បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជា បានជាប់ចំណាត់ថ្នាក់ថាជាឆ្នេរស្អាតរបស់ពិភពលោក កាលពីឆ្នាំ២០១០ រួចមក រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ ក្រសួងសេដ្ឋកិច្ច និងក្រសួងវប្បធម៌ជាដើម នឹងរៀបចំកម្មវិធីបុណ្យសមុទ្រលើកទី២ រយៈពេល ៣ថ្ងៃ នាខេត្តកែប ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣។
លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការរៀបចំបុណ្យសមុទ្រ។ លោកបានឲ្យដឹងថា បុណ្យសមុទ្រឆ្នាំនេះមានការផ្សាយកម្មវិធីបុណ្យបន្តផ្ទាល់តាមស្ថានីយទូរទស្សន៍ និងវិទ្យុក្នុងស្រុកមួយចំនួនពីមហោស្រពសម្ដែងសិល្បៈចម្រុះពីវប្បធម៌កម្ពុជា និងបណ្តាប្រទេសអាស៊ានមួយចំនួនផង។
លោក សូ ម៉ារ៉ា បន្ថែមថា បុណ្យសមុទ្រឆ្នាំនេះក៏មានតាំងពិព័រណ៍មហោស្រពម្ហូបអាហារ ឬភេសជ្ជៈ និងការបង្ហាញពីគម្រោងអភិវឌ្ឍន៍ទេសចរណ៍តំបន់ឆ្នេរ និងប្រជុំកោះផ្សេងៗរបស់ក្រុមវិនិយោគនានា ដែលទទួលបានសិទ្ធិអភិវឌ្ឍន៍តំបន់ឆ្នេរពីរាជរដ្ឋាភិបាលថែមទៀត។
ពិធីបុណ្យនេះ មន្ត្រីរដ្ឋាភិបាល និងតំណាងក្រុមហ៊ុនបម្រើសេវាទេសចរណ៍ មានជំនឿថា កំណើនភ្ញៀវទេសចរនឹងចូលមកទស្សនាប្រទេសកម្ពុជា ច្រើនថែមទៀតនាថ្ងៃអនាគត។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោក អាង គឹមអៀង មានប្រសាសន៍ថា ពិធីបុណ្យសមុទ្រឆ្នាំនេះ សមាគមលោកមានដាក់ស្តង់តាំងបង្ហាញផលិតផលទេសចរណ៍បម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នាខេត្តកែប រហូតចប់កម្មវិធី។
ការបង្កើតឲ្យមានបុណ្យសមុទ្រ លោក អាង គឹមអៀង មានជំនឿថា កំណើនភ្ញៀវទេសចរអន្តរជាតិ នឹងបន្តចូលមកទស្សនាកម្ពុជា បានច្រើននាឆ្នាំខាងមុខ ព្រោះនឹងបង្ហាញឲ្យពិភពលោកដឹងថា កម្ពុជា ក្រៅពីមានប្រសាទបុរាណដូចជាប្រសាទអង្គរវត្ត ឬប្រាសាទព្រះវិហារ ជាដើម ក៏នៅមានតំបន់ឆ្នេរ ឬរមណីយដ្ឋានធម្មជាតិ មានបរិស្ថានល្អជូនភ្ញៀវទស្សនាថែមទៀត។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តកែប បានឲ្យដឹងថា បច្ចុប្បន្នបរិស្ថានតំបន់ឆ្នេរខេត្តកែប ត្រូវបានអភិវឌ្ឍឲ្យមានអនាម័យ និងមានបរិស្ថានល្អតាមរយៈការដឹកខ្សាច់ពណ៌សចាក់តាមមាត់សមុទ្រ ស្ថាបនាផ្លូវចេញចូល និងអភិវឌ្ឍសួនច្បារជាដើម។
ត្រង់ចំណុចនេះ លោក ទិត្យ ចន្ថា អគ្គលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា បុណ្យសមុទ្រឆ្នាំនេះជាបុណ្យដ៏ធំរបស់រដ្ឋាភិបាល ព្រោះមានបណ្ដាប្រទេសជាសមាជិកឆ្នេរស្អាតពិភពលោក រាប់សិបប្រទេសមកចូលរួម។
ទាក់ទិនបញ្ហានេះដែរ សម្រាប់ថ្នាក់ដឹកនាំខេត្តជាប់មាត់សមុទ្រមួយចំនួន បានអះអាងថា បានត្រៀមលក្ខណៈសាទរពិធីបុណ្យសមុទ្រតែរៀងៗខ្លួន។
អភិបាលខេត្តកោះកុង លោក ប៊ុន លើត ឲ្យដឹងថា ទោះខេត្តនេះមិនបានបង្កើតកម្មវិធីគគ្រឹកគគ្រេងក្តី ប៉ុន្តែបានចលនាដល់អ្នកពាក់ព័ន្ធចូលរួមសម្អាតបរិស្ថានតំបន់ឆ្នេរឲ្យមានអនាម័យ និងរក្សាសន្តិសុខរង់ចាំស្វាគមន៍ភ្ញៀវទេសចរចូលមកទស្សនាតំបន់នេះ។
ដូចគ្នាដែរ លោក ស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា មានក្រុមហ៊ុនពាណិជ្ជកម្មមួយចំនួនត្រៀមរៀបចំជាស្តង់លក់ផលិតផល និងមានប្រគំតន្ត្រីជាការស្វាគមន៍បុណ្យសមុទ្រផង និងបុណ្យដាច់ឆ្នាំសកលផង ប៉ុន្តែមិនរៀបចំធំដុំដូចខេត្តកែប ទេ។
យ៉ាងណាក៏ដោយ លោក សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមន្ត្រីរៀបចំបុណ្យសមុទ្រ ថ្លែងថា បុណ្យសមុទ្រឆ្នាំនេះជាបុណ្យដ៏ធំរបស់រដ្ឋាភិបាល និងជាការផ្សព្វផ្សាយសំខាន់បំផុតដល់វិស័យទេសចរណ៍កម្ពុជា ឲ្យពិភពលោកបានស្គាល់។
ប្រទេសកម្ពុជា បានជាប់ជាសមាជិកឆ្នេរស្អាតពិភពលោក កាលពីឆ្នាំ២០១០។ បន្ទាប់ពីឆ្នេរសមុទ្រកម្ពុជា បានជាប់ជាឆ្នេរស្អាតពិភពលោករួចមក ប្រទេសកម្ពុជា បានរៀបចំបុណ្យសមុទ្រជាលើកទី១ នៅឆ្នាំ២០១១ នាខេត្តព្រះសីហនុ និងឆ្នាំ២០១៣ នេះ ជាពិធីបុណ្យលើកទី២។ បុណ្យសមុទ្រឆ្នាំនេះ មន្ត្រីក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធ រំពឹងថា អាចនាំឲ្យពិភពលោកស្គាល់កម្ពុជា កាន់តែច្រើន ហើយចំនួនភ្ញៀវទេសចរក៏នឹងកើនតាមនោះដែរនាថ្ងៃអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
