មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តព្រះសីហនុ បានរិះគន់ចំពោះសកម្មភាពចរាចរណ៍គ្រឿងញៀន បទល្មើសល្បែងស៊ីសង បនពេស្យាចារ និងបទល្មើសកាប់សម្លាប់គ្នា បានបន្តកើតមានគួរឲ្យព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ។
ក្តីព្រួយបារម្ភជាថ្មីទៀតនេះ កើតមានបន្ទាប់ពីបទល្មើសកាប់សម្លាប់ចំនួន ២ករណី បានកើតឡើងនៅទីកន្លែងផ្សេងគ្នាកាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ បានបណ្ដាលឲ្យយុវជនខ្មែរ ២នាក់ស្លាប់ និងជនបរទេស ២នាក់រងរបួសធ្ងន់ ប៉ុន្តែសមត្ថកិច្ចមិនទាន់ចាប់បានជនដៃដល់យកទៅផ្ដន្ទាទោសនៅឡើយទេ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ បានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាអសន្តិសុខ ដែលផ្ដើមដោយក្រុមក្មេងស្ទាវ ឬជនជាតិបរទេសជាដើម បានបន្តកើតមាននាមូលដ្ឋានខេត្តទេសចរណ៍មួយនេះ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បានបង្ហាញទស្សនៈថា សកម្មភាពប្រើប្រាស់ ឬជួញដូរគ្រឿងញៀន បនពេស្យាចារ និងទីតាំងចាក់ភ្នាល់បាល់ ឬកន្ទុយលេខ ជាដើម គឺជាដើមហេតុនាំឲ្យបទល្មើសកាប់សម្លាប់គ្នាបានបន្តកើតមាននាខេត្តព្រះសីហនុ។
ថ្លែងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយក្រុមអង្គការសង្គមស៊ីវិល រៀបចំដោយសាលាខេត្ត និងដឹកនាំដោយ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៩ ខែមីនា លោក ប៊ួន ណារិទ្ធ បានបង្ហាញក្តីព្រួយបារម្ភពីបញ្ហានេះ ហើយសមត្ថកិច្ចមិនទាន់អាចទប់ស្កាត់បានទេ។
នៅចំពោះមុខ លោក ឈិត សុខុន មន្ត្រីកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ បានស្នើដល់សមត្ថកិច្ចត្រូវស្វែងរកចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀនយកទៅផ្ដន្ទាទោស។ លោកថា កន្លងមកសមត្ថកិច្ចកងរាជអាវុធហត្ថ ឬនគរបាល ជាដើម ចាប់បានតែអ្នកចែកចាយ ឬលក់ដូរគ្រឿងញៀនកំប៉ិកកំប៉ុកទេ ប៉ុន្តែមេខ្លោងធំ សមត្ថកិច្ចមិនបានចាប់ខ្លួនទេ៖ «អ្នកចែកចាយដែលសមត្ថកិច្ចចាប់បានកន្លងមក គឺពួកគេក៏បានទិញបន្តពីមេខ្លោងនៅតំបន់នោះដែរ។ ដូច្នេះ ខ្ញុំស្នើដល់មន្ត្រីកងរាជអាវុធហត្ថ ឬមន្ត្រីនគរបាលជាដើម ត្រូវស្នើសុំដីកាដើម្បីចាប់ខ្លួនមេខ្លោងដែលនៅពីក្រោយបទល្មើសជួញដូរគ្រឿងញៀន យកទៅផ្ដន្ទាទោស ជាជាងចាប់តែអ្នកចែកចាយតូចតាច»។
បញ្ហានេះដែរ អាណាព្យាបាលសិស្សរស់នៅខេត្តនេះ ក៏បានបង្ហាញក្តីព្រួយបារម្ភអំពីទីកន្លែងចាក់ភ្នាល់បាល់ ទូហ្គេម និងបនពេស្យាចារជ្រកក្រោមស្លាកម៉ាស្សាកោសជប់ ជាដើម កំពុងធ្វើសកម្មភាពអនាធិបតេយ្យ ប៉ុន្តែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបទេ។ ជាងនេះ ក៏មានម្ចាស់ទីតាំងបនពេស្យាចារជ្រកក្រោមស្លាម៉ាស្សាកោសជប់ និងល្បែងភ្នាល់បាល់ជ្រកក្រោមស្លាកអ៊ីនធឺណិត ឬលក់កាហ្វេមួយចំនួនមានដូចជា