ស្របពេលមានសវនាការបកស្រាយសាលក្រមតុលាការអន្តរជាតិឡើងវិញ ស្ដីពីប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ដំណើរការឈានចូលថ្ងៃទី៣នោះ សន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាវិញ ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរពង្រឹងតឹងរ៉ឹងជាងមុន។
ការរឹតបន្តឹងផ្នែកសន្តិសុខនេះ ត្រូវគេដឹងថា គឺដើម្បីការពារ និងបញ្ចៀសពីការផ្ទុះអាវុធណាមួយនៅតាមព្រំដែន ប្រឆាំងនឹងសវនាការក្នុងរយៈពេល ៥ថ្ងៃនៅប្រទេសហូល្លង់ដ៍ នោះ។
ប្រជាពលរដ្ឋ និងមន្ត្រីយោធានៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ អះអាងថា កងកម្លាំងប្រដាប់អាវុធត្រូវគេពង្រាយនៅតាមតំបន់គោលដៅសំខាន់ៗ ដើម្បីទប់ទល់ និងបញ្ចៀសបញ្ហាកើតឡើងដោយចៃដន្យណាមួយដោយអាវុធ ក្នុងអំឡុងពេលនៃដំណើរការសវនាការរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ស្ដីពីប្រាសាទព្រះវិហារ។
ពលរដ្ឋនៅផ្សារជប់គគីរ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលថ្លែងសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍នៅថ្ងៃទី១៨ មេសា ថា ទាំងមុន និងក្នុងថ្ងៃដែលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ប្រជុំនិយាយអំពីប្រាសាទព្រះវិហារ នោះ គេឃើញមានវត្តមានទាហានច្រើន នៅតាមបន្ទាត់ព្រំដែនប្រទេសទាំង២។ លោកបន្តថា ការបង្កើនផ្នែកសន្តិសុខនេះ បានធ្វើឲ្យពលរដ្ឋនៅតាមជាយដែន មានការព្រួយបារម្ភ និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីជម្លៀសចេញ៖ «តាមធម្មតា កាលពីផ្លោងមុនហ្នឹង គឺផ្លោងត្រូវខាងស្រុកគូរ និងសិង្ហៗគោកមនអ្ហា បាទផ្លោងដាក់ខាងហ្នឹង ហើយខាងហ្នឹងគ្រាន់តែឮថាសភាពការណ៍មិនស្រួលហ្នឹង គ្នារត់ចោលផ្ទះចោលសម្បែង បាទចំ គ្នារាងខ្លាច»។
មន្ត្រីយោធាកម្ពុជា ប្រចាំការនៅប្រាសាទតាមាន់ និយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ភាគីថៃ បានបង្កើនកម្លាំងទ័ពរបស់ខ្លួន ចល័តតាមព្រំដែនច្រើនជាងមុន។ លោកបន្តថា តែទោះជាយ៉ាងណា ស្ថានភាពនៅតាមព្រំដែននៅពេលនេះ មានសភាពស្ងប់ស្ងាត់នៅឡើយទេ៖ «អើនេះមិនទាន់បានភ័យព្រួយអីនៅឡើយទេបង ព្រោះស្ថានភាពឃើញការចល័តទ័ពទាំងថៃ ទាំងខ្មែរហ្នឹង ឃើញមានការរៀបចំគ្រប់ៗគ្នា។ ប៉ុន្តែ ប្រជាពលរដ្ឋនោះដូចជាមិនមានអើ មានការភ័យអីដែរបង»។
កាសែតឌឹ ណេសិន (The Nation) របស់ថៃ ចុះផ្សាយនៅថ្ងៃទី១៨ មេសា ថា ក្រុមអ្នកជាតិនិយមរបស់ថៃ ជាច្រើនរយនាក់ ត្រូវបានកម្លាំងសន្តិសុខរបស់ថៃ ទប់ស្កាត់នៅខេត្តស៊ីសាកេត ឈមនឹងខេត្តព្រះវិហារ របស់កម្ពុជា។ ការបញ្ឈប់សកម្មភាពនេះ ធ្វើឡើងគឺដើម្បីបញ្ចៀសបញ្ហាដែលអាចរីករាលដាលឈានដល់ការផ្ទុះអាវុធកើតឡើងនៅតាមព្រំដែនសាជាថ្មីទៀត ខណៈពួកគេព្យាយាមមកដោតទង់ជាតិនៅលើទីតាំងដែលថៃ ចាត់ទុកថាជាតំបន់ ៤,៦គីឡូម៉ែត្រការ៉េ ក្បែរប្រាសាទព្រះវិហារ នោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ មេសា ក្នុងពិធីសម្ពោធសាលាខេត្តកំពត បានអំពាវនាវសុំឲ្យប្រជាជនថៃ បន្តការអត់ធ្មត់ ដោយចាត់ទុកថាកុំព្យាយាមបង្កាត់ភ្លើងដើម្បីបង្កើតសង្គ្រាមរវាងប្រទេសជិតខាងគ្នា។ លោកបន្តថា ករណីនេះទុកឲ្យតុលាការ គឺជាអ្នកធ្វើសេចក្តីសម្រេច ក្នុងការផ្ដល់យុត្តិធម៌ ជាជាងការបង្កើតជម្លោះ៖ «បើទោះបីថាមានរឿងជាមួយគ្នា យើងដោះស្រាយដោយសន្តិវិធី ហើយក៏ប្រើផ្លូវច្បាប់នៅតុលាការអន្តរជាតិទីក្រុងឡាអេ។ ហើយក៏មិនត្រូវទុកឲ្យចំណុចតូចមួយនេះវាក្លាយទៅជាជម្លោះទូទាំងព្រំដែន និងម្ខាង។ ម្ខាងទៀត កុំឲ្យបញ្ហាជម្លោះដ៏តូចមួយនេះក្លាយទៅជាជម្លោះគ្រប់វិស័យ»។
ដោយឡែក ពលរដ្ឋ និងមន្ត្រីយោធានៅស្រុកសំពៅលូន ខេត្តបាត់ដំបង និងខេត្តកោះកុង អះអាងថា ស្ថានការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃ នៅពេលនេះ គឺមានសភាពស្ងប់ស្ងាត់ធម្មតា ប៉ុន្តែកម្លាំងយោធាត្រូវគេបង្កើនការប្រុងប្រយ័ត្នជាងមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
