ពលរដ្ឋ​ខេត្ត​ប៉ៃលិន​ត្អូញត្អែរ​ពី​តម្លៃ​ដំឡូងមី​ចុះ​ថោក​លក់​មិន​បាន​ប្រាក់​ចំណេញ

0:00 / 0:00

ផល​ដំឡូងមី​រាប់​ម៉ឺន​តោន​របស់​ប្រជា​កសិករ​នៅ​ខេត្ត​ប៉ៃលិន គ្មាន​ទីផ្សារ​សម្រាប់​លក់ ដោយសារ​តម្លៃ​ធ្លាក់​ថ្លៃ​ទាប​ពេក ធ្វើ​ឲ្យ​កសិករ​លក់​មិន​បាន​ប្រាក់​ចំណេញ។ ប្រជា​កសិករ​មួយ​ចំនួន កំពុង​ព្រួយ​បារម្ភ​ខ្លាច​រក​ប្រាក់​សង​បំណុល​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មិន​បាន ហើយ​អាច​នឹង​ត្រូវ​គេ​រឹប​អូស​យក​ដី ផ្ទះ​សម្បែង និង​ពុំ​មាន​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។

ប្រជា​កសិករ​ខេត្ត​ប៉ៃលិន លើក​ឡើង​ស្រដៀង​គ្នា​ថា ដំណាំ​ដំឡូងមី​ឆ្នាំ​នេះ​លក់​មិន​បាន​ផល​ចំណេញ​ដូច​កាល​ពី​ឆ្នាំ​កន្លង​ទៅ​ឡើយ គឺ​តម្លៃ​ដំឡូង​ធ្លាក់​ថ្លៃ​តាំង​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០១៥ រហូត​មក ដោយ​ពុំ​ដឹង​បណ្ដាល​មក​ពី​អ្វី​នោះ​ទេ។

ប្រជា​កសិករ​នៅ​ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន ឈ្មោះ ង៉ែត សារ៉ាត់ រៀបរាប់​ឲ្យ​ដឹង​ថា លោក​ដាំ​ដំឡូងមី​លើ​ផ្ទៃដី​ចំនួន ៨​ហិកតារ ត្រូវ​ចំណាយ​ដើម​ទុន​ទៅ​លើ​ការ​ភ្ជួរ​ដី ថ្លៃ​ជី និង​ការ​ដឹក​ជញ្ជូន ជាដើម អស់​ប្រហែល ៦០០​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​មួយ​ហិកតារ។ លោក​បន្ត​ថា ប្រសិន​បើ​ដំឡូង​ឲ្យ​ផល​ល្អ នឹង​ទទួល​ទិន្នផល​ប្រមាណ​ពី ២៥​តោន​ទៅ ៣០​តោន​ក្នុង​មួយ​ហិកតារ​ដែរ។

យ៉ាង​ណា​ក៏ដោយ តម្លៃ​ដំឡូងមី គឺ​ជា​បញ្ហា​សំខាន់​របស់​ប្រជា​កសិករ​ទៅ​ហើយ ប្រសិន​បើ​ហាង​ឆេង​ដំឡូង​ធ្លាក់​ទាប គឺ​លក់​មិន​បាន​ប្រាក់​ចំណេញ​នោះ​ទេ។ លោក ង៉ែត សារ៉ាត់ អះអាង​ថា ដំឡូងមី​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​ទាប​ជាង​ឆ្នាំ​កន្លង​ទៅ ដោយ​តម្លៃ​ដំឡូង​ស្រស់​ដែល​ឈ្មួញ​ប្រមូល​ទិញ​ពី​ប្រជា​កសិករ​ប្រមាណ ១​បាត​កន្លះ ឬ​ប្រហែល ១៧០​រៀល​ក្នុង​មួយ​គីឡូក្រាម៖ «ទាំង​គេ​ទាំង​ខ្ញុំ​រស់នៅ​ពឹង​ផ្អែក​តែ​លើ​ដំណាំ​ដំឡូងមី សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ ដល់​តម្លៃ​ដំឡូង​ធ្លាក់​ទាប​អ៊ីចឹង​ទៅ មិន​ដឹង​ថា​ធ្វើ​យ៉ាង​ម៉េច​ទេ»

