សង្គម​ស៊ីវិល​ទទូច​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ពី​ការ​បាត់​ខ្លួន​យុវជន​ម្នាក់​នៅ​ផ្លូវ​វ៉េងស្រេង

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​ស៊ើប​អង្កេត​ពី​ការ​បាត់​ខ្លួន​យុវជន​ម្នាក់ ដែល​ត្រូវ​សមត្ថកិច្ច​រដ្ឋាភិបាល​បាញ់​ឲ្យ​របួស​ក្នុង​ពេល​បង្ក្រាប​លើ​កម្មករ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៤។

រហូត​មក​ដល់​ពេល​នេះ យុវជន​រូប​នោះ​នៅ​តែ​បន្ត​បាត់​ខ្លួន​ដោយ​អាថ៌កំបាំង។ ការ​ទទូច​ជា​ថ្មី​របស់​សង្គម​ស៊ីវិល​នេះ ចំ​ពេល​ដែល​ពិភពលោក​រំឭក​ទិវា​អនុសញ្ញា​អន្តរជាតិ ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ដែល​កម្ពុជា ក៏​ជា​ភាគី​ផ្តល់​សច្ចាប័ន​ដែរ​នោះ។

ស្រប​ពេល​ដែល​ពិភពលោក​ទាំង​មូល​រំឭក​ទិវា​អនុសញ្ញា​អន្តរជាតិ ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ អង្គការ​សង្គម​ស៊ីវិល​លេច​មុខ​សាជាថ្មី​ទៀត អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​ភាគី​នៃ​អនុសញ្ញា​នេះ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ការ​បាត់​ខ្លួន​របស់​យុវជន ឃឹម សាផាត។

អ្នក​សម្រប​សម្រួល​បច្ចេកទេស​ស៊ើប​អង្កេត នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​យក​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ។ ដូច​នេះ រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ស្រប​ច្បាប់ អនុវត្ត​ទៅ​តាម​លក្ខខណ្ឌ​នៃ​អនុសញ្ញា ដោយ​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ហ្មត់ចត់ និង​ភ្លាមៗ លើ​ការ​បាត់​ខ្លួន​របស់​យុវជន ឃឹម សាផាត ហើយ​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ​របស់​គាត់​នូវ​ជោគ​វាសនា និង​កន្លែង​ដែល​យុវជន​នេះ​កំពុង​រស់នៅ។

លោក អំ សំអាត៖ «រដ្ឋាភិបាល​លោក​ត្រូវ​បង្កើត​នូវ​គណៈកម្មការ ពីព្រោះ​បើ​យើង​ជា​សមាជិក​ហើយ យើង​ត្រូវ​មាន​យន្តការ​មួយ​ច្បាស់​លាស់ ដើម្បី​អនុវត្ត​កាតព្វកិច្ច​រដ្ឋ​ជា​សមាជិក។ អ៊ីចឹង​យើង​ត្រូវ​បង្កើត​គណៈកម្មការ​មួយ​ដោយ​ឯករាជ្យ​ច្បាស់​លាស់ ដើម្បី​ស៊ើប​អង្កេត​ករណី​នេះ ដើម្បី​ស្វែងរក​ព័ត៌មាន​ឲ្យ​គ្រប់គ្រាន់ ផ្តល់​ជូន​អង្គការ​សហប្រជាជាតិ ដែល​ទទួល​បន្ទុក​ពី​ការ​ស្វែងរក​ជន​ភៀស​ខ្លួន ក៏​ដូច​ជា​ក្រុម​គ្រួសារ​គេ​ឲ្យ​បាន​ដឹង អំពី​វាសនា​នៃ លោក ឃឹម សាផាត ហ្នឹង»

ចំណែក​នាយិកា​អង្គការ​លីកាដូ អ្នកស្រី ណាលី ពីឡូក វិញ​ថ្លែង​ថា ក្រុម​គ្រួសារ​របស់​យុវជន ឃឹម សាផាត គួរ​ត្រូវ​បាន​ដឹង​ការ​ពិត​អំពី​ស្ថានការណ៍​នៃ​ការ​បាត់​ខ្លួន​កូន​របស់​ពួក​គាត់។

យុវជន ឃឹម សាផាត អាយុ ១៦​ឆ្នាំ ត្រូវ​បាន​គេ​ឃើញ​ចុង​ក្រោយ​ដេក​ដួល​ហូរ​ឈាម​នៅ​លើ​កំណាត់​ផ្លូវ​វ៉េងស្រេង ត្រង់​ម្តុំ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤ ដែល​ក្រោយ​មក​បាន​បាត់​ខ្លួន​រហូត​មក​ទល់​ពេល​នេះ។

អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ការ​ការពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ដែល​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៣ ចែង​ថា ការ​បាត់​ខ្លួន​ដោយ​បង្ខំ គឺ​សំដៅ​ដល់​ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន ការ​ចាប់​ពង្រត់ ឬ​ទម្រង់​ផ្សេង​ទៀត​នៃ​ការ​ដក​ហូត​សិទ្ធិ ធ្វើ​ឡើង​ដោយ​ភ្នាក់ងារ​រដ្ឋ ឬ​បុគ្គល ឬ​ក្រុម​បុគ្គល​ដែល​មាន​ការ​អនុញ្ញាត ការ​គាំទ្រ ឬ​ការ​យល់​ព្រម​ពី​រដ្ឋ ដែល​ក្រោយ​មក​បាន​បដិសេធ​មិន​ទទួល​ស្គាល់​ពី​ការ​ដក​ហូត​សេរីភាព ឬ​ដោយ​មាន​ការ​លាក់​កំបាំង​ពី​ជោគ​វាសនា ឬ​ទីកន្លែង​របស់​ជន​បាត់​ខ្លួន​នោះ។ រដ្ឋ​ជា​ភាគី​នៃ​អនុសញ្ញា​នេះ មាន​កាតព្វកិច្ច​ក្នុង​ការ​ចាត់​វិធានការ ដើម្បី​ស៊ើប​អង្កេត​អំពើ​ល្មើស ការ​បាត់​ខ្លួន​ដោយ​បង្ខំ ហើយ​ត្រូវ​នាំ​ខ្លួន​ជន​ទទួល​ខុស​ត្រូវ​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់។ អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី​៣០ សីហា ក៏​ជំរុញ​ឲ្យ​រដ្ឋ​ភាគី​ស៊ើប​អង្កេត​ពី​ជោគ​វាសនា​របស់​បុគ្គល​ដែល​បាន​បាត់​ខ្លួន។ ស្រប​ពេល​ជាមួយ​គ្នា ក្រុម​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស​ចំនួន​៣៩ នៅ​ក្នុង​ប្រទេស​សមាជិក​សមាគម​អាស៊ាន ជំរុញ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​សមាជិក​តំបន់​នេះ បញ្ចប់​សកម្មភាព​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ព្រម​ទាំង​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ស៊ើប​អង្កេត​នាំ​យក​អ្នក​ទទួល​ខុស​ត្រូវ​កាត់​ទោស និង​ផ្តល់​សំណង​ដល់​ជន​រងគ្រោះ និង​គ្រួសារ​ពួក​គេ ក្នុង​នោះ​ក៏​មាន​ករណី​យុវជន ឃឹម សាផាត ផង​ដែរ។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា កម្ពុជា មាន​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​នូវ​អនុសញ្ញា​ដែល​កម្ពុជា បាន​ផ្តល់​សច្ចាប័ន។ ទាក់ទង​ការ​បាត់​ខ្លួន​របស់​យុវជន ឃឹម សាផាត លោក ខៀវ សុភ័គ បញ្ជាក់​ថា សមត្ថកិច្ច​មិន​បាន​ព្រងើយ​កន្តើយ​ចំពោះ​បញ្ហា​នេះ​ឡើយ។ លោក​ថា សមត្ថកិច្ច​កំពុង​ខិតខំ ហើយ​លោក​ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជួយ​សហការ​ផ្តល់​ព័ត៌មាន​ឲ្យ​សមត្ថកិច្ច៖ «កន្លង​មក​យើង​បាន​ទទួល​ព័ត៌មាន​អ៊ីចឹង​មែន ថា​ប្អូន សាផាត ហ្នឹង គាត់​បាន​បាត់​ខ្លួន​ក្នុង​ថ្ងៃ​កើត​ព្រឹត្តិការណ៍​ហ្នឹង រហូត​ដល់​គេ​មាន​គេ​ដុត​សព​អ៊ីចឹង​ទៅ បាញ់​សម្លាប់​អ៊ីចឹង​ទៅ។ ដល់​យើង​ធ្វើ​ការ​ស៊ើប​អង្កេត​ក៏​មិន​មែន រហូត​ដល់​កន្លែង​ខ្លះ​គេ​ប្រាប់​ឃើញ​កន្លែង​ដុត​ឯណា​ទៀត យើង​ទៅ​រក​មើល​វា​មិន​មែន​ជា​ព័ត៌មាន​វា​មិន​ពិត ទៅ​ជា​ឯណា​ឃើញ​ឆ្អឹង​ក្របី ឯណា​ទៅ​វិញ ដូច្នេះ​រាល់​ព័ត៌មាន​ដែល​ជូន​មក​សមត្ថកិច្ច​វា​មិន​ច្បាស់​លាស់ ហើយ​សមត្ថកិច្ច​ក៏​បាន​ស្រាវជ្រាវ​រក​ហ្នឹង»

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ អ្នក​គង្វាល​គោ និង​ដែល​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែរ​នោះ បាន​ប្រទះ​ឃើញ​ឆ្អឹង​ដែល​ត្រូវ​បាន​គេ​ដុត​ចោល​នៅ​ជើង​ភ្នំ​ម្រះព្រៅ ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ ហើយ​សង្ស័យ​ថា​ជា​សព​របស់​យុវជន ឃឹម សាផាត។ ប៉ុន្តែ​ក្រោយ​ការ​ចុះ​ស្រាវជ្រាវ​របស់​អាជ្ញាធរ​ស្រុក​សំរោងទង អាជ្ញាធរ​ថា​មិន​មែន​ជា​ការ​ពិត​ឡើយ ហើយ​ថា​ការ​សន្និដ្ឋាន​របស់​អ្នក​គង្វាល​គោ​នោះ ជា​រឿង​ផ្ដេសផ្ដាស គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។