អ្នក​បើកបរ​រថយន្ត​ក្រុង​ក្រុមហ៊ុន​កាពីតូល​ព្រម​ចូល​ធ្វើ​ការ​វិញ

0:00 / 0:00

អ្នក​បើកបរ​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន កាពីតូល (Capitol) ព្រម​ចូល​ធ្វើ​ការ​វិញ​ហើយ​នៅ​ថ្ងៃ​ទី​៧ ខែ​សីហា ដោយ​បារម្ភ​ខ្លាច​បាត់បង់​ការងារ។ ពួក​គេ​បាន​តវ៉ា​ដោយ​មិន​ចូល​ធ្វើ​ការ​អស់​ជាច្រើន​សប្ដាហ៍ ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​គោរព​ច្បាប់​ការងារ។

អ្នក​បើកបរ​រថយន្ត​ក្រុង​ឲ្យ​ក្រុមហ៊ុន កាពីតូល ជាង ៣០​នាក់ បាន​ចូល​ធ្វើ​ការ​វិញ បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ ចេញ​សេចក្តី​បង្គាប់​ឲ្យ​ចូល​ធ្វើ​ការ បើ​មិន​ចូល​ទេ នឹង​អស់​សិទ្ធិ​ក្នុង​ការ​បម្រើ​ការងារ។

តំណាង​អ្នក​បើកបរ លោក គង់ ប៊ុនធឿន ថ្លែង​ថា ពួក​គាត់​ព្រម​ផ្ដិត​មេដៃ​ចូល​ធ្វើ​ការ​នេះ គឺ​គោរព​តាម​ដីកា​ចំនួន​២ គឺ​ទី​១ ដីកា​បង្គាប់​របស់​ក្រុមប្រឹក្សា​អាជ្ញា​កណ្ដាល ឲ្យ​ក្រុមហ៊ុន កាពីតូល ទទួល​យក​បុគ្គលិក​កូដកម្ម​ទាំងអស់​ចូល​ធ្វើ​ការ។ រីឯ​ដីកា​ទី​២ គឺ​ក្រុមហ៊ុន​ប្ដឹង​ទៅ​តុលាការ សុំ​ដីកា​រក្សា​ការពារ ដោយ​កំណត់​ឲ្យ​អ្នក​បើកបរ​ទាំងអស់​ដែល​ធ្វើ​កូដកម្ម ត្រូវ​ចូល​ធ្វើ​ការ​វិញ​មិន​ឲ្យ​ហួស​ថ្ងៃ​ទី​៧ ខែ​សីហា បើ​អ្នក​ណា​តវ៉ា​មិន​ព្រម​ចូល​ធ្វើ​ការ​តាម​ថ្ងៃ​កំណត់ នឹង​អស់​សិទ្ធិ​បើកបរ៖ «ដោយសារ​តែ​យើង​គោរព​តាម​ដីកា​របស់​តុលាការ​ទេ បើ​សិន​ជា​ថា​យ៉ាង​ណា​យ៉ាង​ណី​ទៀត ដូចជា​ខាង​ភាគី​ក្រុមហ៊ុន​ហ្នឹង គាត់​ដាក់​ជា​កិច្ចសន្យា ឬ​មួយ​ក៏​មាន​បទបញ្ជា​អី​មួយ ឬ​ក៏​មាន​លក្ខខណ្ឌ​អី​ផ្សេង ពួក​ខ្ញុំ​នឹង​ពិចារណា​ទៅ​តាម​នឹង​ទៀត ព្រោះ​យើង​ធ្វើ​កុំ​ឲ្យ​ហួស​ថ្ងៃ ហួស​ម៉ោង។ អ៊ីចឹង​ម៉ោង​នេះ យើង​កំពុង​តែ​នៅ​ជុំ​គ្នា​មក​ដាក់​ពាក្យ ហើយ​យើង​នឹង​ផ្ដិត​មេដៃ​ចូល​ធ្វើ​ការ​វិញ»

