អតីត​អ្នក​បើកបរ​ឡាន​ក្រុង​កាពីតូល​ជាង​៥០​នាក់​ទាមទារ​ឲ្យ​ក្រុមហ៊ុន​យក​ពួក​គេ​ចូល​ធ្វើ​ការ

0:00 / 0:00

អតីត​អ្នក​បើកបរ​រថយន្ត​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ក្រុង​កាពីតូល (CAPITOL) មក​ពី​ទូទាំង​ប្រទេស​ប្រមាណ ៥០​នាក់ នាំ​គ្នា​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ដោយ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ស្ដីពី​ការងារ និង​ទទួល​យក​ពួក​គេ​ចូល​ធ្វើ​ការ​វិញ។

អតីត​អ្នក​បើកបរ​រថយន្ត​ក្រុង​កាពីតូល ដែល​ត្រូវ​បាន​ក្រុមហ៊ុន​រថយន្ត​ក្រុង​កាពីតូល បញ្ឈប់​ពី​ការងារ​ប្រមាណ ៥០​នាក់ ស្រែក​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី​៣០ ធ្នូ៖ «អយុត្តិធម៌​ណាស់! អយុត្តិធម៌​ណាស់...»

ក្រុម​អតីត​អ្នក​បើកបរ​ទាំង​នេះ ធ្លាប់​តវ៉ា​នឹង​ប្រធាន​ក្រុមហ៊ុន​រថយន្ត​ក្រុង​កាពីតូល ដូច​គ្នា​នេះ​ម្ដង​ហើយ​កាល​ពី​ខែ​កក្កដា។ ជម្លោះ​នេះ បាន​កើត​មាន​បន្ទាប់​ពី​ប្រធាន​ក្រុមហ៊ុន​រថយន្ត​ក្រុង​កាពីតូល បញ្ឈប់​អ្នក​បើកបរ ៧​នាក់ ដែល​ពួក​គាត់​អះអាង​ថា ជា​សកម្មជន​សហជីព។ ក្រុម​អ្នក​តវ៉ា​បញ្ជាក់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា​ជា​ថ្មី​នេះ គឺ​ដោយសារ​តែ​ពួក​គាត់​ខក​ចិត្ត​នឹង​ក្រុមហ៊ុន ដែល​មិន​គោរព​ច្បាប់​ស្ដីពី​ការងារ ផ្ដល់​អត្ថប្រយោជន៍​ទាប និង​មិន​គោរព​សេចក្ដី​សម្រេច ដែល​ថា​ខាង​ពួក​គាត់​ឈ្នះ។

អតីត​អ្នក​បើកបរ​រថយន្ត​ពី​ភ្នំពេញ​ទៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម គឺ​លោក គង់ ប៊ុនធឿន ថ្លែង​ក្នុង​ពេល​តវ៉ា​ថា លក្ខខណ្ឌ​ពួក​លោក​ទាមទារ​មាន ៣​ចំណុច៖ «ចង់​បាន​មក​វិញ​ហ្នឹង គឺ​ឲ្យ​ពួក​ខ្ញុំ ៥៥​នាក់​ហ្នឹង​ចូល​ធ្វើ​ការ​នៅ​កន្លែង​ដើម​វិញ ដោយ​អត់​មាន​លក្ខខណ្ឌ ហើយ​សុំ​ឲ្យ​ក្រុមហ៊ុន​គោរព និង​អនុវត្ត​ច្បាប់​ស្ដីពី​ការងារ ព្រោះ​កន្លង​មក​យូរ​ឆ្នាំ​ហើយ ពួក​ខ្ញុំ​នេះ​ជា​តៃកុង​ឡាន​អាជីព ហៅ​ថា​តៃកុង​យូរ​ឆ្នាំ ហើយ​តៃកុង​ចាស់​ហៅ​តៃកុង​យូរ​ហ្នឹង គាត់​មាន​បទពិសោធន៍​ច្រើន​ណាស់។ ពេល​នោះ​សុំ​កុំ​ឲ្យ​រើសអើង ឲ្យ​ចូល​ធ្វើ​ការ​កន្លែង​ដើម​វិញ កុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​រក​លេស​នេះ​លេស​នោះ យក​ប្ដឹង​ទៅ​តុលាការ​ពី​បទ​អីៗ ដោយសារ​ពួក​ខ្ញុំ​គ្មាន​កំហុស»

ទាក់ទង​នឹង​ការ​រើសអើង​នេះ ត្រូវ​បាន​អតីត​អ្នក​បើកបរ​រថយន្ត​មួយ​រូប​ទៀត គឺ​លោក រិន សំបូ មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​កាពីតូល បញ្ឈប់​ពួក​លោក​ពី​ការងារ ដោយសារ​តែ​ពួក​លោក​ចូលរួម​ចលនា​របស់​សហជីព គឺ​សហភាព​ការងារ​កម្ពុជា។

