ពលរដ្ឋ និងឈ្មួញទិញកសិផលដំឡូងមី នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ចោទអាជ្ញាធរឃុំ និងមេប៉ុស្តិ៍ថា មានចេតនាយកគ្រឿងចក្រកាយស្ពាន និងផ្លូវ មិនឲ្យរថយន្តដឹកដំឡូងមីចរាចរបានកាលពីថ្ងៃទី៤ ខែកុម្ភៈ បង្ករាំងស្ទះដល់ការដឹកជញ្ជូនកសិផលរបស់ពួកគាត់។ ចំណែកអាជ្ញាធរឃុំអះអាងថា អាជ្ញាធរស្រុកបានបញ្ជាមិនអនុញ្ញាតឲ្យរថយន្តធំចូលផ្លូវលំទេ ព្រោះបណ្ដាលឲ្យខូចផ្លូវ។
ប្រជាកសិករ និងឈ្មួញទិញដំឡូងមី នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ អំពាវនាវឲ្យអាជ្ញាធរខែត្រ ចុះស៊ើបអង្កេតពីភាពមិនប្រក្រតីនៃការអនុវត្តកាតព្វកិច្ចរបស់អាជ្ញាធរឃុំ និងនគរបាល ដែលរុះរើស្ពាននិងផ្លូវលំ ភ្ជាប់ផ្លូវជាតិលេខ៩ បន្ទាប់ពីឈ្មួញទិញកសិផលកសិកម្មមួយចំនួនពុំបានបង់ប្រាក់ជូនអាជ្ញាធរដើម្បីជួសជុលផ្លូវតាមពេលកំណត់។
ឈ្មួញទិញដំឡូងនៅឃុំសំអាងលោកស្រី មុន ហួត រៀបរាប់ថា អាជ្ញាធរឃុំ និងនគរបាលតម្រូវឲ្យឈ្មួញដែលមានរថយន្តដឹកដំឡូងបង់ប្រាក់ម្នាក់ ៥០ម៉ឺនរៀល ដើម្បីយកប្រាក់នោះទៅជួសជុលផ្លូវដែលខូចខាត ប៉ុន្តែការប្រមូលប្រាក់ចម្រូងចម្រាស ព្រោះឈ្មួញមួយចំនួនពុំបង់ប្រាក់ ទើបអាជ្ញាធរឃុំ និងមេប៉ុស្តិ៍បញ្ជាឲ្យគ្រឿងចក្រកាយផ្លូវ និងរុះរើស្ពាន។ លោកស្រីត្អូញត្អែរថា បញ្ហានេះបង្កការលំបាកដល់ដំណើរការដឹកជញ្ជូនដំឡូងមីរបស់លោកស្រី បន្ទាប់ពីលោកស្រីបានទិញដំឡូងមីពីកសិកររាប់រយតោនបានស្តុកទុកនៅក្នុងភូមិ។
លោកស្រីថា ករណីនេះក៏ជាផ្នែកមួយបណ្ដាលឲ្យតម្លៃដំឡូងកាន់តែធ្លាក់ថ្លៃ ព្រោះរថយន្តដឹកដំឡូងមីមិនអាចចរាចរដល់មូលដ្ឋានបាន៖ «ហើយបើដំឡូងខ្ញុំទិញហើយ មិនឲ្យខ្ញុំដឹកជញ្ជូនអ៊ីចឹងម៉េច។ គាត់អត់ព្រមទេ គាត់យកអាត្រាក់យកអី ខ្វេះចេញផ្លូវហ្នឹង។ បើគាត់នៅតែខ្វេះ គឺខ្ញុំសុំដឹកចេញហើយ ទោះបីប៉ូលិសណាមកអូសករខ្ញុំចេញ ក៏ខ្ញុំដឹកចេញព្រោះអីវ៉ាន់ខ្ញុំទិញហើយ។ បើគាត់មិនបិទពីដើមទីមកផង»។
ប្រជាកសិកររស់នៅឃុំសំអាង លោក សាំ ភាព កត់សម្គាល់ថា អ្នកភូមិតែងតែរៃអង្គាសប្រាក់ធ្វើផ្លូវខូចបន្តិចបន្តូច ដើម្បីងាយស្រួលដឹកជញ្ជូន។ លោកថា បន្ទាប់ពីអាជ្ញាធរបិទផ្លូវតម្លៃដំឡូងមីបានធ្លាក់ថ្លៃ ខណៈឈ្មួញមិនអាចចូលទិញដល់មូលដ្ឋានបាន។លោកសង្កត់ធ្ងន់ថា អាជ្ញាធរហាក់មិនយកចិត្តទុកដាក់ជួយសម្រួលជីវភាពរស់នៅពលរដ្ឋទេ ថែមទាំងបង្កជាឧបសគ្គរំខានដល់មុខរបរចិញ្ចឹមជីវភាពពលរដ្ឋទៅវិញ៖ «ពលរដ្ឋគាត់ចងនិយាយថា បើបិទគួរតែបិទពីដំបូង ហើយយើងមកបើកឲ្យខ្ទេចផ្លូវអស់ហើយ បានមកបិទចុងក្រោយ។ គ្រាន់តែពលរដ្ឋគាត់មិនពេញចិត្តរឿងអ៊ីចឹង»។
ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ឋិតនៅទិសខាងជើងឆៀងខាងលិចនៃទីរួមខេត្តស្ទឹងត្រែង មានចម្ងាយពីទីរួមខេត្តប្រមាណជាង ៤០គីឡូម៉ែត្រ ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៩ ឆ្លងស្ពានមេគង្គឆ្ពោះទៅខេត្តព្រះវិហារ។ ពលរដ្ឋរស់នៅទីនោះ ភាគច្រើនជាពលរដ្ឋជនជាតិដើមភាគតិចកួយ ដែលមានចំនួនសរុបប្រមាណជាង ៣ពាន់គ្រួសារ។
ឆ្លើយតបការចោទប្រកាន់នេះ មេឃុំសំអាង លោក ញៀន ផុន អះអាងថា អាជ្ញាធរបានបិទផ្លូវនេះដោយសារតែមានបញ្ជាពីអភិបាលស្រុកថាឡាបរិវ៉ាត់ ដែលហាមមិនឲ្យរថយន្តធុនធំធ្វើចរាចរណ៍តាមផ្លូវលំនោះ ព្រោះបណ្ដាលឲ្យខូចផ្លូវ។ លោកថា ឈ្មួញខ្លះនៅតែមានៈ យករថយន្តចូលដឹកដំឡូងមី ទោះបីអាជ្ញាធរធ្លាប់បានហាមឃាត់ក្ដី៖ «ផែនការពីលើមក (សាលាស្រុក) ឲ្យបិទតែម្ដង បើពីមុនពីដើមទីបយើងអាចឲ្យជួសជុល ប៉ុន្តែខ្ញុំទៅប្រជុំនៅសាលាស្រុកគេឲ្យបិទតែម្ដង»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង យល់ថា អាជ្ញាធរគួរតែមានការយោគយល់។ លោកបញ្ជាក់ថា បើការអភិវឌ្ឍនោះប៉ះពាល់ដល់ប្រយោជន៍សាធារណៈធំធេង ដូចជាប៉ះពាល់តម្លៃដំឡូងមី ឧបសគ្គដល់ការប្រមូលទិញដំឡូងមី ដែលជាផ្នែកមួយប៉ះពាល់ជីវភាពពលរដ្ឋ។
លោកឲ្យដឹងថា អាជ្ញាធរគួរផ្ដល់ដំណឹងដល់ពលរដ្ឋ និងសាធារណជនចំពោះវិធានការនេះ ជាមុនដើម្បីចៀសវាងរាំងស្ទះដល់ដំណើរការដឹកជញ្ជូនកសិផល៖ «ជជែកជាមួយពលរដ្ឋជាការសំខាន់ដែលអាចបញ្ចៀសនូវបាតុកម្ម ឬបញ្ចៀសនូវការមិនយល់គ្នាណាមួយ បន្ទាប់ពីអាជ្ញាធរធ្វើសកម្មភាព។ បើសិនអាជ្ញាធរនៅចង់ដាក់គ្រឿងចក្រទៅធ្វើទៅធ្វើ ហើយផលប៉ះពាល់គ្នាមិនដឹងចេញទៅណារួចអាហ្នឹងបញ្ហាមួយធំ»។
ផ្លូវលំក្រាលខ្សាច់សឋិតនៅភូមិសំអាង ឃុំសំអាង ភ្ជាប់ផ្លូវជាតិលេខ៩ មានទទឹង ៥ម៉ែត្រ ចាប់ពីឃុំសំអាង ដល់ឃុំអន្លង់ជ្រៃ។ អ្នកភូមិចាត់ទុកផ្លូវនោះ ថាជាផ្លូវបេះដូងនៃចរន្តសេដ្ឋកិច្ចដ៏សំខាន់ ដូចជាដឹកជញ្ជូនកសិផល និងការធ្វើចរាចរជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