អ្នក​បើកបរ​រថយន្ត​ក្រុង​មួយ​រូប​ទៀត ឲ្យ​ដឹង​ថា ពួក​គាត់​ធ្វើ​កូដកម្ម​ច្រើន​ថ្ងៃ គឺ​ចង់​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ថា ពួក​គាត់​ធ្វើ​កូដកម្ម​អហិង្សា​នេះ គឺ​ចង់​ឲ្យ​អ្នក​រក​ស៊ី​ដែល​ប្រើ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​គោរព​ច្បាប់​ការងារ ដូចជា​ឲ្យ​មាន​ថ្ងៃ​សម្រាក​ប្រចាំ​ឆ្នាំ ថ្ងៃ​បុណ្យ​ជាតិ និង​មាន​ឲ្យ​ប្រាក់​រំឭក​អតីតភាព​ការងារ ជាដើម៖ «ខ្ញុំ​ផ្ដិត​មេដៃ​ឲ្យ​ក្រុមហ៊ុន​ចូល​ធ្វើ​ការ​វិញ។ ទី​១ ខាត​លុយ ប៉ុន្តែ​យើង​បាន​មក​វិញ គឺ​មាន​ច្បាប់​ការងារ»

តំណាង​ក្រុមហ៊ុន កាពីតូល លោក ហូ កុកវណ្ណ ថ្លែង​ថា ក្រុមហ៊ុន​ឲ្យ​អ្នក​បើកបរ​ទាំងអស់​ដែល​ក្រុមហ៊ុន​មិន​បាន​បញ្ឈប់ មក​ចូល​ធ្វើ​ការ​វិញ ហើយ​ត្រូវ​គោរព​បទបញ្ជា​ផ្ទៃ​ក្នុង​ថ្មី​របស់​ក្រុមហ៊ុន៖ «ការ​តវ៉ា​ហ្នឹង​ឥឡូវ​ឈាន​ដល់​ដំណាក់​កាល​មួយ ដែល​ថា​ជិត​រួច​ស្រេច​ហើយ ឥឡូវ​ខ្ញុំ​កំពុង​តែ​ជាប់​ប្រជុំ​ជាមួយ​គាត់ ដើម្បី​ប្រមូល​គាត់​ចូល​ធ្វើ​ការ​វិញ»

កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា អ្នក​បើកបរ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន កាពីតូល ជាង ៤០​នាក់ ឈរ​តវ៉ា​លើក​បដា​នៅ​មុខ​ក្រុមហ៊ុន ទាមទារ​សុំ​ឲ្យ​ក្រុមហ៊ុន​គោរព​ច្បាប់​ការងារ។ ពួក​គេ​សុំ​ឲ្យ​ក្រុមហ៊ុន​អនុញ្ញាត​ច្បាប់​ឈប់​សម្រាក​ចំនួន ១៨​ថ្ងៃ​ទៅ ២០​ថ្ងៃ​ក្នុង ១​ឆ្នាំ នឹង​បាន​ឈប់​នៅ​ថ្ងៃ​បុណ្យ​ជាតិ​ផង។ ក្រៅ​ពី​នោះ ពួក​គេ​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន កាពីតូល ទទួល​យក​អ្នក​បើកបរ ៧​នាក់​ដែល​ក្រុមហ៊ុន​បញ្ឈប់ ព្រោះ​តែ​ពួក​គេ​សុំ​បង្កើត​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន។

បំភ្លឺ​ចំពោះ​បញ្ហា​នោះ លោក ហូ កុកវណ្ណ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​បញ្ឈប់​អ្នក​បើកបរ ៧​នាក់ មក​ពី​ពួក​គេ​មិន​គោរព​បទបញ្ជា​ផ្ទៃ​ក្នុង​ក្រុមហ៊ុន គឺ​មិន​ពាក់ព័ន្ធ​នឹង​ការ​សុំ​បង្កើត​សហជីព​ទេ។ អ្នក​ទាំង ៧​នាក់​នោះ ក្រុមហ៊ុន​នៅ​តែ​បន្ត​មិន​ឲ្យ​ពួក​គេ​ចូល​ធ្វើ​ការ​ដដែល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។