ស្ថានភាព​យោធា​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ

បើ​ទោះ​បី​ជា​តំណាង​ប្រទេស​កម្ពុជា និង​ថៃ បាន​បញ្ចប់​ការ​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ ជុំវិញ​ជម្លោះ​ដី​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ-ថៃ ខ្លះ នៅ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ទាំង​ពីរ​កើត​ឡើង។
ដោយ ហង្ស សាវយុត
2013-04-20
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ក្រុម​ប៉ូលិស និង​ឆ្មាំ​ការពារ​ប្រាសាទ​ព្រះវិហារ កំពុង​ឆ្លុះ​កែវយឹត ដើម្បី​មើល​សកម្មភាព​ទាហាន​ថៃ ដែល​នៅ​ទល់​មុខ​គ្នា​ជាប់​បន្ទាត់​ព្រំដែន កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៣។
ក្រុម​ប៉ូលិស និង​ឆ្មាំ​ការពារ​ប្រាសាទ​ព្រះវិហារ កំពុង​ឆ្លុះ​កែវយឹត ដើម្បី​មើល​សកម្មភាព​ទាហាន​ថៃ ដែល​នៅ​ទល់​មុខ​គ្នា​ជាប់​បន្ទាត់​ព្រំដែន កាល​ពី​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៣។
RFA/Hang Savyouth

កាសែត​បាងកក​ប៉ុស្តិ៍ (Bangkok Post) ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ បាន​ដក​ស្រង់​យក​ការ​ស្ទង់​មតិ​របស់​សកលវិទ្យាល័យ​មួយ ដែល​បង្ហាញ​ថា ប្រជាពលរដ្ឋ​ថៃ ព្រួយ​បារម្ភ​ខ្លាច​ក្រែង​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​ទៀត រវាង​យោធា​ខ្មែរ-ថៃ ដោយសារ​ជម្លោះ​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​ជិត​ប្រាសាទ​ព្រះវិហារ។

តើ​ស្ថានភាព​យោធា​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ រហូត​មក​ដល់​ពេល​នេះ មាន​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ឬ​ទេ?

មេ​បញ្ជា​ការ​យោធា​ខ្មែរ ដែល​គ្រប់គ្រង​កងទ័ព​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា ទាហាន​ខ្មែរ នៅ​តែ​ប្រុង​ប្រយ័ត្ន ដើម្បី​ឆ្លើយ​តប​នឹង​សង្គ្រាម បើ​ទោះ​បី​ស្ថានការណ៍​កងទ័ព​ខ្មែរ-ថៃ នៅ​តាម​ព្រំដែន​ទល់​មុខ​គ្នា​ស្ងប់ស្ងាត់​ក៏ដោយ។

ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី១៥ មេសា ដែល​តំណាង​ប្រទេស​កម្ពុជា និង​ថៃ បាន​ឡើង​ទៅ​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) អំពី​បញ្ហា​ជម្លោះ​ដី​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ធ្វើ​ឱ្យ​កងទ័ព​ទាំង​សង​ខាង​ត្រៀម​លក្ខណៈ​ប្រយុទ្ធ​នៅ​តាម​បន្ទាត់​ព្រំដែន ក៏ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី២០ ខែ​មេសា មិន​ទាន់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ណា​មួយ​នៅ​ឡើយ​ទេ។

មេ​បញ្ជា​ការ​កង​យោធពល​ខេមរភូមិន្ទ​នៃ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ទទួល​បន្ទុក​ការពារ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹក។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី២០ ខែ​មេសា ថា កងទ័ព​ខ្មែរ-ថៃ ដែល​នៅ​ទល់​មុខ​គ្នា​តាម​ព្រំដែន នៅ​តែ​ទាក់ទង​គ្នា​ប្រចាំ​ថ្ងៃ​ជា​ធម្មតា​នៅ​ឡើយ មិន​ទាន់​មាន​ស្ថានការណ៍​ខុស​ប្លែក​ពី​ធម្មតា​ទេ៖ «នៅ​ពី​មុខ​វា​ហ្នឹង​វា​ដដែលៗ​គ្មាន​អ្វី​ទេ។ បើ​ខាង​ក្នុង ខ្ញុំ​ក្ដាប់​អត់​បាន​ទេ តែ​ធម្មតា​ទេ​ទូទៅ។ ជួប​គ្នា​ធម្មតា​ទេ ទំនាក់ទំនង​គ្នា​អាច​១​អាទិត្យ កន្លះ​ខែ ឬ​មួយ​ខែ​ម្ដង ជួប​គ្នា​តែ​ប៉ុណ្ណឹង ដើម្បី​សហការ​ព្រំដែន​អត់​មាន​អ្វី​ទេ»

ទាហាន​នៅ​ព្រះវិហារ081408
ទាហាន​ខ្មែរ​នៅ​ព្រះវិហារ RFA Photo/Savyuth

ទោះ​យ៉ាង​ណា នៅ​តាម​មូលដ្ឋាន​យោធា​មួយ​ចំនួន​ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​កង​ទាហាន​ខ្លះ​បាន​ចាប់​ផ្ដើម​រៀបចំ​លេណដ្ឋាន​ជា​ថ្មី​ឡើង​វិញ។

