មេដឹកនាំ​សហជីព​កម្មករ​ខ្លះ​មិន​ចូល​រួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​ក្រសួង​ការងារ

មេដឹកនាំ​សហជីព​សេរី​កម្មករ​មិន​ចូល​រួម​ប្រជុំ​ដើម្បី​ដោះ​ស្រាយ​លើ​ករណី​​តវ៉ា​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​មករា។ ការ​បដិសេធ​នេះ ដោយសារ​តែ​មេដឹកនាំ​សហជីព​កម្មករ និង​មេ​ដឹកនាំ​សមាគម​ខ្លះ បាន​​ទទួល​​រង​ការ​ប្ដឹងផ្ដល់​ទៅ​កាន់​ស្ថាប័ន​តុលាការ។

0:00 / 0:00

សេចក្ដី​ថ្លែងការណ៍​ចុះ​ហត្ថលេខា​ លោក ជា មុនី ​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ចុះ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មករា​ បាន​បញ្ជាក់​ថា ការ​សម្រេច​មិន​ចូល​រួម​ប្រជុំ​ដោះ​ស្រាយ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លើ​ការ​តវ៉ា​ដំឡើង​ប្រាក់ខែ​គោល ឬ​ការ​តវ៉ា​របស់​កម្មករ ព្រោះ​យល់​ថា ជា​ជំនួប​គ្មាន​ខ្លឹមសារ។

សេចក្ដី​ថ្លែងការណ៍​បាន​ចាត់​ទុក​កិច្ច​ប្រជុំ​រវាង​មន្ត្រី​ក្រសួង​ការងារ តំណាង​ថៅកែ​រោងចក្រ និង​មេដឹកនាំ​សហជីព​កម្មករ នឹង​មិន​មាន​លទ្ធផល​ទេ ព្រោះ​បើ​មាន​​ថ្នាក់ដឹកនាំ​សហជីព​ណា​មួយ​ក្នុង​ចំណោម​​សហជីព​​ទាំង ៥ ​ត្រូវ​​​​​បាន​គេ​ប្ដឹង​ទៅ​​កាន់​ស្ថាប័ន​តុលាការ ដើម្បី​គាប​សង្កត់ ឬ​គំរាម​កំហែង​នោះ។

​សេចក្ដី​ថ្លែងការណ៍​ដដែល​ក៏​បាន​ស្នើ​ទៅ​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ ​គួរ​អនុញ្ញាត​ឲ្យ​កម្មករ​-​កម្មការិនី ឈប់​សម្រាក​ពី​ការងារ​មួយ​រយៈពេល ដោយ​មិន​កាត់​ប្រាក់​អត្ថប្រយោជន៍​​​ផ្សេងៗ ដើម្បី​​បញ្ចៀស​នូវ​អំពើ​ហិង្សា​នានា ដែល​អាច​នឹង​កើត​មាន​ឡើង​នាំ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត​​​​​កម្មករ និង​​ទ្រព្យ​សម្បត្តិ​​រោងចក្រ សហគ្រាស តាម​រយៈ​រូបភាព​នៃ​ការ​បង្ក្រាប​ផ្សេងៗ ពី​សំណាក់​អាជ្ញាធរ​មាន​​សមត្ថកិច្ច​ក្រោម​លេស​ចោទ​ថា ជា​ក្រុម​ជន​អនាធិបតេយ្យ។

បន្ថែម​លើ​លិខិត លោក ជា មុនី ថ្លែង​ថា ជំនួប​ពិភាក្សា​រវាង​ក្រសួង​ការងារ និង​មេដឹកនាំ​សហជីព​ដែល​គាំទ្រ​ការ​​ទាម​ទារ​ដំឡើង​ប្រាក់ខែ​គោល​កម្មករ អាច​ធ្វើ​ទៅ​បាន​ដរាប​ណា​គ្មាន​ការ​គំរាម​កំហែង ឬ​ការ​ប្តឹង​មេដឹកនាំ​សហ​ជីព និង​សមាគម​ទៅ​តុលាការ។

​​ក្រសួង​ការងារ​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា​ បាន​ចេញ​លិខិត​អញ្ជើញ​ប្រជុំ​មេដឹកនាំ​សហជីព​កម្មករ​ចំនួន ៥​រូប មាន​លោក​ ជា មុនី លោក អាត់ ធន់ លោក ប៉ាវ ស៊ីណា លោកស្រី ម៉ម ញឹម និង​លោកស្រី យ៉ាង ​សោភ័ណ្ឌ ដែល​​​​​​​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​​កម្មករ​ឆ្នាំ​២០១៤ ចំនួន ១៦០​ដុល្លារ​ក្នុង​១​ខែ​​នៅ​ថ្ងៃ​ទី​៨ ខែ​មករា។

