សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងការអប់រំនៅកម្ពុជា ចាត់ទុកថា ការរឹតបន្តឹង និងការយកចិត្តទុកដាក់លើការប្រឡង គឺជារឿងសំខាន់ដើម្បីលើកកម្ពស់គុណភាពវិស័យអប់រំនៅកម្ពុជា។ សង្គមស៊ីវិលទាំងនោះនឹងចូលរួមសង្កេតការណ៍ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ហៅកាត់ថា បាក់ឌុប ឆ្នាំ១០១៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៤ ខែសីហា ខាងមុខនេះ។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ហៅកាត់ថា បាក់ឌុប ឆ្នាំនេះ ក្រសួងអប់រំ បានបង្ហាញជំហរបន្តរឹតបន្តឹងដូចឆ្នាំមុនដដែល។ ទន្ទឹមគ្នានេះ សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធនឹងវិស័យអប់រំ បានសាទរលើការបន្តចំណាត់ការនេះ ហើយសង្គមស៊ីវិលទាំងនោះ នឹងចូលរួមសង្កេតការណ៍ប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិដើម្បីពង្រឹងគុណភាពអប់រំកម្ពុជា ឲ្យកាន់តែប្រសើរឡើង។
នាយកអង្គការ សម្ព័ន្ធគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ហៅកាត់ថា អានសា (ANSA) លោក សន ជ័យ មានប្រសាសន៍ថា ស្ថាប័នលោកបានចុះឈ្មោះសង្កេតការណ៍ជាមួយអង្គភាពប្រឆាំងអំពើពុករលួយរួចហើយ ដើម្បីត្រៀមសង្កេតការប្រឡងបាក់ឌុប តាមមណ្ឌលប្រឡងនៅភ្នំពេញ និងខេត្តកំពង់ចាម ប្រមាណជិត ១០០នាក់។
លោក សន ជ័យ បន្តថា លោកសាទររាល់វិធានការរឹតបន្តឹងរបស់ក្រសួងអប់រំ ដូច្នេះលោកសង្ឃឹមថា ការចូលរួមសង្កេតការណ៍ជាចំណែកមួយលើកកម្ពស់គុណភាពប្រឡង។
លោក សន ជ័យ បានឲ្យដឹងទៀតថា តាមរយៈការងារដែលពាក់ព័ន្ធលើការអប់រំ និងការចូលរួមសង្កេតការណ៍ប្រឡងកន្លងមកឃើញថា មានគ្រូ និងសិស្សមួយចំនួននៅតែមិនទាន់យល់ច្បាស់ពីនីតិវិធីប្រឡង បង្កឲ្យមានភាពមិនប្រក្រតីមួយចំនួន។
លោកថា ជាងនេះទៀតមានសិស្សនៅតាមបណ្ដាខេត្ត ពិសេសនៅដំបន់ដាច់ស្រយាលនៅតែកង្វះឯកសារ ការផ្សព្វផ្សាយមិនទានទូលាយជុំវិញដំណើរការប្រឡងនៅឡើយ៖ «ក្រសួងគួរតែមានយន្តការផ្សព្វផ្សាយឲ្យបានទូលំទូលាយទៅដល់សិស្សនៅតាមតំបន់ដាច់ស្រយាលឲ្យបានទូលំទូលាយជាងនេះ ដើម្បីឲ្យសិស្សអាចទទួលបានព័ត៌មានច្បាស់លាស់ជុំវិញដំណើរការប្រឡង»។
ជាមួយគ្នានេះ ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល ឲ្យដឹងថា ការប្រឡងកន្លងមកនៅតែមានអំពើពុករលួយមួយចំនួនជុំវិញការសូកលុយពីសំណាក់សិស្ស ដូចជាការប្រមូលលុយពីសិស្សជាដើម ដូច្នេះលោកនឹងចូលរួមសង្កេតការប្រឡងនេះជាលក្ខណៈឯកជន។
លោកថា សង្ឃឹមថា ការប្រឡងឆ្នាំនេះ នឹងអាចកាត់បន្ថយអំពើពុករលួយប្រកបដោយតម្លាភាព និងសុចរិតភាព៖ «ខ្ញុំនៅតែលើកទឹកចិត្តដល់ក្រសួងអប់រំ បន្តរឹតបន្តឹងគុណភាពប្រឡង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីដឹងវិធានការរឹតបន្តឹង និងដាក់ចំនួនអ្នកសង្កេតការណ៍ប៉ុន្មាននាក់សម្រាប់ការប្រឡងបាក់ឌុប ឆ្នាំ២០១៥ នេះ បាននៅឡើយនៅថ្ងៃទី១៥ ខែកក្កដា។ ប៉ុន្តែសេចក្ដីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពីពុករលួយ ស្ដីពីការងារសង្កេតការប្រឡងបាក់ឌុបនេះ ដែលបានចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា កន្លងទៅ បានអំពាវនាវឲ្យអ្នកស្ម័គ្រចិត្តជាសង្គមស៊ីវិល និងបុគ្គលឯកជននានា ធ្វើជាអ្នកសង្កេតការប្រឡងបាក់ឌុប ដើម្បីបង្កភាពងាយស្រួលដល់ក្រសួងអប់រំ និងរឹតបន្តឹងគុណភាពអប់រំនៅកម្ពុជា កាន់តែប្រសើរឡើង។
បេក្ខជនប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ហៅថា បាក់ឌុប ទូទាំងប្រទេសឆ្នាំ២០១៥ សរុបចំនួនជាង ៨៨.៤៨០នាក់ ក្នុងនោះចែកចេញជា ១៤៩ មណ្ឌលប្រឡង ស្មើនឹងជាង ៣.៥៧០បន្ទប់។
ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ហៅកាត់ថា បាក់ឌុប ឆ្នាំ២០១៥ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ ក្រសួងអប់រំប្រកាសថា បន្តរឹតបន្តឹងដូចឆ្នាំមុនដដែល និងឈរលើគោលការណ៍ ៤ចំណុច គឺការប្រឡងត្រូវតែឈរលើការគោរពច្បាប់ តម្លាភាព យុត្តិធម៌ និងសុចរិតភាព។ ក្រសួងអប់រំ បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ សមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ ព្រមទាំងបើកឱកាសឲ្យអង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធចូលរួមសង្កេតការណ៍លើដំណើរការប្រឡងបាក់ឌុប ឆ្នាំនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
