កម្ពុជា-​ថៃ​គ្រោង​ធ្វើ​មន្ទីរពេទ្យ​តាម​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ទាំង​ពីរ

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ គ្រោង​នឹង​ធ្វើ​មន្ទីរពេទ្យ​នៅ​តាម​ខេត្ត​៦ ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ពេល​ខាង​មុខ។ គម្រោង​នេះ​ត្រូវ​បាន​ភាគី​ថៃ បញ្ជាក់​ថា គឺ​ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ខ្ពស់​របស់​ពលរដ្ឋ​កម្ពុជា ទៅ​លើ​សេវា​ថ្លៃ​ព្យាបាល ហើយ​ការ​ព្យាបាល​នឹង​មិន​យក​ថ្លៃ​ពី​ពលរដ្ឋ​កម្ពុជា ដែល​មាន​ជីវភាព​ក្រីក្រ។

0:00 / 0:00

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អធិការកិច្ច​ក្រសួង​សុខាភិបាល​ថៃ លោក ថាវ៉ាត់ឆៃ (Thawatchai) ត្រូវ​បាន​សារព័ត៌មាន​ថៃ ឈ្មោះ បើណាម៉ា (Bernama) ស្រង់​សម្ដី​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៣ កក្កដា និយាយ​ថា ពេទ្យ​កម្ពុជា និង​ថៃ នឹង​ធ្វើ​ការ​រួម​គ្នា​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ​តាម​រយៈ​ការ​កសាង​មន្ទីរពេទ្យ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ។ លោក​បន្ត​ថា កិច្ច​ប្រតិបត្តិការ​នេះ នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ខ្ពស់​របស់​ពលរដ្ឋ​កម្ពុជា ហើយ​សេវា​នៃ​ការ​ព្យាបាល​មាន​ជាអាទិ៍​ផ្ដោត​ទៅ​លើ​ជំងឺ​គ្រុន​ចាញ់​ជាដើម។

លោក ទ្រី ណារិន្ទ អភិបាល​ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ កក្កដា ថា កិច្ចព្រមព្រៀង​នេះ​នៅ​មិន​ទាន់​ចូល​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា ហេតុ​នេះ​ដំណើរ​ការ​នៃ​ការ​សាងសង់​មន្ទីរពេទ្យ​ដែល​នឹង​អនុវត្ត​ដូច​ការ​គ្រោង​ទុក​នោះ ​នៅ​មិន​ប្រាកដ​នៅឡើយ​ដែរ។ ក៏ប៉ុន្តែ​លោក​បញ្ជាក់​ថា ក្រោយ​ពី​ឆ្លង​កាត់​កិច្ច​ពិគ្រោះ​យោបល់​ក្នុង​ដំណាក់កាល​បន្ទាប់​រួច ទំនង​ជា​គម្រោង​នេះ​អាច​អនុវត្ត​ក្នុង​អំឡុង​ចន្លោះ​ខែ​សីហា ឬ ខែ​កញ្ញា។

ទីភ្នាក់ងារ​ព័ត៌មាន​ថៃ ឈ្មោះ ធី.អិន.អេ (TNA) ដែល​ស្រង់​សម្ដី​របស់​លោក ថាវ៉ាត់ឆៃ មក​ចុះ​ផ្សាយ​ឲ្យ​ដឹង​ដែរ​ថា មន្ទីរ​ពេទ្យ​ដែល​នៅ​ជាប់​ព្រំដែន​កម្ពុជា-​ថៃ មាន​ឈ្មោះ​ថា មន្ទីរពេទ្យ សាកែវ (Sa Kaeo Hospital) មន្ទីរពេទ្យ ប្រា ភើកក្លៅ ចាន់បូរី (Phra Pok Klao Chanthaburi Hospital) មន្ទីរពេទ្យ ត្រាត (Trat Hospital) មន្ទីរ​ពេទ្យ​បន្ទាយមានជ័យ (Banteay Meanchey Hospital) មន្ទីរពេទ្យ បាត់ដំបង (Battambang Hospital) និង មន្ទីរពេទ្យ កោះកុង (Koh Kong Hospital)។

តាម​ការ​គ្រោង​ទុក ប្រទេស​ថៃ នឹង​សាងសង់​មន្ទីរពេទ្យ​ចំនួន ៧ ទីតាំង ចំពោះ​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា ហើយ​នៅ​តាម​មន្ទីរពេទ្យ​ទាំង​នេះ នឹង​ផ្ដល់​សេវា​​ព្យាបាល​ដោយ​មិន​យក​ថ្លៃ​ពី​ពលរដ្ឋ​កម្ពុជា ដែល​មាន​កម្រិត​ជីវភាព​ក្រីក្រ​នោះ​ទេ។

កាល​ពី​ពាក់​កណ្ដាល​ខែ​កក្កដា មន្ត្រី​ថ្នាក់​ខេត្ត​នៅ​ជាប់​ព្រំដែន​កម្ពុជា-​ថៃ បាន​បើក​កិច្ច​ពិគ្រោះ​យោបល់ ដើម្បី​ធ្វើ​សេចក្ដី​ព្រាង​ក្នុង​ខេត្ត​សៀមរាប និង​ជំនាញ​ពាក់ព័ន្ធ មុន​នឹង​ចុះ​កិច្ច​ព្រមព្រៀង​បង្កើត​មន្ទីរពេទ្យ​ដូច​ការ​គ្រោង​ទុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។