ពលរដ្ឋនិងកម្មករកម្មការិនីប្រមាណ ៦០នាក់នៃរោងចក្រសេរី (CERIE) ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំគ្នាមកជួបជុំនៅមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ កុម្ភៈ ដើម្បីសុំឲ្យមន្ត្រីក្រសួងនេះ ជួយអន្តរាគមន៍ដោះលែងតំណាងសហជីព ២រូបដែលតុលាការចាប់ខ្លួន និងទាមទារឲ្យប្រញាប់ដោះស្រាយលក្ខខណ្ឌការងារជូនពួកគេ។
សំឡេងស្រែកតវ៉ា៖ «ក្រុមហ៊ុនខុសច្បាប់មើលអត់ឃើញ ដល់តែកម្មករកូដកម្មដុតកង់ឡានខុសច្បាប់។ សង្ឃឹមថា ឯកឧត្ដម អ៊ិត សំហេង ជួយមើលកូនចៅ រាល់ថ្ងៃជួបផលលំបាកច្រើនណាស់»។
តំណាងក្រសួងការងារ មិនបានចេញមកជួបក្រុមកម្មករ ដើម្បីជួយដោះស្រាយនូវរាល់ការទាមទាររបស់កម្មករទេ ទោះបីជាក្រុមកម្មករបានចំណាយពេលតវ៉ាជិតមួយថ្ងៃ នៅថ្ងៃទី១៦ ខែកុម្ភៈ ក្ដី។
ប្រធានផ្នែកពិនិត្យ អ្នកស្រី សំ សុខា ថ្លែងនៅថ្ងៃទី១៦ កុម្ភៈ ថា ពួកគាត់ធ្វើកូដកម្មទាមទារដោះស្រាយវិវាទការងារតាំងពីដើមខែមករា មក តែពុំមានដំណោះស្រាយឡើយ។ ការតវ៉ានេះ ដោយសារតែថៅកែបានបញ្ឈប់ថ្នាក់ដឹកនាំសហជីពសេរីកម្មករ ៣នាក់ ហើយមិនគោរពលក្ខខណ្ឌការងារជាច្រើនដែលពួកគាត់យល់ថា រំលោភសិទ្ធិកម្មករ។ ប៉ុន្តែអ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះ ថ្នាក់ដឹកនាំសហជីពសេរីកម្មករ ២រូប ក៏ត្រូវបានតុលាការចាប់ខ្លួនដាក់ពន្ធនាគារ ចោទប្រកាន់ពីបទ ញុះញង់ដោយប្រព្រឹត្តបទល្មើសបង្កហិង្សាដោយចេតនា ស្របពេលដែលកម្មករ ៩នាក់ផ្សេងទៀតក្នុងនោះមានអ្នកស្រីផង ក៏មានដីកាពីតុលាការពាក់ព័ន្ធនឹងបទចោទដូចគ្នា ដែលត្រូវថៅកែក្រុមហ៊ុនប្ដឹង។ អ្នកស្រីបន្តថា មន្ត្រីក្រសួងការងារ បានប្រាប់ឲ្យពួកគាត់ទទួលយកលុយពីក្រុមហ៊ុនដើម្បីបញ្ចប់រឿងទៅវិញ៖ «ខ្ញុំអស់សង្ឃឹមម៉ង ពីព្រោះអីគាត់កាន់ជើងតែអ្នកមានលុយ និងអ្នកមានអំណាច បែរជាគាបសង្កត់ពួកខ្ញុំឲ្យនិយាយពីរឿងលក្ខខណ្ឌដោះដូរ បើសិនជាចង់ឲ្យមានការដោះលែង ទាល់តែពួកខ្ញុំព្រមទទួលលុយដើរចេញ។ នេះគឺជាសម្ដីរបស់ឯកឧត្ដម លី សុធា គាត់ថាព្រមយកលុយគេដើរចេញទៅ គេនឹងដកពាក្យបណ្ដឹង។ គាត់បញ្ជាក់ទៀត បើដឹងក្រុមហ៊ុនហ្នឹងគាបសង្កត់ហើយ នៅធ្វើការនៅក្រុមហ៊ុននេះធ្វើអីទៀត? ម៉េចក៏មិនដើរចេញទៅ ធ្វើការនៅរោងចក្រផ្សេងទៅ? គាត់ប្រើភាសានេះមកមានន័យថា គាត់ដឹង មិនមែនគាត់មិនដឹងថាក្រុមហ៊ុនហ្នឹងល្មើសច្បាប់ទេ។ ខ្ញុំមកនេះក៏ខ្ញុំមានដីកាជាប់ខ្លួនដែរ ប៉ុន្តែខ្ញុំអត់ខ្លាច ដោយសារខ្ញុំអត់ធ្វើខុស ខ្ញុំអត់ខ្លាច» ។
