ព្រះចៅ​អធិការ​វត្ត​មាន​និន្នាការ​ប្រជាធិបតេយ្យ​មួយ​អង្គ​​​ត្រូវ​ដក​ចេញ​ពី​តំណែង

0:00 / 0:00

ព្រះចៅ​អធិការ​វត្ត​​ជ័យមុនី នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង ត្រូវ​អាជ្ញាធរ​និង​មន្ត្រី​ធម្មការ​ស្រុក​រំដួល ដក​ពី​តំណែង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ សីហា ដោយ​ចោទ​ថា បញ្ចុះបញ្ចូល​ពុទ្ធបរិស័ទ​រារាំង​​​ការ​ជីក​ប្រឡាយ​ទឹក ​និង​អនុវត្ត​តួនាទី​ជា​ព្រះចៅ​អធិការ​មិន​ត្រឹមត្រូវ។ ប៉ុន្តែ​ព្រះ​អង្គ​មាន​ព្រះ​ថេរដីកា​បដិសេធ​ថា ជា​រឿង​ប្រឌិត​​​​​ទម្លាក់​កំហុស​ទាំង​បង្ខំ​ ដោយសារ​​​កន្លង​មក​ព្រះអង្គ​ចូល​​រួម​ធ្វើ​បាតុកម្ម​ញឹកញាប់​នៅ​រាជធានី​ភ្នំពេញ។

ព្រះ​ចៅ​អធិការ​​និង​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​ប្រតិកម្ម​ភ្លាមៗ​បន្ទាប់​ការ​ពី​មាន​ប្រកាស​ដក​តំណែង​ព្រះអង្គ​នោះ​ដោយ​ចាត់​ទុក​​សកម្មភាព​របស់​អាជ្ញាធរ​ថា ជា​ទង្វើ​មួយ​តក់ក្រហល់​ធ្វើ​ឡើង​ដោយ​អយុត្តិធម៌​និង​គ្មាន​មូល​ហេតុ​ច្បាស់​លាស់។

ព្រះតេជព្រះគុណ​ អ៊ិន​ ពុទ្ធី​ មាន​ព្រះ​ថេរដីកា​បន្ទាប់​ពី​ដក​តំណែង​ថា​ អាជ្ញាធរ​រួម​មាន​មន្ត្រី​កង​ប្រដាប់​អាវុធ​អភិបាល​រង​ស្រុក​មន្ត្រី​ធម្មការ​និង​សាសនា ព្រមទាំង​ព្រះ​អនុគណ​ស្រុក​រំដួល បាន​នាំ​កម្លាំង​ប្រមាណ ៣០​នាក់​ចុះ​ទៅ​ដក​តំណែង​ព្រះអង្គ​ពី​ព្រះចៅ​អធិការ​វត្ត​ខណៈ​ដែល​ព្រះអង្គ​កំពុង​ឆាន់​អាហារ​ពេល​ព្រឹក ដោយ​ចោទ​ប្រកាន់​ថា ព្រះ​អង្គ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការ​​សាងសង់​ប្រឡាយ​ទឹក​របស់​អាជ្ញាធរ​ស្រុក​រំដួល និង​ខ្វះ​សមត្ថភាព​ជា​ព្រះចៅ​អធិការ។

ព្រះ​អង្គ អ៊ិន ពុទ្ធី មាន​ព្រះ​ថេរដីកា​​ថា​ ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នោះ​គឺ​ជា​ការ​មួល​បង្កាច់​ទាំង​ស្រុង​ដើម្បី​រារាំង​មិន​​ព្រះអង្គ​ចូល​រួម​ធ្វើ​សកម្មភាព​តាម​បែប​ប្រជាធិបតេយ្យ​ក្នុង​សង្គម៖ «ការ​ប្រជុំ​ដក​តំណែង​ព្រឹក​មិញ​ហ្នឹង សូម្បី​តែ​អាត្មា​សុំ​ធ្វើ​ការ​តវ៉ា​សុំ​​បញ្ចេញ​មតិយោបល់ ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​គាត់​សុំ​ធ្វើ​ការ​ជំទាស់ សុំ​តវ៉ា​ហ្នឹង ក៏​គេ​បំបិទ​មិន​ឲ្យ​ធ្វើ​ការ​តវ៉ា មិន​ឲ្យ​និយាយ​អី​ទាំង​អស់។ ដល់​ថ្នាក់​អាត្មា​បង្ខំ​ចិត្ត​រត់​ទៅ​បិទ​មីក្រូ​ហើយ​គេ​លែង​និយាយ អាត្មា​និយាយ​ម្ដង កុំ​អី​អាត្មា​មិន​បាន​និយាយ​ទេ​ព្រឹក​មិញ តែ​មួយ​ម៉ាត់​មិន​បាន​និយាយ​ផង។ ប៉ុន្តែ​ដោយសារ​អាត្មា​ជម្នះ​ចិត្ត​ក្នុង​ការ​និយាយ​ហ្នឹង និយាយ​បាន ពីរ​បី​ម៉ាត់​គេ​បើក​មីក្រូ​និយាយ​វិញ​អ៊ីចឹង​ទៅ។ ដល់​បញ្ចប់​​ហើយ​អាត្មា​តវ៉ា​ទៀត​ក៏​គេ​បំបិទ​សិទ្ធិ​ទៀត គេ​ថា​ឲ្យ​អាត្មា​ទៅ​តវ៉ា​នៅ​ព្រះ​មេគណ​ខេត្ត​ទៅ មិន​បាច់​តវ៉ា​អី​ត្រង់​ហ្នឹង​ទេ គេ​​និយាយ​អ៊ីចឹង​តែ​ម្ដង។ និយាយ​ទៅ​បែប​កុម្មុយនិស្ត​សុទ្ធសាធ»

ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​មួយ​ចំនួន​ក៏​ប្រតិកម្ម​ចំពោះ​ការ​ដក​ហូត​តំណែង​ពី​​ព្រះ​ចៅ​វត្ត​​របស់​អាជ្ញាធរ​នេះ​​ដោយ​លើក​ឡើង​ថា​គ្មាន​មូលដ្ឋាន​ត្រឹម​ត្រូវ។

​​​​​​​​​​​​​​​​​​​ប្រជាពលរដ្ឋ​ម្នាក់​គឺ​លោក​ ផាត់​ វិជា​ រស់​នៅ​ភូមិ​វាល ឃុំ​ម៉ឺនជ័យ ស្រុក​រំដួល ថ្លែង​នៅ​ថ្ងៃ​ទី​៣ សីហា ថា កន្លង​មក​ព្រះ​អង្គ​​តែង​តែ​ចូល​រួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្លាប់​ដឹក​នាំ​ពុទ្ធបរិស័ទ​​តវ៉ា​ទាមទារ​​រឿង​​ទំនាស់​ដី​ធ្លី​​ជាមួយ​អាជ្ញាធរ​ជា​ប្រចាំ។

លោក ផាត់ វិជា ចាត់​ទុក​ការ​ ដក​ហូត​តំណែង​ពី​ព្រះចៅ​អធិការ​វត្ត​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​កាច់​បំបាក់​អ្នក​មាន​និន្នាការ​​ប្រជាធិបតេយ្យ៖ «បាទ! គឺ​ខ្ញុំ​ហ្នឹង​ឯង​អ្នក​និយាយ​ទូរស័ព្ទ​ផ្ទាល់​គឺ​គាំទ្រ​លោក​មួយ​រយ​ភាគ​រយ​តែ​ម្ដង។ លោក​ជួយ​តែ​អ្នក​ទុក្ខ​លំបាក​លោក​ជួយ​ឃើញ​ញាតិ​ណា​ទុក្ខ​លំបាក​លោក​ជួយ​ជាតិ​ ឃើញ​ប្រជាពលរដ្ឋ​មាន​ខ្វះ​ខាត​ដូច​ជា​អណ្ដូង​ទឹក ឬ​បង្គន់​លោក​ក៏​សុំ​បិណ្ឌបាត​ពី​ក្រៅ​មក យក​មក​ឲ្យ ជាក់​ស្ដែង​លោក​ក៏​ជួយ​ធ្វើ​ការងារ​ផ្ទាល់​ដោយ​ដៃ​របស់​លោក​ទៀត»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អនុគណ​ស្រុក​រំដួល​ ព្រះតេជព្រះគុណ​ កែវ​ ចាន់​ មាន​ព្រះ​ថេរដីកា​ថា ការ​ដក​ព្រះ​ចៅ​អធិការ​ពី​តំណែង​នោះ​​​​ពុំ​មាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ​ គឺ​ធ្វើ​ឡើង​ដោយសារ​ព្រះអង្គ​​អនុវត្ត​តួនាទី​ជា​ព្រះចៅ​អធិការ​វត្ត​​ពុំ​បាន​ត្រឹមត្រូវ។ ចំណែក​ឯ​កម្លាំង​ដែល​ទៅ​ចូល​រួម​ជាង ៣០​នាក់​នោះ ដើម្បី​ការពារ​សន្តិសុខ​ក្រែង​កើត​មាន​អំពើ​ហិង្សា​ណា​មួយ​​ខណៈ​​​ប្ដូរ​ព្រះចៅ​អធិការ​ថ្មី។

