រទេះដឹកទំនិញជាច្រើនគ្រឿង និងកម្មករជាច្រើននាក់បានកកកុញនៅរង្វង់មូលខាងមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ប្រភពបានឲ្យដឹងថា មូលហេតុនៃការហាមឃាត់ ដោយសារតែសមត្ថកិច្ចថៃ ខឹងនឹងកម្មករទាំងនោះមិនព្រមបង់លុយឲ្យពួកគេ។
កម្មករអូសរទេះជិត ៥០នាក់ ទាមទារឲ្យសមត្ថកិច្ចថៃ នៅជាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត អនុញ្ញាតឲ្យពួកគាត់ចេញចូលទៅក្នុងទឹកដីថៃ ប្រកបរបរស៊ីឈ្នួលអូសរទេះដឹកទំនិញឲ្យគេដើម្បីបានប្រាក់កម្រៃយកទៅផ្គត់ផ្គង់ជីវភាពប្រចាំក្នុងក្រុមគ្រួសារ។ ការទាមទារនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ក្រោយពីសមត្ថកិច្ចថៃ នៅជាប់ច្រកទ្វារអន្តរជាតិនោះ បិទផ្លូវមិនអនុញ្ញាតឲ្យពួកគាត់អូសរទេះចេញចូលទៅក្នុងទឹកដីថៃ។
ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ វិច្ឆិកា កម្មករប្រុសស្រីទាំងអស់បញ្ជាក់ថា ពួកគាត់មានការខឹងសម្បាយ៉ាងខ្លាំងចំពោះទង្វើរបស់សមត្ថកិច្ចថៃ ដែលបានហាមឃាត់ពួកគាត់មិនឲ្យប្រកបរបរប្រចាំថ្ងៃ។
ពួកគាត់លើកឡើងថា ទង្វើរបស់នេះ បានរំលោភលើសិទ្ធិសេដ្ឋកិច្ចរបស់ពួកគាត់ និងនាំអោយប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃ៖ «ឥឡូវនេះច្រកប៉ោយប៉ែតគេបិទទាំងអស់ ខ្ញុំដឹកអីវ៉ាន់។ អ្នកមានលិខិតឆ្លងដែនទាំងអស់គេអត់អោយចូលថៃទេ មិនអោយរទេះចូលទេ ឥឡូវដាច់បាយអស់ហើយ គេចាប់គេអត់អោយចូល គេវ៉ៃលិខិតឆ្លងដែនថៃ អត់អោយចូល។ ថៃមានគេវ៉ៃលិខិតឆ្លងដែន ក៏ថៃដកខាតដែរ អីវ៉ាន់ភ្ញៀវខ្ញុំដឹកអូសមកគេហែកកាតគាត់អស់ពីរបីនាក់។ បងប្អូនខ្ញុំសុំថា ឲ្យបើកដូចមុនដូចធម្មតាវិញមក»។
កម្មករខ្លះទៀតបញ្ជាក់ថា ពួកគាត់ជាអ្នកប្រកបរបរស៊ីឈ្នួលអូសរទេះដឹកទំនិញចេញចូលទៅក្នុងទឹកដីថៃ ទទួលបានប្រាក់កម្រៃបន្តិចបន្តួចដើម្បីចិញ្ចឹមជីវិត។ ក្នុងរយៈកាលកន្លងមក ពួកគាត់ទាំងអស់ជាអ្នកស៊ីឈ្នួលអូសរទេះនោះ នៅពេលអូសរទេះ ដឹកទំនិញឲ្យគេឆ្លងកាត់ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចថៃ ប្រចាំការនៅទីនោះ ចាប់បង្ខំឲ្យបង់លុយចំនួន ១០០បាត ស្មើជាង ១ម៉ឺនរៀល។ អ្នកខ្លះត្រូវគេបង្ខំអោយបង់លុយច្រើនជាងនេះ៖ «រទេះឆាលីហ្នឹង ដាច់បាយអស់ហើយ អត់អោយចូល អ៊ីចឹងពីលើកមុនដឹកអីវ៉ាន់ទៅគេយក ១០០បាត ១០០បានហើយ គេពោលថា ខាតទៀត។ សមត្ថកិច្ចខ្មែរនិងខាងថៃហ្នឹង កាតមានលិខិតអីមានគ្រប់គ្រាន់»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ការជំរិតទារប្រាក់ពីកម្មករអូសរទេះនោះ ត្រូវបានផ្អាកទៅវិញ ក្រោយពីមានការស្ដីបន្ទោសនិងមានការហាមប្រាមពីមន្ត្រីថ្នាក់លើនៃក្រសួងមហាផ្ទៃ។ ប្រភពពីក្រុមកម្មករ អះអាងថា ដោយសារតែមានការហាមឃាត់ដូច្នេះហើយ ទើបសមត្ថកិច្ចខ្មែរនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខឹង ហើយបើកដៃអោយភាគីថៃ ដែលមានខ្មែរជាអ្នកបម្រើអោយផងនោះ ហាមឃាត់ពួកគាត់មិនចេញចូលដឹកទំនិញឲ្យគេ៖ «លើកមុនវាយកមួយរទេះឆាលីហ្នឹង យក ១០០បាត គាត់ពោលថា ខាតទៀត យកគ្នា ១០០ក្នុងមួយរទេះ។ បាន ២០០បាត យកអស់ ១០០បាត់ហើយ មានអីទៀត»។
