យុទ្ធនាការជាសកលសម្រាប់ការអប់រំនៅកម្ពុជា នាខែឧសភា ឆ្នាំ២០១៤ ផ្ដោតលើការយកចិត្តទុកដាក់លើការអប់រំដល់កុមារពិការ។ សម្រាប់កម្ពុជា កុមារពិការបានបោះបង់ចោលសាលាចាប់តាំងពីកម្រិតបឋមទៅ។ បញ្ហានេះ គឺជាក្ដីកង្វល់មួយចំពោះកុមារពិការ ដែលពួកគេមិនអាចទទួលបានការអប់រំប្រកបដោយគុណភាព និងមិនអាចរកការងារធ្វើបាននៅថ្ងៃអនាគត។
អង្គការសង្គមស៊ីវិល ដែលធ្វើការលើកកម្ពស់វិស័យអប់រំនៅកម្ពុជា កត់សម្គាល់ថា កុមារពិការក្នុងប្រទេសកម្ពុជា បានបាត់បង់ឱកាសក្នុងការទទួលបានការអប់រំដូចកុមារទូទៅ ដោយសារតែកង្វះឧបករណ៍បរិក្ខារ សម្ភារៈ បច្ចេកទេស និងគ្រូបង្រៀន មិនទទួលបានការបណ្ដុះបណ្ដាលពិសេសគ្រប់គ្រាន់។
នាយកប្រតិបត្តិនៃអង្គការភាពជាដៃគូអប់រំ នៃអង្គការមិនមែនរដ្ឋាភិបាល លោក ជិន ច័ន្ទវាសនា ថ្លែងនៅថ្ងៃទី៩ ឧសភា ថា ក្នុងឱកាសយុទ្ធនាការអប់រំជាសកលនេះ មានបំណងផ្សព្វផ្សាយស្វែងរកការគាំទ្រពីសង្គមស៊ីវិល ឲ្យយកចិត្តទុកដាក់ចំពោះការអប់រំដល់កុមារពិការ។ លោកថា ស្របពេលជាមួយគ្នានេះ ការអប់រំកុមារពិការនៅតាមមណ្ឌល ឬអង្គការក៏នឹងពង្រឹងដល់ការអប់រំបញ្ចូលគ្នា ដែលមានន័យថា នឹងបញ្ជូនកុមារទាំងនោះឲ្យចូលរៀនជាមួយកុមារទូទៅនៅសាលារដ្ឋ បើទោះជាសាលារដ្ឋមានឧបសគ្គជាច្រើន ដូចជា កង្វះឧបករណ៍បរិក្ខារ សម្ភារៈ បច្ចេកទេស ហើយគ្រូបង្រៀនមិនទទួលបានការបណ្ដុះបណ្ដាលពិសេសគ្រប់គ្រាន់ក៏ដោយ។
លោក ជិន ច័ន្ទវាសនា៖ «នេះ គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលត្រូវតែធានាថា កុមារទូទៅរួមបញ្ចូលទាំងកុមារពិការផង ទទួលបានការអប់រំកម្រិតមូលដ្ឋានត្រឹមថ្នាក់ទី៩ ទោះជាយើងមិនចង់ ក៏យើងត្រូវតែធ្វើម៉េច រុញគាត់ឲ្យបានចូលក្នុងសាលារបស់រដ្ឋដែរ»។
យុទ្ធនាការជាសកលសម្រាប់អប់រំ ក្រោមប្រធានបទកុមារពិការគ្រប់រូប មានសិទ្ធិទទួលបានការអប់រំប្រកបដោយគុណភាព ធ្វើនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែឧសភា។
ឆ្លើយតបបញ្ហានេះ អនុប្រធានការិយាល័យអប់រំពិសេស នៃក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ុន ស៊ីរ៉ែន មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងអប់រំ នៅត្រូវការកិច្ចសហការពីអង្គការសង្គមស៊ីវិល លើកម្មវិធីអប់រំបញ្ចូលគ្នា។ លោកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហការនេះ គឺអាចធ្វើបានតែកុមារពិការប្រភេទស្រាលប៉ុណ្ណោះ ប៉ុន្តែកុមារពិការប្រភេទធ្ងន់ ដូចជា ផ្នែកសតិបញ្ញានោះ គឺនៅត្រូវការអង្គការសង្គមស៊ីវិលនៅឡើយ។
«សំឡេង»
នៅក្នុងសេចក្ដីប្រកាសព័ត៌មាន យុទ្ធនាការជាសកលសម្រាប់ការអប់រំនៅកម្ពុជា បានសរសេរថា នៅកម្ពុជា កុមារពិការភាគច្រើនមិនបានចូលសាលារៀន បើធៀបនឹងកុមារដទៃទៀត ហើយកុមារពិការភាគច្រើន មិនបានបញ្ចប់ការសិក្សាថ្នាក់បឋមសិក្សា ដែលប៉ាន់ប្រមាណថាប្រហែល ៥៥% នៃកុមារពិការបានចូលរៀននៅសាលា។ បញ្ហានេះ ដោយសារកុមារពិការមិនអាចទទួលបានការអប់រំ ពួកគេមិនអាចប្រើប្រាស់សក្ដានុពល និងមិនអាចរកការងារធ្វើបាន។
របាយការណ៍ពីក្រសួងអប់រំ ឲ្យដឹងថា កុមារពិការដែលទទួលបានការអប់រំនាឆ្នាំ២០១២ ឆ្នាំ២០១៣ មានចំនួនជាង ៧ម៉ឺននាក់ ក្នុងនោះមានស្រីជាង ២ម៉ឺននាក់។
អគ្គនាយកអង្គការគ្រួសារថ្មី លោក អ៊ែរវ៉េ រ៉ូកឺប្លង់ មានមោទនភាពថា នៅឆ្នាំ២០២០ អង្គការនេះដែលផ្ដល់ការអប់រំដល់កុមារគរថ្លង់ និងពិការភ្នែកចំនួន ៥សាលា មានកុមារពិការជាង ៩០០នាក់ កំពុងរៀនពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ នឹងក្លាយទៅជាសាលារដ្ឋ។
«សំឡេង»
ក្នុងយុទ្ធនាការនេះ សង្គមស៊ីវិលបានស្នើឲ្យរដ្ឋាភិបាលផ្ដល់ឲ្យគ្រូបង្រៀន ត្រូវទទួលបានការបណ្ដុះបណ្ដាលក្នុងការយល់ដឹងអំពីការបង្រៀនកុមារពិការ។ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវផ្ដល់ទីតាំងបរិស្ថានសមស្រប ដែលជួយដល់កុមារពិការក្នុងការចូលរៀននៅសាលា។ ចំណែកឯឪពុកម្ដាយ និងសហគមន៍ ត្រូវយល់ដឹងថា កុមារពិការមានសិទ្ធិក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