ព្រះតេជព្រះគុណ​ កែវ​ ចាន់៖ «មិន​អាច​ទុក​ឲ្យ​វត្ត​ហ្នឹង​នៅ​ត្រងោល​ខោល​បាន​ទេ ត្រូវ​មាន​ចៅ​អធិការ​ថ្មី។ ចៅ​អធិការ​ហ្នឹង​គឺ​ខាន​មក​ប្រជុំ​៨​ដង​ហ្នឹង វា​អស់​មាន​សុពលភាព​ហើយ ហើយ​វា​ដាច់​សង្វាក់​ពី​មន្ត្រី​សង្ឃ​ខ្វះ​ការ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក។ អត់​មាន​ត្រូវ​ការ​បញ្ចេញ​ពាក្យ​សម្ដី​អី​ទេ ព្រោះ​សម្រេច​ចិត្ត​ពី​មេគណ​ខេត្ត ហើយ​សាលា​មេគណ​ខេត្ត​អ្នក​សម្រេច ហើយ​អ៊ីចឹង​លោក​មិន​អាច​និយាយ​តប​ត​អី​ទៀត​បាន​ទេ ព្រោះ​កិច្ចការ​ហ្នឹង​វា​ចប់​និយាយ​ហើយ​វា​អស់​សុពល​ភាព​និយាយ​រួម»

​​​​​​​​​​​​​​មន្ត្រី​អង្គការ​សង្គម​​ស៊ីវិល​លើក​ឡើង​ថា ការ​ដក​ព្រះ​ចៅ​អធិការ​ពី​តំណែង​នេះ​​ជា​រឿង​នយោបាយ ពីព្រោះ​ថា​​​កន្លង​មក​ព្រះ​ចៅ​អធិការ​ចូលរួម​សកម្មភាព​នានា​ជា​មួយ​គណបក្ស​ប្រឆាំង​និង​ដឹក​នាំ​ប្រជាពលរដ្ឋ​ទាមទារ​សិទ្ធិ​សេរី​ភាព​ក្នុង​សង្គម។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង​ លោក​ នុត ប៊ូពិនណារ័ត្ន មាន​ប្រសាសន៍​ថា ការ​អាជ្ញាធរ​ដក​ព្រះ​ចៅ​អធិការ​វត្ត​ពី​តំណែង​ធ្វើ​ឡើង​ដោយ​​​តក់ក្រហល់​ ហើយ​ចាត់​ទុក​ការ​ដឹក​នាំ​កម្លាំង​កង​ប្រដាប់​អាវុធ​របស់​អាជ្ញាធរ​ស្រុក​រំដួល នោះ​ថា​​ជា​ការ​បំភិតបំភ័យ​​ប្រជាពលរដ្ឋ​ដោយ​​​ខុស​ច្បាប់៖ «បើ​យើង​និយាយ​ពី​ច្បាប់​វិញ​វា​គឺ​ខុស​ទៅ​លើ​​ច្បាប់​សាសនា ហើយ​សាសនា​គេ​មិន​ដែល​ធ្វើ​កម្លាំង​ប៉ូលិស​អី​អ៊ីចឹង​ចុះ​ទៅ​ធ្វើ​អ៊ីចឹង​ទេ។ ព្រោះ​លោក​មិន​មែន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​អី​ទេ គឺ​អត់​មាន​ទេ​គ្រាន់​ថា ប៉ះពាល់​លើ​វិន័យ​សង្ឃ​ អា​ហ្នឹង​គឺ​ព្រះសង្ឃ​​ដោះ​ស្រាយ ព្រះ​សង្ឃ​មិន​មែន​យក​កម្លាំង​សមត្ថកិច្ច​ទៅ​ធ្វើ​អ៊ីចឹង​វា​ខុស​ ហាក់​បី​ដូច​ជា​ធ្វើ​លក្ខណៈ​មួយ​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​សេរីភាព​ដល់​ព្រះ​សង្ឃ​ហ្នឹង រហូត​ធ្វើ​ឲ្យ​មាន​ភិតភ័យ​ប្រជាពលរដ្ឋ​ជិត​ខាង​ហ្នឹង»

​​ព្រះ​អនុគណ​ស្រុក​ឲ្យ​ដឹង​ថា​ ប្រធាន​សង្ឃ​ខេត្ត​ស្វាយរៀង បាន​តែង​តាំង​ព្រះសង្ឃ​ក្នុង​វត្ត​មួយ​ព្រះ​អង្គ​ព្រះនាម គិម ហ៊ឹង ជា​​ព្រះ​ចៅ​អធិការ​ថ្មី​ភ្លាម​ជំនួស​​តំណែង​ព្រះចៅ​អធិការ​ចាស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។