មន្ត្រី​ធម្មការ​ខេត្ត​កំពង់ឆ្នាំង​សម្រេច​មិន​ដក​តំណែង​ព្រះ​ចៅ​អធិការ​វត្ត​ឧទុម្ពរ

ដោយ ជិន ជេដ្ឋា
2015.08.08
សរ លាង ៦២០ ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ស្ដីទី​ខេត្ត​កំពង់ឆ្នាំង លោក សរ លាង (ពាក់​វ៉ែនតា) ដឹក​នាំ​កិច្ច​ប្រជុំ​ដោះស្រាយ​អធិករណ៍ ឬ​ជម្លោះ​នៅ​វត្ត​ឧទុម្ពរ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៥។
RFA/Chin Chetha

មន្ត្រី​ធម្មការ និង​ព្រះ​វិន័យ​ធម៌​គុណ​ខេត្ត​កំពង់ឆ្នាំង សម្រេច​មិន​ដក​តំណែង ឬ​ផ្លាស់ប្ដូរ​ព្រះ​ចៅ​អធិការ​វត្ត​ឧទុម្ពរ តាម​សំណើ​របស់​ពុទ្ធបរិស័ទ​ជាង ៣០០​នាក់​នៅ​ឡើយ​ទេ។ ការ​សម្រេច​បែប​នេះ គឺ​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ពាក់ព័ន្ធ រម្ងាប់​អធិករណ៍ ឬ​វិវាទ​នៅ​ក្នុង​វត្ត​សិន។

មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ដែនដី​ប្រមាណ ១០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​សីហា បាន​ប្រជុំ​ដោះស្រាយ​វិវាទ​របស់​ចៅ​អធិការ​វត្ត​ឧទុម្ពរ ព្រះនាម អឿ សំណាង ជាមួយ​ពុទ្ធបរិស័ទ​នៅ​ក្នុង​បរិវេណ​វត្ត​ព្រះវិហារហ្លួង នៅ​ស្រុក​រលាប្អៀរ។

លទ្ធផល​នៃ​កិច្ច​ប្រជុំ បាន​កំណត់​យក​ថ្ងៃ ១៤​រោច ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១៥ ជា​ថ្ងៃ​ជួប​ជុំ​ពុទ្ធបរិស័ទ ព្រះសង្ឃ អាជ្ញាធរ​ពាក់ព័ន្ធ នៅ​ក្នុង​បរិវេណ​វត្ត​ឧទុម្ពរ ដើម្បី​ផ្សព្វផ្សាយ​ពី​វិន័យ​ធម៌។ ពិធី​នេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​រម្ងាប់​អធិករណ៍​ក្នុង​វត្ត​ឧទុម្ពរ និង​បកស្រាយ​ឲ្យ​ពុទ្ធបរិស័ទ បាន​យល់​ពី​ទោស​កំហុស​របស់​ចៅ​អធិការ ព្រះនាម អឿ សំណាង ដែល​អ្នក​ភូមិ​ចោទ​ប្រកាន់​កន្លង​ទៅ។

ប្រធាន​មន្ទីរ​ធម្មការ និង​កិច្ចការ​សាសនា​ស្ដីទី​ខេត្ត​កំពង់ឆ្នាំង លោក សរ លាង មាន​ប្រសាសន៍​ថា ពិធី​ជម្រះ​មន្ទិល​របស់​ពលរដ្ឋ​លើ​ទោស​កំហុស​របស់​ចៅ​អធិការ​វត្ត​ឧទុម្ពរ ដែល​ប្រព្រឹត្ត​ខុស​វិន័យ​ធម៌ នឹង​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ច្រើន ហើយ​ពេល​នោះ​នឹង​មាន​លិខិត​បទដ្ឋាន​ខ្លះ​យក​ទៅ​ផ្សព្វផ្សាយ​ដល់​ពុទ្ធបរិស័ទ​ដែរ។ លោក​ថា កំហុស​របស់​ចៅ​អធិការ​មិន​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ដក​ពី​តំណែង​ទេ៖ «ឥឡូវ​លោក (ព្រះ​វិន័យ​ធម៌​គុណ​ខេត្ត) ថា​ទុក​ឱកាស​ហ្នឹង​ដើម្បី​ឲ្យ​លោក​កែ​តម្រូវ​ព្រះសង្ឃ​អង្គ​ហ្នឹង​បាន​មួយ​ដង​សិន ហើយ​ទី​ពីរ​ទៀត រដូវ​ចូល​វស្សា​នេះ​កាល​ណា​យើង​ដក​ចៅ​អធិការ​ក្នុង​វស្សា​នេះ នឹង​មាន​ទោស (ទោស​ខាង​ពុទ្ធសាសនា) អ៊ីចឹង​លោក​សម្រួល»

ចៅ​អធិការ​វត្ត​ឧទុម្ពរ ព្រះនាម អឿ សំណាង ត្រូវ​ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​នាំ​គ្នា​ផ្ដិត​មេដៃ​បាន​ចំនួន ៣៣២​នាក់ ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក​រលាប្អៀរ និង​មន្ទីរ​ធម្មការ ដើម្បី​សុំ​ដក​តំណែង និង​ស្នើ​ឲ្យ​លោក​ចេញ​ពី​វត្ត កាល​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៥។ ពុទ្ធបរិស័ទ បាន​ចោទ​ព្រះអង្គ​ថា​ឆាន់​ស្រា ដើរ​លេង​យប់ លេង​ល្បែង និង​កិបកេង​បច្ច័យ​វត្ត ជាដើម ប៉ុន្តែ​ការ​ចោទ​ប្រកាន់​ត្រង់​ចំណុច​ខ្លះ ត្រូវ​លោក​បដិសេធ។

