ពលករ​នៅ​ព្រៃវែង​រៀបរាប់​ពី​បទពិសោធន៍​ក្នុង​ដំណើរ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ

0:00 / 0:00

ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ខុស​ច្បាប់ ត្រូវ​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​ តាម​ច្រក​នានា​ក្នុង​ខេត្ត​​ជាយ​ដែន​ជាប់​ប្រទេស​ថៃ ជា​ពិសេស​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។

ក្នុង​ចំណោម​អ្នក​ទាំង​ទាំង​នោះ ​ពលករ​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​ព្រៃវែង មួយ​ចំនួន បាន​រៀប​រាប់​ពី​ការ​លំបាក​​ក្នុង​​ដំណើរ​វិល​ត្រឡប់​របស់​ពួកគេ​ពី​ប្រទេស​ថៃ​នេះ។

ពលករ ពលការិនី​ខ្មែរ​​រៀបរាប់​ថា ពលករ​ភាគ​ច្រើន​​ធ្វើ​​​ដំណើរ​ពី​ប្រទេស​ថៃ​ មក​កម្ពុជា​ តាម​រថយន្ត​ ឈ្នួល​របស់​មេខ្យល់​ជនជាតិ​ថៃ ចេញ​ដំណើរ​នៅ​ពេល​យប់​ក្នុង​តម្លៃ​ម្នាក់​ពីរ ២.០០០​បាត ឬ​ប្រមាណ ៦០​ដុល្លារ​អាមេរិក សម្រាប់​ពលករ​ដែល​ធ្វើ​ការងារ​នៅ​ទី​ក្រុង​បាងកក និង​នៅ​ខេត្ត​មួយ​ចំនួន​ជុំវិញ​នោះ។ ពួកគេ​បញ្ជាក់​ថា​ ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្នុង​ប្រទេស​ថៃ​ នោះ​មេខ្យល់​ជា​ម្ចាស់​រថយន្ត​ដាក់​ពលករ​ប្រជ្រៀត​គ្នា​យ៉ាង​ណែន​ក្នុង​មួយ​ឡាន​ប្រមាណ​ពី ២០ ទៅ ២៥​នាក់​ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទាំង​ភិតភ័យ បារម្ភ​ខ្លាច​ប៉ូលិស​ថៃ​ចាប់​ផង។

ពលករ​ម្នាក់​ លោក​ មិន ម៉ី រស់​នៅ​ភូមិ​ជើងទឹក សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ថ្លែង​ថា ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​ឈ្នួល​ក្នុង​ទឹក​ដី​ថៃ​នោះ​ ពួកគេ​ធ្វើ​ដំណើរ​យ៉ាង​លំបាក​លំបិន គឺ​ប្រមាណ​ពី ២ម៉ោង​ឈប់​សម្រាក​រថយន្ត​ម្ដង។ លោក មិន ម៉ី បន្ត​ថា នៅ​ពេល​សម្រាក​នោះ​សង្កេត​ឃើញ​មាន​កម្មករ​ខ្មែរ​ជា​ច្រើន​​​នៅ​ទី​នោះ ហើយ​ម្នាក់ៗ​ពុំ​ហ៊ាន​ចេញ​ទៅ​ណា​ឆ្ងាយ​ពី​រថយន្ត​ទេ ពីព្រោះ​ពួកគេ​ជា​ពលករ​ខុស​ច្បាប់​ខ្លាច​ប៉ូលិស​ថៃ ចាប់​ដាក់​គុក ឬ​ធ្វើ​បាប​​ពេល​ធ្វើ​ដំណើរ​នោះ។ ម្យ៉ាង​វិញ​ទៀត​នៅ​ ពេល​ធ្វើ​ដំណើរ​ពលករ​ទាំង​នោះ​តែង​តែ​និយាយ​តៗ​គ្នា​ថា មាន​ទាហាន​ថៃ បាញ់​សម្លាប់​ពលករ​ខ្មែរ​​ប្រមាណ ៣​នាក់​ ខណៈ​ដែល​រត់​ពី​ការ​ចាប់​ខ្លួន​ក្នុង​ពេល​ធ្វើ​ដំណើរ។ ប៉ុន្តែ​​លោក​ថា នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ក្នុង​រថយន្ត​របស់​ពួកគេ​នោះ​ពុំ​មាន​កម្មករ​ណា​ម្នាក់​ប្រទះ​ឃើញ​ការ​បាញ់​សម្លាប់​កម្មករ​ពី​សំណាក់​ទាហាន​ថៃ​នោះ​ទេ។

