ប្រជាពលរដ្ឋនៅស្រុកសំឡូត ខេត្តបាត់ដំបង ចំនួន ១០គ្រួសារក្នុងចំណោមជាង ៣០គ្រួសារ ដាក់ពាក្យប្ដឹងទៅអាជ្ញាធរឃុំ ឲ្យជួយអន្តរាគមន៍ពីការសាងសង់ផ្លូវរបស់រដ្ឋាភិបាលមួយខ្សែក្នុងស្រុកនេះ ដែលបានប៉ះពាល់ដី និងផ្ទះរបស់ពួកគាត់ និងផ្ដល់សំណងឲ្យបានឆាប់រហ័ស។ អ្នកភូមិអះអាងថា ការប្ដឹងនេះ ដោយសារអាជ្ញាធរពាក់ព័ន្ធពុំបានជូនដំណឹងពីការផ្ដល់សំណងជូនពួកគាត់ឲ្យបានដឹង មុននឹងសាងសង់ផ្លូវនោះនៅឡើយ។
ប្រជាពលរដ្ឋនៅស្រុកសំឡូត រៀបរាប់ថា ពួកគាត់មិនជំទាស់នឹងការអភិវឌ្ឍរបស់រដ្ឋាភិបាលឡើយ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធ ផ្ដល់សំណងប៉ះពាល់ទៅតាមតម្លៃដីទីផ្សារនោះ។
ប្រជាពលរដ្ឋមួយចំនួនរស់នៅឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ឲ្យដឹងនៅថ្ងៃទី១៤ មីនា ថា រដ្ឋាភិបាលបានសង់ផ្លូវមួយខ្សែក្នុងស្រុកសំឡូត ប៉ះពាល់ផ្ទះពលរដ្ឋចំនួន ២ខ្នង ដែលមានផលដំណាំ រួមមានដើមស្វាយ និងដូង ជាដើម និងចូលដីរបស់ពួកគាត់ទទឹងប្រមាណ ៣០ម៉ែត្រ និងបណ្ដោយជាង ១០០ម៉ែត្រ ដោយពុំបានផ្ដល់សំណងនោះទេ។ អ្នកភូមិបានប្ដឹងទៅសាលាឃុំមានជ័យ ដើម្បីឲ្យអាជ្ញាធរផ្ដល់សំណងឲ្យបានឆាប់រហ័ស ពីព្រោះពួកគាត់អះអាងថា ផ្លូវដែលសាងសង់នោះជាផ្លូវថ្មីប៉ះចំដីចម្ការ និងលំនៅឋានរបស់ពួកគាត់៖ « ដូចជាមិនគប្បីសោះដែលគេ មកធ្វើ ផ្លូវ កាប់បំផ្លាញ ដើមឈើ របស់ខ្ញុំ ចោល ដោយគ្មានផ្ដល់សំណងនោះ។ ពេលពួកខ្ញុំសួរ អាជ្ញាធរមូលដ្ឋាន គាត់ ឆ្លើយថា ចាំ ថ្នាក់លើ មកដោះស្រាយតែរហូត »។
ឆ្លើយតបនឹងបញ្ហានេះ មេឃុំមានជ័យ លោក យ៉ែម យ៉ន ទទួលស្គាល់ថា ការសាងសង់នោះពិតជាប៉ះពាល់ដី និងផ្ទះរបស់ប្រជាពលរដ្ឋប្រាកដមែន ប៉ុន្តែលោកមានប្រសាសន៍ថា មូលហេតុដែលអាជ្ញាធរសម្រេចឲ្យសាងសង់ផ្លូវ ដោយមិនបានផ្ដល់សំណងជូនពលរដ្ឋ ពីព្រោះធ្វើឡើងដោយបន្ទាន់ពេក ហើយលោកថានឹងផ្ដល់សំណងប៉ះពាល់ជូនពួកគាត់នៅពេលក្រោយ៖ « បាទ ! ខ្ញុំ បានបញ្ជូន រឿងនេះ ដាក់ទៅ សាលាស្រុក រួចហើយ ដើម្បីឲ្យគាត់បញ្ជូនបន្តទៅថ្នាក់លើដោះស្រាយជូនប្រជាពលរដ្ឋ »។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ការសាងសង់ផ្លូវនេះ អាជ្ញាធរពាក់ព័ន្ធត្រូវតែផ្ដល់សំណងប៉ះពាល់ជូនពលរដ្ឋទៅតាមតម្លៃដីទីផ្សារ។ ម្យ៉ាងទៀត លោកពន្យល់ថា មុននឹងសាងសង់ផ្លូវ អាជ្ញាធរពាក់ព័ន្ធត្រូវតែជូនដំណឹងពីការផ្ដល់សំណងឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋដែរ ពុំមែនចាប់ផ្ដើមសង់ផ្លូវហើយ ទើបផ្ដល់ដំណឹងដល់ពួកគាត់តាមក្រោយនោះទេ៖ « ពីព្រោះមុននឹងគេចាប់ផ្ដើមសាងសង់ផ្លូវ គេបានសិក្សាគម្រោងប៉ះពាល់រួចមកហើយ ។ យើង មិនអាច ទទួលយក បានទេ នៅ អ្វីដែល អាជ្ញាធរ មានប្រសាសន៍ នោះ »។
ផ្លូវក្រាលកៅស៊ូមួយខ្សែនៅស្រុកសំឡូត មានទទឹង ៩ម៉ែត្រ និងប្រវែងជាង ៥០គីឡូម៉ែត្រ ដោយចេញពីចំណុចផ្សារជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ឆ្ពោះទៅច្រក៤០០ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ។ ផ្លូវនេះប៉ះពាល់ដីរបស់ប្រជាពលរដ្ឋប្រមាណ ៣០គ្រួសារក្នុងឃុំចំនួន៣ គឺឃុំមានជ័យ ឃុំអូរសំរិល និងឃុំសាញ។ មេឃុំមានជ័យ អះអាងថា ផ្លូវមួយខ្សែនេះជាជំនួយរបស់រដ្ឋាភិបាលចិន តែពុំដឹងថា ចំណាយអស់ថវិកាសាងសង់ប៉ុន្មាននោះទេ។ ការសាងសង់ចាប់ផ្ដើមនៅដើមឆ្នាំ២០១៦ និងត្រូវបញ្ចប់ក្នុងរយៈពេលប្រមាណ ៣ឆ្នាំខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
