អង្ករ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​លេខ​១​ដែល​ក្រអូប​ឈ្ងុយ​ឆ្ងាញ់​ជាង​គេ​ក្នុង​ពិភពលោក

អង្ករ​កម្ពុជា ជាប់​ចំណាត់​ថ្នាក់​លេខ​១ ជា​ប្រភេទ​អង្ករ​ក្រអូប​ឈ្ងុយ​ឆ្ងាញ់​ជាង​គេ​ក្នុង​ពិភពលោក សម្រាប់​ឆ្នាំ​២០១៤ នេះ។

ក្នុង​ការ​ប្រកួត​ប្រជែង​អង្ករ​ពិភពលោក​លើក​ទី​៦ កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា នៅ​រាជធានី​ភ្នំពេញ មាន​ប្រឡង​ដាក់​ឲ្យ​ភ្លក់​រសជាតិ​បាយ​ចំនួន ២៥​ប្រភេទ​ពី​ប្រទេស​ចំនួន​១៥ រួម​មាន​ប្រទេស​កម្ពុជា ថៃ វៀតណាម ឥណ្ឌា ភូមា ជាដើម ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​អង្ករ​កម្ពុជា (Cambodia Rice Federation)។ ក្នុង​ការ​ប្រកួត​ប្រជែង​នោះ អង្ករ​ថៃ ក៏​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ដែរ។

ប្រធាន​ផ្នែក​ប្រតិបត្តិការ​នៃ​សហគ្រាស​សេដាក (CEDAC) លោក ស៊ូ សាវ៉ន ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​រសជាតិ​អង្ករ​សម្រាប់​ឆ្នាំ​២០១៤ នេះ មាន​ប្រសាសន៍​កាល​ពី​យប់​ថ្ងៃ​ទី​២០ វិច្ឆិកា ​ថា អង្ករ​ខ្មែរ​ក្រអូប​ផ្កា​រំដួល បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១ ចំនួន ៣​ឆ្នាំ​ជាប់ៗ​គ្នា ចាប់​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៤ នេះ៖ «នេះ​គេ​ហៅ​ថា Rice World Trader គឺ​គេ​ធ្វើ​ឡើង​ជាទូទៅ​នៅ​ក្នុង​តំបន់​អាស៊ី។ ឆ្នាំ​ទៅ​គេ​ធ្វើ​នៅ​ហុងកុង ខ្មែរ​យើង​បាន​លេខ​១ ដែរ។ ឆ្នាំ​នេះ​ធ្វើ​នៅ​កម្ពុជា ខ្មែរ​យើង​បាន​លេខ​១​ដូច​ថៃ ដែរ។ មាន​អ្នក​ដាក់​ពិន្ទុ​ចំនួន ៣​រូប ទី​១ អ្នក​ចម្អិន​អាហារ​ដែល​ល្បី​ជាង​គេ​ក្នុង​ពិភពលោក គាត់​មក​ពី​កាលីហ្វរនីញ៉ា (California) ដែល​ជា​ប្រធាន​ក្រុម​អ្នក​ឲ្យ​ពិន្ទុ។ ទី​២ គឺ​ជនជាតិ​បារាំង និង​ម្នាក់​ទៀត គឺ​មេ​ចុងភៅ​លេខ​១ ប្រចាំ​នៅ​កម្ពុជា យើង...»

មន្ត្រី​សហព័ន្ធ​អង្ករ​កម្ពុជា ឲ្យ​ដឹង​ថា ក្នុង​អំឡុង ១០​ខែ​ឆ្នាំ​២០១៤ នេះ កម្ពុជា បាន​នាំ​អង្ករ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ចំនួន​ជាង ៣០​ម៉ឺន​តោន (៣០៤.៧៨៨​តោន) គិត​ជា​ទឹក​ប្រាក់​ប្រមាណ ១៨០​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។