សហភាពសហជីពកម្ពុជា ដាក់សំណើជូនលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សុំជួយអន្តរាគមន៍ទៅថៅកែក្រុមហ៊ុនបើកប្រាក់ខែចំនួន ៧០% ជូនកម្មករកម្មការិនី ឲ្យបានមុនថ្ងៃបោះឆ្នោត។
លិខិតចុះថ្ងៃទី១៧ ខែកក្កដា ចុះហត្ថលេខាដោយ លោក រ៉ុង ឈុន បានឲ្យដឹងថា នៅមុនបំណាច់ខែនីមួយៗ ក្រុមកម្មករកម្មការិនីតែងបានជួបប្រទះបញ្ហាខ្វះខាតថវិកា ក្នុងការចំណាយសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រោះប្រាក់ឈ្នួលទទួលបាននៅមានកម្រិត។ ដូច្នេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់កម្មករកម្មការិនី ទៅចូលរួមបោះឆ្នោតនៅតាមរាជធានីខេត្តដែលពួកគាត់បានចុះឈ្មោះបោះឆ្នោត សូមស្នើឲ្យក្រសួងការងារ ជួយអន្តរាគមន៍ទៅនិយោជក ឬថៅកែក្រុមហ៊ុនរោងចក្រកាត់ដេរ បើកប្រាក់ឈ្នួល ៧០% នៃប្រាក់ឈ្នួលសរុបប្រចាំខែ ជូនក្រុមកម្មករឲ្យបានមុនថ្ងៃបោះឆ្នោត។
បន្ថែមលើខ្លឹមសារលិខិត លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ព្រួយបារម្ភថា បើក្រសួងពាក់ព័ន្ធមិនជួយអន្តរាគមន៍បើកប្រាក់ឈ្នួលជូនកម្មករឲ្យបានមុនថ្ងៃបោះឆ្នោតទេ បារម្ភខ្លាចកម្មករមួយចំនួននឹងបាត់បង់ឱកាសទៅចូលរួមបោះឆ្នោត ព្រោះគ្មានលុយចំណាយទៅលើថ្លៃធ្វើដំណើរ៖ «ដើម្បីបង្កលក្ខណៈងាយស្រួល និងផ្តល់ឱកាសឲ្យគាត់ចូលរួមបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រពេលខាងនេះ។ សូមឲ្យនិយោជកជួយផ្តល់ប្រាក់ឈ្នួលឲ្យបានចំនួន ៧០% ដើម្បីឲ្យកម្មករកម្មការិនីមានឱកាសទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរបស់ពួកគាត់»។
យ៉ាងនេះក្ដី មិនទាន់មានការឆ្លើយតបពីមន្ត្រីក្រសួងការងារភ្លាមៗទេ ជុំវិញសំណើបើកប្រាក់បៀវត្សរ៍ជូនកម្មករឲ្យបានមុនថ្ងៃបោះឆ្នោតនេះទេ។ ប៉ុន្តែ ក្រសួងការងារ បានអនុញ្ញាតច្បាប់ជូននិយោជិតកម្មករកម្មការិនីបម្រើការងារនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា បានឈប់សម្រាកចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ដើម្បីទៅចូលរួមបោះឆ្នោតសភានីតិកាលទី៥។
លិខិតអនុញ្ញាតច្បាប់ជូនកម្មករ ផ្ដើមដោយក្រសួងការងារ មានការសាទរពីក្រុមមេដឹកនាំសហជីពធ្វើការពាក់ព័ន្ធកម្មករ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី បានឲ្យដឹងថា បានស្នើដល់ក្រុមកម្មករ ត្រូវទៅបោះឆ្នោតជ្រើសរើសមេដឹកនាំឲ្យបានល្អ និងតាមឆន្ទៈរៀងៗខ្លួន។ លោក ជា មុនី សង្កត់ធ្ងន់ថា ការជ្រើសរើសមេដឹកនាំប្រទេសត្រូវ នឹងជំរុញឲ្យប្រទេសជាតិមានការអភិវឌ្ឍ មានសិទ្ធិមនុស្ស គ្មានការគំរាមកំហែង និងជីវភាពមន្ត្រីរាជការ កម្មករ និងពលរដ្ឋមានការរីកចម្រើន។
លោកអំពាវនាវដល់អ្នកប្រកបរបរសេវាដឹកជញ្ជូន មិនត្រូវដំឡើងថ្លៃឈ្នួលធ្វើដំណើរក្នុងអំឡុងពេលបោះឆ្នោតទេ ដើម្បីផ្តល់ឱកាសឲ្យកម្មករកម្មការិនី ឬពលរដ្ឋធ្វើដំណើរទៅបោះឆ្នោតបានទាំងអស់គ្នា៖ «គ្រប់មធ្យោបាយយានយន្តទាំងអស់ សូមឲ្យរក្សាតម្លៃឲ្យនៅដដែល។ កុំឲ្យមានការឡើងថ្លៃ បើកាលណាឡើងថ្លៃ ធ្វើឲ្យកម្មករកម្មការិនីដែលមានឆន្ទៈចូលរួមក្នុងការបោះឆ្នោត គឺគាត់អាក់ខានទៅបោះឆ្នោត ដោយសារតែមធ្យោបាយធ្វើដំណើរឡើងថ្លៃ។ ដូច្នេះ សូមឲ្យម្ចាស់អាជីវករយានយន្តគ្រប់ប្រភេទ ម៉ូតូ ឬរថយន្តកង់បីជាដើម សូមឲ្យរក្សាតម្លៃឲ្យនៅដដែល»។
មេដឹកនាំដដែលទទូចដល់កម្មករ ត្រូវបោះឆ្នោតជ្រើសរើសមេដឹកនាំរូបណាដែលឈឺឆ្អាលសុខទុក្ខប្រជាពលរដ្ឋ និងគិតពីផលប្រយោជន៍ជាតិធំជាងផលប្រយោជន៍បុគ្គល។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ មានគណបក្សចំនួន៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតនេះ រួមមាន គណបក្ស សញ្ជាតិកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ គណបក្សប្រជាជនកម្ពុជា គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរឈប់ក្រ គណបក្សសង្គ្រោះជាតិ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
