ការយករថយន្តបិទផ្លូវនេះធ្វើឡើងដោយសារតែពួកគេខឹងនឹងសមត្ថកិច្ចថៃ មិនអនុញ្ញាតឱ្យរថយន្តខ្មែរទាំងនោះបើកចូលទៅក្នុងទឹកដីថៃ ដើម្បីទិញនឹងដឹកហ្គាស៍យកមកលក់នៅទឹកដីខ្មែរវិញ។
សមត្ថកិច្ចថៃប្រចាំច្រកទ្វារអន្តរជាតិខ្លងលឹក ឈមនឹងច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានហាមឃាត់ រថយន្តខ្មែរមិនឲ្យបើកចូលទៅក្នុងទឹកដីថៃ ដូចសព្វមួយដង។ បញ្ហានេះបានធ្វើម្ចាស់រថយន្តទាំងនោះ នាំគ្នាយករថយន្តជាច្រើនគ្រឿងទៅចតបិទផ្លូវនៅចំណុចគល់ស្ពានមិត្តភាពកម្ពុជា-ថៃ ដើម្បីប្រឆាំងមិនឲ្យរថយន្តដឹកទំនិញធំរបស់ថៃ បើកឆ្លងចូលមកស្រុកខ្មែរវិញជាការតបត។
ការតវ៉ានេះបណ្ដាលឲ្យមានការកកស្ទះចរាចរណ៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត អស់រយៈពេលជាច្រើនម៉ោងកាលពីព្រឹកថ្ងៃច័ន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០១៣។
ក្រុមម្ចាស់រថយន្តខ្មែរទាំងនោះលើកឡើងថា ពួកគាត់មានការខឹងសម្បាចំពោះសមត្ថកិច្ចថៃ ប្រមាថមើលងាយខ្មែរ ហើយភាគីថៃមិនគោរពកិច្ចព្រមព្រៀងដែលខ្លួនបានធ្វើឡើងជាមួយភាគីកម្ពុជា៖ «ពួកឡានគេខឹងចូលទៅថៃ វាដេញចេញទាំងអស់វាអោយដាក់ត្រឹម ៤០គីឡូ ហើយចៅហ្វាយក្រុងយើងស៊ីញេឲ្យ ៨០គីឡូក្រាម។ យើងចូលវាដេញមើលងាយខ្មែរយើងថា ពួកអាឆ្កែឆ្មារ ហើយទំនិញថៃ វាមកដឹកឡើងខូងផ្លូវអស់ហើយ ដឹកអត់ពន្ធ ត្រង់ខ្មែរដឹកហ្គាស៍ ១ធុងចំណេញបាន ២ ទៅ ៣០០បាត វាធ្វើបាបខ្មែរ»។
កន្លងទៅថ្មីៗនេះ អាជ្ញាធរក្រុងប៉ោយប៉ែត បានចេញសេចក្ដីជូនដំណឹងមួយដោយតម្រូវឲ្យរថយន្តរបស់ប្រជាពលរដ្ឋខ្មែរដែលបើកចូលទៅដឹកហ្គាស៍នៅក្នុងដីថៃ គឺអនុញ្ញាតឱ្យដឹកហ្គាស៍បានក្នុងចំណុះ ៨០គីឡូក្រាម។ យោងលើសេចក្ដីជូនដំណឹងនេះ ប្រជាពលរដ្ឋខ្មែរនិងជាម្ចាស់រថយន្តទាំងនោះ ក៏នាំគ្នាបើករថយន្តចូលទៅក្នុងទឹកដីថៃ ប៉ុន្តែសមត្ថកិច្ចថៃមិនអនុញ្ញាតឲ្យចូលនោះឡើយ។ទន្ទឹមគ្នានេះ ភាគីថៃ ថែមទាំងចាប់រថយន្តទាំងនោះទុក និងដកយកធុងហ្គាស៍ចេញពីរថយន្តថែមទៀត។
