គេហទំព័រ​សំឡេង​ប្រជាពលរដ្ឋ​​ចាប់​បើក​ដំណើរការ​

0:00 / 0:00

អ្នក​សារព័ត៌មាន​សហគមន៍​ដែល​ជា​អ្នក​ធ្វើ​ការ​ដោយ​ស្ម័គ្រ​ចិត្ត​ឥត​ទទួល​កម្រៃ​ត្រូវ​បាន​ត្រូវ​គេ​មើល​ឃើញ​ថា​មាន​សារសំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ជំរុញ​ឲ្យ​ការ​អភិវឌ្ឍន៍​សង្គម​មួយ​ប្រកប​ដោយ​តម្លាភាព។ ដើម្បី​ជួយ​សម្រួល​ការងារ​របស់​ពួក​គេ គេហទំព័រ​មួយ​បាន​ត្រូវ​បង្កើត​ឡើង ។

មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) បាន​ប្រកាស​បើក​ដំណើរ​ការ​គេហទំព័រ​ថ្មី​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា «សំឡេង​ប្រជា​ពលរដ្ឋ» នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ខែ មិថុនា។

នាយក​ប្រតិបត្តិមជ្ឈនៃ​មណ្ឌល​អប់រំ​ច្បាប់​សំរាប់​សហគមន៏ លោក យ៉េង វីរៈ មាន​ប្រសាសន៍​ថា នេះ​ជា​គំនិត​ផ្ដួចផ្ដើម​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ថ្មី​មួយ​ទៀត​របស់​មជ្ឈមណ្ឌល ដើម្បី​លើក​កម្ពស់​សិទ្ធិ​សេរីភាព​ក្នុង​ការ ​បញ្ចេញ​មតិ ព្រមទាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ផ្ដល់ និង​ទទួល​ព័ត៌មាន​នៅ​កម្ពុជា ជា​ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ពុំ​សូវ​មាន​ឱកាស​ក្នុង​ការ​បញ្ចេញ​សំឡេង ៖ «ថ្ងៃ​មុខ​ទៅ​ដោយសារ​ថា​យើង​ផ្សារ​ភ្ជាប់​គ្នា​រវាង​គេហទំព័រ​សំឡេង​ប្រជាពលរដ្ឋ​បូក​ផ្សំ​ជាមួយ​ប្រព័ន្ធ​ដែល​សារ​ឆ្លើយ​តប​ជា​សំឡេង​នេះ​នឹង​ធ្វើ​ឲ្យ​មាន​លទ្ធភាព​មួយ​គឺ​ថា អ្នក​អាច​រាយការណ៍​ព័ត៌មាន​ហ្នឹង​គឺ​មាន​នៅ គ្រប់​ទី​កន្លែង ។ អ៊ីចឹង​វា​នឹង​គេ​ហៅ​ថា​បង្កើន​នូល​លទ្ធភាព​នៃ​ការ​ដែល​អ្នក​កាសែត​អាជីព​អាច​ដឹង​ថា​តើ​រឿងរ៉ាវ​កើត​នៅ​កន្លែង​ណា​ៗ​ច្រើន បាទ !» ។

