ថ្ងៃ​ទី​២៦ មេសា ជា​ថ្ងៃ​ខួប​៥​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី

ដោយ ម៉ម មុនីរតន៍
2017-04-21
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី (រូប​អង្គុយ​លើក​ដៃ) ក្នុង​ឈុត​មួយ​នៃ​វីដេអូ​ឯកសារ “I am Chut Wutty" ឬ "ខ្ញុំ​ជា ឈុត វុទ្ធី"។
សកម្មជន​បរិស្ថាន លោក ឈុត វុទ្ធី (រូប​អង្គុយ​លើក​ដៃ) ក្នុង​ឈុត​មួយ​នៃ​វីដេអូ​ឯកសារ “I am Chut Wutty" ឬ "ខ្ញុំ​ជា ឈុត វុទ្ធី"។
RFA Screenshot

នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ខាង​មុខ​នេះ គឺ​ជា​ខួប ៥​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​អ្នក​ការពារ​បរិស្ថាន​ដ៏​ល្បីល្បាញ លោក ឈុត វុទ្ធី ខណៈ​ក្រុម​អ្នក​សង្កេតការណ៍​ផ្នែក​សិទ្ធិមនុស្ស​យល់​ឃើញ​ថា របាយការណ៍​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​ជុំវិញ​អំពើ​ឃាតកម្ម​នេះ នៅ​តែ​មិន​អាច​ជឿ​ទុក​ចិត្ត​បាន។

លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ភ្លាមៗ​នៅ​ក្នុង​រថយន្ត​របស់​លោក​ក្នុង​ដំណើរ​ស៊ើបអង្កេត​ពី​បទល្មើស​ព្រៃឈើ និង​បទល្មើស​វល្លិ​រមៀត នៅ​ក្នុង​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន (Timber Green) ស្ថិត​ក្នុង​ខេត្ត​កោះកុង ជាមួយ​បុគ្គលិក ២​រូប​ផ្សេង​ទៀត​របស់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)។

កាល​ពី ៥​ឆ្នាំ​មុន របាយការណ៍​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​រក​ឃើញ​ថា មូលហេតុ​ដែល​ឈាន​ដល់​ការ​បាញ់​ប្រហារ​គ្នា​នេះ ដោយសារ​ទំនាស់​ពាក្យ​សម្ដី​រវាង​លោក ឈុត វុទ្ធី និង​កងរាជអាវុធហត្ថ ឈ្មោះ អ៊ិន រតនា ដែល​ការពារ​ឲ្យ​ក្រុមហ៊ុន​នៅ​តំបន់​នោះ។ នៅ​ពេល​មន្ត្រី​កងរាជអាវុធហត្ថ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ហើយ ចំណែក​ឈ្មោះ រ៉ាន់ បូរ័ត្ន ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន ធីមប៊ឺ ហ្គ្រីន ក៏​បាន​បាញ់​មន្ត្រី​កងរាជអាវុធហត្ថ​នោះ​វិញ ដោយ​អចេតនា។

ក្រោយ​កើតហេតុ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១២ តុលាការ​ខេត្ត​កោះកុង សម្រេច​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស​បុគ្គលិក​ក្រុមហ៊ុន ធីមប៊ី ហ្គ្រីន ឈ្មោះ រ៉ាន់ បូរ័ត្ន ដាក់​ពន្ធនាគារ ២​ឆ្នាំ។ ប៉ុន្តែ​បច្ចុប្បន្ន​ឈ្មោះ រ៉ាន់ បូរ័ត្ន កំពុង​រស់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ពេល​បុគ្គលិក​រូប​នេះ​អនុវត្ត​ទោស​បាន ១ ភាគ ៣ នៃ​ទោស​រួចរាល់ រី​ឯ​ទោស​ដែល​នៅ​សល់​ត្រូវ​ព្យួរ។

បើ​ទោះ​ជា​បែប​ណា ក្រុម​អង្គការ​សង្គម​ស៊ីវិល មិន​ជឿ​លើ​របាយការណ៍​នេះ​ឡើយ ដោយ​សំអាង​ហេតុ​ថា អ្នក​ដែល​ស្ថិត​នៅ​ពី​ក្រោយ​បទឧក្រិដ្ឋ​នេះ មិន​មែន​ត្រឹម​តែ​មនុស្ស​ពាក់ព័ន្ធ ២ ឬ ៣​នាក់​នេះ​ប៉ុណ្ណោះ​ទេ។ លើស​ពី​នេះ​ទៅ​ទៀត របាយការណ៍​ស៊ើបអង្កេត​របស់​សមត្ថកិច្ច​នេះ​ធ្វើ​ឡើង​ដើម្បី​ឆាប់​បញ្ចប់​សំណុំរឿង​កុំ​ឲ្យ​ពាក់ព័ន្ធ​ទៅ​មនុស្ស​ដទៃ​ទៀត​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល