កម្ពុជា-ថៃ ពង្រឹង​សន្តិសុខ​ព្រំដែន​មុន​ការ​បក​ស្រាយ​សាល​ដីកា

នៅ​ថ្ងៃ​ទី២៦ កុម្ភៈ មន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ថៃ បើក​កិច្ច​ពិភាក្សា​បន្ទាន់​មួយ​នៅ​លើ​ប្រាសាទ​ព្រះវិហារ ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​យោធា ដែល​អាច​នឹង​ប្រឈម​ដោយ​សព្វាវុធ​នៅ​មុន​ការ​បកស្រាយ​ឡើង​វិញ សាល​ដីកា​ឆ្នាំ​១៩៦២ នៅ​ពាក់​កណ្ដាល​ខែ​មេសា ខាង​មុខ​នេះ។
ដោយ ម៉ម មុនីរតន៍
2013-02-26
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ព្រះវិហារ303apr
ទាហាន​ថៃ (ខាង​ឆ្វេង) ជជែក​លេង​ជាមួយ​ទាហាន​ខ្មែរ (ខាង​ស្ដាំ) នា​ថ្ងៃ​ទី​៥ មេសា ២០០៩ នៅ​ក្នុង​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ ក្បែរ​ប្រាសាទ​ព្រះវិហារ។ មន្ត្រី​ខ្មែរ​-ថៃ​ជួប​ចរចា​ពី​បញ្ហា​ព្រំដែន​នៅ​ក្រុង​ភ្នំពេញ​នា​ថ្ងៃ​ទី​៦​-៧ មេសា ២០០៩។
RFA/Uy Sophea

ការ​ជួប​ចរចា​នេះ បន្ទាប់​ពី​ស្ថានភាព​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ហាក់​មាន​សភាព​តានតឹង​ឡើង​វិញ ខណៈ​ក្រុម​អាវ​លឿង​ថៃ រាប់​ពាន់​នាក់​ព្យាយាម​សម្រុក​ចូល​មក​កាន់​ខ្សែ​បន្ទាត់​ព្រំដែន និង​ប្រាសាទ​ព្រះវិហារ ប្រឆាំង​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​អាយស៊ីជេ (ICJ)។

មន្ត្រី​ជាន់​ខ្ពស់​ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ថៃ សន្យា​ថា​នឹង​បន្ត​រក្សា​ភាព​ស្ងប់ស្ងាត់ មិន​ផ្ទុះ​អាវុធ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ បើ​ទោះ​ជា​ការ​បកស្រាយ​ឡើង​វិញ​លើ​សាល​ដីកា​ឆ្នាំ​១៩៦២ ស្ដីពី​ប្រាសាទ​ព្រះវិហារ ត្រូវ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​បូរណភាព​ទឹកដី​នៃ​ប្រទេស​ណា​មួយ​ក៏​ដោយ។

លោក អ៊ុំ ម៉ារា អភិបាល​ខេត្ត​ព្រះវិហារ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៦ កុម្ភៈ ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ​បាន​សន្យា​នៅ​ក្នុង​ជំនួប​នោះ​ថា នឹង​រក្សា​ការ​អត់ធ្មត់ ដោយ​បញ្ចៀស​នូវ​ការ​ផ្ទុះ​អាវុធ​ប្រឆាំង​នឹង​ការ​បកស្រាយ​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ ឡើង​វិញ​ទៅ​តាម​សំណើ​របស់​កម្ពុជា ស្ដីពី​ប្រាសាទ​ព្រះវិហារ នោះ។ លោក​បន្ត​ថា ភាគី​ទាំង​ពីរ​បញ្ជាក់​ជំហរ​ថា​នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​នាម​មិត្តភាព​ប្រទេស​ជិត​ខាង​ល្អ​បន្ថែម​ទៀត នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន ដែល​កំពុង​មាន​ជម្លោះ​ដោយ​យោធា​នោះ។

ការ​បើក​កិច្ច​ប្រជុំ​រវាង​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ទាំង​ពីរ កម្ពុជា ថៃ នៅ​ថ្ងៃ​ទី២៦ កុម្ភៈ នៅ​ស្រះ​ទឹក​មុខ​ប្រាសាទ​ព្រះវិហារ ដើម្បី​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​យោធា ដែល​អាច​នឹង​ប្រឈម​មុខ​ដោយ​សព្វាវុធ​នៅ​មុន​ការ​បកស្រាយ​ឡើង​វិញ​សាល​ដីកា​ឆ្នាំ​១៩៦២ នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​របស់​កាសែត​ថៃ (Bangkok Post) កាល​ពី​ថ្ងៃ​ទី២៥ កុម្ភៈ ថា មន្ត្រី​ការពារ​ជាតិ​កម្ពុជា បាន​លុប​ចោល​កិច្ច​ប្រជុំ​របស់​ខ្លួន​ដោយ​មិន​មាន​ពេល​កំណត់ និង​ថា​កិច្ច​ប្រជុំ​នេះ ភាគី​ទាំង​ពីរ​នឹង​លើក​ទៅ​ថ្ងៃ​ក្រោយ។

