កម្ពុជា​ប្ដេជ្ញា​ជំរុញ​វិស័យ​ឧស្សាហកម្ម​សិល្បៈ​ច្នៃប្រឌិត

0:00 / 0:00

ក្រសួង​ពាណិជ្ជកម្ម ស្ថានទូត​សហរដ្ឋអាមេរិក ជប៉ុន និង​អឺរ៉ុប សមាគម​ខ្សែភាពយន្ត អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក និង​សិល្បករ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៦ បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ត​លើកកម្ពស់​ការ​អនុវត្ត​កម្មសិទ្ធិបញ្ញា​ផ្នែក​ឧស្សាហកម្ម​ច្នៃប្រឌិត។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អះអាង​ថា កម្ពុជា​កំពុង​ជួយ​ជ្រោមជ្រែង​ម្ចាស់​ស្នាដៃ​សិល្បៈ ខណៈ​សិល្បករ​ស្នើ​ឲ្យ​សាធារណជន​ផ្ដល់​តម្លៃ​ដល់​ស្នាដៃ​សិល្បៈ​បង្កើត​ថ្មី។

ការ​ថ្លែង​របស់​បណ្ដា​អ្នក​ពាក់ព័ន្ធ​នឹង​កម្មសិទ្ធិបញ្ញា​នេះ ធ្វើ​ឡើង​ចំ​ទិវា​កម្មសិទ្ធិបញ្ញា​ពិភពលោក​ក្រោម​ប្រធានបទ "សិល្បៈ​ច្នៃប្រឌិត​បែប​ឌីជីថល៖ ការ​បកប្រែ​វប្បធម៌​ឡើង​វិញ (Digital Creativity: Culture Reimagined)”។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា លោក វីលៀម ហេដថ៍ (William Heidt) អះអាង​ថា វិស័យ​ឧស្សាហកម្ម​សិល្បៈ​ច្នៃប្រឌិត (Creative Industry) ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច ព្រម​ទាំង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ។

លោក​ថ្លែង​បញ្ជាក់​ថា ប្រទេស​កម្ពុជា សម្បូរ​ដោយ​សិល្បៈ​បេតិកភណ្ឌ​វប្បធម៌ និង​មនុស្ស​វ័យ​ពេញ​កម្លាំង​ធ្វើ​ការ ដែល​លោក​ថា វា​អំណោយផល​ដល់​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​សិល្បៈ​ច្នៃប្រឌិត នៅ​ប្រទេស​កម្ពុជា។

បច្ចុប្បន្ន កម្ពុជា មិន​ទាន់​មាន​ទិន្នន័យ​ជាក់លាក់​ស្ដីពី​ទំហំ​ទឹក​ប្រាក់​ដែល​បាន​មក​ពី​វិស័យ​ឧស្សាហកម្ម​សិល្បៈ​ច្នៃប្រឌិត​នៅ​ឡើយ​ទេ។ ទោះបីជា​យ៉ាង​ណា បើ​តាម​តួលេខ​របស់​សមាគម​ភាពយន្ត​សហរដ្ឋអាមេរិក ឧស្សាហកម្ម​សិល្បៈ​ច្នៃប្រឌិត ពិសេស​សិល្បៈ​ភាពយន្ត និង​ទូរទស្សន៍ បាន​ពាំនាំ​ទឹក​ប្រាក់​ប្រមាណ​ជិត ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជូន​សេដ្ឋកិច្ច​ប្រទេស​ថៃ និង​ផ្ដល់​ការងារ​ជាង ២៥​ម៉ឺន​ការងារ ដល់​ប្រជាជន​ថៃ។

ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា លោក ច្សច្ឆ អែដហ្គឺ (George Edgar) មាន​ប្រសាសន៍​ថា បច្ចេកវិទ្យា​ឌីជីថល​កាន់តែ​ទំនើប ផ្ដល់​គុណប្រយោជន៍​ដល់​ការ​រីក​ដុះដាល​សម្រាប់​ឧស្សាហកម្ម​សិល្បៈ​ច្នៃប្រឌិត។ លោក​បញ្ជាក់​ថា ប្រជាពលរដ្ឋ​សព្វថ្ងៃ​អាច​ស្វែង​រក​ស្នាដៃ​សិល្ប​តាម​អ៊ីនធឺណិត​បាន ដែល​នាំ​ឲ្យ​លោក​សង្កត់​ធ្ងន់​ថា ស្នាដៃ​ច្នៃប្រឌិត និង​បង្កើត​ថ្មី​ផ្ចិតផ្ចង់​របស់​សិល្បករ គួរ​ត្រូវ​បាន​សាធារណជន​ផ្ដល់​តម្លៃ និង​ជូន​សគុណ​ត្រឡប់​មក​វិញ។

សិល្បករ​ផលិត​ស្នាដៃ​ច្នៃប្រឌិត និង​បង្កើត​ថ្មី កញ្ញា ឡូរ៉ា ម៉ម មើល​ឃើញ​ថា ប្រជាជន​កម្ពុជា មួយ​ចំនួន ក៏​ចូលចិត្ត​ចម្រៀង​បង្កើត​ថ្មី (original songs) ហើយ​ទីផ្សារ​សម្រាប់​សិល្បករ​ដែល​និយម​ស្នាដៃ​បង្កើត​ថ្មី ក៏​នៅ​ទូលាយ។ នាង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បន្ថែម​ការ​គាំទ្រ​ដល់​ស្នាដៃ​ចម្រៀង​បង្កើត​ថ្មី។

ប្រធាន​ការិយាល័យ​ច្បាប់​ប្រចាំ​តំបន់​អាស៊ី-​ប៉ាស៊ីហ្វិក នៃ​សមាគម​ភាពយន្ត​សហរដ្ឋអាមេរិក អ្នកស្រី ស៊ូសាន លី (Susan Lee) លើក​ឡើង​ថា ដើម្បី​ធានា​ថា ម្ចាស់​ស្នាដៃ​សិល្បៈ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការងារ​របស់​ខ្លួន រដ្ឋាភិបាល​ចាំបាច់​ត្រូវ​បង្កើត​ច្បាប់ និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​កម្មសិទ្ធិបញ្ញា​ឲ្យ​មាន​ប្រសិទ្ធភាព។

ឆ្លើយតប​នឹង​ការ​លើក​ឡើង​នេះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​គ្រប់គ្រង​កម្មសិទ្ធិបញ្ញា លោក ប៉ាន សូរស័ក្ដិ គូស​បញ្ជាក់​ថា រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​អ្នក​និពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ហើយ​លោក​បាន​លើក​យក​ការ​ប្រគំតន្ត្រី "ពេលវេលា​ដែល​ត្រូវ​តប​ស្នង" នៅ​ពេល​កន្លង​ទៅ ថា​ជា​ការ​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល ដើម្បី​ការពារ​ផលប្រយោជន៍​របស់​ម្ចាស់​ស្នាដៃ​សិល្បៈ៖ « ខ្ញុំ​ឃើញ​ថា ការ​ជំរុញ​វិស័យ​ឧស្សាហកម្ម​ច្នៃប្រឌិត ជា​រឿង​សំខាន់​មួយ​ដែរ ហើយ​មួយ​ទៀត​រឿង​ចុះ​បញ្ជី​ម៉ាក ដែល​យើង​ត្រូវ​ទទួល​ស្គាល់។ យើង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មក​ចុះ​បញ្ជី​ម៉ាក​ដើម្បី​ការពារ »

និយមន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម កម្មសិទ្ធិបញ្ញា (Intellectual Property) ឬ អាយ.ភី (IP) សំដៅ​ទៅ​លើ​ការ​បង្កើត​ដោយ​គំនិត​បញ្ញា ដូចជា​ស្នាដៃ​អក្សរសិល្ប៍ និង​សិល្បៈ និមិត្តសញ្ញា រូបភាព និង​គំនូរ ដែល​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ពាណិជ្ជកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។