ទាហាន​ខ្មែរ​មួយ​រូប​នៅ​តំបន់​ភ្នំ​ត្រប់ ចម្ងាយ​ប្រមាណ ៤​គីឡូម៉ែត្រ​ខាង​លិច​ឆៀង​ខាង​ជើង​ពី​ប្រាសាទ​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា ទាហាន​ខ្មែរ​ទី​នោះ​បាន​បន្ថែម​ការ​ប្រុង​ប្រយ័ត្ន បើ​ទោះ​បី​ជា​ទាហាន​ថៃ ស្ងប់ស្ងាត់​ក៏ដោយ៖ «ម្សិលមិញ ពួក​យើង​គ្រាន់​តែ​ឡើង​ទៅ​លើ​ហ្នឹង ឱ្យ​ពួក​យើង​ធ្វើ​លេណដ្ឋាន បើ​ថា​ពួក​វា​អត់​មាត់​អត់​អី​ទេ គឺ​វា​សម្ងំ។ សភាពការណ៍​ធម្មតា​នឹង​ហ្ន៎​ធម្មតា​ទេ។ ថ្ងៃ​សៅរ៍ គឺ​យើង​ណាត់ កូក​គ្នា​មក​ជួប​គ្នា​ចរចា​និយាយ​ពី​រឿង​មិន​ឱ្យ​ចង់​មាន​សង្គ្រាម​ជាមួយ​គ្នា​ដែរ ពួក​ទាហាន​ថៃ នោះ»

កាសែត​បាងកក​ប៉ុស្តិ៍ នៅ​ក្នុង​ប្រទេស​ថៃ ដែល​ចេញ​ផ្សាយ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី២០ ខែ​មេសា បាន​និយាយ​ថា ប្រជាពលរដ្ឋ​ថៃ ស្ទើរ​តែ​ពាក់​កណ្ដាល​នៃ​ចំនួន​អ្នក​ស្ទង់​មតិ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​សង្គ្រាម ដែល​អាច​កើត​ឡើង​ដោយសារ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ។ សាកលវិទ្យាល័យ​មួយ​ឈ្មោះ អាបាក (Abac) បាន​បញ្ជាក់​ថា គេ​បាន​ដឹង​ការ​ព្រួយ​បារម្ភ​នេះ​តាម​រយៈ​ការ​ស្ទង់​មតិ​ពី​មនុស្ស​វ័យ​ក្មេង​អាយុ ១៨​ឆ្នាំ ចំនួន​ជាង ២.២៣០​នាក់ ពី​បណ្ដា​ខេត្ត​១៧ នៅ​ក្នុង​ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី១៥ រហូត​ដល់​ថ្ងៃ​ទី១៩ ខែ​មេសា កន្លង​ទៅ។

ចំនួន ៤៧,៤% នៃ​អ្នក​ដែល​បាន​ស្ទង់​មតិ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​បញ្ហា​ជម្លោះ​ដី​ទំហំ ៤,៦​គីឡូម៉ែត្រ​ក្រឡា នៅ​ជិត​ប្រាសាទ​ព្រះវិហារ នោះ​ថា គឺ​ជា​គន្លឹះ​នៃ​សង្គ្រាម​រវាង​កម្ពុជា-ថៃ ហើយ​មាន​តែ ២៧,៦% នៃ​អ្នក​ស្ទង់​មតិ​ទេ​ដែល​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​តិចតួច​អំពី​សង្គ្រាម ក្នុង​រឿង​ជម្លោះ​ព្រំដែន និង​អ្នក​ខ្លះ​ទៀត​មិន​បារម្ភ​អ្វី​ទាល់​តែ​សោះ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

តាំង ពៅ

ពី ភ្នំពេញ

កម្ពុជានិងឈ្នះដោយគ្មានសង្គ្រាមផ្ទុះឡើងឡើយ

Apr 21, 2013 08:21 PM

អ្នក​អាន​អនាមិក

THIS WAR IN PREAS VEHEA JUST FOR BUSINESS SOME POLITICIANS LOVE TO MAKE MONEY FROM WAR(THAI OR VIETNAM OR KHMER).QUESTION IS DO THAI VIETNAM KHMER SIGN THE PARIS PEACE AGREENEMT IN 1991?????

Apr 20, 2013 11:09 PM

អ្នក​អាន​អនាមិក

ប្រជាជនខ្មែរនិងប្រជាជនថៃ មិនដែលចង់មានសង្គ្រាមនិងគ្នានោះទេ
តែពួករនុកក្នងបរទេស និងពូកកេងចំណេញនយោបាយទាំងសងខាង ចេះតែដើរចាក់ចុចខ្មែរនិងថែអោយកាប់ចាក់គ្នា។

Apr 20, 2013 09:47 AM

គេហទំព័រ​ទាំងមូល