រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា បង្ហាញពីច្បាប់សារព័ត៌មាននៅក្នុងប្រទេសនេះ ថាមានលក្ខណៈសេរី និងប្រសើរច្រើនជាងបណ្ដាប្រទេសអាស៊ានទាំងអស់។ ក៏ប៉ុន្តែ កម្ពុជា អាចនឹងមានបញ្ហាផ្នែកបច្ចេកវិទ្យា និងធនធានមនុស្សទៅលើជំនាញជាច្រើន ដែលត្រូវប្រើបច្ចេកវិទ្យាថ្មីៗ។
បញ្ហានេះ ធ្វើឲ្យកម្ពុជា ត្រូវការប្រឹងប្រែងបន្ថែមទៀតនៅមុនពេលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានចូលមកដល់នៅឆ្នាំ២០១៥ ខាងមុខ។
មន្ត្រីថ្នាក់អនុរដ្ឋមន្ត្រី និងនាយកដ្ឋាននៃគណៈកម្មការផ្នែកវប្បធម៌ និងព័ត៌មានរបស់បណ្ដាប្រទេសសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (ASEAN) ចំនួន ១១ប្រទេស ជួបប្រជុំគ្នាលើកទី៤៩ នៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី២៦ ខែវិច្ឆិកា។
កិច្ចប្រជុំនោះ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងអំពីគ្នាទៅវិញទៅមកលើផ្នែកវប្បធម៌ និងព័ត៌មាន នៅមុនពេលដែលបណ្ដាប្រទេសអាស៊ានទាំងអស់ ធ្វើសមាហរណកម្មសេដ្ឋកិច្ចបញ្ចូលគ្នាឲ្យក្លាយទៅជាតែមួយ។
រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា លោក ខៀវ កាញារីទ្ធ គឺជាប្រធាននៃកិច្ចប្រជុំនោះ។ លោកថ្លែងកាលពីព្រឹកថ្ងៃពុធ ទី២៦ ខែវិច្ឆិកា បន្ទាប់ពីបើកកិច្ចប្រជុំថា ដើម្បីឈានទៅរកសហគមន៍អាស៊ានមួយ ដែលមានភាពសុខដុម និងស្រុះស្រួលគ្នាបាន គឺត្រូវតែមានការច្របាច់បញ្ចូលគ្នានូវដើមទុន បញ្ហាច្បាប់ ទំនាក់ទំនងមនុស្ស និងលិខិតបទដ្ឋានមួយចំនួន ឲ្យបានស្របគ្នាជាមុនសិន។ លោក ខៀវ កាញារីទ្ធ ថ្លែងទៀតថា នៅឆ្នាំ២០១៥ ខាងមុខ បណ្ដាប្រទេសអាស៊ាននឹងធ្វើសមាហរណកម្មសេដ្ឋកិច្ចបញ្ចូលគ្នាឲ្យក្លាយទៅជាតែមួយ ក៏ប៉ុន្តែដើម្បីច្របាច់បញ្ចូលគ្នាទៅបាន គឺត្រូវការបង្កើនឲ្យមានការយល់ដឹងអំពីគ្នាទៅវិញទៅមកតាមរយៈព័ត៌មាន និងវប្បធម៌។ លោក ខៀវ កាញារីទ្ធ មានប្រសាសន៍បន្ថែមថា កម្ពុជា អាចនឹងមិនភ័យព្រួយបារម្ភចំពោះច្បាប់ទេ ក៏ប៉ុន្តែកម្ពុជា នៅមានភាពទន់ខ្សោយផ្នែកធនធានមនុស្ស និងផ្នែកបច្ចេកវិទ្យា នៅពេលសមាហរណកម្មអាស៊ានមកដល់។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា បើនិយាយពីច្បាប់ គឺកម្ពុជា មានលក្ខណៈចង់សេរីជាងបណ្ដាប្រទេសអាស៊ានទាំងអស់ ពីព្រោះនៅក្នុងចំណោមប្រទេសអាស៊ាន ភាគច្រើនមិនទាន់អនុញ្ញាតឲ្យជនបរទេសអាចបើកកាសែតនៅក្នុងស្រុកគេបាននៅឡើយទេ។ ប៉ុន្តែកម្ពុជា នៅមានបញ្ហាផ្នែកបច្ចេកវិទ្យា និងធនធានមនុស្ស ដោយសារកម្រិតនៃការប្រើបច្ចេកវិទ្យារបស់យើងនៅទន់ខ្សោយ។
សមាជិកនៃប្រទេសអាស៊ានខ្លះយល់ថា ការបង្កើតកម្មវិធីផ្សព្វផ្សាយតាមរយៈទូរទស្សន៍ អំពីការរីកចម្រើន និងបច្ចេកវិទ្យាថ្មីៗមួយចំនួនទៀត គឺអាចនឹងចែករំលែកការយល់ដឹងទៅដល់បណ្ដាប្រទេសសមាជិកអាស៊ានដែលទន់ខ្សោយបាន។
ប្រធានអនុគណៈកម្មការព័ត៌មានរបស់ព្រះរាជាណាចក្រប្រ៊ុយណេ ដារ៉ូសាឡឹម (Brunei Darussalam) លោក ម៉ាវ៉ាឌី ហាគី ម៉ូហាម៉ាដ (Hawardi Hagi Mohamade) មានប្រសាសន៍ថា ទូរទស្សន៍អាស៊ាន អេ.ធី.អិន (ATN) គឺកំពុងរៀបចំគម្រោងដែលនឹងផ្សព្វផ្សាយតាមបណ្ដាញទូរទស្សន៍ជាតិនៃបណ្ដារដ្ឋអាស៊ាន ដើម្បីជួយលើកកម្ពស់ការយល់ដឹង ការខិតខំប្រឹងប្រែងកសាងរបស់សហគមន៍អាស៊ាន និងព្រឹត្តិការណ៍មួយចំនួនទៀត។ គម្រោងនៃកម្មវិធីទូរទស្សន៍នេះ នឹងចាប់ផ្ដើមនៅខែមករា ឆ្នាំ២០១៨ ខាងមុខ។
លោក ម៉ាវ៉ាឌី ហាគី ម៉ូហាម៉ាដ បញ្ជាក់ថា ប្រទេសប្រ៊ុយណេ ដារ៉ូសាឡឹម នឹងដើរតួសំខាន់ក្នុងរឿងនេះ ដើម្បីសម្របសម្រួលឲ្យរដ្ឋដែលជាសមាជិកអាស៊ាន បន្តកិច្ចគាំទ្រ និងសហប្រតិបត្តិការចំពោះគម្រោងនេះ។ ទូរទស្សន៍អាស៊ាន គឺនឹងមានការផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃ តាមរយៈផ្កាយរណបទៅឲ្យបណ្ដាប្រទេសអាស៊ានដទៃទៀត ឲ្យស្វែងយល់ពីចំណេះដឹងសម្រាប់សហគមន៍អាស៊ានទាំងមូល។
លោក ខៀវ កាញារីទ្ធ ឲ្យដឹងថា តាមរយៈការបង្កើតគម្រោងទូរទស្សន៍នេះ ប្រទេសអាស៊ាន បានស្នើសុំឲ្យទូរទស្សន៍ជាតិកម្ពុជា រៀបចំកិច្ចប្រជុំមួយទៀត ពីព្រោះកន្លងទៅ ទូរទស្សន៍ជាតិកម្ពុជា បានរកឃើញគំនិតថ្មីមួយក្នុងការរៀបចំកម្មវិធី ដែលបណ្ដាទូរទស្សន៍អាស៊ានដទៃទៀតរកមិនឃើញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
