អង្គការក្រៅរដ្ឋាភិបាលចំនួនពីរ ចៅអធិការវត្ត អាជ្ញាធរ រួមនឹងគណៈគ្រប់គ្រងសាលាមួយចំនួននៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បានសហការគ្នាធ្វើពិធីបុណ្យផ្កាប្រាក់មហាសាមគ្គីរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ មីនា ក្នុងគោលបំណងប្រមូលថវិកាជួយបំពេញតម្រូវការចាំបាច់របស់សាលារៀនដែលកំពុងខ្វះខាត។
គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលមួយឈ្មោះថា ជួយមើលសាលារៀន ឬហៅថា ឆែកម៉ាយស្គូល (Check My School) ដែលជាគម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលចំនួនពីរ សហការជាមួយថ្នាក់ដឹកនាំសាលា បានបំផុសឲ្យមានពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីរកថវិកាជួយឧបត្ថម្ភការខ្វះខាតរបស់សាលារៀនមួយចំនួនក្នុងខេត្តកំពង់ចាម ដូចជាបង្គន់អនាម័យ បន្ទប់ទឹក និងសេវាអប់រំផ្សេងៗទៀត។
នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរសម្រាប់អភិវឌ្ឍន៍ជាតិ ហៅកាត់ថា ខាញដ៍ (KIND) លោក សេង ឬទ្ធី មានប្រសាសន៍ថា នេះជាពិធីតាមលក្ខណៈប្រពៃណីសាសនា។ លោកថា កម្មវិធីបុណ្យចាប់ផ្ដើមដំបូងនៅអនុវិទ្យាល័យគគរ ស្រុកកំពង់សៀម ដោយមានការចូលរួមពីសំណាក់អាណាព្យាបាលសិស្សជាច្រើនក្នុងសហគមន៍៖ «ប្រជាពលរដ្ឋហាក់ដូចជាគាត់យល់ពីតម្រូវការ ទោះបីជាក្នុងពិធីបុណ្យយើងមិនបានធ្វើអធិកអធមនោះ។ គាត់អត់ខ្វល់ដែរ»។
ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី គឺប្រារព្ធឡើងចំនួន ៥ថ្ងៃ ដោយកំណត់តំបន់គោលដៅចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ កម្មវិធីបុណ្យចាប់ផ្ដើមពីថ្ងៃទី១៩ ខែមីនា គឺធ្វើឡើងនៅអនុវិទ្យាល័យគគរ ឋិតនៅក្នុងភូមិគគរ១ ឃុំគគរ។ នៅថ្ងៃទី២០ ខែមីនា ធ្វើនៅអនុវិទ្យាល័យខែល ជ័យ ឋិតនៅក្នុងភូមិខែលជ័យ ឃុំអូរស្វាយ។ ដោយឡែកនៅថ្ងៃទី២១ មីនា កម្មវិធីប្រារព្ធនៅអនុវិទ្យាល័យគៀនជ្រៃ ឋិតនៅក្នុងភូមិស្ពានថ្មី ឃុំគៀនជ្រៃ។ នៅថ្ងៃទី២៣ ខែមីនា គឺប្រារព្ធពិធីនៅអនុវិទ្យាល័យកោះទន្ទឹម ឋិតនៅក្នុងភូមិកោះប្រាក់លើ ឃុំកោះទន្ទឹម ស្រុកកំពង់សៀម និងចុងក្រោយនៅថ្ងៃទី២៤ ខែមីនា ពិធីបុណ្យនឹងធ្វើឡើងនៅអនុវិទ្យាល័យអង្គរ ឋិតនៅក្នុងភូមិអំពិលលើ ឃុំអំពិល។ លោក សេង ឬទ្ធី បញ្ជាក់ថា មូលហេតុដែលខាងលោកជ្រើសរើសយកសាលាទាំង៥ នេះ គឺដោយសាររកឃើញថា សាលាទាំងនោះមានការខ្វះខាតសេវាអប់រំនៅក្នុងសាលាជាចាំបាច់ ពិសេស គឺបង្គន់អនាម័យ។ លោកថា ថវិកាដែលប្រមូលបាន នឹងប្រគល់ឲ្យអ្នកគ្រប់គ្រងសាលាយកទៅប្រើប្រាស់តាមតម្រូវការជាអាទិភាពនៅក្នុងសាលា។
នាយកអនុវិទ្យាល័យគគរ លោក គង់ សុផាណារិទ្ធ សម្ដែងអារម្មណ៍រីករាយនៅពេលកម្មវិធីបុណ្យផ្កាប្រាក់មហាសាមគ្គី មានការចូលរួមពីពលរដ្ឋច្រើន ពីព្រោះជាការជំរុញស្មារតីប្រជាពលរដ្ឋឲ្យមានការចូលរួមចំណែកក្នុងកិច្ចការសង្គម។ លោកថា ថវិកាដែលប្រមូលបានពីបុណ្យផ្កាប្រមាណ ៣លានរៀល គឺនឹងយកទៅធ្វើបង្គន់អនាម័យ និងបន្ទប់ទឹកសម្រាប់សិស្សនារីក្នុងពេលឆាប់ៗ ទៅតាមការសម្រេចរបស់ប្រជាពលរដ្ឋ ប៉ុន្តែលោកថា ថវិកានោះគឺនៅខ្វះតិចតួច៖ «អ៊ីចឹងបើប្រជាជនសម្រេចចិត្តយកបន្ទប់ទឹកហើយ អ៊ីចឹងធ្វើឲ្យនារីមួយទៀតទៅ ឲ្យដាច់ដោយឡែកហ្មងទៅ»។
អនុវិទ្យាល័យគគរ មានសិស្សចំនួន ១៦០នាក់ ក្នុងនោះស្រី ៨០នាក់ ហើយសាលានេះនៅខ្វះខាតសម្ភារៈខ្លះទៀត ដូចជារបងសាលា និងបញ្ហាទីធ្លាបរិស្ថានសាលា ជាដើម។
យ៉ាងណា តំណាងសម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ មានប្រសាសន៍ថា កង្វះខាតសម្ភារៈនៅក្នុងសាលា ក៏អាចជាកត្តាមួយនាំឲ្យសិស្សសម្រេចចិត្តបោះបង់ចោលការសិក្សាដែរ ហើយវាក៏ជាកត្តាមួយជំរុញឲ្យសិស្សកាន់តែចង់រៀន នៅពេលបរិស្ថានសាលាស្អាត និងសេវាអប់រំក្នុងសាលាមានគ្រប់គ្រាន់៖ «ត្រូវការប្រើប្រាស់សេវាបន្ទប់ទឹក បង្គន់អនាម័យ ប្រសិនបើសាលារៀនមិនមានទេ គឺធ្វើឲ្យពួកគាត់មានការធុញទ្រាន់។ យើងដឹងហើយសិស្សស្រីនៅពេលធំ គាត់អាចមានការធុញទ្រាន់»។
លោកថា ផែនការទៅមុខទៀតអាចនឹងមានពិធីបែបនេះនៅខេត្តមួយចំនួន ដែលឋិតនៅឆ្ងាយពីរាជធានីភ្នំពេញ ដូចជាខេត្តកំពង់ស្ពឺ ស្វាយរៀង បាត់ដំបង ជាដើម ប៉ុន្តែខាងលោកត្រូវការព័ត៌មានមួយ ដោយផ្អែកលើភាពខ្វះខាតរបស់សាលាទាំងនោះឲ្យបានជាក់លាក់ជាមុនសិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