ក្រុមម្ចាស់រថយន្តខ្មែរទាំងនោះព្រមានថា បើសិនភាគីថៃ នៅតែរឹតបន្តឹងទៅលើរថយន្តរបស់ខ្មែរដែលចូលទៅដឹកហ្គាស៍នៅក្នុងទឹកដីថៃ នោះទៀត ពួកគេនឹងបិទផ្លូវមិនឱ្យរថយន្តថៃ បើកចេញចូលមកដីខ្មែរដូចគ្នាដែរ៖ «ប្រជាពលរដ្ឋខ្មែរយើងសំណូមពរឲ្យខាងថៃហ្នឹងគោរពតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរក្រុងប៉ោយប៉ែត តម្រូវឲ្យប្រជាពលរដ្ឋខ្មែរដែលលក់ឥវ៉ាន់នៅផ្សារថៃហ្នឹង ត្រូវប្រើធុងហ្គាស៍ចំណុះ ៨០គីឡូក្រាម។ យើងប្រើតាមសំណូមពររបស់អភិបាលក្រុងប៉ោយប៉ែតយើង ហើយចូលដល់ថៃ យើងចូលទៅគេប្រាប់ឲ្យដាក់តែ ៤០គីឡូក្រាមទេ»។
ទោះយ៉ាងណារថយន្តទាំងនោះបានរំសាយពីការបិទផ្លូវនៅចំណុចគល់ស្ពានមិត្តភាពកម្ពុជា-ថៃ មកប្រមូលផ្ដុំគ្នានៅរង្វង់មូលអន្តរជាតិប៉ោយប៉ែត។ ក្រុមអាជ្ញាធរខ្មែរបានបញ្ជាក់ក្រោយពីការចរចា ជាមួយភាគីថៃថា ភាគីថៃ តម្រូវរថយន្តខ្មែរដែលចូលទៅដឹកហ្គាស៍ក្នុងទឹកថៃនោះ គឺអាចដឹកបានត្រឹមតែចំណុះ ៨០គីឡូក្រាម ប៉ុន្តែភាគីថៃនៅតែទាមទារឲ្យរថយន្តផ្ទុកធុងហ្គាស៍ ដែលបើកចេញចូលទៅដឹកហ្គាស៍ទាំងនោះ ត្រូវមានគុណភាពត្រឹមត្រូវតាមស្តង់ដារ ដើម្បីការពារកុំមានគ្រោះថ្នាក់ផ្សេងកើតមានឡើងដូចរយៈពេលកន្លងមក។
អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំ សារឿត មានប្រសាសន៍បញ្ជាក់ថា នៅក្នុងជំនួបស្វែងរកដំណោះស្រាយនៅក្រុងប៉ោយប៉ែត កាលពីព្រឹកថ្ងៃទី២៣ ខែធ្នូ ភាគីម្ចាស់រថយន្តខ្មែរទាំងនោះបានយល់ព្រមលើបញ្ហាទាំងពីរចំណុច ប៉ុន្តែពួកគេបានស្នើបញ្ហាបីចំណុចបន្ថែម។ បញ្ហាទី១ ម្ចាស់រថយន្តទាំងនោះទាមទារមិនឲ្យអាជ្ញាធរនៅច្រកទ្វារប៉ោយប៉ែត ចេញលិខិតអនុញ្ញាតឲ្យរថយន្តទៅពីបណ្ដាខេត្តផ្សេងបើកចូលទៅដឹកហ្គាស៍នៅក្នុងទឹកដីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នោះឡើយ។ បញ្ហាទី២ ពួកគេសុំឲ្យសមត្ថកិច្ចខ្មែរប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត បញ្ឈប់ការយកលុយចំនួន ៧០បាតពីម្ចាស់រថយន្តនីមួយៗ ដែលដឹកហ្គាស៍ចេញពីទឹកដីថៃ និងចំណុចទី៣ ពួកគេទាមទារឲ្យភាគីតម្រួតថៃ បញ្ឈប់ការយកលុយពីម្ចាស់រថយន្តម្នាក់ៗចំនួន ៥០០បាតជាប្រចាំខែតទៅទៀត។
សំណើទាំងបីចំណុច ត្រូវបានអាជ្ញាធរខេត្តខេត្តបន្ទាយមានជ័យ ទទួលយកនូវចំណុចទី២ និងទី៣ ទៅដោះស្រាយ ប៉ុន្តែបដិសេធលើចំណុចទី១។ លោកអភិបាលខេត្តបញ្ជាក់ថា ការស្នើសុំនូវចំណុចទី១ របស់ម្ចាស់រថយន្តទាំងនោះ គឺអាជ្ញាធរខេត្តមិនអាចទទួលយកបានទេ ព្រោះករណីនេះវាជាការរើសអើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