ប្រភពពីប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត បញ្ជាក់ថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត កន្លងទៅនេះ អាជ្ញាធរមានសមត្ថកិច្ចនៅទីនោះបង្កើតឲ្យបញ្ហាជាច្រើន ទាក់ទិនទៅការជំរិតទារលុយពីប្រជាពលរដ្ឋដោយគ្មានច្បាប់ទម្លាប់។ ក្រៅពីនេះ សមត្ថកិច្ចនៅច្រកទ្វារអន្តជាតិប៉ោយប៉ែត ទាំងភាគីថៃ និងភាគីកម្ពុជា តែងតែសហការគ្នាដើម្បីជំរិតទារលុយពីកម្មករខ្មែរនិងក្រុមអាជីវករខ្មែរលក់ដូរនៅក្នុងផ្សារលុងគឿ ទឹកដីថៃ តាមរូបភាពផ្សេងៗគ្នា។
ពលរដ្ឋ៖ «បញ្ហានេះចោទធ្ងន់ដោយសារខាងសមត្ថកិច្ចសៀម កន្លងមកវាធ្លាប់បានលុយ ដល់ឥឡូវវាអត់បានលុយទៅ រទេះទាំងអស់ត្រូវកាក់។ ឥឡូវប្រឈមមុខខ្លាំង ចំណែករទេះធំៗដែលចូលទៅផ្សារលុងគឿហ្នឹង វាអនុញ្ញាតឲ្យចូលដោយសារមានទំនិញដុំ ដល់អាកំប៉ិកកំប៉ុកហ្នឹងមិនមានលុយកាក់អោយវា វាលែងអោយចូលបណ្ដោយ។ បញ្ហានេះបើយើងគិតអោយអស់ទៅអាហ្នឹងវាជាជនជាតិខ្មែរយើងទេ ប៉ុន្តែវាធ្វើការអោយសមត្ថកិច្ចថៃ ហើយសម្រាប់បញ្ហានេះពលករគាត់កំពុងប្រឈមមុខខ្លាំង»។
កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ ប្រជាពលរដ្ឋខ្មែរលក់ដូរនៅក្នុងទឹកដីថៃ ធ្លាប់ប្រតិកម្មចំពោះសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលបានឃុបឃិតគ្នាជាមួយអាជ្ញាធរថៃ ជំរិតយកប្រាក់ថ្លៃម៉ូតូនិងថ្លៃរថយន្តប្រចាំខែពីពួកគាត់ចាប់ពី ៣ម៉ឺនរៀលឡើងទៅជិត ១០ម៉ឺនរៀលក្នុងមួយខែ។ ក្រុមអាជីវករខ្មែរលក់ដូរនៅផ្សារលុងគឿថៃ ខឹងសម្បាយ៉ាងខ្លាំងចំពោះសកម្មភាពអាជ្ញាធរថៃ ដែល នៅចាំចាប់ម៉ូតូ និងកាក់រថយន្តក្រុមអាជីវករខ្មែរឲ្យបង់លុយ ជាប្រចាំខែ។
ប្រភពបង្ហើបឲ្យដឹងថា ក្រោយពីក្រុមអាជីវករខ្មែរនៅផ្សារលុងគឿថៃ ចោទប្រកាន់រួចមក ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ចាត់វិធានការស្រាវជ្រាវស្ដីបន្ទោស និងបានហាមឃាត់ សមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឲ្យឈប់ជំរិតទារលុយពីក្រុមកម្មករនិងក្រុមអាជីវករ។ ប្រភពបន្តថា ទំនងដោយសារទទួលរងការស្ដីបន្ទោសនេះហើយទើបសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ផ្ដើមសកម្មភាពថ្មី បោះដៃអោយភាគីថៃ ហាមឃាត់មិនកម្មករអូសរទេះចេញចូល។ ម្យ៉ាងវិញទៀត ការហាមឃាត់នោះ ពុំមែនប៉ះពាល់តែលើកម្មករអូសរទេះនោះទេ ប៉ុន្តែបញ្ហានេះវាបានប៉ះពាល់ដល់ក្រុមអាជីវករជាម្ចាស់ទំនិញដូចគ្នាថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
