តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា សម្ដែងការបារម្ភពីគម្លាតរវាងជំនាញសិក្សារបស់យុវជនកម្ពុជា បច្ចុប្បន្ន ទៅនឹងទីផ្សារការងារដែលផ្ដល់ឲ្យពួកគេនៅក្នុងប្រទេសមួយនេះ។ ការបារម្ភនេះ ធ្វើឡើងនៅក្នុងវេទិកាការងារលើកទី១១ ដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុប នៅថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែមិថុនា នាមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។ អ្នកជំនាញផ្នែកអប់រំយល់ឃើញថា កង្វះខាតការផ្ដល់ព័ត៌មានតម្រង់ទិសជំនាញសិក្សាដល់និស្សិត ជាមូលហេតុមួយធ្វើឲ្យមានគម្លាតនេះ។
បញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមធំៗជាច្រើន ដែលសេដ្ឋកិច្ចកម្ពុជា កំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ននេះ គឺភាពមិនស៊ីសង្វាក់គ្នារវាងជំនាញរបស់យុវជន ដែលកំពុងហូរចូលទីផ្សារការងារ និងសេចក្ដីត្រូវការជាក់ស្ដែងរបស់ទីផ្សារការងារ។ នេះគឺជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង (Jean-François Cautain) នៅចំពោះមុខមន្ត្រីរដ្ឋាភិបាល និងអ្នកចូលរួមច្រើនរយនាក់ក្នុងពិធីសម្ពោធវេទិកាការងារឆ្នាំ២០១៥។
លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង កត់សម្គាល់បន្តថា ស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ហើយថា វាប្រហែលជាប្រែប្រួលជាងនេះទៀត នៅពេលកម្ពុជា ចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ២០១៥ នេះ។
ប្រមុខការទូតសហភាពអឺរ៉ុបរូបនេះ ក៏បានសង្កត់ធ្ងន់ទៅលើកំណែទម្រង់វិស័យអប់រំនៅកម្ពុជា។ លោកថា កិច្ចការអភិវឌ្ឍន៍ជំនាញដល់យុវជនជំនាន់ក្រោយ គួរតែឈរលើមូលដ្ឋានមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសម្របសម្រួលឲ្យបានល្អ ដែលក្នុងនោះធ្វើឲ្យមានការអប់រំមូលដ្ឋានប្រកបដោយគុណភាព និងការផ្ដល់នូវគ្រឹះរឹងមាំមួយដល់អ្នកសិក្សាសម្រាប់ឈានទៅចាប់យកការអប់រំជាន់ខ្ពស់ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈមួយដ៏ពិតប្រាកដ។
លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង ដែលចាត់ទុកវិស័យអប់រំប្រៀបបានទៅនឹងទូកដ៏ធំមួយដែលគេមិនអាចចេះតែប្ដូរទិសដៅរបស់វាបានដោយងាយស្រួលនោះ មានប្រសាសន៍ថា កំណែទម្រង់ក្នុងវិស័យអប់រំ គួរតែយកមតិយោបល់ពីដៃគូពាក់ព័ន្ធមកពិចារណា ហើយថា ជំនាញនានាដែលគេបង្ហាត់បង្រៀននៅថ្ងៃនេះ អាចថមថយតម្លៃ និងអត្ថប្រយោជន៍របស់វាក្នុងកំឡុង ៥ ឬ ១០ឆ្នាំខាងមុខក៏អាចថាបាន។
