យុវជនខ្មែរម្នាក់ត្រូវបានជនជាតិវៀតណាម ប្រមាណ ១០នាក់ ព្រួតគ្នាវាយនិងកាប់ដោយកាំបិតឲ្យរងរបួស ខណៈយុវជនរូបនោះកំពុងទាត់បាល់ជាមួយយុវជន និងក្មេងៗមួយចំនួនផ្សេងទៀតនៅក្បែរផ្ទះរបស់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណ ៦ល្ងាច ថ្ងៃទី៣១ ខែសីហា នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ក្រោយហេតុការណ៍នោះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ៦នាក់ បញ្ជូនទៅឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ មុនបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃច័ន្ទ នេះ។ ចំណែកជនរងគ្រោះក៏ត្រូវបានសមត្ថកិច្ចឃាត់ឲ្យនៅក្នុងអធិការដ្ឋាននគរបាលដូចជនជាប់ចោទដែរ។
យុវជនខ្មែរដែលជាជនរងគ្រោះនោះមានឈ្មោះ កែវ សុធារ៉ា អាយុ ១៦ឆ្នាំ មានមុខរបរជាអ្នកបម្រើតាមរោងការរស់នៅភូមិជ្រោយបាសាក់ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានជនជាតិវៀតណាម ព្រួតគ្នាវាយ និងកាប់ចំនួន ២កាំបិតត្រង់ស្លាបប្រចៀវខាងឆ្វេង ព្រមទាំងវាយឲ្យមានរបួសក្បាល។
យុវជន វ៉ាន ញាញ់ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកនោះ រៀបរាប់ឲ្យដឹងនៅមុខអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កាលពីយប់ថ្ងៃទី៣១ សីហា ថា ពេលរូបគេនិងជនរងគ្រោះ ព្រមទាំងក្មេងៗទាំងអស់ប្រហែល ១០នាក់ កំពុងតែលេងទាត់បាល់នោះ ស្រាប់តែជនជាតិវៀតណាម មួយក្រុមអាយុជាង ២០ឆ្នាំ ជិះម៉ូតូ៤ ទៅ ៥គ្រឿង មានគ្នាប្រមាណ ១០នាក់ ខ្លះកាន់កាំបិត ខ្លះកាន់ដបស្រា មកដល់ក៏ស្រាប់តែព្រួតគ្នាវាយទៅលើពួកគេតែម្តង។ យុវជនដដែលថា ដោយសារពេលនោះយុវជនរងគ្រោះមិនបានដឹងមុន ក៏ត្រូវជនជាតិវៀតណាម កាប់ពីក្រោយឲ្យមានរបួសតែម្ដងទៅ។
យុវជន វ៉ាន់ ញាញ់ ថា មិនដឹងមូលហេតុអ្វីឡើយបានជាជនជាតិវៀតណាម ទាំងនោះមកវាយពួកគេ ប៉ុន្តែថាមុននឹងលើកគ្នាមកវាយនោះ ជនជាតិវៀតណាម ទាំងនោះ បាននាំគ្នាផឹកស៊ីស្រវឹងស្រែកច្រៀងនៅក្នុងផ្ទះជួលរបស់ពួកគេដែលនៅក្បែរនោះ៖ «ពួកខ្ញុំកំពុងតែនៅទាត់បាល់ទាត់អ៊ីចឹង ដល់ហើយវានៅពីក្រោយវាកាប់ៗហើយ ពួកខ្ញុំក្រលេកមើលអត់ទាន់ត្រូវ១ដាវ ដល់ពេលវាត្រូវមួយដាវអ៊ីចឹង ខ្ញុំឆ្លេឆ្លាទៅជួយវាដែរ វាកាប់ច្រើនណាស់ត្រូវត្រចៀកទៀត ហើយនិងស្មា ហើយនិងក្បាលទៀត។ គ្នាខ្ញុំច្រើនដែរ ជិត៨ ទៅ ៩នាក់ សុទ្ធតែក្មេងៗ តូចៗ សុទ្ធតែក្មេងៗ តូចៗប៉ុននេះហ្នឹង ទៅធ្វើអីចេញ ហើយធំតែ ២នាក់ហ្នឹង»។
យុវជន វ៉ាន់ ញាញ់ បន្តថា ក្រោយការហេតុការណ៍នោះភ្លាម ជនជាតិវៀតណាមទាំងនោះ ព្យាយាមជិះម៉ូតូគេចចេញពីកន្លែងកើតហេតុ តែត្រូវពលរដ្ឋប្តឹងសមត្ថកិច្ចចាប់ខ្លួនបានចំនួន ៦នាក់ រួចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ។ សមត្ថកិច្ចមិនបានផ្តល់ព័ត៌មានបន្ថែមទាក់ទងបញ្ហានេះឡើយ ប៉ុន្តែអះអាងថា កំពុងសាកសួរជនជាតិវៀតណាមទាំង ៦រូបនោះ។ ចំណែកយុវជនរងគ្រោះ បន្ទាប់ពីក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ រួចក៏ត្រូវបានអាជ្ញាធរឲ្យមកស្នាក់នៅក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដែរ។ អាជ្ញាធរមិនអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលជួបជនរងគ្រោះ ដើម្បីសួរនាំព័ត៌មានបន្ថែមឡើយ។
ចំណែកពូថ្លៃរបស់ជនរងគ្រោះគឺលោក អឹង ជាស្រ៊ុន ឲ្យដឹងក្រោយចេញពីមើលជនរងគ្រោះនៅក្នុងអធិការដ្ឋាននគរបាលថា សមត្ថកិច្ចកំពុងសាកសួរជនជាតិវៀតណាម ទាំង ៦នាក់នោះ ហើយចំណែកជនរងគ្រោះវិញ ក៏ត្រូវឃាត់ខ្លួនឲ្យនៅក្នុងអធិការដ្ឋាននគរបាលមួយយប់សិនដែរ៖ «គេថាមេខាងអធិការគេឲ្យឃាត់ខ្លួនទាំងអស់ និយាយអ៊ីចឹងតែម្ដង ស្ថានភាពអូន ហ្នឹងចេញពីពេទ្យមកគេឲ្យថ្នាំលេប និងថ្នាំបំបាត់ចុកចាប់ ហើយដាក់សេរ៉ូមនៅក្នុងហ្នឹងអស់មួយផ្លោក ទិញបាយទិញអីឲ្យញ៉ាំ តែអត់ទាន់ញ៉ាំទេ វាដូចមើលទៅដូចខ្សោយដែរ។ ស្អែកហ្នឹងគេនឹងបញ្ជូនទៅតុលាការក្រុង ព្រោះគេថាឥឡូវគេមិនអាចដោះស្រាយក្រៅប្រព័ន្ធបាន»។
ទោះជាយ៉ាងណា លោក អឹង ជាស្រ៊ុន ក៏មិនដឹងថា ហេតុអ្វីបានជាជនជាតិវៀតណាម ទាំងនោះលើកគ្នីគ្នាមកវាយ និងកាប់ក្មួយរបស់គាត់នោះទេ។ ប៉ុន្តែលោកសង្ឃឹមថា អាជ្ញាធរនិងតុលាការរកយុត្តិធម៌ឲ្យក្មួយរបស់លោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
