន្ទាប់ពីសហព័ន្ធរបស់លោកបានសិក្សាពីភាពខ្សោយក្នុងវិស័យស្រូវអង្ករកម្ពុជា កន្លងមក។
អ្នកគ្រប់គ្រងការនាំចេញអង្ករនៃរោងម៉ាស៊ីនកិនស្រូវមួយក្នុងខេត្តកំពង់ធំ អ្នកស្រី អៀ ចាន់សុភ័ណ្ឌ អបអរសាទរនឹងចំណាត់ការរបស់សហព័ន្ធស្រូវអង្ករនៅពេលនេះ។ ក៏ប៉ុន្តែអ្នកស្រីព្រួយបារម្ភពីប្រសិទ្ធនៃក្រុមការងារដែលបង្កើតថ្មី ពិសេសកញ្ចប់ថវិកាសង្គ្រោះ ដោយអ្នកស្រីសំដៅទៅលើការរឿងអាស្រូវបក្ខពូកនិយម និងកង្វះប្រសិទ្ធភាពការងារនៅក្នុងស្ថាប័នសហព័ន្ធស្រូវអង្ករកម្ពុជា កន្លងមក។ អ្នកស្រីរំពឹងថា រោងម៉ាស៊ីនកិនស្រូវតូចតាចដូចជាក្រុមហ៊ុនអ្នកស្រីនឹងអាចទទួលបានផលពីវិធានការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា៖ «និយាយរួម បើគាត់បំបាត់បក្ខពួកនិយម វាល្អដែរ។ ជួនកាល គាត់សមាគម សមាគម តែគាត់បក្ខពួកគ្នាគាត់អ៊ីចឹង។ រោងម៉ាស៊ីនយើងតូចតាច គេមិនសូវជា care (ខ្វល់)»។
ក្រុមម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ស្នើរដ្ឋាភិបាលផ្ដល់ប្រាក់កម្ចីប្រមាណ ២៥០លានដុល្លារ ក្នុងអត្រាការប្រាក់ ៤ភាគរយ ក្នុងមួយឆ្នាំ។ បញ្ហាតម្លៃអគ្គិសនីថ្លៃ ក៏ជាឧបសគ្គរបស់ក្រុមផលិតករអង្ករ។ ក្រុមអ្នកកិនអង្ករក៏ស្នើឲ្យរដ្ឋាភិបាលលុបចោលតម្លៃពន្ធបន្ថែម (VAT)។
ក្រុមម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកនាំចេញអង្ករ ដដែល រកឃើញថា ការនាំអង្ករចូលពីប្រទេសជិតខាង ក៏ប៉ះពាល់ដល់ការលូតលាស់នៃវិស័យស្រូវអង្ករនៅប្រទេសកម្ពុជា ដោយត្រូវបង្កើតជាចំនួនកូតា (Quota) ច្បាស់លាស់ចំពោះការនាំអង្ករចូលពីបរទេស។
របាយការណ៍របស់ RISKS បានប៉ាន់ប្រមាណថា អង្ករប្រមាណពី ៧០ម៉ឺនតោន ទៅ ៨០ម៉ឺនតោន ត្រូវបាននាំចូលពីប្រទេសវៀតណាម ក្នុងឆ្នាំ២០១៥។
ជាការឆ្លើយតបសមាជិកក្រុមប្រឹក្សាភិបាលនៃសហភាពស្រូវអង្ករកម្ពុជា លោក ចាន់ សុឃាំង ពន្យល់ថា ដោយសារកម្ពុជា មានសេដ្ឋកិច្ចទីផ្សារសេរី ដូច្នេះកម្ពុជា មិនអាចហាមឃាត់មិនឲ្យនាំអង្ករចូលពីបរទេសបាននោះទេ។ ផ្ទុយទៅវិញ លោកស្នើឲ្យរដ្ឋាភិបាលបង្កើតជានីតិវិធីជាក់លាក់មួយដើម្បីកំណត់ពីស្តង់ដារនៃនាំអង្ករចូលពីបរទេស ដូចជាការបង់ពន្ធការធានាគុណភាពជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
