ចិន​គ្រោង​បោះ​ទុន​វិនិយោគ​ធំ​លើ​ការ​ផលិត​កុលាលភាជន៍​នៅ​ខេត្ត​កំពង់ឆ្នាំង

0:00 / 0:00

ប្រទេស​ចិន គ្រោង​បោះ​ទុន​វិនិយោគ​ធំ​លើ​ការ​ផលិត​សេរ៉ាមិច ឬ​កុលាលភាជន៍​នៅ​ខេត្ត​កំពង់ឆ្នាំង។ អាជ្ញាធរ និង​ពលរដ្ឋ​ដែល​មាន​មុខ​របរ​ផលិត​កុលាលភាជន៍ ក្អម និង​ឆ្នាំង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ សាទរ​ចំពោះ​គម្រោង​នេះ​ដោយ​សង្ឃឹម​ថា អាច​ជួយ​លើក​កម្ពស់​ជីវភាព​គ្រួសារ និង​មាន​ឱកាស​បង្ហាញ​ស្នាដៃ​ខ្មែរ​តាម​រយៈ​នាំ​ផលិត​ផល​ចេញ​ទៅ​លក់​ក្រៅ​ប្រទេស។

ប្រតិភូ​របស់​ចិន ពី​ក្រុង​ជីងទ័រជិន (Jing De Zhen) ខេត្ដ​ជាំងស៊ី (Jaingxi) កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៥ បាន​ជួប​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​សិក្សា​លើ​ថ្លៃ​ដើម និង​វត្ថុធាតុ​ដើម​សម្រាប់​ដំណើរការ​ផលិត​សេរ៉ាមិច ឬ​កុលាលភាជន៍។ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​អះអាង​ថា នៅ​ក្នុង​ជំនួប​នោះ ប្រតិភូ​ចិន ក៏​បង្ហាញ​ជំហរ​សិក្សា​ទីផ្សារ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​លើក​កម្ពស់​ផលិតភាព​តាម​បច្ចេកទេស​ដែល​អាច​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​អាស៊ី និង​បង្កើត​ឲ្យ​មាន​ការ​ដាក់​បង្ហាញ​ផលិតផលនៅ​លើ​ទីផ្សារ​អន្តរជាតិ។

ប្រធាន​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត​កំពង់ឆ្នាំង លោក ទិត្យ ណាន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា ថា កន្លង​ទៅ​អ្នក​ភូមិ​អណ្ដូងឫស្សី នៃ​ឃុំ​ស្រែថ្មី ដែល​ប៉ិន​ប្រសព្វ​ខាង​ផលិត​កុលាលភាជន៍ ឬ​សម្ភារៈ​ប្រើប្រាស់​អំពី​ដី ដោយ​មាន​ជំនួយ​បច្ចេកទេស​ពី​ប្រទេស​ជប៉ុន និង​អាល្លឺម៉ង់ សម្រាប់​តែ​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុកប៉ុណ្ណោះ។ លោក​ថា ក្រុមហ៊ុន​ចិន ដែល​គ្រោង​បោះ​ទុន​វិនិយោគ​ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​នោះ នឹង​មាន​លទ្ធភាព​នាំ​ចេញ​ទៅ​លក់​ក្រៅ​ប្រទេស ខណៈ​ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​ខ្នះខ្នែង​កៀរគរ​អ្នក​វិនិយោគទុន​ធំៗ​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស៖ «ក្រុមហ៊ុន​ឯកជន​របស់​ចិន ​ដែល​គេ​ប្រុង​មក​វិនិយោគ គឺ​គេ​មាន​ទុន​កម្រិត​ដល់​រាប់​លាន​ដុល្លារ​ឯណោះ! អ៊ីចឹង​ហើយ​គេ​មិន​ធ្វើ​ត្រឹម​តែ​អ្វី​ដែល​យើង​មាន​ទេ គេ​នឹង​ពង្រីក​ទៀត»

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង លោក ហ៊ី ណាត ដែល​បាន​ជួប​ប្រតិភូ​ចិន ពិភាក្សា​លើ​គម្រោង​វិនិយោគ​នេះ ដើម្បី​សួរ​លម្អិត​អំពី​ទំហំ​ទឹក​ប្រាក់​វិនិយោគ និង​ចាប់​ផ្ដើម​នៅ​ពេល​ណា​នោះ​ទេ ដោយ​ទូរស័ព្ទ​ចូល​ហើយ​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្ដែ​ប្រភព​ពី​មន្ដ្រី​ជំនាញ និង​ពលរដ្ឋ​ខ្លះ​បង្ហើប​ថា ភាគី​កម្ពុជា និង​ចិន ប្ដេជ្ញា​បង្កើត​ក្រុមហ៊ុន​វិនិយោគ​នេះ​ឲ្យ​ចេញ​ជា​រូបរាង​ក្នុង​ពេល​ឆាប់ៗ។