ពុំ​មែន​មាន​តែ​ប្រជា​កសិករ​ម្នាក់​ប៉ុណ្ណោះ​ទេ ដែល​ត្អូញត្អែរ​ពី​តម្លៃ​ដំឡូងមី​ធ្លាក់​ថ្លៃ​នោះ គឺ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន ភាគ​ច្រើន​តែង​ជួប​បញ្ហា​នេះ​ដូច​គ្នា តែ​ពួក​គាត់​គ្មាន​ជម្រើស​អ្វី​ដែល​លក់​បាន​តម្លៃ​ប្រសើរ​ជាង​នេះ ហើយ​ត្រូវ​បង្ខំ​ចិត្ត​លក់​ដំឡូងមី​ក្នុង​តម្លៃ​ថោក ដើម្បី​យក​ប្រាក់​ទៅ​សង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​បាន​ខ្ចី​ធ្វើ​ដើម​ទុន​កាល​ពី​ដើម​រដូវ​ដាំ​ដុះ​នោះ។

ប្រជា​កសិករ​នៅ​ស្រុក​សាលាក្រៅ ម្នាក់​ទៀត​ឈ្មោះ ណៃ ទ្រាវ ថ្លែង​ថា លោក​ដាំ​ដំឡូងមី​លើ​ផ្ទៃដី​ចំនួន ១៥​ហិកតារ ការ​ប្រមូល​ផល​ឆ្នាំ​នេះ​បាន​ទិន្នផល​តិច​ជាង​ឆ្នាំ​មុនៗ ហើយ​គ្មាន​ទីផ្សារ​សម្រាប់​លក់​នោះ​ទេ។ លោក​អះអាង​ថា ហាង​ឆេង​ដំឡូងមី​សព្វថ្ងៃ​ទាប​ពេក ធ្វើ​ឲ្យ​កសិករ​លក់​ចេញ​មិន​ទទួល​បាន​ប្រាក់​ចំណេញ​ឡើយ។ លោក​បន្ថែម​ថា បើ​លក់​ដំឡូង​មិន​បាន​ប្រាក់​ចំណេញ​ទេ ប្រជា​កសិករ​មួយ​ចំនួន​ធំ​ដែល​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ នឹង​ជួប​បញ្ហា​ខ្វះខាត​ជីវភាព​ប្រចាំ​ថ្ងៃ ព្រោះ​គ្មាន​របរ​ណា​ផ្សេង​ក្រៅ​ពី​របរ​កសិកម្ម​ឡើយ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​តម្លៃ​ដំឡូងមី​ចាប់​ពី ២០០​រៀល​ឡើង​ទៅ តម្លៃ​នេះ​ពេល​ទូទាត់​រួច ទទួល​បាន​ប្រាក់​ចំណេញ​ខ្លះ និង​ពុំ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជា​កសិករ​នោះ​ទេ៖ «បើ​ទោះ​ជា​ដំឡូង​ចុះ​ថោក ខ្ញុំ​ក៏​ចេះ​តែ​ទ្រាំ​តស៊ូ​ទាំង​ត្រដរ​ខ្យល់​ទៅ ព្រោះ​អី​ខ្ញុំ​គ្មាន​ការងារ​អ្វី​ផ្សេង​ពី​នេះ»

ទិន្នផល​ដំឡូងមី​របស់​ប្រជា​កសិករ​នៅ​ខេត្ត​ប៉ៃលិន ភាគ​ច្រើន​ពួក​គាត់​ដឹក​យក​ទៅ​លក់​ឲ្យ​ឈ្មួញ​ដល់​ទី​កន្លែង និង​ចំណាយ​ថ្លៃ​ដឹក​ជញ្ជួន​ដោយ​ខ្លួន​ឯង។ អ្នក​ស្រុក​ឲ្យ​ដឹង​ថា ឈ្នួល​ដឹក​ដំឡូង​គេ​គិត​ទៅ​តាម​ទី​ជិត​ទី​ឆ្ងាយ ប្រសិន​បើ​ដឹក​រថយន្ត​ចំណុះ ១០​តោន ហើយ​មាន​ចម្ងាយ​ពី ២០​គីឡូ​ម៉ែត្រ​ទៅ ៣០​គីឡូ​ម៉ែត្រ គេ​គិត​តម្លៃ​ពី ២០​ម៉ឺន​រៀល​ទៅ ២៥​ម៉ឺន​រៀល​ក្នុង​មួយ​ជើង។

