របាយការណ៍​បង្ហាញ​ថា​កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​កម្រិត​ខ្ពស់

ដោយ យ៉ង ចាន់តារា
2017.01.25
ព្រាប កុល ៨៥៥ ប្រធាន​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) លោក ព្រាប កុល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​សម្រាប់​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧ នា​រាជធានី​ភ្នំពេញ។ RFA/Yang Chandara
RFA/Yang Chandara

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) រក​ឃើញ​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​កម្រិត​ខ្ពស់​នៅ​លើ​ពិភពលោក។ ការ​លើក​ឡើង​បែប​នេះ ផ្អែក​លើ​របាយការណ៍​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​សម្រាប់​ឆ្នាំ​២០១៦ ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៧។

ទោះបីជា​រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ចេញ​នូវ​កំណែ​ទម្រង់​លើ​វិស័យ​មួយ​ចំនួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ក្ដី ក៏​កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ​មិន​ទាន់​អាច​ផ្លាស់ប្ដូរ​ការ​យល់​ឃើញ​របស់​អ្នក​ជំនាញ​អន្តរជាតិ​ខាង​អភិបាលកិច្ច ខាង​នីតិរដ្ឋ និង​វិស័យ​ធុរកិច្ច​បាន​នៅ​ឡើយ។

សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ​ឆ្នាំ​២០១៦ របស់​អង្គការ​តម្លាភាព​អន្តរជាតិ បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ ២១ ស្ថិត​ក្នុង​លេខ​រៀង​ទី​១៥៦ ក្នុង​ចំណោម​ប្រទេស​១៧៦។ កម្ពុជា​ទទួល​បាន​ពិន្ទុ ២១ នេះ រយៈពេល ៣​ឆ្នាំ​ជាប់​គ្នា​មក​ហើយ។

លទ្ធផល​នៃ​សន្ទស្សន៍​នេះ បង្ហាញ​ថា កម្ពុជា​នៅ​តែ​ជា​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​កម្រិត​ខ្ពស់ ហើយ​នៅ​តែ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​ទាប​បំផុត​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន និង​ចំណាត់​ថ្នាក់​ទាប​បំផុត​លំដាប់​ទី​៣ នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​ថា ការ​លុប​បំបាត់​អំពើ​ពុករលួយ​ក្នុង​ប្រព័ន្ធ​តុលាការ​គឺ​ជា​គន្លឹះ​ដ៏​សំខាន់ ដើម្បី​ឱ្យ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កម្ពុជា មាន​ប្រសិទ្ធភាព។ លោក​សង្កត់​ធ្ងន់​ថា នៅ​ពេល​ការ​បោះឆ្នោត​កាន់តែ​ខិត​ជិត​មក​ដល់​ស្ថាប័ន​តុលាការ​កាន់​តែ​រង​នូវ​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន ថា​អនុវត្ត​ការងារ​មាន​ចរិត​នយោបាយ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ទំនុក​ចិត្ត។ បន្ថែម​ពី​លើ​នេះ បញ្ហា​គ្រួសារ​និយម និង​បក្ខពួក​និយម​នៅ​តាម​ស្ថាប័ន​សាធារណៈ​នៅ​មិន​ទាន់​ត្រូវ​បាន​ដោះស្រាយ​ឡើយ ដែល​ធ្វើ​ឱ្យ​កម្ពុជា បន្ត​ស្ថិត​ក្នុង​ស្ថានភាព​ពុករលួយ​កម្រិត​ខ្ពស់​ដដែល៖ «បើ​សិន​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ គាត់​អាង​លុយ គាត់​អាង​ខ្នង ហើយ​តុលាការ​ និង​ប្រព័ន្ធ​យុត្តិធម៌​យើង​ពុករលួយ​ ធ្វើ​ម៉េច​អាច​ដាក់​ទោស​គាត់​បាន។ អ៊ីចឹង​ហើយ​បាន​ជា​វិស័យ​​យុត្តិធម៌ វិស័យ​តុលាការ​នេះ គឺ​ជា​គន្លឹះ​​មួយ។ ទី​ពីរ បញ្ហា​សេវា​សាធារណៈ​ដែល​ជា​បញ្ហា​ចម្បង​​របស់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ក៏​ជា​អាទិភាព​​ដែរ»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង មិន​ទទួល​ស្គាល់​ការ​ដាក់​ពិន្ទុ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ឡើយ។ លោក​បញ្ជាក់​ប្រាប់​អាស៊ីសេរី តាម​បណ្ដាញ​សង្គម​វាត់ស្អាប់ (WhatsApp) ថា របៀប​ធ្វើ និង​ដាក់​ពិន្ទុ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ មាន​ចរិត​នយោបាយ​លាប​ពណ៌ ហើយ​ចំណុច​សំខាន់​នោះ គឺ​ការ​ដាក់​ពិន្ទុ​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ​នាំ​មក​នូវ​ការ​បែក​បាក់​គ្នា​ដែល​ផ្ទុយ​ពី​គោលការណ៍​រួម​គ្នា​ប្រឆាំង​អំពើ​ពុករលួយ​របស់​អង្គការ​សហប្រជាជាតិ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​ថា ប្រភព​ទិន្នន័យ​ដែល​អង្គការ​តម្លាភាព​បាន​យក​មក​សិក្សា គឺ​ជា​ប្រភព​ពី​ស្ថាប័ន​អន្តរជាតិ​ធំៗ​ដែល​មាន​កេរ្តិ៍ឈ្មោះ ដូចជា​ធនាគារ​ពិភពលោក និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ជាដើម បូករួម​នឹង​ការ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ជំនាញ និង​ការ​ប្រើ​វិធីសាស្ត្រ​ស្រាវជ្រាវ​ល្អិតល្អន់ ដែល​ធ្វើ​ឱ្យ​ការ​រក​ឃើញ​នេះ គឺ​ជា​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន។