ក្រុម​អ្នក​តវ៉ា​ដែល​ផ្ទេរ​សិទ្ធិ​ជូន​សហភាព​ការងារ​កម្ពុជា ដើម្បី​ដោះស្រាយ​ទាំង​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ​តុលាការ អះអាង​ថា ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល​កាត់​ក្ដី​ឲ្យ​ភាគី​ខ្លួន​ឈ្នះ។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អ្នក​តវ៉ា នាយក​ចាត់​ការ​ទូទៅ​នៃ​ក្រុមហ៊ុន​កាពីតូល លោក ផាន់ សុភាព ថ្លែង​ថា អ្វី​ដែល​អ្នក​តវ៉ា​លើក​ឡើង​នេះ មិន​មែន​ជា​ការ​ពិត​ទេ ហើយ​ខាង​ក្រុមហ៊ុន​ទេ​ជា​អ្នក​ទទួល​ការ​សម្រេច​ឲ្យ​ឈ្នះ។ លោក​បន្ត​ថា ខាង​ក្រុមហ៊ុន​មិន​ចរចា ហើយ​ជំរុញ​ឲ្យ​ក្រុម​អតីត​អ្នក​បើកបរ​តវ៉ា​តាម​ច្បាប់​ទៅ​តុលាការ៖ «ក្រុមហ៊ុន​បាន​ឈ្នះ​សឹង​តែ ៩០% ទៅ​ហើយ។ អ៊ីចឹង​ក្រុមហ៊ុន​គ្មាន​អី​ត្រូវ​ចរចា​ទេ ហើយ​ក្រុមហ៊ុន​ក៏​បាន​ជូន​ដំណឹង​ឲ្យ​គាត់​មក​យក​កម្រៃ​ថវិកា ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​ពួក​គាត់។ ប៉ុន្តែ​គាត់​យល់​ព្រម​ទេ ដោយសារ​គាត់​ថា គាត់​បាន​តិច ហើយ​ម្នាក់ៗ​គុណ​ទៅ​សុទ្ធតែ​ឃើញ​រាប់​ម៉ឺន​ដុល្លារ មិន​ដឹង​ថា​គាត់​ហ្នឹង​គិត​តាម​ក្បាច់​ស្អី​ទេ។ អ៊ីចឹង​ក្រុមហ៊ុន​មាន​ផ្លូវ​ច្បាប់​សម្រាប់​ធ្វើ​ការ​ហ្នឹង បាន​ទូទាត់​តាម​ច្បាប់​ការងារ​ទាំងអស់ អត់​មាន​ចន្លោះ​កន្លែង​ណា​មួយ​ទេ»

លោក ផាន់ សុភាព បញ្ជាក់​បន្ថែម​ថា ការ​មិន​ទទួល​យក​អតីត​អ្នក​បើកបរ​រថយន្ត​ទាំង​នេះ ក៏​ព្រោះ​តែ​ខាង​ក្រុមហ៊ុន​លែង​ទុក​ចិត្ត​ពួក​គេ។ លោក​ថា ក្រុម​អ្នក​បើកបរ​ទាំង​នោះ មិន​គោរព​ច្បាប់​ការងារ មិន​គោរព​បទបញ្ជា និង​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន រាប់​ទាំង​ការ​កេង​ប្រវ័ញ្ច​លុយ​កាក់ ការ​លួច​ដាក់​ភ្ញៀវ​តាម​ផ្លូវ និង​បើក​លើស​ល្បឿន​កំណត់។

លោក​ឲ្យ​ដឹង​ថា ក្រុម​អ្នក​បើកបរ​ដែល​ត្រូវ​បញ្ឈប់​ពី​ការងារ​មាន​ចំនួន​ជាង ៤០​នាក់ ហើយ​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​របស់​ក្រុមហ៊ុន​លោក​មិន​រាំង​ស្ទះ​ទេ ព្រោះ​លោក​នៅ​មាន​បុគ្គលិក​ជិត ២០០​នាក់​ទៀត។

ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​តវ៉ា​អះអាង​ថា ពួក​គាត់​នឹង​បន្ត​ការ​តវ៉ា​រហូត​ដល់​មាន​ដំណោះស្រាយ​ទទួល​យក​បាន ហើយ​នឹង​កេណ្ឌ​អ្នក​តវ៉ា​ជាច្រើន​នាក់​បន្ថែម​ទៀត ថ្វី​បើ​ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ធ្នូ ត្រូវ​បាន​កង​កម្លាំង​នគរបាល​ប្រមាណ ១០០​នាក់ រុញ​ច្រាន​ដក​យក​ឧបករណ៍​បំពង​សំឡេង និង​ស្គរ នៅ​ទល់​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន​ជិត​ផ្សារ​អូរឫស្សី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។