ប្រជា​កសិករ​កំពុង​ព្រួយ​បារម្ភ​ខ្លាច​ម្ចាស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​នៅ​ពេល​ខាង​មុខ ពីព្រោះ​ពួក​គាត់​ភាគ​ច្រើន​លក់​ដំឡូងមី​ក្នុង​តម្លៃ​ថោក ហើយ​រក​ប្រាក់​មិន​គ្រប់​សម្រាប់​សង​គេ​បាន​នោះ​ទេ។

ប្រធាន​មន្ទីរ​កសិកម្ម និង​រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន លោក សាយ សុផាត មាន​ប្រសាសន៍​ថា ប្រជា​កសិករ​ប្រមាណ ៨៥​ភាគរយ ប្រកប​របរ​ដាំ​ដំឡូងមី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ លោក​ទទួល​ស្គាល់​ថា តម្លៃ​ដំឡូងមី​ឆ្នាំ​នេះ​ទាប​ជាង​ឆ្នាំ​កន្លង​ទៅ គឺ​កាល​ពី​ឆ្នាំ​២០១៥ តម្លៃ​ដំឡូង​ស្រស់​ប្រមាណ​ពី ២៥០​រៀល​ទៅ ៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម។ យ៉ាង​ណា​លោក​បញ្ជាក់​ថា តម្លៃ​ដំឡូងមី​ធ្លាក់​ថ្លៃ​នេះ គឺ​ទៅ​តាម​ហាង​ឆេង​ដំឡូង​ទីផ្សារ​លើ​ពិភពលោក​ធ្លាក់​ថ្លៃ​ដែរ គឺ​ពុំ​មែន​ដោយសារ​ឈ្មួញ​ទម្លាក់​ថ្លៃ​ប្រជា​កសិករ​នោះ​ទេ៖ «វា​ជា​យន្តការ​ពិភពលោក​ទៅ​ហើយ ព្រោះ​អី​យើង​ពឹង​ផ្អែក​លើ​ទីផ្សារ​នៅ​ប្រទេស​ចិន និង​ថៃ។ បើ​ប្រទេស​គេ​ធ្លាក់​ថ្លៃ យើង​ក៏​ធ្លាក់​ថ្លៃ​ដែរ មិន​បាច់​ឆ្ងល់​អី​ច្រើន​ទេ»

អ្នក​ជំនាញ​សេដ្ឋកិច្ច លោក ស្រី ចន្ធី ពន្យល់​ថា តម្លៃ​ដំឡូងមី​ធ្លាក់​ថ្លៃ ដោយសារ​រដូវ​នេះ​ជា​រដូវ​ប្រមូល​ផល​របស់​ប្រជា​កសិករ​លើ​ពិភពលោក។ បញ្ហា​នេះ ធ្វើ​ឲ្យ​ចំនួន​ផ្គត់ផ្គង់​ច្រើន​ជាង​តម្រូវ​ការ ពីព្រោះ​ដំឡូង​នៅ​កម្ពុជា ពឹង​ផ្អែក​ទៅ​លើ​ទីផ្សារ​នៅ​ក្រៅ​ប្រទេស។ លោក​បន្ថែម​ថា បញ្ហា​ទាំង​នេះ​អាច​ជួយ​ប្រជា​កសិករ​បាន លុះ​ណា​រដ្ឋាភិបាល​បង្កើត​រោងចក្រ​កែច្នៃ​ពី​ផលិតផល​ដំឡូងមី​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន និង​បញ្ចុះ​តម្លៃ​អត្រា​ការប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដល់​ប្រជា​កសិករ​ឲ្យ​បាន​ទាប​ជាង​ពេល​បច្ចុប្បន្ន ដើម្បី​កាត់​បន្ថយ​ការ​ចំណាយ​ដើម​ទុន​របស់​ប្រជាពលរដ្ឋ៖ «ម្យ៉ាង​ទៀត​ប្រជា​កសិករ​ត្រូវ​មាន​កន្លែង​ថែទាំ មាន​ន័យ​ថា គាត់​កែច្នៃ​ពាក់​កណ្ដាល មាន​ឃ្លាំង​ហាល​អី​ហើយ ចេះ​បច្ចេកទេស​ថែ​រក្សា​ទុក​ដាក់​វា​បាន​ឲ្យ​មាន​អាយុកាល ឆ្លើយ​តប​នឹង​តម្រូវ​ការ​នៅ​ពេល​រដូវ​ដាំ​ដុះ»