មន្ត្រី​សម្របសម្រួល​ព័ត៌មាន​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក ង៉ែត ម៉ូសេ ពន្យល់​ថា គេហទំព័រ​នេះ​នឹង​កត់​ត្រា​បណ្ដឹង ឬ​ព័ត៌មាន​ពី​ប្រជា​សហគមន៍​នានា ដែល​ប្រឈម​នឹង​ហានិភ័យ​ផ្សេងៗ ដោយ​ភ្ជាប់​ទៅ​អ្នក​កាសែត និង​សហគមន៍​ដែល​ជា​អ្នក​ប្រមូល ព្រម​ទាំង​ចែក​រំលែក​ព្រឹត្តិការណ៍​នានា និង​ដំណឹង​ថ្មីៗ​ទាន់​ហេតុការណ៍​ផ្សេងៗ​ផង ៖ «វ៉ឹបសាយថ៍​នេះ​គឺ​ផ្សារ​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ផ្ញើ​សារ​ជា​សំឡេង​ដែល​ហៅ​ថា អាយ . វី . អា (IVR System) នោះ​ឯង គឺ​ពេល​ប្រជាពលរដ្ឋ​ដែល​លោក​អត់​ចេះ​ផ្នែក​កុំព្យូទ័រ អ៊ីនធើណិត​អី​ដើម្បី​ចូល​មក​មើល​ដើម្បី​ចូល​មក​មើល​គេហទំព័រ​មួយ​នេះ លោក​អាច​អញ្ជើញ​ខល​ទៅ​លេខ​ទូរស័ព្ទ​ដែល​យើង​បាន​ដាក់​បង្ហាញ​ហ្នឹង គឺ ០៧០ ២២១ ១០២ ហ្នឹង គឺ​យើង​យក​សំឡេង​ដែល​ប្រជាពលរដ្ឋ​ដែល​រាយការណ៍​នៅ​ក្នុង​ប្រព័ន្ធ​ផ្វើ​សារ​ជា​សំឡេង​នោះ​មក​ដាក់​នៅ​លើ​គេហទំព័រ​នោះ​ឯង ។ អ៊ីចឹង​ទៅ​នៅ​ក្នុង​គេហទំព័រ​ហ្នឹង ក្រៅ​ពី​អ្នក​ដែល​ចេះ​បច្ចេកទេស ចង់​មាន​ន័យ​ថា អ្នក​ចេះ​អ៊ីនធើណិត អ្នក​ដែល​ចេះ​វាយ​កុំព្យូទ័រ​អី​ហ្នឹង ក្រៅ​ពី​ពួក​គាត់​គឺ​ថា​អ្នក​ដែល​អត់​ចេះ​កិច្ចការ​ទាំង​អស់​ហ្នឹង​ក៏​អាច​ផ្ញើ​ព័ត៌មាន​មក​កាន់​យើង​បាន​ដែរ ។ អ៊ីចឹង​ព័ត៌មាន​ដែល​នៅ​លើ​គេហទំព័រ​មួយ​នោះ មាន​តាំង​ពី​អត្ថបទ​សរសេរ មាន​តាំង​ពី​រូបភាព ឬ​ក៏​វីដេអូ ឬ​ក៏​សំឡេង ហើយ​និង​ទីតាំង​ច្បាស់លាស់​ដែល​ករណី​នោះ​កើត​ឡើង បាទ !» ។

នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈានណារិទ្ធិ ស្វាគមន៍​ការ​បង្កើត​គេហទំព័រ​ថ្មី​នេះ ដោយ​លោក​មាន​ប្រសាសន៍​ថា​វា​ជា​ការ​ប្រសើរ​ក្នុង​ការ​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា៖ «ក្រោយ​ពី​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​មក​នេះ​គឺ​ថា មាន​ការ​រឹត​ត្បិត​ព័ត៌មាន ជា​ពិសេស​តាម​រយៈ​ការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​ដែល​រឹត​ត្បិត​មិន​ឲ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​គណបក្ស​ប្រឆាំង គឺ​ព័ត៌មាន​ដែល​មាន​ការ​រិះគន់​រដ្ឋាភិបាល​ហ្នឹង​ត្រូវ​គេ​បិទ ប៉ុន្តែ​សតវត្ស​ទី​២១​នេះ​គឺ​យើង​បិទ​លែង​បាន​ហើយ ។ ការ​បិទ​ព័ត៌មាន​ប្រៀប​ដូច​ជា​ការ​យក​ចង្អេរ​មួយ​ទៅ​បាំង​ដំរី​ដែល​ស្លាប់​អ៊ីចឹង គឺ​បិទ​អត់​កើត​ទេ»។

គេហទំព័រ «សំឡេង​ប្រជាពលរដ្ឋ និង​ប្រព័ន្ធ​ឆ្លើយ​តប​ជា​សំឡេង» កើត​ឡើង​ក្រោម​ជំនួយ​ឩបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​ពី​សហភាព​អឺរ៉ុប ។ រហូត​មក​ដល់​ពេល​នេះ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​បណ្ដុះបណ្ដាល​អ្នក​សារព័ត៌មាន​សហគមន៍​មាន​ទាំង​ព្រះសង្ឃ​ផង​បាន​ចំនួន​ជិត ១០០​នាក់​និង​អង្គ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។