ករណីនេះ អង្គការក្រៅរដ្ឋាភិបាល និងសហជីព បានអំពាវនាវសុំឲ្យក្រុមគ្រួសារកម្មករនៅរោងចក្រឯក្រុងភ្នំពេញ ពិសេសតាមផ្លូវវ៉េងស្រេង ហើយបាត់ខ្លួន អោយមកដាក់ពាក្យប្ដឹង។ ការអំពាវនាវនេះ ត្រូវអ្នកនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា ជាការកេងចំណេញនយោបាយ ហើយទម្លាក់កំហុសទៅកម្លាំងសមត្ថកិច្ច។
ការអំពាវនាវរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា នេះ គឺបន្ទាប់ពីពួកគេមើលឃើញថា ក្រុមគ្រួសារកម្មករមកប្ដឹងសុំឲ្យជួយរកកូនចៅ ប្ដី ប្រពន្ធ មានតិច ផ្ទុយពីព័ត៌មានចចាមអារ៉ាមថាមានអ្នកស្លាប់ និងអ្នកបាត់ខ្លួនច្រើន។
អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) លោក ចាន់ សុវ៉េត ថ្លែងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៤ ថា សមាគមនេះទទួលបានបណ្ដឹងសុំឲ្យជួយរកកូនបាត់ខ្លួនតែមួយគត់ជាលាយលក្ខណ៍អក្សរពីឪពុកកម្មករឈ្មោះ ខឹម សាផាត ហៅ ជ្រូក អាយុ ១៦ឆ្នាំ។ ក្រៅពីនោះ គឺប្ដឹងផ្ទាល់មាត់ ២នាក់ ឈ្មោះ ស្រេង វិបុល អាយុជាង ២០ឆ្នាំម្នាក់ និងទី៣ឈ្មោះ សៅ កុសល អាយុជាង ២០ឆ្នាំ មិនដឹងបាត់នៅឯណា៖ «ហើយ ៣នាក់ហ្នឹង នៅស្រពិចស្រពិលម្នាក់ទៀតផង ដែលយើងដឹងថា មិនដឹងជាបាត់ ឬមិនបាត់។ ហើយអស់ពីហ្នឹង គឺពាក្យបណ្ដឹងមានតែមួយគត់ដែលមកការិយាល័យសមាគមអាដហុក អំពីការបាត់ខ្លួនហ្នឹង»។
ប្រធានស៊ើបអង្កេតអង្គការលីកាដូ (Licadho) លោក អំ សំអាត ថ្លែងថា អង្គការលីកាដូ បានទទួលបណ្ដឹង ៣គ្រួសារដែរ សុំឲ្យជួយស្វែងរកអ្នកបាត់ខ្លួននោះ ព្រោះមិនដឹងថានៅរស់ ឬស្លាប់ ឬរងរបួស ឬជាប់ពន្ធនាគារឡើយ៖ «គ្រាន់តែថាព័ត៌មានថាត្រូវរបួសទ្រូង ហើយគេសែងដាក់ឡានចេញទៅ។ អ៊ីចឹង យើងនៅតែដាក់មួយ ប៉ុន្តែយើងសង្ស័យថា ប្រហែលស្លាប់ហើយ ប៉ុន្តែយើងនឹងស្វែងរកបន្ថែមទៀត»។
ប្រធានកម្មវិធីសិទ្ធិការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក មឿន តុលា ថ្លែងថា អង្គការនោះបានទទួលពាក្យបណ្ដឹងផ្ទាល់មាត់តាមទូរស័ព្ទ ឲ្យស្វែងរកកូន ក្មួយ ប្ដី ប្រពន្ធ។ លោកថា តាមឈ្មោះ និងរោងចក្រដែលក្រុមគ្រួសារបានប្រាប់ឲ្យស្វែងរកអ្នកបាត់ខ្លួននោះ គឺមួយចំនួនមានឈ្មោះក្នុងចំណោមមនុស្ស ២៣នាក់ ដែលជាប់ក្នុងគុកត្រពាំងផ្លុង ឬ ម៣ ក្នុងខេត្តកំពង់ចាម។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុនី ថ្លែងថា សមាជិកសហជីពនោះមិនមានបាត់ខ្លួនទេ តែមានអ្នករបួសស្រាលច្រើន។ លោកថា ប្រសិនបើក្រុមគ្រួសារណាបាត់សមាជិកគ្រួសារដែលធ្វើកម្មករនៅភ្នំពេញ ហើយបានប៉ះទង្គិចកាលពីថ្ងៃទី២ ទី៣ និង៤ ខែមករា សូមមកដាក់ពាក្យប្ដឹងនៅសហជីព និងអង្គការសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា៖ «ក្នុងការដែលយើងរុករកមនុស្សនៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ ដែលបាញ់ហើយ លើកគាត់ដាក់ក្នុងឡានយកទៅកន្លែងទីតាំងផ្សេង យើងគ្រាន់គិតមើលថា សូម្បីតែ វន់ ពៅ និងក្រុមអ្នកដទៃទៀត ដែលគេចាប់ហើយហ្នឹង ក៏សឹងតែថារកមិនចង់ឃើញផង»។
លោក ខឹម សឿន រស់នៅឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាឪពុកកម្មករ ខឹម សាផាត អាយុ ១៦ឆ្នាំ ដែលបាត់ខ្លួនបានឲ្យដឹងថា កូនគាត់ខ្ចីឈ្មោះ អ៊ុន ចាន់នឿន អាយុ ១៩ឆ្នាំ ដើម្បីបានចូលធ្វើកម្មករនៅរោងចក្រ ហូ សឹង្ហ។ លោកថា កូនគាត់មិនដឹងស្លាប់ ឬរស់ ព្រោះមិត្តភក្ដិដែលត្រូវរបួសដៃ បានប្រាប់គាត់ថា កូនគាត់ត្រូវគ្រាប់នៅដើមទ្រូង ហើយរថយន្តយោធាបានដឹកចេញទៅកាលពីម៉ោងជាង ៨ព្រឹកថ្ងៃទី៣ ខែមករា។ គាត់តាមរកកូន និងដាក់ពាក្យប្ដឹងទៅអង្គការសិទ្ធិមនុស្សឲ្យជួយរក ហើយគាត់បានធ្វើបុណ្យឲ្យកូន ២ដងហើយ ទាំងគ្មានសាកសព៖ «បើបានវាបាញ់ហើយ បានវាទុកសាកសពឲ្យខ្ញុំយកមកធ្វើបុណ្យ ក៏ខ្ញុំអស់ចិត្តដែរ»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ច្រានចោលព័ត៌មានអ្នកបាត់ខ្លួន និងអ្នកស្លាប់ច្រើន ក្នុងករណីប៉ះទង្គិចរវាងកម្មករ និងកម្លាំងប្រដាប់អាវុធនៅផ្លូវវ៉េងស្រេង។ លោកថា រហូតមកដល់ថ្ងៃទី១៧ ខែមករា ក្រសួងមហាផ្ទៃ គ្មានបណ្ដឹងពីក្រុមគ្រួសារកម្មករណាមកដាក់ពាក្យប្ដឹង ឲ្យជួយរកកូនចៅ ប្ដី សី ឡើយ៖ «កន្លងមក ក៏មានបាត់អ៊ីចឹងដែរមនុស្ស គ្រាន់តែរកឃើញ វាទៅជាករណីអីផ្សេង»។
អង្គការលីកាដូ និងមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ឲ្យដឹងថា កម្មករចំនួន ១៣នាក់ ដែលកម្លាំងអាជ្ញាធរចាប់ឃុំកាលពីថ្ងៃទី២ ទី៣ ខែមករា មានឈ្មោះ យ៉ន ជា អាយុ ១៧ឆ្នាំ ជា សារ៉ាត់ ប៊ូ សារិត ជឿន យ៉ុង ហេង រដ្ឋា រី ស៊ីនួន ម៉ម ពិសិទ្ធ ណិប ស៊ីនួន ផាង ត្រេន ប៉ាង វណ្ណី ភឿន ដា រស់ សុភ័ណ្ឌ និង ត្រោង សារ៉ាត់។ អ្នកទាំង ១៣នាក់ ត្រូវកម្លាំងអាជ្ញាធរចាប់នៅផ្លូវវ៉េងស្រេង។
កាលពីថ្ងៃទី២ ខែមករា មានមនុស្ស ១០នាក់ផ្សេងទៀត សមត្ថកិច្ចបានចាប់នៅផ្លូវជាតិលេខ៤ នៅរោងចក្រ យ៉ាក ជីង គឺចាប់សរុបចំនួន ២៣នាក់ ដែលតុលាការសម្រេចឃុំបណ្ដោះអាសន្ននៅគុកត្រពាំងផ្លុង ឬម៣៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
