ម.ស.ម.ក បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ត្រី​ខ្មែរ​ឲ្យ​ក្លាយ​ជា​អ្នក​ពូកែ​សរសេរ​ប្លុក

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (ម.ស.ម.ក) បង្កើត​គម្រោង​ពង្រឹង​អំណាច​អ្នក​សរសេរ​ប្លុក​ស្ត្រី​កម្ពុជា និង​ប្រកាស​ជ្រើសរើស​បេក្ខនារី ១៥ ទៅ ២០​នាក់ ឲ្យ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នេះ​រយៈពេល​៦​ខែ។

នាយិកា​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព មាន​ប្រសាសន៍​ថា គម្រោង​នេះ​នឹង​ផ្តល់​ឱកាស​ឲ្យ​ស្ត្រី​វ័យ​ក្មេង​ពី​តាម​បណ្ដា​ខេត្ត​នានា ដែល​កំពុង​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ អាច​ពង្រឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត និង​អាច​ឲ្យ​ស្ត្រី​ក្លាយ​ជា​អ្នក​សរសេរ​ប្លុក ហើយ​ពួកគេ​អាច​បញ្ចេញ​មតិ ដើម្បី​ឲ្យ​មានការ​ផ្លាស់ប្ដូរ​សង្គម តាម​រយៈ​ការ​សរសេរ​នោះ។

​អ្នកស្រី ចក់ សុភាព៖ «យើង​ចង់​ពង្រឹង​អំណាច​ស្ត្រី​វ័យក្មេង និង​ចង់​ឲ្យ​គាត់​អ្នក​មាន​គេហទំព័រ​ផ្ទាល់​ខ្លួន ឬ​ហៅ​ថា ប្លុក ក្នុង​ហ្នឹង​យើង​ដឹង​ហើយ​ថា យើង​ចង់​ឲ្យ​ស្ត្រី​​គាត់​មាន​សំឡេង​មួយ​ខ្លួន​ឯង ដែល​គាត់​អាច​សរសេរ​នៅ​តាម​គេហទំព័រ និង​តាម​រយៈ​វគ្គ​បណ្ដុះបណ្ដាល​ដែល​យើង​ធ្វើ​ឡើង ដែល​មាន​លក្ខណៈ​លំអិត និង​សង្ឃឹម​ថា បន្ទាប់​ពី​ចប់​គម្រោង​​ទៅ គឺ​គាត់​នឹង​អាច​ក្លាយ​ជា​អ្នក​សរសេរ​មួយ ហើយ​បញ្ចេញ​មតិ​របស់​គាត់»

​បេក្ខនារី​ដែល​ត្រូវ​ជ្រើសរើស នឹង​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ចំនួន ៥​វគ្គ​ផ្សេងៗ​គ្នា ពាក់ព័ន្ធ​នឹង​ការ​សរសេរ​ប្លុក ដែល​រួម​មាន​ការ​បង្កើត​ប្លុក​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គន្លឹះ​ក្នុង​ការ​សរសេរ យុទ្ធសាស្ត្រ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ធានា​ឲ្យ​ស្ត្រី​វ័យ​ក្មេង​ទាំង​នោះ​ក្លាយ​ជា​អ្នក​ជំនាញ​សរសេរ​ប្លុក​បាន​ដ៏​ជោគជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។