ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃទី២៩ ខែមីនា បានសុំឲ្យប្រទេសចិន បង្កើនវិនិយោគទុននៅកម្ពុជា ជាពិសេសលើការសាងសង់រោងម៉ាស៊ីនកិនស្រូវខ្នាតធំទំនើបៗ អាកាសយានដ្ឋានអន្តរជាតិ និងសណ្ឋាគារសម្រាប់អ្នកទេសចរចិន មកទស្សនាកម្ពុជា។
ការលើកឡើងនេះ គឺនៅក្នុងជំនួបបិទទ្វាររវាងលោក ហោ ណាំហុង ជាមួយប្រតិភូចិន ដែលដឹកនាំដោយលោក សឹង ប៉ីពីង (Shen Peiping) នៅឯក្រសួងការបរទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និងអភិបាលរងខេត្តយូណាន់ (Yunan) នៃប្រទេសចិន លោក សឹង ប៉ីពីង បានឯកភាពគ្នាថា នឹងបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន ដល់ចំនួន ៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០១៧ នៅគ្រាដែលទំហំពាណិជ្ជកម្មនាពេលបច្ចុប្បន្ន គឺចំនួនជាង ២ពាន់លានដុល្លារអាមេរិក។
កម្ពុជា ត្រូវការឲ្យភាគីចិន មកវិនិយោគទុនខាងវិស័យកសិឧស្សាហកម្ម ដោយសារកម្ពុជា នៅសល់ស្រូវរវាង ៤លានតោន ទៅ ៥លានតោនក្នុងមួយឆ្នាំៗ ប៉ុន្តែកម្ពុជា ត្រូវការឲ្យចិន មកសាងសង់រោងម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករឲ្យមានគុណភាពខ្ពស់ ស្របតាមសេចក្តីត្រូវការទីផ្សារនៅប្រទេសចិន និងសហភាពអឺរ៉ុប។
ក្រៅពីនេះ កម្ពុជា ត្រូវការឲ្យភាគីចិន បង្កើនការហោះហើរដោយត្រង់ពីខេត្តយូណាន់ មកខេត្តសៀមរាប ដើម្បីបង្កើនអ្នកទេសចរចិន។
រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា លោក ឡុង វីសាលោ បានមានប្រសាសន៍ថា ភាគីចិន បានឯកភាពលើសំណើសាងសង់រោងម៉ាស៊ីនកិនស្រូវខ្នាតធំទំនើបៗនៅកម្ពុជា៖ «សាងសង់ព្រលានយន្តហោះ ក៏ដូចជាម៉ាស៊ីនកិនស្រូវ។ គាត់ថាសុំគាំទ្រពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហើយពាក់ព័ន្ធសំណើសុំការគាំទ្រ លោកឧបនាយករដ្ឋមន្ត្រី លោករីករាយខ្លាំងណាស់ គាត់លើកឡើងថា មិត្តភាពដ៏យូរលង់ប្រទេសយើងទាំងពីរ កកើតឡើងដោយសារព្រះករុណា ព្រះបិតានរោត្តម សីហនុ ជាមួយអតីតអ្នកដឹកនាំចិន ផ្សេងៗទៀនោះ រឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ ក៏ដោយសារតែអ្នកយើងសព្វថ្ងៃនេះ»។
ទាក់ទងការងារពាណិជ្ជកម្មរវាងកម្ពុជា និងចិន នេះ ប្រធានក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានមានប្រសាសន៍ថា លោកព្រួយបារម្ភអំពីកម្ពុជា រងឥទ្ធិពលពីប្រទេសចិន ដែលធ្វើឲ្យកម្ពុជា បាត់បង់អព្យាក្រឹតភាព និងឯករាជ្យភាពនៃនយោបាយលើបញ្ហាអន្តរជាតិ ដូចជាបញ្ហាសមុទ្រចិនខាងត្បូងជាដើម៖ «ឯកឧត្តម ហោ ណាំហុង មិនបាច់សុំចិន ក៏ចិន ឃើញផលប្រយោជន៍ធំធេងណាស់នៅក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគគ្មានតម្លាភាព ហើយអាចឲ្យគេកេងចំណេញពីខ្មែរកប់ក្តោង ការវិនិយោគនៅក្នុងប្រទេសយើងដោយយកធនធានរបស់យើង មានរ៉ែ និងព្រៃឈើ ហើយក្នុងនោះសងសមិទ្ធផលមិនដេញថ្លៃ»។
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានបញ្ជាក់ជំហរថ្មីៗនេះថា កម្ពុជា មិនមានការរើសអើង ឬផ្តល់អាទិភាពដល់ប្រទេសណាមួយទេ ប៉ុន្តែ អ្នកវិនិយោគទុនចិន មកមុនគេ ដូច្នេះលោកផ្តល់ឱកាសឲ្យចិន មុនគេដែរ ប៉ុន្តែក្រុមអ្នករិះគន់បាននិយាយថា អ្នកវិនិយោគទុនចិន មួយចំនួនមិនមានភាពសុចរិតឡើយចំពោះកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន លោក វិន ជាបាវ (Wen Jiabao) បានសម្រេចបង្កើនឋានៈទំនាក់ទំនងជាប្រទេសដៃគូយុទ្ធសាស្ត្រស៊ីជម្រៅគ្រប់ជ្រុងជ្រោយ តាំងពីឆ្នាំ២០១០ កន្លងមក។ លោក ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅនេះថា កម្ពុជា និងចិន គ្រោងបង្កើនឋានៈទំនាក់ទំនងនេះមួយកម្រិតទៀតទៅជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅសកម្មភាពគ្រប់ជ្រុងជ្រោយវិញ។
ប្រមុខរដ្ឋាភិបាលគ្រោងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មួយក្រុម ទៅបំពេញទស្សនកិច្ចនៅប្រទេសចិន និងជួបជាមួយប្រធានាធិបតីថ្មីរបស់ចិន លោក ស៊ី ជិនពីង (Xi Jinping) និងនាយករដ្ឋមន្ត្រីថ្មីរបស់ចិន លោក លី កេជាង (Li Keqiang) នៅដើមខែមេសា ខាងមុខនេះ។
លោក ហ៊ុន សែន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីមួយចំនួននៅពេលនោះ។ ក្រោយមក ភាគីកម្ពុជា និងចិន គ្រោងបង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលមួយ ដើម្បីត្រួតពិនិត្យលើការអនុវត្តសកម្មភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។