កម្ពុជា​បញ្ជូន​ឧទ្ធម្ភាគចក្រ​៤​គ្រឿង​និង​នាវា​២​គ្រឿង​ទៅ​ជួយ​រក​យន្តហោះ​ម៉ាឡេស៊ី

ក្រសួង​ការពារ​ជាតិ​កម្ពុជា បញ្ជូន​ឧទ្ធម្ភាគចក្រ​ចំនួន ៤​គ្រឿង និង​នាវា ២​គ្រឿង ទៅ​ជួយ​រក​យន្តហោះ​ម៉ាឡេស៊ី ដែល​បាន​បាត់​ដំណឹង​ជាង​១​សប្ដាហ៍​កន្លង​ទៅ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា បញ្ជាក់​ថា ក្រសួង​ការពារ​ជាតិ​កម្ពុជា ចូល​រួម​រំលែក​ទុក្ខ និង​សោកស្ដាយ​ចំពោះ​គ្រោះថ្នាក់​នេះ។ សេចក្តី​ថ្លែងការណ៍​បន្ត​ថា ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​បញ្ជា​គ្រប់​អង្គភាព​ចំណុះ​កងទ័ព​ជើង​គោក ជើង​ទឹក ជើង​អាកាស បណ្ដា​អង្គភាព​តាម​បណ្ដា​កោះ នាវា​ល្បាត​ក្នុង​ដែន​ទឹក អ្នក​ប្រកប​របរ​នេសាទ កំពុង​ស្វែង​រក​សញ្ញា​នានា​ពាក់ព័ន្ធ​នឹង​ការ​បាត់​បង់​យន្តហោះ​នេះ។

ឧទ្ធម្ភាគចក្រ​ទាំង ៤​គ្រឿង​ជា​ប្រភេទ​ឧទ្ធម្ភាគចក្រ Z9 និង​នាវា P46។

មន្ត្រី​ក្រសួង​ការពារ​ជាតិ បាន​ប្រាប់​អ្នក​កាសែត​ថា នាវា​ទាំង​ពីរ​ផ្ទុក​កងទ័ព​ជើង​ទឹក​ចំនួន ២៥​នាក់​ក្នុង​១​នាវា។ ក្រុម​រុករក​របស់​កម្ពុជា នឹង​ធ្វើ​ការ​ល្បាត​នៅ​តាម​បណ្ដា​ដែន​កោះ និង​ដែន​សមុទ្រ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម។

យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី ធ្វើ​ដំណើរ​ពី​ទីក្រុង​កូឡាឡាំពួរ ទៅ​កាន់​ទីក្រុង​ប៉េកាំង ដោយ​ផ្ទុក​អ្នក​ដំណើរ និង​បុគ្គលិក​ចំនួន ២៣៩​នាក់ ហើយ​បាន​បាត់​ដំណឹង​តាំង​ពី​ថ្ងៃ​សៅរ៍ ទី​៨ ខែ​មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។