សេដាក​ជំរុញ​កសិករ​ឲ្យ​ដាំ​ដំណាំ​រួម​ផ្សំ​និង​រៀប​ប្រព័ន្ធ​ស្ដុក​ទឹក​ត្រៀម​ធ្វើ​ស្រែ​វស្សា

0:00 / 0:00

រដូវ​វស្សា​នៅ​ឆ្នាំ​២០១៥ នេះ ទឹក​ភ្លៀង​ធ្លាក់​យឺត​ជាង​ឆ្នាំ​មុន នាំ​ឲ្យ​កសិករ​មួយ​ចំនួន​បារម្ភ​ពី​កង្វះ​ទឹក​ប្រើប្រាស់​ក្នុង​ដំណាំ​ស្រូវ​វស្សា ព្រោះ​ការ​ធ្វើ​ស្រែ​វស្សា​នៅ​កម្ពុជា ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ទឹក​ភ្លៀង។ បញ្ហា​នេះ អង្គការ​សេដាក (CEDAC) អំពាវនាវ​ឲ្យ​កសិករ​ពង្រាប​ដី​ស្រែ​ឲ្យ​រាប​ស្មើ លើក​ភ្លឺ​ឲ្យ​បាន​ខ្ពស់ ដើម្បី​ទប់​ទឹក​បាន​ច្រើន រៀប​ប្រព័ន្ធ​ប្រឡាយ​ក្នុង​ស្រែ​សម្រាប់​ស្តុក​ទឹក ត្រៀម​ពូជ ត្រៀម​ជីកំប៉ុស ត្រៀម​បង្ការ​សម្រាប់​ធ្វើ​ស្រែ​វស្សា​នៅ​ពេល​ទឹក​ភ្លៀង​ធ្លាក់​ជោគជាំ​ក្នុង​រដូវ​កាន់​បិណ្ឌ។

អង្គការ​សេដាក ជំរុញ​ឲ្យ​កសិករ​ដាំ​ដំណាំ​រួម​ផ្សំ ខណៈ​ការ​ធ្វើ​ស្រែ​វស្សា​នៅ​ខ្វះ​ទឹក។

ប្រធាន​អង្គការ​សេដាក លោក​បណ្ឌិត យ៉ង សាំងកុមារ ថ្លែង​ថា ជាទូទៅ​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ កសិករ​តែង​តែ​សាបព្រោះ​ស្រូវ​បង្កើន​រដូវ ប៉ុន្តែ​រដូវ​វស្សា​ឆ្នាំ​២០១៥ នេះ ការ​ធ្វើ​ស្រូវ​បង្កើន​រដូវ បាន​ជួប​នឹង​គ្រោះ​ធម្មជាតិ​រាំង​ស្ងួត​អូស​បន្លាយ។ លោក​ណែនាំ​កសិករ​កុំ​អស់​សង្ឃឹម ព្រោះ​តាម​ប្រតិទិន​ខ្មែរ រដូវ​កាន់​បិណ្ឌ​តែង​តែ​សម្បូរ​ទឹក​ភ្លៀង​ធ្លាក់​ជោកជាំ គឺ​ចន្លោះ​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ទៅ​ដល់​ថ្ងៃ​ទី​១២ ខែ​តុលា។ លោក​សុំ​កសិករ​កាយ​ដី​បាត​ស្រះ​ត្រៀម​ស្តុក​ទឹក លើក​ភ្លឺ​ឲ្យ​ធំ និង​ខ្ពស់ ត្រៀម​ជីកំប៉ុស ត្រៀម​គ្រាប់​ពូជ​ស្រូវ ហើយ​ប្រញាប់​ដាំ​ដំណាំ​រួម​ផ្សំ​ដែល​មិន​សូវ​ត្រូវ​ការ​ទឹក ដូចជា​ដំឡូងជ្វា ត្រសក់ ឪឡឹក ល្ពៅ ពោត ជាដើម ដើម្បី​គ្រប់គ្រង​ស្បៀង​នៅ​ក្នុង​គ្រួសារ។ លោក​ថា នៅ​រយៈពេល​រង់ចាំ​ទឹក​ភ្លៀង កសិករ​គួរ​ពង្រាប​ដី​ស្រែ​ឲ្យ​ស្មើ ដើម្បី​ត្រៀម​ធ្វើ​ស្រែ​វស្សា​ឲ្យ​បាន​ល្អ៖ «ដូច​គ្នា​ដែរ ក៏​យើង​ត្រូវ​ត្រៀម​ជី​ធម្មជាតិ​ឲ្យ​បាន​ច្រើន ត្រៀម​ពូជ ត្រៀម​កូន​ដំណាំ​អី ទុក​ដាំ​ទៅ ហើយ​ធ្វើ​ម៉េច​នៅ​ចុង​ខែ​១០ ឬ​យ៉ាង​យូរ​បំផុត​នៅ​ចុង​ខែ​១១ អ៊ីចឹង យើង​អាច​ចាប់​ផ្ដើម​ដាំ​ដំណាំ​នោះ​បាន​ហើយ។ នៅ​ពេល​ហ្នឹង ក៏​វា​មាន​ដី​សើម​ល្អ ហើយ​អាកាសធាតុ​ក៏​រៀង​ត្រជាក់​ស្រួល អំណោយ​ផល​លើ​ការ​ដាំ​ដុះ អ៊ីចឹង​គឺ​ជា​រួម គឺ​យើង​កុំ​ទាន់​អាល​អស់​សង្ឃឹម»