កម្មករទាំងនោះបានឈរកាន់បដាដែលសរសេរថា ដោះលែង កញ្ញា យ៉ុង លាភ មន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងលោក ទូច ស្រ៊ុន ប្រធានសហជីពសេរីកម្មករប្រចាំរោងចក្រសេរី ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង។
កាលពីថ្ងៃទី២ ខែកុម្ភៈ សាលាដំបូងខេត្តកំពង់ស្ពឺ បានចាប់ខ្លួនអ្នកទាំងពីរក្រោមបទចោទញុះញង់ បន្ទាប់ពីពួកគេរំសាយបាតុកម្មដុតកង់ឡានមុខរោងចក្រសេរី ទាមទារឲ្យថៅកែចេញមកដោះស្រាយបញ្ហាជូនកម្មករ។
កម្មការិនីនៃរោងចក្រសេរីម្នាក់ទៀត គឺអ្នកស្រី សឿន ចាន់ណា ជាភរិយាលោក ទូច ស្រ៊ុន ដែលតុលាការចាប់ខ្លួន បានអំពាវនាវឲ្យក្រសួងការងារអន្តរាគមន៍ទៅតុលាការទម្លាក់ចោលការចោទប្រកាន់ និងដោះលែងស្វាមីអ្នកស្រីចេញពីពន្ធនាគារជាបន្ទាន់។ អ្នកស្រីបញ្ជាក់ថា អ្នកស្រីផ្ទាល់បានបាត់បង់ការងារ ហើយភាគីរោងចក្រក៏ប្ដឹងអ្នកស្រីក្នុងបណ្ដឹងតែមួយដូចស្វាមីនាងដែរ៖ «ប្ដីខ្ញុំគាត់ជាមេគ្រួសារ គាត់ត្រូវរកលុយរកកាក់ចិញ្ចឹមគ្រួសារ។ ដល់ពេលខាងក្រុមហ៊ុនគាត់ប្ដឹង ហើយចាប់គាត់ទៅ។ ខ្ញុំសូមសំណូមពរឲ្យខាងក្រសួង ក៏ដូចជាតុលាការ ជួយរកកំហុសរោងចក្រផង ថាប្ដីខ្ញុំខុសអី បានពួកគាត់ចាប់ប្ដីខ្ញុំទៅតាំងពីថ្ងៃទី២។ សូម្បីតែខ្ញុំ ក៏អត់មានការងារធ្វើដែរ។ ខ្ញុំចង់ទៅធ្វើការនៅណា ក៏អត់បានទៀត កាលណាខ្ញុំទៅ អត់មាននរណាគេមើលប្ដីខ្ញុំ អត់មានអ្នករកលុយចិញ្ចឹមកូន។ ពីថ្ងៃនេះទៅមុខ មិនដឹងសង្ឃឹមអីទេ» ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញានៃក្រសួងការងារ ដើម្បីឆ្លើយតបចំពោះការតវ៉ារបស់កម្មកររោងចក្រសេរី បាននៅឡើយទេ នៅថ្ងៃទី១៦ កុម្ភៈ។
កម្មករបាននាំគ្នាវិលត្រឡប់ទៅផ្ទះវិញ នៅរសៀលថ្ងៃដដែល ដោយមន្ត្រីក្រសួងការងារមិនចេញមកជួបពួកគាត់នោះទេ។
ក្រៅអំពីការស្នើសុំឲ្យអន្តរាគមន៍ដោះលែងមនុស្ស ពួកគេជំរុញឲ្យមន្ត្រីគណៈកម្មការសម្រាប់ដោះស្រាយវិវាទ ដោះស្រាយសំណើមួយចំនួនគឺ ស្នើសុំឲ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីពចូលធ្វើការវិញ ស្នើសុំឲ្យក្រុមហ៊ុនទូទាត់ប្រាក់រំលឹកពីថ្ងៃបញ្ឈប់ដល់ថ្ងៃចូលធ្វើការវិញ និងស្នើសុំក្រុមហ៊ុនរក្សាប្រាក់ឈ្នួលថ្ងៃធ្វើកូដកម្ម និងដកពាក្យប្ដឹងពីកម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
