ពិធីជួបជុំបង្ហាញមុខនិស្សិតដែលជាប់អាហារូបករណ៍និងផ្ដល់វិញ្ញាបនបត្រ បានរៀបចំឡើងនៅឯស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៤ មិថុនា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ថត (William Todd) បានអះអាងនៅចំពោះមុខឪពុកម្ដាយនិស្សិតដែលបានជាប់អាហារូបករណ៍ ហ្វូលប្រាយ ទៅសិក្សានៅសហរដ្ឋអាមេរិកថា សហរដ្ឋអាមេរិកនឹងផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយបន្ថែមទៀតដើម្បីឲ្យពួកគេបានទៅសិក្សារៀនសូត្រពង្រីកចំណេះដឹង ត្រឡប់មកកសាងសង្គមនិងប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
លោក វីល្លៀម ថត បានថ្លែងថា អ្នកដែលបានត្រឡប់មកពីកម្មវិធី ហ្វូលប្រាយ មួយចំនួន កំពុងធ្វើការក្នុងមុខតំណែងសំខាន់ៗ ក្នុងជួររដ្ឋាភិបាល វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលនានា។ លោកសង្ឃឹមថា តាមរយៈអាហារូបករណ៍នេះ នៅពេលពួកគេត្រឡប់មកវិញពួកគេនឹងទទួលបានលទ្ធផលដូចគ្នាដែរ។ ដូច្នេះ ការចាកចេញពីប្រទេសកម្ពុជា ទៅសហរដ្ឋអាមេរិកនៅពេលនេះ ខ្ញុំជឿជាក់ថា នៅពេលដែលពួកគេត្រឡប់មកវិញ ពួកគេនឹងនាំរឿងដ៏អស្ចារ្យបំផុតមកកម្ពុជា។
លោក វីល្លៀម ថត៖ «អាហារូបករណ៍ប្រភេទនេះ គឺជាការផ្លាស់ប្ដូរដើម្បីភាពរីកចម្រើនសម្រាប់យើងទាំងអស់គ្នា។ វាមានសារសំខាន់មិនត្រឹមតែសម្រាប់បុគ្គលខ្លួនឯងប៉ុណ្ណោះទេ ពីព្រោះអាហារូបករណ៍នេះបានផ្ដល់យើងអាចរៀនសូត្រអំពីភាពរីកចម្រើន ហើយសិស្សនិស្សិតត្រឡប់មកប្រទេសកម្ពុជាវិញ ដោយមានសញ្ញាបត្រថ្មី និងជំនាញថ្មី។ នេះគឺជាការធ្វើឲ្យប្រទេសជាតិរីកចម្រើនដែរ។ បើយើងក្រឡេកមើលអតីតនិស្សិតពីប្រទេសផ្សេងៗដែលទទួលបានអាហារូបករណ៍នេះ ពួកគេបានធ្វើកិច្ចការជាច្រើនដែលមិនគួរឲ្យជឿឡើយ។ ពួកគេទាំងនោះ បានជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ និងក្លាយជាអ្នកដឹកនាំរដ្ឋាភិបាល»។
និស្សិតចំនួន ៨នាក់ មានស្រី ៤នាក់ និងប្រុស ៤នាក់ នឹងចេញដំណើរទៅសិក្សាថ្នាក់អនុបណ្ឌិតនៅបណ្ដារដ្ឋមួយចំនួនរយៈពេល ១ឆ្នាំ និង ២ឆ្នាំ ទៅតាមមុខវិជ្ជាផ្សេងៗគ្នា គឺមុខវិជ្ជាច្បាប់ សេដ្ឋកិច្ច អប់រំ អនុបណ្ឌិតផ្នែកភាសា បង្រៀនភាសាអង់គ្លេស និងអនុបណ្ឌិតផ្នែកប្រវត្តិសាស្ត្រ។ ក្នុងនោះមាននិស្សិតស្រីឈ្មោះ ជា សៀវហ័ង ហុង ចិន្ដា ប៉ិល ដាឡែន តាំង សុខគុង និងនិស្សិតប្រុស ហឿន រតនៈ គា សុធី ឡោ ណារិន និង វុធ លីណូ។