ការ​ជំរុញ​របស់​អង្គការ​សេដាក ឲ្យ​ត្រៀម​បង្ការ​ធ្វើ​ស្រូវ​វស្សា​ឲ្យ​ល្អ​នោះ លោកស្រី ភោគ ឡា រស់នៅ​ភូមិ​ព្រហូត ឃុំ​ក្រាំងលាវ ស្រុក​បាទី ខេត្ត​តាកែវ អះអាង​ថា គាត់​បាន​បម្លែង​ដី​ស្រែ​ពី​ដាំ​ស្រូវ​ទៅ​ដាំ​ត្រាវ​យក​មើម​វិញ ព្រោះ​ត្រាវ​ជា​ដំណាំ​ប្រើ​ទឹក​តិច និង​ប្រមូល​ផល​ដូច​ស្រូវ​ដែរ ហើយ​មើម​ត្រាវ​លក់​បាន​ថ្លៃ​ជាង​ស្រូវ៖ «ឆ្នាំ​នេះ គឺ​ខ្ញុំ​សាកល្បង​ដាក់​ត្រាវ​មើល។ ខ្ញុំ​ប្រមូល​ជី​ធម្មជាតិ​ឲ្យ​ក្លាយ​ជា​កំប៉ុស ហើយ​ខ្ញុំ​ក៏​មាន​ទិញ​អង្កាម​គេ​មក​ដុត ដើម្បី​ធ្វើ​ជា​ជីកំប៉ុស​ដាក់​ដំណាំ។ ហើយ​ស្រូវ​ក៏​ខ្ញុំ​ដាក់​ធ្យូង​អង្កាម​ជាមួយ​នឹង​កំប៉ុស​ដែរ»

ក្នុង​ការ​ត្រៀម​បង្ការ​ធ្វើ​ស្រូវ​វស្សា​ឆ្នាំ​នេះ​ដែរ លោក ហឹម ណន កសិករ​ភូមិ​ត្បែងទទឹង ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ អះអាង​ថា គាត់​ពង្រាប​ដី​ស្រែ​រួច​រាល់​ហើយ និង​ត្រៀម​ជីកំប៉ុស​កាក​សំណល់​ឡ​ជីវឧស្ម័ន​ច្រើន​តោន​ដែរ។ ទន្ទឹម​នោះ គាត់​កំពុង​ដាំ​បន្លែ​រួម​ផ្សំ បង្ការ​ភាព​រាំង​ស្ងួត​អូស​បន្លាយ៖ «ខ្ញុំ​ដាំ​បាន​ស្រែ​មួយ​ដែរ ដាំ​ដំណាំ មាន​ត្រសក់​ផង មាន​ឪឡឹក​ផង សម្រាប់​ទុក​ស្ទូង​ដែរ ប៉ុន្តែ​ដល់​ពេល​រាំង​ពេក ខ្ញុំ​ប្រមូល​ផល​ជិត​អស់​ពាក់​កណ្ដាល​ទៀត​ទៅ​ហើយ»

ចំណែក លោកស្រី ផាន់ នាង រស់នៅ​ភូមិ​ជើងទឹក ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង ឲ្យ​ដឹង​ថា ក្រៅ​ពី​ត្រៀម​ពូជ និង​ជីកំប៉ុស គាត់​ក៏​បាន​ត្រៀម​ថ្នាំ​បំប៉ន​ស្រូវ និង​កម្ចាត់​សត្វ​ល្អិត​យាយី​ដំណាំ​ស្រូវ និង​បន្លែ​ដែរ ព្រោះ​តាម​គាត់​ចំណាំ នៅ​ពេល​រាំង​ស្ងួត​យូរ ហើយ​ភ្លៀង​ទឹក​មិន​គ្រប់គ្រាន់ គឺ​សត្វ​ល្អិត​យាយី​ដំណាំ៖ «ក្នុង​ស្រែ​ខ្ញុំ​មាន​កូន​ប្រឡាយ មាន​ដាំ​បន្លែ​តាម​ភ្លឺ​ស្រែ បាន​ស្ទូង​ស្រូវ​ទៀត ហើយ​មាន​ត្រី​អី»

បន្ថែម​លើ​ការ​ត្រៀម​បង្ការ​របស់​កសិករ លោក យ៉ង សាំងកុមារ ប្រធាន​អង្គការ​សេដាក បញ្ជាក់​ថា កសិករ​គួរ​ធ្វើ​ស្រែ​ដោយ​មើល​ខែ​ខ្មែរ ហើយ​ត្រូវ​ត្រៀម​ពូជ​ស្រូវ និង​វត្ថុ​ធាតុ​ដើម​សម្រាប់​ដាំ​ដំណាំ​រួម​ផ្សំ ការពារ​ពេល​ភ្លៀង​ធ្លាក់​នៅ​ចុង​រដូវ។ ការ​ត្រៀម​ខ្លួន​បាន​ល្អ គួប​ផ្សំ​នឹង​ឱកាស​ភ្លៀង​ធ្លាក់​មក​ដល់ នឹង​នាំ​ឲ្យ​កសិករ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ស្រែ​វស្សា ឬ​ដាំ​ដំណាំ​ផ្សេងៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។