លោកក៏ថ្លែងថា វេទិកាការងារដែលរៀបចំដោយសភាពាណិជ្ជកម្មអឺរ៉ុបនៅពេលនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់និស្សិតដើម្បីទទួលបានការតំរែតម្រង់ទិស ការផ្លាស់ប្ដូរគំនិតយោបល់ និងជាឱកាសឲ្យពួកគេជួបជាមួយតំណាងក្រុមហ៊ុននានា ដែលកំពុងស្វែងរកអ្នកធ្វើការជាមួយពួកគេ៖ «ខ្ញុំគិតថា វេទិកានេះ នឹងផ្តល់ជូនរដ្ឋាភិបាលកម្ពុជា ស្ថាប័នអប់រំនានា នូវឱកាសសម្រាប់ស្ទង់មើលនិន្នាការ និងគំរូ ក៏ដូចជាបែបផែនថ្មីៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងនោះមានសំណួរថា តើវិស័យមួយណាក្នុងសេដ្ឋកិច្ចដែលកំពុងលូតលាស់លឿនជាងមុន? តើវិស័យអ្វីថ្មីដែលកំពុងលេចរូបរាងឡើង? តើមានសក្ដានុពលអ្វីខ្លះសម្រាប់ការងារ? តើនិន្នាការថ្មីនេះមានន័យដូចម្ដេចសម្រាប់ប្រព័ន្ធអប់រំ? តើជំនាញថ្មីអ្វីខ្លះដែលគេត្រូវយកមកបង្រៀន បណ្ដុះបណ្ដាលដល់កម្លាំងពលកម្ម?»។
ការស្ទង់មតិមួយកាលពីឆ្នាំ២០១១ បានបង្ហាញថា ៧៣% នៃនិយោជកគិតថា សកលវិទ្យាល័យមិនបានផ្ដល់ជំនាញសមស្របដល់និស្សិតដែលរៀនចប់ថ្នាក់នោះទេ ខណៈដែលនិយោជក ៦២% គិតថា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏មិនស្របទៅនឹងទីផ្សារការងារដែរ។
លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង បញ្ជាក់ថា វាមានភាពចាំបាច់ក្នុងការជួយនិស្សិតឲ្យដឹងប្រសើរជាងមុន ថាតើទីផ្សារការងារកំពុងវិវត្តន៍ដូចម្ដេចខ្លះ? តើជំនាញអ្វីខ្លះដែលកំពុងមានសេចក្ដីត្រូវការច្រើនជាងគេនៅពេលបច្ចុប្បន្ន និងពេលខាងមុខ? លោក ហ្សង់ ហ្វ្រង់ស្វ័រ កូតាំង កត់សម្គាល់ថា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែអាចក្លាយជានាយកគ្រប់គ្រង ឬសុទ្ធតែអាចក្លាយជាអ្នកគ្រប់គ្រងពាណិជ្ជកម្មនោះទេ។ ផ្ទុយទៅវិញលោកថា កម្ពុជាកំពុងត្រូវការវិស្វករ អ្នកបច្ចេកទេស និងពលករជំនាញ។
ចំណែកប្រធានសភាពាណិជ្ជកម្មអឺរ៉ុប លោក អេម៉ានុយអែល មេណង់តូ (Emmanuel Menateau) វិញ ថ្លែងថា សេដ្ឋកិច្ចកម្ពុជា កំពុងមានកំណើនខ្ពស់ ប៉ុន្តែលោក កំណើននេះមិនបាននាំឲ្យដៃគូទាំងសងខាងក្នុងទីផ្សារមានការវិវត្តន៍ទន្ទឹមគ្នានោះទេ។ មានន័យថា កំណើនគឺមិនបាននាំមកនូវភាពស៊ីសង្វាក់គ្នារវាងអ្វីដែលក្រុមហ៊ុនអាចរំពឹងថា នឹងទទួលបានពីអនាគតបុគ្គលិករបស់ខ្លួន និងអ្វីដែលអ្នកស្វែងរកការងារអាចផ្ដល់ជូនអនាគត និយោជករបស់ខ្លួន។
លោក អេម៉ានុយអែល មេណង់តូ៖ «កម្ពុជាបានបញ្ចេញយុវជនរាប់សែននាក់ទៅក្នុងទីផ្សារការងាររៀងរាល់ឆ្នាំ ដែលក្នុងនោះភាគច្រើននៃប្រជាជនកម្ពុជា មានអាយុក្រោម ២៥ឆ្នាំ បើទោះបីជាក្នុងចំណោមយុវជនកម្ពុជា សំបូរអ្នកមានសមត្ថភាព អ្នកមានគំនិតច្នៃប្រឌិត និងអ្នកមានចេតនាចង់ធ្វើការក្តី ក៏បញ្ហាកង្វះជំនាញនៅតែជាតថភាពដែលទីផ្សារការងារកំពុងជួបប្រទះក្នុងពេលបច្ចុប្បន្ននេះ»។
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយមានការគាំទ្រពីសភាពាណិជ្ជកម្ម ៣ប្រទេស គឺបារាំង អង់គ្លេស និងអាល្លឺម៉ង់ ក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍ពាណិជ្ជកម្មអឺរ៉ុបដែលកំពុងតែប្រតិបត្តិការនៅកម្ពុជា និងសម្រួលការចូលវិនិយោគពីសំណាក់ក្រុមហ៊ុនអឺរ៉ុប មកកម្ពុជា។
សម្រាប់វេទិកាការងារក្នុងរយៈពេល ២ថ្ងៃនេះ បញ្ជរពិព័រណ៍របស់ក្រុមហ៊ុនជាង ៦០ ត្រូវបានគេដាក់បង្ហាញ។ ក្រុមហ៊ុននីមួយៗ ក្រៅតែពីបង្ហាញនូវផលិតផលរបស់ខ្លួន ពួកគេក៏ផ្តល់ឱកាសការងារសម្រាប់អ្នកដែលកំពុងស្វែងរកការងារធ្វើផងដែរ។
