សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​គ្រួសារ​កម្មករ​បាត់​ខ្លួន​នៅ​ផ្លូវ​វ៉េងស្រេង​មក​ដាក់​ពាក្យ​ប្ដឹង

ក្រោយ​កើត​មាន​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង រវាង​កម្លាំង​អាជ្ញាធរ និង​ក្រុម​កម្មករ​ដែល​ទាមទារ​ឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ កាល​ពី​ថ្ងៃ​ទី​២ ទី​៣ ខែ​មករា កន្លង​ទៅ មាន​ព័ត៌មាន​មួយ​ចំនួន​បាន​អះអាង​ថា មាន​អ្នក​ស្លាប់ អ្នក​របួស និង​បាត់​ខ្លួន​ច្រើន គឺ​អាច​ច្រើន​ជាង​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ។

0:00 / 0:00

ករណី​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សហជីព បាន​អំពាវនាវ​សុំ​ឲ្យ​ក្រុម​គ្រួសារ​កម្មករ​នៅ​រោងចក្រ​ឯ​ក្រុង​ភ្នំពេញ ពិសេស​តាម​ផ្លូវ​វ៉េងស្រេង ហើយ​បាត់​ខ្លួន អោយ​មក​ដាក់​ពាក្យ​ប្ដឹង។ ការ​អំពាវនាវ​នេះ ត្រូវ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ អះអាង​ថា ជា​ការ​កេង​ចំណេញ​នយោបាយ ហើយ​ទម្លាក់​កំហុស​ទៅ​កម្លាំង​សមត្ថកិច្ច។

ការ​អំពាវនាវ​របស់​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា នេះ គឺ​បន្ទាប់​ពី​ពួក​គេ​មើល​ឃើញ​ថា ក្រុម​គ្រួសារ​កម្មករ​មក​ប្ដឹង​សុំ​ឲ្យ​ជួយ​រក​កូន​ចៅ ប្ដី ប្រពន្ធ មាន​តិច ផ្ទុយ​ពី​ព័ត៌មាន​ចចាមអារ៉ាម​ថា​មាន​អ្នក​ស្លាប់ និង​អ្នក​បាត់​ខ្លួន​ច្រើន។

អនុ​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក ចាន់ សុវ៉េត ថ្លែង​នៅ​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០១៤ ថា សមាគម​នេះ​ទទួល​បាន​បណ្ដឹង​សុំ​ឲ្យ​ជួយ​រក​កូន​បាត់​ខ្លួន​តែ​មួយ​គត់​ជា​លាយលក្ខណ៍​អក្សរ​ពី​ឪពុក​កម្មករ​ឈ្មោះ ខឹម សាផាត ហៅ ជ្រូក អាយុ ១៦​ឆ្នាំ។ ក្រៅ​ពី​នោះ គឺ​ប្ដឹង​ផ្ទាល់​មាត់ ២​នាក់ ឈ្មោះ ស្រេង វិបុល អាយុ​ជាង ២០​ឆ្នាំ​ម្នាក់ និង​ទី​៣​ឈ្មោះ សៅ កុសល អាយុ​ជាង ២០​ឆ្នាំ មិន​ដឹង​បាត់​នៅ​ឯណា៖ «ហើយ ៣​នាក់​ហ្នឹង នៅ​ស្រពិចស្រពិល​ម្នាក់​ទៀត​ផង ដែល​យើង​ដឹង​ថា មិន​ដឹង​ជា​បាត់ ឬ​មិន​បាត់។ ហើយ​អស់​ពី​ហ្នឹង គឺ​ពាក្យ​បណ្ដឹង​មាន​តែ​មួយ​គត់​ដែល​មក​ការិយាល័យ​សមាគម​អាដហុក អំពី​ការ​បាត់​ខ្លួន​ហ្នឹង»

ប្រធាន​ស៊ើប​អង្កេត​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ថ្លែង​ថា អង្គការ​លីកាដូ បាន​ទទួល​បណ្ដឹង ៣​គ្រួសារ​ដែរ សុំ​ឲ្យ​ជួយ​ស្វែង​រក​អ្នក​បាត់​ខ្លួន​នោះ ព្រោះ​មិន​ដឹង​ថា​នៅ​រស់ ឬ​ស្លាប់ ឬ​រង​របួស ឬ​ជាប់​ពន្ធនាគារ​ឡើយ៖ «គ្រាន់​តែ​ថា​ព័ត៌មាន​ថា​ត្រូវ​របួស​ទ្រូង ហើយ​គេ​សែង​ដាក់​ឡាន​ចេញ​ទៅ។ អ៊ីចឹង យើង​នៅ​តែ​ដាក់​មួយ ប៉ុន្តែ​យើង​សង្ស័យ​ថា ប្រហែល​ស្លាប់​ហើយ ប៉ុន្តែ​យើង​នឹង​ស្វែង​រក​បន្ថែម​ទៀត»