អំពើ​ពុករលួយ​ត្រូវ​បាន​អង្គការ​អន្តរជាតិ​បែង​ចែក​ជា ៦​ទម្រង់ គឺ​ការ​ស៊ី​សំណូក​ការ​កេង​ប្រវ័ញ្ច ការ​លួច​បន្លំ ការ​សម្លុត​គំរាម បញ្ហា​បក្ខពួក ឬ​គ្រួសារ​និយម និង​អំពើ​ពុករលួយ​ផ្នែក​នយោបាយ។

​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បារម្ភ​ថា អំពើ​ពុករលួយ​ផ្នែក​នយោបាយ​នឹង​កើត​មាន​ច្រើន​នៅ​កម្ពុជា ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ និង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦ នៅ​ពេល​ខាង​មុខ។ លោក​ចង់​ឱ្យ​គណបក្ស​នយោបាយ​នីមួយៗ​បង្ហាញ​ឆន្ទៈ​ច្បាស់លាស់​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ៖ «យើង​នឹង​យក​ចិត្ត​ទុក​ដាក់​លើ​អំពើ​ពុក​រលួយ​នយោបាយ ដូច​ជា​ការ​ទិញ​សន្លឹក​ឆ្នោត​ពេល​ឃោសនា ឬ​ក៏​ការ​ប្រើប្រាស់​ឥទ្ធិពល​ អំណាច​រដ្ឋ​ដើម្បី​បម្រើ​សកម្មភាព​នយោបាយ ដូច​ជា​ ការ​ប្រើប្រាស់​តួនាទី​ជា​មន្ត្រី​រាជការ​ទៅ​បម្រើ​បក្ស​នយោបាយ ដើម្បី​ឱ្យ​ត្រូវ​តាម​ច្បាប់ ហើយ​ទប់​ស្កាត់​ការ​ទិញ​សន្លឹក​ឆ្នោត ការ​ចែក​អំណោយ​ ឬ​ក៏​ការ​ផ្តល់​នូវ​ការ​ដោះ​ដូរ​ណា​មួយ ដែល​ជា​រូបភាព​ពុករលួយ​នយោបាយ យើង​នឹង​ផ្ដោត​រឿង​ហ្នឹង​ ប៉ុន្តែ​យើង​ក៏​ធ្វើ​រឿង​ដទៃ​ទៀត​ដែរ ដែល​ទាក់​ទង​នឹង​រឿង​ពុករលួយ»

សម្រាប់​ឆ្នាំ​២០១៧ នេះ អង្គការ​តម្លាភាព​អំពាវនាវ​ជាថ្មី​ម្ដង​ទៀត ដល់​រដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​ដែល​ធ្លាប់​បាន​លើក​ឡើង​កាល​ពី​ពេល​មុន។ អនុសាសន៍​ទាំង​នោះ​រួម​មាន កំណែទម្រង់​ប្រព័ន្ធ​តុលាការ ការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ការ​បង្កើត​ច្បាប់​ការពារ​សាក្សី និង​អ្នក​រាយការណ៍ បង្កើន​ការ​វិនិយោគ​ស្អាតស្អំ ព្រម​ទាំង​ដោះស្រាយ​បញ្ហា​បក្ខពួក​និយម និង​ទំនាស់​ផលប្រយោជន៍​ក្នុង​ស្ថាប័នរដ្ឋ​សាធារណៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។