ក្រៅពីនេះ សិស្ស និស្សិតក៏មានឱកាសចូលរួមស្តាប់នូវបទបង្ហាញពីអ្នកជំនាញនានា ផ្នែកអប់រំ និងការងារ។ បទបង្ហាញទាំងនោះទាក់ទងនឹងប្រធានបទមួយចំនួន ដូចជារបៀបស្វែងរកការងារ តំរូវការ និងការផ្គត់ផ្គង់ការងារក្នុងទីផ្សារកម្ពុជា ឬធ្វើយ៉ាងណាដើម្បីទទួលជោគជ័យក្នុងពេលសម្ភាសន៍ការងារ និងការកំណត់ផ្លូវការងាររបស់ខ្លួនជាដើម។
ទាក់ទងនឹងបញ្ហាការងារនេះ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ម៉ម វណ្ណៈ ដែលបានចូលរួមក្នុងពិធីបើកវេទិកាការងារឆ្នាំ២០១៥ ឲ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្កើតទីភ្នាក់ងារជាតិមុខរបរ និងការងារតាំងពីឆ្នាំ២០១០។ លោកបញ្ជាក់ថា រហូតដល់ពេលបច្ចុប្បន្នក្រសួងបានបង្កើតមជ្ឈមណ្ឌលជាតិ មុខរបរ និងការងារនៅតាមបណ្ដាខេត្ត-ក្រុងចំនួន ៧ គឺនៅភ្នំពេញ បាត់ដំបង សៀមរាប ស្វាយរៀង កំពត កំពង់ចាម និងតាកែវ ហើយក្នុងឆ្នាំ២០១៥ នេះ ក្រសួងកំពុងសិក្សាខេត្ត-ក្រុងអាទិភាពចំនួន៣ បន្ថែមទៀត គឺកំពង់ធំ ព្រៃវែង និងបន្ទាយមានជ័យ។
ដោយឡែក កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងអបរំ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរួមគ្នាបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីសម្របសម្រួល និងអនុវត្តការអភិវឌ្ឍជំនាញ ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈ និងការតម្រង់ទិសវិជ្ជាជីវៈ។
ក្រុមការងារអន្តរក្រសួងនេះមានភារកិច្ចកំណត់ជំនាញដែលគាំទ្រដល់ដំណើរការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ផ្គត់ផ្គង់តម្រូវការគ្រប់វិស័យ ជាពិសេសវិស័យឧស្សាហកម្មដែលមានស្រាប់ និងឧស្សាហកម្មថ្មីនៅពេលអនាគត ព្រមទាំងបញ្ជ្រាបព័ត៌មាន និងតម្រង់ទិសវិជ្ជាជីវៈសិស្ស មធ្យមសិក្សាជាដើម។
ប្រធានកម្មវិធីនៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក សេង រិទ្ធី កត់សម្គាល់ថា មូលហេតុដែលធ្វើឲ្យមានគម្លាតខ្លាំងរវាងជំនាញសិក្សា និងតម្រូវការទីផ្សារការងារជាក់ស្ដែងនៅកម្ពុជា កន្លងមក ដោយសារសិស្សពុំទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយអំពីជំនាញ និងទីផ្សារការងារនៅពេលដែលពួកគេបញ្ចប់ការសិក្សា។ មួយវិញទៀត រដ្ឋាភិបាលក៏មិនបានតម្រង់ទិសជំនាញសិក្សាដល់សិស្សទៀតផង។
លោក សេង រិទ្ធី៖ «រដ្ឋអត់មានការតម្រង់ទិសសិស្សនោះទេ ជាពិសេសការតម្រង់ទិសជំនាញរបស់ពួកគាត់ ពួកគាត់រើសជំនាញដោយសេរី ពេលយើងអត់មានគោលការណ៍ច្បាស់លាស់។ ចង់មិនចង់ក្មេងទៅតាមគ្នា សិស្សច្រើនតាមគ្នា ពេលគាត់ឃើញទៅខាងណាច្រើន គាត់ទៅខាងនោះហើយ»។
លោក សេង រិទ្ធី ជឿជាក់ថា ប្រសិនបើសិស្សគ្រប់រូបទទួលបានការតម្រង់ទិសជំនាញសិក្សាតាំងពីពេលពួកគេរៀននៅថ្នាក់វិទ្យាល័យមែននោះ ពួកគេនឹងយល់ដឹងកាន់តែច្រើននៅពេលឡើងដល់ថ្នាក់មហាវិទ្យាល័យ ហើយនៅទីបំផុត ពួកគេក៏នឹងទទួលបានការងារដែលពួកគេពេញចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