លោក មិន ម៉ី៖ «ភ័យ​បាន​រត់​ចេញ​មក ឮ​គេ​បាញ់ ឮ​គេ​អី​ហ្នឹង បង​ប្អូន​ខ្ញុំ​មក​ទាំង​អស់​គ្នា តែ​មក​មុន​មួយ​ខែ ឬ​កន្លះ​ខែ តាម​ដំណាក់ៗ។ វា​ជិះ​ឡាន​ទូ​វា វា​ញ៉ុក​ឡាន​ទូ​តូច ដល់​មក​កន្លែង​វា​វត្ត​ស្អី​ទេ​ គេ​ហៅ​វត្ត​ស្អី​ទេ ខ្ញុំ​ក៏​មិន​សូវ​ស្គាល់​ដែរ នៅ​ថៃ ព្រោះ​ខ្ញុំ​អត់​ចេះ​ភាសា​ដែរ។ មក​ដល់​ត្រង់​ហ្នឹង​គេ​ប្រជុំ​មនុស្ស​ប្រហែល​ជា ១​ពាន់​នាក់ រួច​ហើយ​គេ​ផ្ដិត​មេដៃ​មេ​អី​ហើយ​​ហ្នឹង រួច​គេ​ដាក់​ឡាន​ក្រុង​ឡើង​ឡាន​ក្រុង​ថៃ មក​ចូល​មក​ទឹក​ដី​ប៉ោយប៉ែត​តែម្ដង»

លោក​បន្ថែម​ថា​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ នៅ​មាន​ចំនួន​ជា​ច្រើន​ទៀត​ដែល​បម្រុង​នឹង​ចេញ​​ដំណើរ​មក​កម្ពុជា​វិញ​ ហើយ​ការ​ដែល​ពួកគេ​វិល​ត្រឡប់​មក​កម្ពុជា​នេះ​ ដោយសារ​មាន​លេច​ឮ​​ព័ត៌មាន​ពី​បង​ប្អូន​នៅ​ប្រទេស​ខ្មែរ​ថា នៅ​ប្រទេស​ថៃ​នោះ​ គ្រប់​គ្រង​ដោយ​របប​យោធា​ ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក​ទូទាំង​ប្រទេស ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​នៅ​ពេល​យប់​ ព្រម​ទាំង​មាន​ដំណឹង​ថា ពលករ​ខ្មែរ​មួយ​ចំនួន​ស្លាប់​នៅ​ប្រទេស​ថៃ​ផង។ បញ្ហា​ទាំង​នេះ​ហើយ​ជាហេតុ​ធ្វើឲ្យ​​កម្មករ​ភ្ញាក់​ផ្អើល ហើយ​នាំ​គ្នា​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​ដើម្បី​សុវត្ថិភាព​ភាព​រៀងៗ​ខ្លួន។

ក្រុម​ពលករ ពលការិនី​ឲ្យ​ដឹង​ថា​ នៅ​ពេល​ដែល​ពួកគេ​ធ្វើ​ដំណើរ​មក​ដល់​ជាយ​ដែន​​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ពួកគេ​ត្រូវ​មេខ្យល់​បញ្ជូន​ដាក់​នៅ​ប៉ូលិស​អន្តោប្រវេសន៍​ថៃ ឲ្យ​ផ្ដិត​ស្នាម​មេដៃ រួច​ដឹក​ជញ្ជូន​ត្រឡប់​មក​កម្ពុជា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ នៅ​ជាយ​ដែន​ខេត្ត​បន្ទាយមានជ័យ​ អាជ្ញាធរ​ខ្មែរ​និង​មាន​អង្គការ​សង្គម​ស៊ីវិល​​ផង ​រៀបចំ​រថយន្ត​សម្រួល​ឲ្យ​ពួកគេ​ធ្វើ​ដំណើរ​ទៅ​តាម​បណ្ដា​ខេត្ត​រៀងៗ​ខ្លួន។

