មន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានរឹបអូស និងកម្ទេចចោលនូវក្បាលរថយន្ត ឬកាប៊ីនឡានប្រើរួចជាង ៥០គ្រឿង ដែលក្រុមហ៊ុនខិលខូចមួយចំនួននាំចូលខុសច្បាប់ក្នុងប្រទេសកម្ពុជា តាមច្រកកំពង់ផែអន្តរជាតិ ស្ទឹងហាវ ក្នុងឆ្នាំ២០១៥។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនហាក់មិនទាន់មានជំនឿទៅលើយុទ្ធនាការទប់ស្កាត់ការនាំចូលកាប៊ីនរថយន្តចាស់ៗ របស់មន្ត្រីស្ថាប័នគយខេត្តព្រះសីហនុ ថាអាចអនុវត្តមានប្រសិទ្ធភាពបានយូរអង្វែងនោះទេ។
ពិធីកម្ទេចក្បាលរថយន្ត ឬកាប៊ីនឡានចាស់ៗ ដែលមន្ត្រីស្ថាប័នសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ និងមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធខេត្តនេះ ចាប់បានក្នុងឆ្នាំ២០១៥ មានចំនួន ៥២គ្រឿង ហើយបានវាយកម្ទេចបំផ្លាញចោលនៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា នាបរិវេណកំពង់ផែអន្តរជាតិស្ទឹងហាវ។
ប្រធានការិយាល័យគយ និងរដ្ឋាករស្ទឹងហាវ នៃសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ លោក លាង អួក បានឲ្យដឹងនៅក្នុងពិធីនោះថា ការចាប់កាប៊ីនឡាន ឬក្បាលរថយន្តប្រើរួចគ្រប់ប្រភេទរបស់ស្ថាប័នគយ បានអនុវត្តតាមការចង្អុលបង្ហាញ ឬលិខិតណែនាំរបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ដីអំពីការផ្អាកនាំចូលជាបណ្ដោះអាសន្ននូវក្បាលរថយន្ត ឬកាប៊ីនប្រើរួចគ្រប់ប្រភេទពីក្រៅប្រទេសចូលមកកម្ពុជា។
លោក លាង អួក៖ «ការចាប់ក្បាលឡាន ឬកាប៊ីនប្រើរួចនេះ គឺបានចាប់ផ្ដើមតាំងពីប្រធានការិយាល័យគយ និងរដ្ឋាករស្ទឹងហាវ មិនទាន់ផ្លាស់ចេញមកម្ល៉េះ។ ប៉ុន្តែដល់ពេលខ្ញុំបានមកដឹកនាំទីនេះម្ដង ខ្ញុំក៏បានអនុវត្តការងារនេះបន្ត និងមិនអនុញ្ញាតឲ្យទំនិញទាំងនេះចូលមកតាមច្រកនេះទៀតទេ ព្រោះថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យផ្អាកជាបណ្ដោះអាសន្ន»។
ពិធីកម្ទេចក្បាលរថយន្តប្រើរួច នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ក៏មានការចូលរួមពីមន្ត្រីនគរបាលអន្តោប្រវេសន៍ មន្ត្រីកាំកុងត្រូល តំណាងកំពង់ផែអន្តរជាតិស្ទឹងហាវ និងតំណាងក្រុមហ៊ុនចំនួន ៤ ដែលជាប់ពាក់ព័ន្ធការនាំចូលកាប៊ីនរថយន្តចាស់ៗតាមច្រកកំពង់ផែអន្តរជាតិស្ទឹងហាវ កន្លងមក។
ក្នុងឱកាសនោះ លោក លាង អួក ដែលជាអ្នកដឹកនាំពិធីកម្ទេចកាប៊ីនរថយន្ត បានប្ដេជ្ញាថា នឹងអនុវត្តតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយមិនអនុញ្ញាតឲ្យមានការនាំចូលក្បាលរថយន្តប្រើរួចគ្រប់ប្រភេទ បន្តនាំចូលតាមច្រកកំពង់ផែអន្តរជាតិស្ទឹងហាវ ទៀតទេ នៅពេលខាងមុខ។
ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនហាក់មិនទាន់មានជំនឿ ១០០ភាគរយថា ស្ថាប័នគយ និងរដ្ឋាករ ប្រចាំការនៅតាមកំពង់ផែទាំងរដ្ឋ និងឯកជន នាខេត្តព្រះសីហនុ អាចអនុវត្តមានប្រសិទ្ធភាពបានយូរអង្វែងនោះទេ។ បញ្ហានេះ ក្រុមប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានស្នើដល់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជួយតាមដានសកម្មភាពមន្ត្រីក្រោមឱវាទរបស់ខ្លួនឲ្យបានជាប្រចាំ។
យ៉ាងណាក៏ដោយចុះលិខិតចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ មានចុះហត្ថលេខា និងបោះត្រា លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា បានជម្រាបដល់ថ្នាក់ដឹកនាំនាយកដ្ឋានសាខា ការិយាល័យគយ និងរដ្ឋាករទាំងអស់ ស្ដីពីការផ្អាកនាំចូលជាបណ្ដោះអាសន្ននូវក្បាលរថយន្តប្រើរួចគ្រប់ប្រភេទ ហើយត្រូវសហការអនុវត្តឲ្យមានប្រសិទ្ធភាព។
លិខិតដដែលបានកត់សម្គាល់ថា កន្លងមកមានការនាំចូលនូវគ្រឿងបន្លាស់រថយន្តប្រើរួចគ្រប់ប្រភេទ អាចយកមកផ្សារដំឡើងវិញក្នុងស្រុកមានដូចជា ប្រភេទរថយន្តទេសចរណ៍ រថយន្តដឹកអ្នកដំណើរ ជាពិសេសរថយន្តដឹកទំនិញ ដែលអាចនាំឲ្យប៉ះពាល់ដល់សុខុមាលភាព និងសុវត្ថិភាពរបស់អ្នកធ្វើចរាចរណ៍តាមដងផ្លូវ ឬធ្វើឲ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាដើម។ ដូច្នេះដើម្បីរួមចំណែកទប់ស្កាត់បច្ច័យអាក្រក់នានា ដែលអាចនឹងកើតមានឡើង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចផ្អាកការនាំចូលជាបណ្ដោះអាសន្ននូវក្បាលរថយន្តប្រើរួចគ្រប់ប្រភេទ ដើម្បីចៀសវាងការយកមកកាត់តដំឡើងខុសបច្ចេកទេស ជាពិសេសអាចនាំឲ្យប៉ះពាល់ដល់យុទ្ធសាស្ត្រកៀរគរចំណូលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ត្រង់ចំណុចនេះ លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានតម្រូវឲ្យមន្ត្រីក្រោមឱវាទទាំងអស់ត្រូវរួមសហការគ្នាអនុវត្តសេចក្ដីជូនដំណឹងឲ្យមានប្រសិទ្ធភាពចាប់ពីខែមីនា ឆ្នាំ២០១៥ តទៅ រហូតដល់មានការសម្រេចជាថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
