អតិថិជនរបស់ក្រុមហ៊ុនទូរស័ព្ទមួយនេះចាត់ទុកថា គោលនយោបាយរបស់រដ្ឋាភិបាល បិទបានតែចំពោះផលប្រយោជន៍ណាដែលចំណេញដល់ពលរដ្ឋប៉ុណ្ណោះ តែអ្វីដែលចំណេញដល់ឈ្មួញ ឬ មន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលវិញ ដូចជា តម្លៃឡានក្រុង និងថ្លៃសាំង ឬថ្លៃទំនិញនៅលើទីផ្សារ ពុំដែលឃើញរដ្ឋាភិបាលចាត់វិធានការប្រកបដោយប្រសិទ្ធភាពនោះឡើយ។
ប្រតិកម្មនេះធ្វើឡើងក្រោយពីមានបម្រាម និងការរឹតបន្តឹងផ្នែកផ្លូវច្បាប់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ។
ពលរដ្ឋនៅខេត្តព្រះសីហនុ និងជាគ្រូបង្រៀនប្រចាំវិទ្យាល័យក្រុងព្រះសីហនុ លោក តិល សាមុត មានប្រសាសន៍នៅថ្ងៃទី៣០ មេសា ថា ការទប់ស្កាត់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រឆាំងមិនអនុញ្ញាតឲ្យក្រុមហ៊ុន ស្មាត មានកម្មវិធីហៅចេញក្នុងតម្លៃមួយដែលថោកល្មម និងបញ្ចុះតម្លៃទាបក្នុងប្រព័ន្ធ នោះមានន័យថា គឺជាការព្យាយាមបង្កើនចំណាយ និងជំរុញឲ្យមានភាពក្រក្រីកាន់តែខ្ពស់បន្ថែមទៀតរបស់ពលរដ្ឋនៅក្នុងសង្គម។
លោកបន្តថា នៅមុនក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញគោលការណ៍ទប់ស្កាត់ មិនឲ្យក្រុមហ៊ុនទូរស័ព្ទមួយចំនួនបញ្ចុះថ្លៃលើសេវាហៅចេញ អ្នកប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ ស្មាត អាចទទួលបានផលប្រយោជន៍ច្រើនយ៉ាងពីអត្រានៃការហៅនេះ ដូចជា ការចំណាយតិច និងអាចសន្ទនាបានចប់សាច់រឿង បើប្រៀបធៀបនឹងប្រព័ន្ធទូរស័ព្ទផ្សេងទៀត៖ «ហើយគេបង្កលក្ខណៈឲ្យស្រួលហើយ ប្រើបានធូរថ្លៃល្មម ហើយហេតុអ្វីក៏ទៅជាចេញដាក់សេចក្ដីប្រកាសឲ្យគេកាត់បន្ថយអ្វីដែលថោកៗនោះឲ្យទៅជាថ្លៃទៅវិញ? អ៊ីចឹងខ្ញុំគិតថា វាដូចជាមិនអាចទទួលយកបាន ចំពោះទស្សនៈខ្ញុំ ព្រោះវាជាទីផ្សារសេរី»។
ដូចនេះដែរ លោកស្រី ជា រដ្ឋាវី ពលរដ្ឋនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចាត់ទុកថា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មិនគួរចេញគោលការណ៍របស់ខ្លួនដែលនាំឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ដូច្នេះឡើយ។ លោកស្រីគិតថា ការកំណត់តម្លៃនៃការហៅចេញ ជិត ៥សេន គ្រប់ប្រព័ន្ធក្នុងមួយនាទី ដូចអ្វីដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញគោលការណ៍នោះ ស្មើនឹងចាប់បង្ខំពលរដ្ឋដែលមានស្ថានភាពក្រីក្រឲ្យប្រឈមមុខនឹងបញ្ហាជីវភាពកាន់តែធ្ងន់ធ្ងរបន្ថែមទៀត កើតចេញពីការប្រើប្រាស់ទូរស័ព្ទនេះ។
លោកស្រីបន្តថា៖ «មានការអីត្រូវទំនាក់ទំនងអីណាឈ្នះតែមានទឹកលុយបញ្ចូល។ ដូចប្រាក់ខែកម្មករអីតិចតួចហ្នឹង បញ្ចូលតែទូរស័ព្ទមួយខែៗហ្នឹងចង់អស់បាត់ហើយ ហើយបើមានការហ្វ្រីអ៊ីចឹង ជួនកាលទៅអាចភ្ជាប់ប្រព័ន្ធបានមួយខែ ៣ដុល្លារ ៥កាក់អីអ៊ីចឹងទៅ អាចនិយាយបានមួយខែអីវាធូរលុយដែរ»។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបានទេពីម្ចាស់ក្រុមហ៊ុនទូរស័ព្ទ ស្មាត និងក្រុមហ៊ុនមួយចំនួនទៀត ដូចជាក្រុមហ៊ុន ហេឡូ (Hello) និងក្រុមហ៊ុន មិត ហ្វូន (Metfone)។
មន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍មួយចំនួន ក៏មិនហានធ្វើអត្ថាធិប្បាយជុំវិញការប្រតិកម្មរបស់ពលរដ្ឋនេះដែរ នៅថ្ងៃទី៣០ មេសា នៅពេលវិទ្យុអាស៊ីសេរី សុំការធិប្បាយ។ ប៉ុន្តែកាសែតក្នុងស្រុកចុះផ្សាយនៅថ្ងៃទី៣០ មេសា ដោយស្រង់សំដីរបស់លោក ម៉ូវ ចរិយា ប្រធានបញ្ញត្តិករទូរគមនាគមន៍កម្ពុជា ដែលនិយាយកាលពីថ្ងៃទី២៦ មេសា កន្លងទៅ នៅក្នុងសន្និសីទកាសែត ស្ដីពីការទប់ស្កាត់ការប្រកួតប្រជែងមិនស្មោះត្រង់។ មន្ត្រីរបស់ក្រសួងមួយនេះ ធ្លាប់ព្រមានដល់ម្ចាស់ក្រុមហ៊ុនដែលគិតថា ធ្វើអាជីវកម្មមិនស្មោះត្រង់ថា ប្រសិនមិនគោរពតាមសេចក្ដីប្រកាស ២៣២ ទេ នឹងត្រូវបញ្ចប់អាជ្ញាប័ណ្ណមិនអនុញ្ញាតឲ្យធ្វើអាជីវកម្មឡើយ។
មន្ត្រីនិយាយថា ចាប់ពីថ្ងៃទី២៦ មេសា តទៅគ្រប់ក្រុមហ៊ុនដែលតែងបញ្ចុះតម្លៃហៅចេញទាំងអស់ ត្រូវបញ្ចប់កិច្ចការរបស់ខ្លួនជាស្ថាពរ ហើយតម្លៃនៃការហៅចេញត្រូវអនុវត្តស្មើៗគ្នាជិត ៥សេនក្នុងមួយនាទី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។