អាជ្ញាធរខ្មែរខេត្តឧត្តរមានជ័យ និងអាជ្ញាធរថៃ ខេត្តបូរីរ៉ាំ ធ្លាប់បានសន្យាជាមួយគ្នាថា នឹងបើកច្រករបៀងព្រំដែនជប់គគីរ លើខ្នងភ្នំដងរែក ឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានដោះដូរទំនិញគ្នាទៅវិញទៅមកមានរយៈពេលកាន់តែច្រើនថ្ងៃថែមទៀត។ ការជួបជជែកគ្នាជាច្រើនលើករវាងអាជ្ញាធរខ្មែរ និងថៃ នេះ កំពុងជំរុញឱ្យគោលបំណងនៃការចង់បន្ថែមចំនួនថ្ងៃ ដើម្បីបើកច្រករបៀងព្រំដែនទីនោះកាន់តែខិតជិតមកដល់។
មន្ត្រីស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរំពឹងថា ច្រករបៀងព្រំដែនជប់គគីរ នាឃុំអំពិល នឹងបើកឱ្យប្រជាពលរដ្ឋខ្មែរ-ថៃ កាន់តែមានឱកាសដោះដូរទំនិញគ្នាបានកាន់តែច្រើនថ្ងៃលើសពីពេលបច្ចុប្បន្នថែមទៀត នៅក្នុងខែមេសា ខាងមុខ។
អភិបាលស្រុកបន្ទាយអំពិល គឺលោក ហាំង ម៉េង។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី២៤ ខែមីនា ថាកាលពីខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅ គឺអាជ្ញាធរខេត្តឧត្តរមានជ័យ របស់ខ្មែរ និងអាជ្ញាធរខេត្តបូរីរ៉ាំ របស់ថៃ ធ្លាប់បានជួបប្រជុំគ្នា ហើយសន្មតថា ការបន្ថែមចំនួនថ្ងៃក្នុងការបើកច្រករបៀងព្រំដែនជប់គគីរ អាចនឹងចាប់ផ្ដើមបាននៅអំឡុងខែមេសា ខាងមុខ៖ «តាមការគ្រោងទុករវាងខេត្តទាំងពីរ គឺគ្រោងបើកប្រហែលជាសប្ដាហ៍ទី២ ខែក្រោយហ្នឹងប្រសិនបើពុំមានអ្វីប្រែប្រួល។ យើងបានត្រៀមលក្ខណៈអស់ហើយ! ឯកឧត្តមអភិបាលខេត្ត គាត់បានស្នើសុំគោលការណ៍ទៅរាជរដ្ឋាភិបាលទៅខាងក្រសួងមហាផ្ទៃ ពីការងារនេះ»។
ច្រករបៀងព្រំដែនជប់គគីរ លើខ្នងភ្នំដងរែក ដែលស្ថិតនៅក្នុងឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់និងស្រុកបាងក្រួត ខេត្តបូរីរ៉ាំ របស់ថៃ បានបិទមិនឱ្យប្រជាពលរដ្ឋខ្មែរ-ថៃ ចេញចូលរកគ្នាចាប់តាំងពីអំឡុងខែកក្កដា ឆ្នាំ២០០៨ បន្ទាប់ពីជម្លោះព្រំដែនខ្មែរ-ថៃ កើតឡើងនៅជិតប្រាសាទព្រះវិហារ។ ក៏ប៉ុន្តែ ច្រកនេះបានបើកឱ្យប្រជាពលរដ្ឋខ្មែរ-ថៃ អាចចេញចូល និងដោះដូរទំនិញគ្នាឡើងវិញក្នុង១សប្ដាហ៍ចំនួន២ថ្ងៃ ចាប់ពីឆ្នាំ២០១២ បន្ទាប់ពី អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) បានឡើងកាន់អំណាចជានាយករដ្ឋមន្ត្រីថៃ ហើយស្ថានភាពជម្លោះព្រំដែនស្ងប់ស្ងាត់មួយរយៈមក។
កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ អាជ្ញាធរខ្មែរខេត្តឧត្តរមានជ័យ និងអាជ្ញាធរថៃ ខេត្តបូរីរ៉ាំ បានស្នើសុំគោលការណ៍ទៅក្រសួងមហាផ្ទៃ រៀងៗខ្លួន ដើម្បីឈានទៅបើកច្រករបៀងព្រំដែនជប់គគីរ ឱ្យបានចំនួន ៣ថ្ងៃក្នុង១សប្ដាហ៍ បំណងឱ្យប្រជាពលរដ្ឋទាំងសងខាងអាចប្រកបរបរចិញ្ចឹមជីវិតបានកាន់តែប្រសើរ។
ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅជាប់ព្រំដែនខ្មែរ-ថៃ បានសម្ដែងការត្រេកអរនៅពេលដែលឮថា ច្រករបៀងព្រំដែនជប់គគីរ គ្រោងនឹងបើកឱ្យដោះដូរទំនិញគ្នាបានកាន់តែច្រើនថ្ងៃថែមទៀតនោះ។
អ្នកភូមិជប់គគីរខាងលិច លោក ឡេង ខ្លី បានមានប្រសាសន៍ថា ចាប់តាំងពីច្រករបៀងព្រំដែនជប់គគីរ បានបើកឱ្យដំណើរការ ១អាទិត្យចំនួន២ថ្ងៃមក គឺមានប្រជាពលរដ្ឋខ្មែរជាច្រើនមកពីគ្រប់ច្រក ដូចជា ប៉ោយប៉ែត អូស្មាច់ និងអន្លង់វែង ជាដើម បានឡើងទៅលក់ដូរ។ លោក ឡេង ខ្លី បានបញ្ជាក់ទៀតថា ប្រសិនបើច្រកព្រំដែនជប់គគីរ បើកបន្ថែមចំនួន ៣ថ្ងៃក្នុង១សប្ដាហ៍ទៀតនោះ គឺកាន់តែធ្វើឱ្យប្រជាពលរដ្ឋខ្មែរសប្បាយចិត្ត និងអាចប្រកបរបរចិញ្ចឹមជីវិតកាន់តែប្រសើរ៖ «ធូរខ្លះដែរ បើសិនជាលក់ ៣ថ្ងៃនោះ បងប្អូនអ្នករស់នៅនេះ យើងអាចមានការងារធ្វើរកកម្រៃបានសម្រាប់ជីវភាពប្រចាំថ្ងៃដែរ។ ខ្លះយើងអាស្រ័យផលទៅតាមព្រៃឈើ លក់ត្រួយអន្លក់ផ្លែឈើអីទៅ ខ្លះក៏លក់នំ ខ្លះក៏លក់បាយលក់គុយទាវ ខ្លះអូសរទេះសម្រាប់ដឹកបន្លែដឹកអីចេញពីផ្សារថៃ មកខ្មែរយើង»។
នាយករដ្ឋបាលសាលាខេត្តឧត្តរមានជ័យ លោក ហោ ជិនវិរៈយុទ្ធ ធ្លាប់បញ្ជាក់ថា ការបើកច្រករបៀងព្រំដែនជប់គគីរ ឱ្យដំណើរការបានច្រើនថ្ងៃ គឺមានសារសំខាន់ណាស់ ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរ-ថៃ រស់នៅតាមបន្ទាត់ព្រំដែនអាចដោះដូរទំនិញគ្នា ហើយក៏ជាការកសាងព្រំដែនសន្តិភាពរវាងខេត្តខ្មែរ និងថៃ ដែលនៅជាប់ព្រំដែនគ្នាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