នៅតាមផ្ទះល្វែងខាងក្រោយមហោស្រពចាស់ ឋិតក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ជាដើម បានអួតអាងថា គេមិនខ្វល់ចំពោះការចុះផ្សាយព័ត៌មានជុំវិញសកម្មភាពរបស់ខ្លួនទេ ហើយបានអួតអាងថា គេមានសាច់ញាតិពាក់ផ្កាយ ២ ឬ ៣ នៅស្ថាប័នប្រដាប់អាវុធ ឬក្រសួងមហាផ្ទៃ ជាដើម ធ្វើជាខ្នងបង្អែក។ ហើយម្ចាស់ទីតាំងល្មើសទាំងនេះ ក៏ធ្លាប់បញ្ជាឲ្យកូនចៅខ្លួនថតរូបអ្នកសារព័ត៌មានរូបណា ដែលចុះទៅយកព័ត៌មាន ឬថតទីតាំងភ្នាល់បាល់ និងបនពេស្យាចាររបស់គេថែមទៀត។ បន្ថែមលើនេះ ពួកគេក៏មិនខ្វល់ថា របររកស៊ីផ្លូវភេទរបស់គេត្រូវច្បាប់ ឬខុសច្បាប់អ្វីទេ។
កាលពីរាត្រីថ្ងៃទី១៩ ខែមីនា មានបទល្មើសដាច់ដោយឡែក ២ករណីផ្សេងគ្នា បានកើតមាននៅខេត្តព្រះសីហនុ ក្នុងនោះ គឺមានករណីក្មេងស្ទាវ ២ក្រុម បានជិះម៉ូតូដេញកាប់ចាក់គ្នារហូតដល់ភាគីម្ខាងបានដួលម៉ូតូស្លាប់ ២នាក់នៅនឹងកន្លែងក្បែរមាត់សមុទ្រ នៃឆ្នេរសណ្ឋាគារ ៧ជាន់។ ករណីមួយទៀត គឺមានបទល្មើសវាយកាប់ចាក់គ្នាទៅលើជនបរទេសចំនួន ២នាក់នៅលើកោះរុង បានបណ្ដាលឲ្យបែកក្បាលរងរបួសធ្ងន់ធ្ងរ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ទាក់ទងបញ្ហានេះ វិទ្យុអាស៊ីសេរី ពុំទាន់អាចសុំការបំភ្លឺពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ហេង ប៊ុនទី បានទេនៅថ្ងៃទី២០ ខែមីនា។
ប៉ុន្តែ លោក ស៊ាង កុសល ស្នងការនគរបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា សមត្ថកិច្ចកំពុងស៊ើបអង្កេតទៅលើបទល្មើសផ្សេងៗដែលកើតមាននៅក្នុងមូលដ្ឋាននេះ។ លោកបន្តថា សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញានៃបទល្មើសនីមួយៗឲ្យបានត្រឹមត្រូវ និងឈានទៅចាប់ជនល្មើសផ្ដន្ទាទោស៖ «នៅហាងកាហ្វេពូ វុធ ជាប់សង្កាត់លេខ២ ហ្នឹង មានកត់បាល់ផង កត់កន្ទុលលេខ និងមានភ្នាល់កីឡាប្រដាល់នៅថ្ងៃចុងសប្ដាហ៍ក្នុងចំនួនទឹកប្រាក់រាប់ម៉ឺន ឈានដល់លានរៀល។ ហើយទីកន្លែងចាក់ភ្នាល់បាល់មួយទៀត ជ្រកក្រោមស្លាកហាងកាហ្វេនៅផ្ទះល្វែងលេខស៊ី៤៦ (C46) មហោស្រពចាស់ គឺមានមនុស្សចូលយកតារាងភ្នាល់ និងចាក់បាល់គគ្រឹកគគ្រេង និងមានទីតាំងកត់បាល់ខ្លះទៀត ជ្រកក្រោមស្លាកកាហ្វេណេត៧៨៩ នៅទល់មុខរថយន្តក្រុងកាពីតូល ជាដើម បានធ្វើសកម្មភាពរាល់ថ្ងៃគ្មានការបង្ក្រាប»។
ទោះជាបែបនេះក្តី ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលមួយចំនួននាខេត្តព្រះសីហនុ បានចោទថា បទល្មើសគ្រឿងញៀន ចោរកម្ម បទល្មើសបនពេស្យាចារ និងទីតាំងចាក់ភ្នាល់បាល់នៅខេត្តព្រះសីហនុ សមត្ថកិច្ចគ្មានវិធានការទប់ស្កាត់ទេ។ ហើយសមត្ថកិច្ចខេត្តព្រះសីហនុ មិនទាន់អនុវត្តឲ្យមានប្រសិទ្ធភាពនៅឡើយនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុច ដែលប្រមុខដឹកនាំបានដាក់ឲ្យអនុវត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