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា ថ្លែង​ថា អង្គការ​នោះ​បាន​ទទួល​ពាក្យ​បណ្ដឹង​ផ្ទាល់​មាត់​តាម​ទូរស័ព្ទ ឲ្យ​ស្វែង​រក​កូន ក្មួយ ប្ដី ប្រពន្ធ។ លោក​ថា តាម​ឈ្មោះ និង​រោងចក្រ​ដែល​ក្រុម​គ្រួសារ​បាន​ប្រាប់​ឲ្យ​ស្វែង​រក​អ្នក​បាត់​ខ្លួន​នោះ គឺ​មួយ​ចំនួន​មាន​ឈ្មោះ​ក្នុង​ចំណោម​មនុស្ស ២៣​នាក់ ដែល​ជាប់​ក្នុង​គុក​ត្រពាំងផ្លុង ឬ ម៣ ក្នុង​ខេត្ត​កំពង់ចាម។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ថ្លែង​ថា សមាជិក​សហជីព​នោះ​មិន​មាន​បាត់​ខ្លួន​ទេ តែ​មាន​អ្នក​របួស​ស្រាល​ច្រើន។ លោក​ថា ប្រសិន​បើ​ក្រុម​គ្រួសារ​ណា​បាត់​សមាជិក​គ្រួសារ​ដែល​ធ្វើ​កម្មករ​នៅ​ភ្នំពេញ ហើយ​បាន​ប៉ះ​ទង្គិច​កាល​ពី​ថ្ងៃ​ទី​២ ទី​៣ និង​៤ ខែ​មករា សូម​មក​ដាក់​ពាក្យ​ប្ដឹង​នៅ​សហជីព និង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា៖ «ក្នុង​ការ​ដែល​យើង​រុករក​មនុស្ស​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ ដែល​បាញ់​ហើយ លើក​គាត់​ដាក់​ក្នុង​ឡាន​យក​ទៅ​កន្លែង​ទីតាំង​ផ្សេង យើង​គ្រាន់​គិត​មើល​ថា សូម្បី​តែ វន់ ពៅ និង​ក្រុម​អ្នក​ដទៃ​ទៀត ដែល​គេ​ចាប់​ហើយ​ហ្នឹង ក៏​សឹង​តែ​ថា​រក​មិន​ចង់​ឃើញ​ផង»

លោក ខឹម សឿន រស់​នៅ​ឃុំ​អង្គតាសូ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ជា​ឪពុក​កម្មករ ខឹម សាផាត អាយុ ១៦​ឆ្នាំ ដែល​បាត់​ខ្លួន​បាន​ឲ្យ​ដឹង​ថា កូន​គាត់​ខ្ចី​ឈ្មោះ អ៊ុន ចាន់នឿន អាយុ ១៩​ឆ្នាំ ដើម្បី​បាន​ចូល​ធ្វើ​កម្មករ​នៅ​រោងចក្រ ហូ សឹង្ហ។ លោក​ថា កូន​គាត់​មិន​ដឹង​ស្លាប់ ឬ​រស់ ព្រោះ​មិត្តភក្ដិ​ដែល​ត្រូវ​របួស​ដៃ បាន​ប្រាប់​គាត់​ថា កូន​គាត់​ត្រូវ​គ្រាប់​នៅ​ដើម​ទ្រូង ហើយ​រថយន្ត​យោធា​បាន​ដឹក​ចេញ​ទៅ​កាល​ពី​ម៉ោង​ជាង ៨​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មករា។ គាត់​តាម​រក​កូន និង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គការ​សិទ្ធិ​មនុស្ស​ឲ្យ​ជួយ​រក ហើយ​គាត់​បាន​ធ្វើ​បុណ្យ​ឲ្យ​កូន ២​ដង​ហើយ ទាំង​គ្មាន​សាកសព៖ «បើ​បាន​វា​បាញ់​ហើយ បាន​វា​ទុក​សាកសព​ឲ្យ​ខ្ញុំ​យក​មក​ធ្វើ​បុណ្យ ក៏​ខ្ញុំ​អស់​ចិត្ត​ដែរ»

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ច្រាន​ចោល​ព័ត៌មាន​អ្នក​បាត់​ខ្លួន និង​អ្នក​ស្លាប់​ច្រើន ក្នុង​ករណី​ប៉ះ​ទង្គិច​រវាង​កម្មករ និង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ផ្លូវ​វ៉េងស្រេង។ លោក​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​មករា ក្រសួង​មហាផ្ទៃ គ្មាន​បណ្ដឹង​ពី​ក្រុម​គ្រួសារ​កម្មករ​ណា​មក​ដាក់​ពាក្យ​ប្ដឹង ឲ្យ​ជួយ​រក​កូន​ចៅ ប្ដី សី ឡើយ៖ «កន្លង​មក ក៏​មាន​បាត់​អ៊ីចឹង​ដែរ​មនុស្ស គ្រាន់​តែ​រក​ឃើញ វា​ទៅ​ជា​ករណី​អី​ផ្សេង»

អង្គការ​លីកាដូ និង​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ឲ្យ​ដឹង​ថា កម្មករ​ចំនួន ១៣​នាក់ ដែល​កម្លាំង​អាជ្ញាធរ​ចាប់​ឃុំ​កាល​ពី​ថ្ងៃ​ទី​២ ទី​៣ ខែ​មករា មាន​ឈ្មោះ យ៉ន ជា អាយុ ១៧​ឆ្នាំ ជា សារ៉ាត់ ប៊ូ សារិត ជឿន យ៉ុង ហេង រដ្ឋា រី ស៊ីនួន ម៉ម ពិសិទ្ធ ណិប ស៊ីនួន ផាង ត្រេន ប៉ាង វណ្ណី ភឿន ដា រស់ សុភ័ណ្ឌ និង ត្រោង សារ៉ាត់។ អ្នក​ទាំង ១៣​នាក់ ត្រូវ​កម្លាំង​អាជ្ញាធរ​ចាប់​នៅ​ផ្លូវ​វ៉េងស្រេង។

កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា មាន​មនុស្ស ១០​នាក់​ផ្សេង​ទៀត សមត្ថកិច្ច​បាន​ចាប់​នៅ​ផ្លូវ​ជាតិ​លេខ​៤ នៅ​រោងចក្រ យ៉ាក ជីង គឺ​ចាប់​សរុប​ចំនួន ២៣​នាក់ ដែល​តុលាការ​សម្រេច​ឃុំ​បណ្ដោះ​អាសន្ន​នៅ​គុក​ត្រពាំងផ្លុង ឬ​ម៣៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។