ដំឡូងមី​ធ្លាក់​ថ្លៃ​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​កសិករ​ជា​ប្រព័ន្ធ នៅ​ខណៈ​អតិផរណា​កើន​ឡើង ពោល​គឺ​ទំនិញ​សព្វសារពើ​នៅ​លើ​ទីផ្សារ កាន់​តែ​ឡើង​ថ្លៃ រដ្ឋាភិបាល​មិន​ទាន់​មាន​យន្តការ​ណា​មួយ​ជួយ​ឧបត្ថម្ភ​ទុន ឬ​រដ្ឋ​ទិញ​ស្ដុក​ទុក​ពី​ប្រជា​កសិករ ដើម្បី​ជួយ​ទប់ស្កាត់​ការ​ទម្លាក់​តម្លៃ​ណា​មួយ​ពី​ឈ្មួញ​កណ្ដាល​នោះ។ ទិន្នផល​កសិកម្ម​របស់​ប្រជា​កសិករ​គ្មាន​តម្លៃ ក៏​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចំណាក​ស្រុក ហើយ​ប្រឈម​នឹង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ដែល​ប្រជាពលរដ្ឋ​បាន​ដាក់​បញ្ចាំ​នោះ ហើយ​គម្លាត​រវាង​អ្នក​មាន និង​អ្នក​ក្រ រដ្ឋាភិបាល​នឹង​មិន​អាច​កាត់​បន្ថយ​បាន​នោះ​ឡើយ។

របាយការណ៍​ចុង​ក្រោយ​របស់​ធនាគារ​ពិភពលោក (World Bank) ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​កម្ពុជា រក​ចំណូល​បាន​ចំនួន ៥​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​មាន​ប្រមាណ ៦​លាន​នាក់។ ក្រៅ​ពី​នេះ​ទៀត ប្រជាពលរដ្ឋ​ប្រមាណ ៧០% បាន​ជំពាក់​បំណុល​គេ។ របាយការណ៍​ធនាគារ​ពិភពលោក​ដដែល​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា អាច​ប៉ះពាល់​ដោយសារ​តម្លៃ​ផលិតផល​កសិកម្ម​ធ្លាក់​ចុះ អត្រា​ប្ដូរ​ប្រាក់​ប្រែប្រួល ហើយ​វិស័យ​ទេសចរណ៍​មិន​សូវ​មាន​សន្ទុះ​ខ្លាំង។ ធនាគារ​ពិភពលោក ឲ្យ​ដឹង​ថា ទិន្នផល​កសិកម្ម​ធ្លាក់​ចុះ ព្រោះ​លក្ខខណ្ឌ​អាកាសធាតុ​មិន​ល្អ។

ចំណែក​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ប៉ៃលិន បង្ហាញ​ថា ផ្ទៃដី​ដាំ​ដំឡូងមី​របស់​ប្រជា​កសិករ​ខេត្ត​ជាប់​ជាយដែន​ខ្មែរ-ថៃ មួយ​នេះ​មាន​ជាង ៤៧.០០០​ពាន់​ហិកតារ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ៦​ម៉ឺន​នាក់ ដែល​ក្នុង​នោះ ពលរដ្ឋ​ចំនួន ៨៥​ភាគរយ ដាំ​ដំឡូងមី ក្រៅ​ពី​នោះ ដាំ​ដំណាំ​ហូប​ផ្លែ និង​ដំណាំ​រួម​ផ្សំ មាន​ជាអាទិ៍ តាង៉ែន ស្វាយ និង​ពោត ជាដើម ជាង ៣.៦០០​ហិកតារ និង​ដំណាំ​ស្រូវ​ជាង ៥​ពាន់​ហិកតារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។