មន្ត្រី​ទូត​ខ្មែរ៖ បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ជា​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល

0:00 / 0:00

ដូច​ការ​គ្រោង​ទុក ពលរដ្ឋ​ខ្មែរ​រស់​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាងត្បូង ជាង ៥០០​នាក់ ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីក្រុង​សេអ៊ូល (Seoul) នៅ​ថ្ងៃ​ទី​៧ ធ្នូ ដោយ​សំដែង​មតិ និង​ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​ព្រះសង្ឃ សកម្មជន​ដីធ្លី និង​សកម្មជន​នយោបាយ​សរុប ១៩​នាក់ ឲ្យ​មាន​សេរីភាព និង​ដោះស្រាយ​បញ្ហា​អយុត្តិធម៌​មួយ​ចំនួន ដែល​កើតឡើង​នៅ​កម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​បញ្ជាក់​ថា អ្វី​ដែល​ពួកគេ​ធ្វើ​នោះ មិន​មាន​ផល​រមាស់​ដល់​រដ្ឋាភិបាល​ឡើយ។

ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា ហៅ​ការ​ធ្វើ​បាតុកម្ម​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​មនុស្ស ១៩​នាក់​ចេញ​ពី​ពន្ធនាគារ ថា​ជា​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះ​រាជរដ្ឋាភិបាល។

ក្រោម​សីតុណ្ហភាព​ត្រជាក់​ដក​៨​អង្សា​សេ នៅ​ទីក្រុង​សេអ៊ូល ពលករ​ខ្មែរ សិស្ស​និស្សិត និង​ស្ត្រី​ខ្មែរ​រៀបការ​ប្តី​ជនជាតិ​កូរ៉េ​ជាង ៥០០​នាក់ ជួបជុំគ្នា​នៅ​ចុង​កាក់ ដើម្បី​សំដែង​មតិ​ពី​ទុក្ខ​កង្វល់​របស់​ពួកគេ​ចំពោះ​បញ្ហា​អយុត្តិធម៌​មួយ​ចំនួន​នៅ​កម្ពុជា។

"តុលាការ​ត្រូវ​តែ​ឯករាជ្យ" "ពួក​យើង​ស្អប់​ខ្ពើម​របប​ផ្ដាច់ការ​នៅ​កម្ពុជា" គឺ​ជា​ពាក្យស្លោក​ដែល​ក្រុម​អ្នក​តវ៉ា​លើក​ដើម្បី​ជា​សារ​មួយ​ផ្ញើ​ទៅ​ដល់​រដ្ឋាភិបាល។

ពលរដ្ឋ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ព្រះសង្ឃ នៅ​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃ​ទី​៧ ធ្នូ ២០១៤។
ពលរដ្ឋ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ដីធ្លី សកម្មជន​នយោបាយ និង​ព្រះសង្ឃ នៅ​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃ​ទី​៧ ធ្នូ ២០១៤។ (Provided Photo)

ប្រធាន​ចលនា​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក យឹម ស៊ីណន ឲ្យ​ដឹង​ពី​ប្រទេស​កូរ៉េ​ថា ក្នុង​ញត្តិ​ទាមទារ​របស់​ពួកគេ​ដែល​ដាក់​ជូន​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​កូរ៉េ ទាមទារ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ច្បាប់​ស្ដីពី​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​ខ្មែរ​ជាមួយ​បុរស​ជនជាតិ​កូរ៉េ និង​ស្រាវជ្រាវ​បន្ថែម​ជុំវិញ​ករណី​មាន​ពលករ​ខ្មែរ​ស្លាប់​នៅ​ប្រទេស​កូរ៉េ​ច្រើន ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ពិសេស​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មនុស្ស ១៩​នាក់​ដែល​កំពុង​ជាប់ឃុំ៖ «នៅ​កម្ពុជា​យើង​ទាមទារ​ឲ្យ​ដោះលែង​សកម្មជន​ដែល​ជាប់​ឃុំឃាំង​ជា​បន្ទាន់ ដោយ​គ្មាន​លក្ខខណ្ឌ។ មាន​ចំណុច​ផ្សេង​ទៀត​ជាង ១០​ចំណុច។ នៅ​ប្រទេស​កូរ៉េ យើង​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ខ្មែរ​ជួយ​ពិភាក្សា​បញ្ហា​ពលករ​ខ្មែរ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ទី​នេះ ឲ្យ​ពួកគាត់​មាន​សិទ្ធិ​ធ្វើការ​ដោយ​ស្រប​ច្បាប់»

ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េ​ខាងត្បូង លោក ស៊ុត ឌីណា មិន​បាន​ចូលរួម​តប​តាម​ការ​អញ្ជើញ​របស់​ក្រុម​អ្នក​តវ៉ា​ដើម្បី​ជា​ទទួល​ញត្តិ​ជា​ផ្លូវការ​នោះ​ទេ។ ប៉ុន្តែ​លោក ស៊ុត ឌីណា ដែល​ជា​មេដឹកនាំ​យុវជន​ដ៏​ខ្លាំង ធ្លាប់​ជា​តួអង្គ​ប្រឆាំង​នឹង​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាង​ស្រួចស្រាល់​កាល​ពី​ជាង ១០​ឆ្នាំ​មុន​នោះ បែរ​ជា​ដើរ​ឆ្វែល​ក្រៅ​ពិធី ហើយ​ឃ្លាំមើល​សកម្មភាព​ក្រុម​បាតុករ​ទៅ​វិញ។

លោក ស៊ុត ឌីណា ពន្យល់​ថា ការ​ឃ្លាំមើល​សកម្មភាព​ក្រុម​បាតុករ​ទាំង​នោះ ព្រោះ​វា​គឺជា​កាតព្វកិច្ច​របស់​លោក ក្រែង​ក្រុម​បាតុករ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​នៅ​ប្រទេស​កូរ៉េ។ លោក​បញ្ជាក់​ថា លោក​មិន​បាន​ទទួល​ញត្តិ​ពី​ក្រុម​អ្នក​តវ៉ា​ទាំង​នោះ​ទេ។ លោក​សំដែង​ការ​សោកស្តាយ​ចំពោះ​ការ​សម្រេច​ចិត្ត​ធ្វើ​បាតុកម្ម​របស់​ក្រុម​អ្នក​តវ៉ា​ដែល​លោក​គិត​ថា អ្នក​តវ៉ា​ទាំង​នោះ​គឺ​ជា​ក្រុម​គណបក្ស​ប្រឆាំង​ដែល​ធ្វើ​សកម្មភាព​កេង​ចំណេញ​នយោបាយ៖ «ចង់​បង្ខូច​កេរ្តិ៍ឈ្មោះ​ប្រមុខ​រដ្ឋាភិបាល វា​មិន​អាច​ទៅ​រួច​ទេ»

ថ្វី​បើ​មាន​ការ​អះអាង​ពី​លោក ស៊ុត ឌីណា បែប​នេះ​ក្តី ក៏​ក្រុម​អ្នក​តវ៉ា​បញ្ជាក់​ថា ពួកគេ​ធ្វើ​បាតុកម្ម​នោះ​មិន​ជាប់​ពាក់ព័ន្ធ​បញ្ហា​នយោបាយ​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួកគេ​ចង់​លើក​យក​បញ្ហា​អយុត្តិធម៌​នានា​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដាក់​ទៅ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាម​រយៈ​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ ដើម្បី​ឲ្យ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ជូន​ពលរដ្ឋ។

តាម​គម្រោង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េខាងត្បូង ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍ ២៥​ឆ្នាំ នៃ​ទំនាក់ទំនង​ដៃគូ​អាស៊ាន-​សាធារណរដ្ឋ​កូរ៉េ។

ប្រធាន​ចលនា​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ លោក យឹម ស៊ីណន បញ្ជាក់​ថា ប្រសិនបើ​សំណើ​របស់​ពួកគេ​មិន​ទៅ​ដល់ដៃ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឬ​គ្មាន​ការ​ឆ្លើយ​តប​ណា​មួយ​នោះ ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង នឹង​ធ្វើ​ការ​ជួប​ជុំ​គ្នា​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​១៤ ធ្នូ គឺ​ចំ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កូរ៉េ តែម្ដង។

មនុស្ស ១៩​នាក់​ដែល​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​ចេញ​ពី​ពន្ធនាគារ​នោះ បច្ចុប្បន្ន​នៅ​សល់​តែ ១៨​នាក់​ទេ ដោយសារ​លោក លី ស្រ៊ាងខេង ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ កាល​ពី​ថ្ងៃ​សុក្រ ទី​៥ ខែ​ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។