កិច្ចព្រមព្រៀងនោះ ត្រូវបានចុះហត្ថលេខានៅឯក្រសួងការបរទេសកម្ពុជា នៅក្នុងអំឡុងពេលដែលលោក អ៊ីវ៉ាន់ ម៉ាគីក កំពុងបំពេញទស្សនកិច្ចលើកដំបូងរយៈពេល ២ថ្ងៃ នៅប្រទេសកម្ពុជា តាមការអញ្ជើញរបស់លោក ហោ ណាំហុង។
កិច្ចសហប្រតិបត្តិការទ្វេភាគីនោះ បានផ្ដោតលើចំណុចសំខាន់ៗ មានដូចជា កម្ពុជា គ្រោងនាំអង្ករទៅលក់នៅទីផ្សារនៅប្រទេសស៊ែប នៅថ្ងៃអនាគត រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសស៊ែប នឹងមកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអនាគត ដើម្បីពង្រឹងទំនាក់ទំនងវិស័យយោធាជាមួយកម្ពុជា ភាគីទាំងពីរគ្រោងផ្លាស់ប្ដូរប្រតិភូពាណិជ្ជកម្មទៅវិញទៅមក នៅថ្ងៃអនាគត ផ្ដោតលើពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
ក្រៅពីនេះ ប្រទេសស៊ែប បានយល់ព្រមផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា មួយចំនួនទៅសិក្សានៅប្រទេសស៊ែប នៅឆ្នាំ២០១៣ និងឆ្នាំ២០១៤ ខាងមុខនេះ។ មួយវិញទៀត ប្រទេសស៊ែប បានយល់ព្រមលុបបំណុលជាង ១លានដុល្លារអាមេរិក ដែលកម្ពុជា បានជំពាក់កាលពីឆ្នាំ១៩៦៩ កន្លងមក។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតរួមគ្នានៅក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ថា ការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យដទៃទៀតនេះ នៅគ្រាដែលកម្ពុជា កំពុងតែមានស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ៖ «យើងមានស្ថិរភាពនយោបាយ យើងមានរបបប្រជាធិបតេយ្យពហុបក្ស យើងមានការគោរពសិទ្ធិមនុស្ស»។
ជាមួយគ្នានេះ កម្ពុជា ក៏បានគាំទ្របេក្ខភាពនៃប្រទេសស៊ែប ឲ្យក្លាយជាដៃគូមិត្តភាព និងសហប្រតិបត្តិការជាមួយអាស៊ាន (Asean) នៅថ្ងៃអនាគតឆាប់ៗនេះ។ ចំណែកឯរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសស៊ែប លោក អ៊ីវ៉ាន់ ម៉ាគីក បានមានប្រសាសន៍ជាភាសាអង់គ្លេស ហើយត្រូវបានប្រែសម្រួលជាភាសាខ្មែរថា ការចុះហត្ថលេខានៅថ្ងៃនេះ គឺជាកិច្ចព្រមព្រៀងទី១២ ហើយ ដែលប្រទេសស៊ែប បានចុះហត្ថលេខាជាមួយប្រទេសដទៃទៀតកន្លងមក។
ប្រទេសស៊ែប បានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា រយៈពេល ៥៧ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៥៦ កន្លងមក។ ប្រទេសស៊ែប នាពេលនេះជាប្រទេសឯករាជ្យ ក្រោយពីបានផ្តាច់ខ្លួនពីប្រទេសយូហ្គោស្លាវី។
គេបានកត់សម្គាល់ថា ប្រទេសស៊ែប គឺជាប្រទេសទី២ហើយ នៅតំបន់អឺរ៉ុបខាងកើត (East Europe) ដែលកម្ពុជា ចុះហត្ថលេខាទ្វេភាគីនៅដើមឆ្នាំ២០១៣ ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្រោយអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ស៊ន សុខណា បានចុះហត្ថលេខាកាលពីថ្ងៃទី១១ ខែកុម្ភៈ កន្លងទៅនេះ ជាមួយប្រធានសភាពាណិជ្ជកម្មនៃប្រទេសបេឡារុស្ស (Balarus) លោក ម៉ីកហៀល មីយ៉ាតលីកូវ (Mikhail Myatlikov) ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