ពួកគេ​បន្ថែម​ថា ក្នុង​ការ​ធ្វើ​ដំណើរ​នោះ​ ចំពោះ​ពួកគេ​ជា​ពលករ​មាន​ទី​លំនៅ​នៅ​ខេត្ត​ព្រៃវែង ធ្វើ​ដំណើរ​ដោយ​រថយន្ត​ក្រុង​របស់​អគ្គស្នងការ​នគរបាល​ជាតិ​មក​ដល់​ខេត្ត​ព្រៃវែង ប្រមាណ​ម៉ោង ៨​យប់៖ «បើ​មក​ដល់​ប៉ោយប៉ែត គេ​ឲ្យ​បាយ ឲ្យ​មី ឲ្យ​ទឹក​ហូប អ្នក​អង្គការ​ហ្នឹង​គេ​ចែក​ឲ្យ​ខ្មែរ​យើង​ហូប។ ចុះ​ពី​លើ​ឡាន​ថៃ​ហ្នឹង​មក​គេ​ហុច​បាយ​អី​ហូប​ទៅ។ ជិះ​មក​ពី​ថៃ មាន​អ្នក​ណា​គេ​ឲ្យ​បាយ​ទេ យើង​ទិញ​ខ្លួន​ឯង។ គេ​ឲ្យ​យើង​តម្រង់​ជួរ​អ៊ីចឹង​ហើយ​ផ្ដើម​ថា​ឲ្យ​ស្រីៗ​ឡើង បើ​ប្រពន្ធ​កូន​អី​មាន​កូន​មាន​អី​គេ​ឲ្យ​ឡើង​ឡាន​មុន ហើយ​ចាំ​ប្រុសៗ​ឡើង​ឡាន​ក្រោយ។ ឡើង​ឡាន​អង្គការ​គេ​ប្រកាស​តាម​ខេត្ត​តែម្ដង ព្រៃវែង​តាម​ព្រៃវែង ឡើង​ឡាន​តាម​ព្រៃវែង គេ​ជួន​មក​ដល់​ស្នាក់ការៗ គេ​ហៅ​ទៅ​សួរ​នៅ​ណា​នៅ​ណា​ទៅ​ថត​មួយ​ប៉ុស្តិ៍​សរសេរ​ឈ្មោះ​គេ​ឲ្យ​មក​​ផ្ទះ​តែម្ដង»

ក្រុម​កម្មករ​ទាំង​នោះ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ខ្លះ​​ជា​កម្មករ​រត់​តុ ខ្លះ​ធ្វើ​ការ​ក្នុង​រោងចក្រ​និង​ខ្លះ​ទៀត​ជា​កម្មករ​សំណង់​​​ធ្វើការ​​ដោយ​ខុស​ច្បាប់​បង់​ថ្លៃ​ឲ្យ​ប៉ូលិស​ថៃ មួយ​ខែ ៥០០​បាត​ ដោយ​ពួកគេ​ធ្វើ​ការ​មួយ​ថ្ងៃ​បាន​ប្រាក់​ឈ្នួល​ប្រមាណ ៣០០​បាត។

កម្មករ​ទាំង​នោះ​និយាយ​ដូចៗ​គ្នា​ថា ពេល​មក​ដល់​ស្រុក​កំណើត​ពុំ​មាន​ការងារ​ធ្វើ​នោះ​ទេ​ ហើយ​កំណត់​ក្នុង​ចិត្ត​ថា​ នឹង​ត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​ នៅ​ពេល​ណា​ដែល​សភាពការណ៍​​នៅ​ទី​នោះ​ស្ងប់ស្ងាត់​ដូច​ប្រក្រតី។ ពួកគេ​បញ្ជាក់​ថា​ មូល​ហេតុ​ដែល​ពួកគេ​ចង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយសារ​ការងារ​នៅ​ប្រទេស​ខ្មែរ​ធ្វើ​ការ​បាន​ប្រាក់​ឈ្នួល​តិចតួច​មិន​គ្រប់​គ្រាន់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ឲ្យ​សមស្រប​ទៅ​​តាម​ទំនិញ​ទីផ្សារ​សព្វថ្ងៃ​ដែល​ឡើង​ខ្ពស់​កប់​ពពក​ឡើយ។

ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង លោក ស្រេង ជា មាន​ប្រសាសន៍​បញ្ជាក់​ថា គិត​ចាប់​ពី​ថ្ងៃ​ទី​១៣ មិថុនា មក​ទល់​រសៀល​ថ្ងៃ​ទី​១៥ មិថុនា ពលករ​ដែល​ដឹក​ជញ្ជូន​មក​​ដល់​ខេត្ត​ព្រៃវែង សរុប​ប្រមាណ​ជាង ៦​ពាន់​នាក់។

លោក ស្រេង ជា៖ «រាជរដ្ឋាភិបាល​ហើយ​និង​អគ្គស្នងការ​នគរបាល​ជាតិ បាន​ជួន​ដំណើរ​ពី​ព្រំ​ដែន​មក​ដល់​ខេត្ត​ ហើយ​ខេត្ត​ខាង​យើង​ខ្ញុំ​នេះ​បាន​ចាត់ចែង​តាម​ស្រុក​មក​ទទួល​ទៅ​ដល់​ស្រុក និង​បន្ត​រហូត​ទៅ​ដល់​ឃុំ។ ថ្ងៃ​ហ្នឹង ២​សា ដោយ​សារ​រថយន្ត​ខេមរភូមិន្ទ​ ហើយ​និង​រថយន្ត​អគ្គស្នងការ​នគរបាល​ជាតិ រថយន្ត​អគ្គស្នងការ​នគរបាល​ជាតិ ៥​គ្រឿង ហើយ​ពេល​យប់​ដូច​ជា ៧​គ្រឿង។ ពី​ម្សិលម្ង៉ៃ​មួយ​ពេល​ព្រឹក​មក​ដល់​ម៉ោង ៩​ជាង ហើយ​បន្ទាប់​មក​ទៀត ព្រឹកមិញ​នេះ​មក​ដល់​ម៉ោង​ខ្ទង់​ប៉ុន​ហ្នឹង​ដែរ។ បាទ! មក​ដល់​ស្នងការ​ខ្ញុំ​ក៏​បាន​ជួយ​ឧបត្ថម្ភ​ទទួល​គាត់​រាក់ទាក់​ដែរ មាន​ទឹក​មាន​នំ​ស្អីៗ ហើយ​យក​ឡាន​ជួន​គាត់​ទៅ​ដល់​ស្រុក»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​អាជ្ញាធរ​ថៃ​ចាប់​និង​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ដែល​ឆ្លង​ដែន​​ដោយ​ខុស​ច្បាប់​ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ឲ្យ​វិញ​ត្រឡប់​មក​កម្ពុជា វិញ​រាប់​ម៉ឺន​នាក់​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

ក្រុម​ពលករ​ខ្មែរ​ឲ្យ​ដឹង​ថា​ កម្មករ​ខ្មែរ​ដែល​​រស់​នៅ​ក្នុង​​ប្រទេស​ថៃ រាប់​ម៉ឺន​នាក់​សព្វ​ថ្ងៃ​មាន​ការ​ភ័យ​ខ្លាច​​ ពី​សុវត្ថិភាព​ផ្ទាល​ខ្លួន ជា​ពិសេស​គឺ​ពលករ​ដែល​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​ ហើយ​ពួកគេ​ ទាំង​នោះ​ភាគ​ច្រើន​​មាន​គោល​បំណង​ចង់​​វិល​ត្រឡប់​មក​កម្ពុជា​វិញ។ ប៉ុន្តែ​ពលករ​មួយ​ចំនួន​​ពុំ​អាច​វិល​ត្រឡប់​មក​ស្រុក​កំណើត​ភ្លាមៗ​​បាន​ទេ​ ដោយ​សារ​ពួកគេ​ពុំ​មាន​ប្រាក់​សម្រាប់​ធ្វើ​ដំណើរ​ត្រឡប់​ពី​ប្រទេស​ថៃ មក​កម្ពុជា​ ហើយ​ម្យ៉ាង​ទៀត​ថៅកែ​របស់​ពួកគេ​ពុំ​ទាន់​បើក​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។