ប្រជាពលរដ្ឋ និង​មេភូមិ​អណ្ដូងឫស្សី ខេត្ត​កំពង់ឆ្នាំង ទន្ទឹង​រង់ចាំ​មើល​គម្រោង​វិនិយោគ​នេះ ហើយ​ស្នើ​ឲ្យ​អ្នក​វិនិយោគ ឬ​អាជ្ញាធរ​រៀបចំ​ចងក្រង​ក្រុម​អ្នក​ផលិត ដើម្បី​ផ្ដល់​បច្ចេកទេស​បន្ថែម និង​សង់​ឡ​ដុត​កុលាលភាជន៍។ អ្នក​ភូមិ​បារម្ភ​ថា បច្ចុប្បន្ន​ក្រុម​ពលរដ្ឋ​មិន​អាច​ផលិត​សេរ៉ាមិច ឬ​កុលាលភាជន៍​ដែល​មាន​គុណភាព និង​រចនាបថ​ល្អ​ប្រណីត​​យក​ទៅ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​អន្តរជាតិ បាន​នៅ​ឡើយ។

មេ​ភូមិ​អណ្ដូងឫស្សី លោក ឡេង ហេង ឲ្យ​ដឹង​ថា អ្នក​ភូមិ​របស់​លោក​ជិត ២០០​គ្រួសារ ក្នុង​នោះ​មាន​ប្រហែល ១០០​គ្រួសារ​​ បាន​ផលិត​កុលាលភាជន៍ ឬ​សេរ៉ាមិច​ជា​លក្ខណៈ​គ្រួសារ ហើយ​ពលរដ្ឋ​ក្រៅ​ពី​នេះ​នាំ​គ្នា​ផលិត​ក្អម ឆ្នាំង និង​ជើងក្រាន។ លោក​សប្បាយ​ចិត្ត​បើ​ក្រុមហ៊ុន​វិនិយោគ​ចិន អាច​ពង្រីក​អាជីវកម្ម និង​ទីផ្សារ​របស់​ពលរដ្ឋ​ក្នុង​ភូមិ ក្រោយ​ពី​គម្រោង​របស់​ជប៉ុន បាន​បញ្ចប់​ទៅ៖ «ព្រោះ​យើង​សព្វថ្ងៃ​អត់​មាន (ឡ​ដុត​កម្ដៅ​ខ្ពស់) មាន​ដែរ តែ​របស់​ជប៉ុន! អ៊ីចឹង​ក្រៅ​ពី​ហ្នឹង​អត់​មាន​ក្រុមហ៊ុន​ណា​មក​ធ្វើ​សកម្មភាព។ បើ​បាន​ចិន មក​ជួយ​អ៊ីចឹង​ខ្ញុំ​អរ​ណាស់ ហើយ​ពលរដ្ឋ​យើង​សព្វថ្ងៃ​ក៏​ចង់​បាន​អ៊ីចឹង​ដែរ»

ភូមិ​អណ្ដូងឫស្សី ឃុំ​ស្រែថ្មី ស្រុក​រលាប្អៀរ គឺ​ជា​ភូមិ​មួយ​របស់​ខេត្ត​កំពង់ឆ្នាំង មាន​ការ​ផលិត​ក្អម ឆ្នាំង ជើងក្រាន កុលាលភាជន៍ និង​សេរ៉ាមិច ច្រើន​ជាង​គេ។ គម្រោង​ផលិត ឬ​អភិវឌ្ឍន៍​ផ្នែក​បច្ចេកទេស​ស្មូន​សម្ភារៈ​ប្រើប្រាស់ និង​វត្ថុ​អនុស្សាវរីយ៍​អំពី​ដី​ ឬ​ហៅ​ថា សេរ៉ាមិច​នោះ គឺ​មាន​ច្រើន​នៅ​ក្នុង​ភូមិ​នេះ។ ជាក់​ស្ដែង​ប្រទេស​ជប៉ុន បាន​សង់​ឡ​ដុត​សេរ៉ាមិច​តម្លៃ ៥​ម៉ឺន​ដុល្លារ និង​បណ្ដុះបណ្ដាល​បច្ចេកទេស​ផលិតជូន​ពលរដ្ឋ​ក្នុង​ភូមិ​មួយ​ក្រុម មាន​គ្នា ១០​នាក់ ប៉ុន្តែ​គម្រោងនឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៥ បន្ទាប់​ពី​អនុវត្ត​បាន​រយៈពេល ៥​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។