និស្សិត ឡោ ណារិន ដែលបានអាហារូបករណ៍អនុបណ្ឌិតផ្នែកបង្រៀនភាសាអង់គ្លេសនៅសាកលវិទ្យាល័យរដ្ឋអារីសូណា (Arizona State University) បានថ្លែងដោយទឹកមុខរីករាយថា ប្រាថ្នារបស់ខ្លួនថា នឹងបានអាហារូបករណ៍ទៅរៀននៅសហរដ្ឋអាមេរិក បានក្លាយជាការពិតហើយ៖ «នៅពេលត្រឡប់មកវិញខ្ញុំចង់ជួយសង្គមយើងផ្នែកអប់រំ ពីព្រោះខ្ញុំទៅសិក្សានេះគឺផ្នែកសិក្សាភាសាអង់គ្លេស ត្រឡប់មកវិញខ្ញុំចង់ធ្វើជាអ្នកដែលសរសេរកម្មវិធីបង្រៀនភាសាអង់គ្លេសសម្រាប់គោលបំណងផ្សេងៗគ្នា ឧទាហរណ៍ដូចជា អង់គ្លេស មគ្គុទ្ទេសក៍ទេសចរណ៍ និងអង់គ្លេសបែបផ្សេងៗទៀត ដែលតម្រូវការអនាគតនេះ នៅក្នុងឆ្នាំ២០១៥ ប្រសិនបើយើងធ្វើសមាហរណកម្មសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ពេលនោះនឹងតម្រូវការភាសាអង់គ្លេសនឹងមានការកើនឡើង»។
ទីប្រឹក្សាក្រសួងព័ត៌មានផ្នែកតន្ត្រីសម័យ លោក ប៉ិល សំអុន ជាឪពុករបស់និស្សិតឈ្មោះ ប៉ិល ដាឡែន ដែលជាប់អាហារូបករណ៍ផ្នែកអប់រំ បានសម្ដែងក្ដីរំភើបចំពោះកូនស្រីរបស់គាត់ដែលបានជាប់អាហារូបករណ៍នេះ៖ «យើងគ្រាន់តែប្រាប់ថា កូនអើយខំរៀនខំសូត្រទៅ ពីព្រោះប្រទេសជាតិយើងគេត្រូវការអ្នកចេះជាងដឹង ហើយពូជាតន្ត្រីករទេ ជាសិល្បករវាយស្គរនៅក្រសួងព័ត៌មាន ក្រុមតន្ត្រីក្រសួងព័ត៌មាន អត់មានធ្វើការអ្វីក្រៅពីលេងភ្លេងយកលុយទាំងអស់ហ្នឹង ដែលខំសន្សំសំចៃហ្នឹងទៅរៀនឲ្យបានតម្រិះលែងបានបួនដប់ម្ភៃរៀលចេះតែសន្សំទៅ»។
កម្មវិធីផ្ដល់អាហារូបករណ៍ ហ្វូលប្រាយ បានបង្កើតឡើងនៅឆ្នាំ១៩៤៦ ដោយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកម្នាក់ ឈ្មោះ ចេម វីលៀម ហ្វូលប្រាយ (James William Fulbright) មកពីគណបក្សប្រជាធិបតេយ្យនៅរដ្ឋអាកាន់សាស់ (Arkansas) ដែលកម្មវិធីនេះមានបំណងបង្កើនការយល់គ្នារវាងប្រជាជននៅសហរដ្ឋអាមេរិក និងប្រជាជននៃបណ្ដាប្រទេសដទៃទៀត។ ចំណែកនៅប្រទេសកម្ពុជា កម្មវិធីបានចាប់ផ្ដើមឆ្នាំ១៩៩៤ ដែលមកដល់ពេលនេះ មាននិស្សិតកម្ពុជា ទៅរៀនថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតនៅសហរដ្ឋអាមេរិក ជាង ១៣០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
