ពលរដ្ឋនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នឹងនាំគ្នាឡើងទៅសាលាស្រុក នៅថ្ងៃទី ២៥ កញ្ញា ដើម្បីទាមឱ្យអាជ្ញាធរស្រុកជួយដោះស្រាយបញ្ហារបស់ពួកគាត់ជុំវិញការជ្រើសរើសមេភូមិថ្មី។ មេភូមិដែលជ្រើសរើសការពីពេលកន្លងទៅ គឺជ្រើសរើសឡើងដោយអាជ្ញាធរឃុំ ប៉ុន្តែពលរដ្ឋអះអាងថា មិនបានដឹងឮនិងមិនពេញចិត្តនោះឡើយ។ ចំណែកអាជ្ញាធរបញ្ជាក់ថា ការតវ៉ានោះ គឺគ្មានប្រសិទ្ធភាពទេ ព្រោះអាជ្ញាធរឃុំធ្វើតាមនីតិវិធី។
ពលរដ្ឋនៅក្នុងភូមិកេះ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាច្រើននាក់តំណាងអោយពលរដ្ឋជិត១រយគ្រួសារ នឹងនាំគ្នាទៅសុំកិច្ចអន្តរាគមន៍នៅមុខសាលាស្រុក ដើម្បីឱ្យមានការផ្លាស់ប្តូរមេភូមិថ្មី ដោយមានការបោះឆ្នោតត្រឹមត្រូវនិងយល់ព្រមពីពលរដ្ឋនៅក្នុងភូមិភាគច្រើន មិនមែនធ្វើឡើងដោយស្ងាត់ៗនោះឡើយ។
ពលរដ្ឋនៅភូមិកេះម្នាក់លោក យឿន យឿង ឱ្យដឹងថាប្រជាពលរដ្ឋនៅក្នុងភូមិប្រមាណជា ៩០ភាគរយ បានស្រុះស្រួលគ្នាថានឹងឡើងទៅទាមទារឱ្យអាជ្ញាធរស្រុកសម្រេច ជ្រើសរើសមេភូមិជាថ្មី។ ការទាមទារដូចនេះព្រោះ ពលរដ្ឋភាគច្រើននៅក្នុងភូមិមិនបានទទួលស្គាល់ មេភូមិថ្មី ដែលត្រូវបានអាជ្ញាធរឃុំជ្រើសរើស កាលពីខែសីហា បន្ទាប់ពីមេភូមិចាស់ស្លាប់នោះ៖ «បង ! កាលពីមេភូមិគាត់ជ្រើសរើសហ្នឹងគាត់សូម្បីតែលោកអនុភូមិក៏គាត់អត់ប្រាប់ដែរ។ ឧទាហរណ៍ថាគាត់បោះឆ្នោតថ្ងៃហ្នឹងគាត់និយាយថា លោកអនុភូមិទៅទទួលឈ្មោះបោះឆ្នោតជាមួយអ្នកដែលគេជ្រើសរើសដាក់ថ្មីហ្នឹង ហើយគាត់ក៏ទៅតក់ក្រហល់។ ពេលទៅដល់ហ្នឹងគាត់រៀបចំបោះឈ្មោះគាត់ហើយនឹងអនុភូមិ និងសមាជិក។ ដល់ពេលបោះទៅគឺអត់ឈ្នះបុគ្គលហ្នឹងទេបង។ ក្រុមប្រឹក្សាគេហ្នឹងគឺគេរៀបចំឱ្យគេឈ្នះតាម្ដងបង ប៉ុន្តែគ្រាន់តែគេធ្វើឱ្យអនុភូមិអស់ចិត្ត»។
កាលពីចុងខែសីហា អាជ្ញាធរឃុំមៀន បានបោះឆ្នោតជ្រើសរើសមេភូមិថ្មី បន្ទាប់ពីមេភូមិចាស់ស្លាប់ ក្រោយមកក៏មានពលរដ្ឋនៅក្នុងភូមិ ជាង១រយនាក់ បាននាំគ្នាផ្ដិតមេដៃបញ្ជូនទៅអាជ្ញាធរឃុំ ដោយបដិសេធទៅនឹងការសម្រេចនោះ ប៉ុន្តែស្នាមមៃដៃរបស់ពួកគាត់គ្មានប្រសិទ្ធភាពទេ ដោយមេឃុំអះអាងថាពួកគាត់ធ្វើទៅតាមផ្លូវច្បាប់។