​​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​គោល​កម្មករ​ពី ៨០​ដុល្លារ ក្នុង​១​ខែ ដល់ ​១០០​ដុល្លារ ដោយ​ចាប់​អនុវត្ត នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៤។ ប៉ុន្តែ​ការ​ដំឡើង​នេះ ត្រូវ​មេដឹកនាំ​សហជីព និង​កម្មករ​នៅ​តាម​រោងចក្រ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​មួយ​ចំនួន មិន​ព្រម​ទទួល​យក និង​បន្ត​ប្រមូល​​ផ្តុំ​ធ្វើ​បាតុកម្ម​មិន​ចូល​ធ្វើការ​នៅ​មុខ​រោងចក្រ និង​មាន​បិទ​ផ្លូវ​ជាតិ​ខ្លះ​ផង រហូត​មាន​សកម្មភាព​បង្ក្រាប​ដោយ​​​ផ្ទុះ​អាវុធ​របស់​កង​កម្លាំង​ចម្រុះ​​​​​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​សុក្រ ទី​៣ ខែ​មករា។

មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា សកម្មភាព​បង្ក្រាប​ដោយ​ហិង្សា​ទៅ​លើ​ក្រុម​កម្មករ​ផ្ដើម​ដោយ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​រដ្ឋាភិបាល កាល​ពី​សប្ដាហ៍​មុន គឺ​បាន​បណ្ដាល​ឲ្យ​កម្មករ-​ សិស្សសាលា និង​ប្រជាពលរដ្ឋ​ខ្មែរ ស្លាប់​​ចំនួន ៤​នាក់ និង​របួស​ជិត ៤០​នាក់ ដោយ​អាជ្ញាធរ​ចោទ​ថា ក្រុម​​កម្មករ​បាន​ប្រើ​ហិង្សា​​​​ទៅ​លើ​​សមត្ថកិច្ច។

ព្រឹត្តិការណ៍​បង្ហូរ​ឈាម​រវាង​ខ្មែរ​គ្នា​ឯង​នេះ ប៉ុន្មាន​ថ្ងៃ​មក​នេះ កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​របស់​រដ្ឋាភិបាល បាន​ចាប់​បញ្ជូន​មេដឹកនាំ​សហជីព តំណាង​កម្មករ និង​ពលរដ្ឋ​​ចំនួន ២៣​នាក់​ដាក់​ពន្ធនាគារ ដោយ​ចោទ​ពី​បទ​ញុះញង់​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម ឬ​អំពើ​ហិង្សា​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ឬ​ក្រុមហ៊ុន​ជាដើម។

លោក គៀត ច័ន្ទថារិទ្ធ មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ នៃ​ក្រសួង​មហាផ្ទៃ បាន​ចោទ​ការ​ប្រមូល​ផ្តុំ​តវ៉ា​របស់​ក្រុម​កម្មករ​ដំឡើង​ប្រាក់​ខែ​គោល ថា​ធ្វើ​ឡើង​អនាធិបតេយ្យ និង​បាន​បង្ក​ឲ្យ​មាន​បញ្ហា​វឹកវរ​​ក្នុង​សង្គម​​ ព្រម​ទាំង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​របស់​វិនិយោគទុន ឬ​ទ្រព្យ​សម្បត្តិ​សាធារណៈ។ លោក​បន្ត​ថា ការ​អនុវត្ត​របស់​កម្លាំង​សមត្ថកិច្ច គឺ​ដើម្បី​រក្សា​សន្តិសុខ និង​ស្ថិរភាព​ក្នុង​សង្គម​ជាតិ។

អ្នក​នាំ​ពាក្យ​រូប​នេះ បាន​ឲ្យ​ដឹង​ថា យុទ្ធនាការ​បោស​សម្អាត​ក្រុម​កម្មករ​អនាធិបតេយ្យ បាន​បណ្ដាល​ឲ្យ​កម្លាំង​សមត្ថកិច្ច​រង​របួស​មួយ​ចំនួន ដោយសារ​ការ​គប់​ដុំ​ថ្ម​ការ​បាញ់​ចម្ពាម​កៅស៊ូ និង​ការ​គប់​ដប​សាំង ទៅ​លើ​កម្លាំង​ចម្រុះ​របស់​ក្រុម​ជ្រុល​និយម។

​​លោក កេន លូ អគ្គលេខាធិការ​សមាគម​កាត់​ដេរ​នៅ​កម្ពុជា ឬ​ហៅ​កាត់ ជីម៉ាក់ (GMAC) ត្រូវ​បាន​កាសែត ខេមបូឌា ដេលី (Daily) ដក​ស្រង់​សម្តី​មក​ចុះ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មករា បាន​ប្រកាស​គាំទ្រ​សកម្មភាព​បង្ក្រាប​របស់​កម្លាំង​​​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​ទៅ​លើ​ការ​ប្រមូល​ផ្តុំ​តវ៉ា​របស់​ក្រុម​កម្មករ​ក្នុង​ប៉ុន្មាន​ថ្ងៃ​មក​នេះ។ តំណាង​ថៅកែ​រោងចក្រ​រូប​នេះ បាន​បាន​ចាត់​ទុក​ការ​ប្រើប្រាស់​អាវុធ សម្លាប់ ឬ​បង្ក្រាប​សកម្មភាព​តវ៉ា​របស់​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​លើ​កម្មករ ថា​ជា​រឿង​ត្រឹមត្រូវ ដើម្បី​បញ្ឈប់​សកម្មភាព​អនាធិបតេយ្យ ដែល​បង្ក​ហិង្សា​ដោយ​គប់​ដុំ​ថ្ម ឬ​សកម្មភាព​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ​ជាដើម។

​ត្រង់​ចំណុច​នេះ លោក នី ចរិយា អនុ​បណ្ឌិត​ច្បាប់​និង​ជា​ប្រធាន​ផ្នែក​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC)។ លោក​បាន​រិះគន់​អគ្គលេខាធិការ​សមាគម​កាត់​ដេរ​កម្ពុជា លោក កេន លូ ​ជា​តំណាង​ឲ្យ​ថៅកែ​រោងចក្រ​ ដែល​ប្រកាស​គាំទ្រ​ការ​​បង្ហូរ​ឈាម ផ្ដើម​ដោយ​កម្លាំង​​ប្រដាប់​អាវុធ​ចម្រុះ​រដ្ឋាភិបាល​ទៅ​លើ​កម្មករ​កាល​ពី​សប្ដាហ៍​មុន។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​ចាត់​ទុក​ សកម្មភាព​បង្ក្រាប​ទៅ​លើ​ជន​ស៊ីវិល ឬ​កម្មករ​ដែល​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ដំឡើង​ប្រាក់​ខែ ថា​ជា​អំពើ​ផ្ដាច់ការ រំលោភ​សិទ្ធិ​មនុស្ស និង​រំលោភ​ច្បាប់​រដ្ឋ​ធមុ្មនុញ្ញ​​កម្ពុជា ធ្ងន់ធ្ងរ។

​​បញ្ហា​នេះ​ដែរ ​​លោក ​រ៉ុង ​ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ ទី​៦ ខែ​មករា ថា ក្រសួង​ការងារ​មិន​បាន​ហៅ​រូប​លោក​ទៅ​ជួប​ប្រជុំ​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ខាង​មុខ​ទេ គឺ​បាន​ហៅ​មេដឹកនាំ​សហជីព​តែ​ចំនួន ៥ ទេ ទៅ​ប្រជុំ។ ប៉ុន្តែ​លោក​ថា រូបលោក​ត្រូវ​តុលា​​ការ​សាលាដំបូង​ចេញ​ដីកា​កោះ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ដោយ​ចោទ​ពី​បទ​ញុះញង់​កម្មករ​​ធ្វើ​បាតុកម្ម និង​ឲ្យ​មាន​អំពើ​ហិង្សា​ផ្សេងៗ។ លោក រ៉ុង ឈុន បាន​ថ្លែង​ថា មិន​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​អ្វី​ទេ ហើយ​នឹង​ទៅ​បំភ្លឺ​នៅ​តុលាការ​តាម​ការ​កោះ​ហៅ។

​យ៉ាង​ណា​ក៏ដោយ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ក្រសួង​​បាន​ចេញ​ប្រកាស​​ស្តីពី​ការ​កំណត់​ប្រាក់​​ឈ្នួល​អប្បបរមា ឬ​ប្រាក់ខែ​គោល​​កម្មករ​ពី ៨០​ដុល្លារ​ក្នុង​១​ខែ ដល់ ១០០​ដុល្លារ​ គិត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៤ បន្ថែម​ពី​លើ​អត្ថប្រយោជន៍​​​ផ្សេងៗ ដែល​មាន​ស្រាប់​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ មាន​ក្រុម​កម្មករ​តាម​រោងចក្រ​នានា និង​សហជីព​​ភាគ​ច្រើន​បាន​អបអរសាទរ និង​ព្រម​ទទួល​យក ហើយ​ពួក​គេ​បាន​ព្រម​វិល​ចូល​ធ្វើ​ការ​ជា​ធម្មតា​វិញ ​នៅ​ថ្ងៃ​ទី​២ ខែ​​មករា តាម​ការ​កំណត់​របស់​ក្រសួង។ ប៉ុន្តែ​ការ​ដំឡើង​នេះ ត្រូវ​មេដឹកនាំ​សហជីព និង​កម្មករ​នៅ​តាម​រោងចក្រ​កាត់ដេរ និង​ផលិត​ស្បែក​ជើង​មួយ​ចំនួន​មិន​ព្រម​ទទួល​យក និង​បន្ត​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម រហូត​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កង​​កម្លាំង​​ប្រដាប់​អាវុធ​ចម្រុះ រដ្ឋាភិបាល​កាល​ពី​សប្ដាហ៍​មុន។

មន្ត្រី​ក្រសួង​ការងារ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ ខែ​មករា ថា ចំពោះ​កិច្ច​ប្រជុំ​រវាង​ថ្នាក់​ដឹកនាំ​ក្រសួង​ការងារ និង​មេដឹកនាំ​សហជីព​កម្មករ​ចំនួន ៥ ដែល​គ្រោង​រៀបចំ​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​មករា​ ត្រូវ​ប្រកាស​លើក​ពេល​ទៅ​ថ្ងៃ​ក្រោយ ដោយ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ​ និង​មូលហេតុ​ច្បាស់លាស់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។