មន្ត្រី​និយាយ​ថា កិច្ច​ពិភាក្សា​ដែល​គេ​រំពឹង​ថា​នឹង​កាត់​បន្ថយ​សម្ពាធ​ដោយ​សព្វាវុធ​នៅ​តាម​ព្រំដែន​នេះ ខាង​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ និង​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើន​រូប​ទៀត។ ចំណែក​ភាគី​ថៃ ដឹកនាំ​ដោយ​លោក សុកុមពល សុវ៉ាន់ណាថាត (Sukumpol Suwanatat) រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ លោក​ឧត្ដមសេនីយ៍ទោ ជា រៈសៈ ឈុំប្រាក់ស៊ុក មេ​បញ្ជាការ​ភូមិ​ភាគ​ពីរ និង​កម្លាំង​សរុប​ចំនួន ៦៨​នាក់។

ក្នុង​កិច្ច​ប្រជុំ​នោះ ភាគី​ទាំង​ពីរ​បាន​លើក​យក​ខ្លឹមសារ​មួយ​ចំនួន រួម​មាន ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ឈើ​នៅ​តាម​ព្រំដែន ទំនាក់​ទំនង​សហការ​ល្អ​លើ​ផ្នែក​សេដ្ឋកិច្ច ការ​ព្យាបាល​ជំងឺ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក និង​សន្យា​រួម​គ្នា​ប្រកាន់​យក​សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ អាយស៊ីជេ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា មួយ​ចំនួន​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ បាន​ទេ នៅ​ថ្ងៃ​ទី២៦ កុម្ភៈ។

ក៏ប៉ុន្តែ មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក ចាន់ ឆន បញ្ជាក់​ថា ស្ថានភាព​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ នៅ​ពេល​នេះ មាន​សភាព​ស្ងប់ស្ងាត់​ជា​ធម្មតា ដូច​នៅ​មុន​ថ្ងៃ​ទី១៥ កក្កដា ឆ្នាំ​២០០៨។

តុលាការ​យុត្តិធម៌​អន្តរជាតិ​អាយស៊ីជេ នឹង​ជំនុំ​ជម្រះ​លើ​សេចក្ដី​សម្រេច​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១៩ មេសា ទៅ​តាម​សំណើ​របស់​កម្ពុជា កាល​ពី​ខែ​មេសា ឆ្នាំ​២០១១ ដែល​ស្នើសុំ​ឲ្យ​តុលាការ​យុត្តិធម៌​មួយ​នេះ​បកស្រាយ​ឡើង​វិញ​សាល​ដីកា ឆ្នាំ​១៩៦២ ស្ដីពី​ប្រាសាទ​ព្រះវិហារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

ខ្មែរជួយខ្មែរ

ពី កែប

ខ្មែរគួរតែបង្កើតកងទព័ពិសេសប្រើការណុងអត់ឮសម្លេងចំពោះសត្រូវហើយ
បើសត្រូវរឹងនៅតែមាមចិត្តឈ្លានពាន គួរតែឱ្យវាចូលមកបាត់បង់ជីវិតយ៉ងព្រឺព្រួចទើបអាចធ្វើឱ្យសត្រូវមានការរអាល ។

Feb 27, 2013 04:46 PM

Ratha

កាលណាប្រទេសយើងទាំងពីរមានភាពតានតឹង ឬមុននឹងមាន
ការផ្ទុះអាវុធដាក់គ្នា ភាគីទាំងពីរគួរតែជួបចរចារបៀបនេះឲ្យបានញឹកញាប់ថែមទៀត ដើម្បីជៀសវាងការខូចខាតដល់អាយុ
ជីវិតនិងទ្រព្យសម្បត្តិរៀងៗខ្លួន ព្រោះព្រទេសយើងទាំងពីរ
មិនអាចលើកចាកចេញពីគ្នាបានឡើយ មានតែកិច្ចចរចា
ទេដែលអាចជួយដោះស្រាយបញ្ហានានាបានទាំងស្រុង។

Feb 26, 2013 09:57 PM

អ្នក​អាន​អនាមិក

រឿងនេះយើងអាចទស្សន៍ទាយ ជាមុនបាន។ បើខ្មែរចាញ់គេក្នុងការកាត់ក្តីនេះ ខ្មែរនឹងបំភ្លេចចោលរឿងនេះ។ ហើយស្ថានភាពនៅព្រំដែននោះ នឹងបានស្ងាត់ស្ងៀម។ បើសៀមចាញ់ការសម្រេចរឿងក្តីក្តាំវិញនោះ ពួកសៀមនឹងបះបោរ នៅមិនសុខ។ ដូច្នេះខ្មែរត្រូវត្រៀមខ្លួន ប្រយ័ត្នប្រយែងឲ្យហើយ។

Feb 26, 2013 05:00 PM