មេឃុំមៀន លោក អ៊ុន តារា មានប្រសាសន៍នៅថ្ងៃទី ២៤ កញ្ញាថា ខាងលោកក៏បានទទួលដំណឹងថាមានពលរដ្ឋគ្រោងនឹងទៅតវ៉ានៅសាលាស្រុកជុំវិញបញ្ហានេះដែរ។ លោកបញ្ជាក់ថាការតវ៉ាណាមួយនោះ គឺជាសិទ្ធិសេរីភាពរបស់ពួកគាត់ ប៉ុន្តែប្រហែល ជាមិនមានប្រសិទ្ធភាពទេ ព្រោះការសម្រេចជ្រើសរើសមេភូមិថ្មី ធ្វើឡើងយ៉ាងត្រឹមត្រូវ តាមផ្លូវច្បាប់។ ចំណែកអ្នកសកម្មទាមទារឱ្យជ្រើសរើសមេភូមិថ្មីនោះ អាចជាអ្នកដែលមានមហិច្ឆតាចង់ធ្វើមេភូមិទៅវិញទេ៖ «ប្រហែល ជាច្បាប់មិនអាចកែប្រែបានទេព្រោះភូមិត្រូវបានជ្រើសរើសដោយក្រុមប្រឹក្សាឃុំក្នុងអាណត្តិ។ បោះឆ្នោតថាមានប្រាំបួនគេបោះប្រាំបួនសន្លឹកមិនអាចបោះដោយប្រជាពលរដ្ឋបានទេ»។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តកំពង់ចាមលោក នាង សុវ៉ាត មានប្រសាសន៍ថា ការតវ៉ារបស់ពលរដ្ឋគឺពិតជាអាចមានប្រសិទ្ធភាព ពីព្រោះនេះជាប្រតិកម្មរបស់ម្ចាស់ឆ្នោត។ ចំណែកអាជ្ញាធរឃុំ គឺកើតចេញពីពលរដ្ឋ ដូច្នេះធ្វើអ្វីគប្បីតម្រូវទៅតាមសេចក្ដីត្រូវការរបស់ពួកគាត់ មិនមែនសម្រាប់តែអាជ្ញាធរខ្លួននោះទេ៖ «ប្រជាពលរដ្ឋមានប្រសិទ្ធភាព។ យើងត្រូវដឹងថាច្បាប់ដែលនិយាយពីការគ្រប់គ្រងក្រុមប្រឹក្សាឃុំសង្កាត់ គឺវាកើតឡើងពីរាស្ត្រទេ។ នៅពេលរាស្ត្រទាមទារគឺត្រូវធ្វើតាមរាស្ត្រ។ មិនមែនអត់ប្រសិទ្ធភាពទេ ការទាមទារនេះគឺមានប្រសិទ្ធភាពបំផុត ព្រោះអីវាជាការទាមទារផ្ទាល់ពីម្ចាស់ឆ្នោត អារឿងច្បាប់ហ្នឹងនៅពេលអត់មានការទាមទារគឺអនុវត្តតាមច្បាប់ទៅ ប៉ុន្តែប្រសិនបើមានការទាមទារវាគួរតែធ្វើតាមម្ចាស់ឆ្នោត វាមិនមែនឱ្យអាជ្ញាធរឃុំហ្នឹងទៅប្រឆាំងនឹងម្ចាស់ឆ្នោតទេ !»។
លោកបន្ថែមថាប្រសិនបើមេភូមិដែលកាន់ដំណែង មានការមិនពេញចិត្តពីពលរដ្ឋភាគច្រើន គឺអាចធ្វើឱ្យមានការរាំងស្ទះ ក្នុងការអភិវឌ្ឍន៍ក្នុងភូមិ និងអាចធ្វើឱ្យបែកបាក់សាមគ្គីគ្នាទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