ព្រះ​វិន័យ​ធម៌​គុណ​ខេត្ត​កំពង់ឆ្នាំង ព្រះនាម ខុន ថុន មាន​ថេរ​ដីកា​ថា តាម​ការ​ស្រាវជ្រាវ និង​ការ​បកស្រាយ​រវាង​ចៅ​អធិការ ព្រះនាម អឿ សំណាង និង​គណៈកម្មការ​វត្ត​ឧទុម្ពរ ឃើញ​ថា ព្រះ​ចៅ​អធិការ​ត្រូវ​អាបត្តិ​កត់​ទុក ដែល​ទោស​នេះ​ស្រាល​មិន​ដល់​ថ្នាក់​ដក​តំណែង ឬ​បណ្ដេញ​ចេញ​ពី​វត្ត​នោះ​ទេ។ ព្រះអង្គ​បាន​លើក​នូវ​ទោស​កំហុស​ចំនួន​៤ តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា ដែល​ព្រះសង្ឃ​ត្រូវ​ដក​ពី​តំណែង ឬ​បណ្ដេញ​ចេញ​ពី​វត្ត​នោះ គឺ​ទី​១ សេព​កាម​លេង​សើច​ជាមួយ​ស្រី​ញី។ ទី​២ លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ។ ទី​៣ សម្លាប់​សត្វ និង​ទី​៤ តាំង​ខ្លួន​ជា​ព្រះអរហន្ត៖ «មួយ​ផ្នែក​ទៀត​គណៈកម្មការ​ជាមួយ​ក្រុម​វេន​ទាំងអស់​ចំណុះ​ជើង​វត្ត បាន​សម្រប​សម្រួល​គ្នា​ក៏​ជា​ការ​ល្អ​ដែរ។ រយៈពេល​បី​ខែ​ក្នុង​វស្សា តើ​អ្នក​ទាំងអស់​គ្នា​អាច​សម្រុះ​សម្រួល​គ្នា​បាន​ដែរ ឬ​អត់? បើ​មិន​បាន​ទេ ដល់​ពេល​ចេញ​វស្សា​ហើយ នឹង​រក​នីតិវិធី​ថ្មី​សម្រាប់​ដោះស្រាយ»

យ៉ាង​ណា តំណាង​ពលរដ្ឋ និង​ជា​មេ​ភូមិ​ឧទុម្ពរ ឃុំ​ស្វាយជ្រុំ លោក ហ៊ុន ភាន់ បញ្ជាក់​ថា អ្នក​ភូមិ​ឧទុម្ពរ សរុប ២៨៨​គ្រួសារ សុទ្ធតែ​មិន​ពេញ​ចិត្ត​ចំពោះ​ព្រះ​ចៅ​អធិការ​រូប​នេះ។ លោក​យល់​ថា ការ​សម្រប​សម្រួល​បែប​ណា​ក៏ដោយ ក៏​នៅ​តែ​ភាគី​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​យក​បាន​ដែរ បើ​ចៅ​អធិការ ព្រះនាម អឿ សំណាង នៅ​តែ​មាន​តំណែង​ជា​ព្រះ​ចៅ​អធិការ និង​គង់​នៅ​ក្នុង​វត្ត​ឧទុម្ពរ ទៀត​នោះ៖ «ប្រជាពលរដ្ឋ​ខ្ញុំ​លទ្ធផល​យ៉ាង​ណា ក៏​គាត់​អត់​ទទួល​យក​ដែរ ព្រោះ​កំហុស​ដែល​លោក​បាន​ធ្វើ​ហ្នឹង​វា​មិន​ដល់​ថ្នាក់​បារាជិក​មែន ប៉ុន្តែ​មិន​ប្រជាជន មិន​ឲ្យ​យាយ​តា​មាន​ជំនឿ និង​ធ្វើ​បុណ្យ​ក៏​គាត់​អត់​មាន​ជំនឿ។ អ្នក​ផ្ដិត​មេ​ដៃ​ហ្នឹង បើ​ដើរ​ផ្ដិត​វិញ​ចំនួន​ប្រជាពលរដ្ឋ​វាយ​ថា​ចាប់​ពី​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ វា​ឡើង​ដល់ ៤០០​នាក់ ទៅ ៥០០​នាក់ អត់​មាន​នរណា​ម្នាក់​គាំទ្រ​លោក​ទេ»

អធិករណ៍ ឬ​ជម្លោះ​រកាំរកូស​នៅ​ក្នុង​វត្ត​ឧទុម្ពរ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង កើត​មាន​ខ្លាំង​តាំង​ពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៥។ ពលរដ្ឋ​ខ្លះ​ព្រមាន​ធ្វើ​បាតុកម្ម និង​ខ្លះ​ឈប់​ធ្វើ​បុណ្យ​នៅ​ក្នុង​វត្ត​នេះ បើ​អាជ្ញាធរ ឬ​មន្ត្រី​សង្ឃ​មិន​អាច​ប្ដូរ​ចៅ​អធិការ ព្រះនាម អឿ សំណាង ចេញ​ពី​វត្ត​ឧទុម្ពរ បាន​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។