កម្ពុជា​ចាប់​ផ្ដើម​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​ថ្មី

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១២ ខែ​មេសា បាន​ប្រកាស​បើក​ការដ្ឋាន​ដើម្បី​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​ថ្មី​ដ៏​ធំ​មួយ ឈ្មោះ​ថា "មរតក​តេជោ" ស្ថិត​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ តំបន់​ព្រែកក្តាម នៅ​ជាយ​រាជធានី​ភ្នំពេញ។ ក្រុមហ៊ុន​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​សាងសង់​នោះ គឺ​ក្រុមហ៊ុន​របស់​ជាតិ​ឈ្មោះ​អិល.វាយ.ភី គ្រុប (L.Y.P Group) ដែល​គេ​ស្គាល់​ថា ជា​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់។

0:00 / 0:00

តំបន់​ព្រែកក្តាម ដែល​ជា​ទី​កន្លែង​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ "មរតក​តេជោ" នោះ នឹង​ក្លាយ​ជា​ទីក្រុង​រណប​នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​ទៀត​នេះ។

គម្រោង​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​ថ្មី​នោះ គឺ​ត្រូវ​ចំណាយ​ពេល​វេលា​សាងសង់​ចំនួន ៩​ឆ្នាំ នៅ​លើ​ផ្ទៃដី​សរុប​ទំហំ​ជាង ៨៥​ហិកតារ នៅ​គ្រា​ដែល​កម្ពុជា គ្រោង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម (Sea Games) នៅ​ឆ្នាំ​២០២៣។

ឯកសារ​នៃ​គម្រោង​សាងសង់ បាន​ឲ្យ​ដឹង​ថា ការ​សាងសង់​នោះ គឺ​ចែក​ជា ៣​ដំណាក់​កាល​ធំៗ។ ដំណាក់​កាល​ទី១ សាងសង់​រយៈពេល ៣២​ខែ មាន​ដូចជា មណ្ឌល​កីឡា​ក្នុង​សាល​ធំ មណ្ឌល​កីឡា​ហែល​ទឹក សាល​ហាត់​កីឡា​ប្រយុទ្ធ អគារ​ស្នាក់នៅ អាហារដ្ឋាន និង​ទីលាន​ហាត់​នៅ​ក្រៅ​អគារ។ ថវិកា​ចំណាយ​លើ​គម្រោង​សាងសង់​ដំណាក់​កាល​ទី១ នេះ គឺ​ចំនួន​ជិត ៣៩​លាន​ដុល្លារ​អាមេរិក។

ដំណាក់​កាល​ទី២ គឺ​សាងសង់​រយៈពេល ៣៦​ខែ មាន​ដូចជា កីឡាដ្ឋាន​ដែល​នឹង​បំពាក់​ឧបករណ៍​បរិក្ខារ​កីឡា ប្រព័ន្ធ​ហេដ្ឋារចនាសម្ពន្ធ ផ្លូវ​បេតុង បណ្ដាញ​ទឹក​ស្អាត ប្រព័ន្ធ​អគ្គិសនី និង​សួន​ច្បារ​ជាដើម។ ដំណាក់​កាល​ទី៣ គឺ​សាងសង់​រយៈពេល ៤០​ខែ មាន​ដូចជា សាល​វេជ្ជសាស្ត្រ វិទ្យាសាស្ត្រ​កីឡា សាល​ហាត់​សាច់​ដុំ សាល​កាយ​សម្ព័ន្ធ សាល​កីឡា​បាញ់​កាំភ្លើង មជ្ឈមណ្ឌល​កីឡា​ហុកគី និង​សាល​កីឡា​ប្រពៃណី​ជាដើម។

ថវិកា​ចំណាយ​លើ​គម្រោង​សាងសង់​ដំណាក់​កាល​ទី២ និង​ទី៣ នេះ មិន​ត្រូវ​បាន​ឲ្យ​ដឹង​នៅ​ឡើយ​ទេ ប៉ុន្តែ​កម្ពុជា នៅ​មិន​ទាន់​មាន​ថវិកា​គ្រប់គ្រាន់​នៅ​ឡើយ​ទេ​សម្រាប់​គម្រោង​សាងសង់​ទាំង​ពីរ​ដំណាក់​កាល​នោះ។

លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី១២ ខែ​មេសា បាន​មាន​ប្រសាសន៍​ថា ពហុកីឡាដ្ឋាន​ជាតិ "មរតក​តេជោ" នេះ គឺ​មាន​ន័យ​ថា ជា​មរតក​តេជោ​មាស មរតក​តេជោ​យ៉ត មរតក​តេជោ​សែន និង​មរតក​តេជោ​ដំឌិន ជាដើម៖ «កម្ពុជា បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រជុំ​កំពូល​អាស៊ាន (Asean Summit) ចំនួន ២​លើក​រួច​មក​ហើយ​នៅ​ឆ្នាំ​២០០២ និង​ឆ្នាំ​២០១២ កន្លង​ផុត​ទៅ ក៏ប៉ុន្តែ​កម្ពុជា មិន​ទាន់​មាន​លទ្ធភាព​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម នោះ​ទេ។ ដូច្នេះ មិត្តភក្ដិ​មាន​ការ​យោគយល់​អំពី​បញ្ហា​នេះ ដោយសារ​តែ​បើ​ពិនិត្យ​ពី​ស្ថានការណ៍​ប្រទេស​អាស៊ាន​ទាំង​១០ គ្មាន​ប្រទេស​ណា​មួយ​ដែល​ខ្ទេចខ្ទាំ​ដូច​ជា​ប្រទេស​កម្ពុជា យើង​នេះ​ទេ»

អភិបាល​រាជធានី​ភ្នំពេញ លោក កែប ជុតិមា បាន​មាន​ប្រសាសន៍​ថា ពហុកីឡាដ្ឋាន​ជាតិ "មរតក​តេជោ" នេះ មាន​សមត្ថភាព​ផ្ទុក​មនុស្ស​ចំនួន​សរុប​ជាង ១​សែន​នាក់៖ «ពហុកីឡាដ្ឋាន​ជាតិ​មរតក​តេជោ ត្រូវ​បាន​សិក្សា​គម្រោង​ប្លង់​ដោយ​ក្រុមហ៊ុន​ស្ថាបត្យករ​អាស៊ីតិច សូលូសិន (Architech Solutions) ជា​ក្រុម​សិក្សា​គម្រោង​ប្លង់​ក្នុង​ស្រុក​ប្រមូល​ផ្តុំ​ដោយ​ស្ថាបត្យករ វិស្វករ និង​ជំនាញ​ខ្មែរ ប្រកប​ដោយ​ចំណេះ​ដឹង បទ​ពិសោធន៍​ខ្ពស់ ដែល​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន អិល.វាយ.ភី គ្រុប»

ទាក់ទង​នឹង​ការ​ត្រៀម​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ឆ្នាំ​២០២៣ នោះ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១២ ខែ​មេសា ថា កម្ពុជា មាន​សក្ដានុពល​នៃ​កីឡា​ចំនួន​៨ នៅ​ក្នុង​ចំណោម​កីឡា​ស៊ីហ្គេម សរុប​ចំនួន ២២​ប្រភេទ៖ «យើង​មាន​កីឡា​ខាង​ផ្នែក​កីឡា​ប្រយុទ្ធ​ហ្នឹង មាន​ច្រើន ដូច​មាន​កីឡា​តៃក្វាន់ដូ មាន​ចំបាប់ មាន​វូ​វៀតណាម មាន​ហូស៊ូ ហើយ​បាន​យើង​មាន ថេននីស (Tennis = វាយសី) ហើយ​បាន​មាន​ប៉េតង់ (ប៊ូល) ហើយ​យើង​មាន​កីឡា​ផ្សេងៗ​ទៀត​ដែល​កំពុង​តែ​រីក​ចម្រើន»

លោក ហ៊ុន សែន ធ្លាប់​បាន​សុំ​ពន្យារ​ពេល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កីឡា​ស៊ីហ្គេម នេះ​ជា​ច្រើន​លើក​រួច​មក​ហើយ ដោយសារ​តែ​កម្ពុជា ខ្វះ​ថវិកា​សាងសង់​ពហុកីឡាដ្ឋាន​ជាតិ​ថ្មី នៅ​គ្រា​ដែល​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កីឡា​ស៊ីហ្គេម នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។ ប្រទេស​ឡាវ បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០០៩ កន្លង​ទៅ​នេះ និង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ឆ្នាំ​២០១៣ នេះ។

កីឡាករ​កម្ពុជា បាន​ប្រកួត​ដណ្ដើម​យក​មេដាយ​សរុប​ចំនួន ៥០ ក្នុង​នោះ​មាន​មេដាយ​មាស​ចំនួន ៨ នៅ​ក្នុង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម នៅ​ប្រទេស​ឥណ្ឌូនេស៊ី ឆ្នាំ​២០១១ កន្លង​ទៅ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។