សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​មាន​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​និង​ជន​បរទេស​ឲ្យ​បាន​ល្អ

ដោយ ម៉ៅ សុធានី
2014.08.28
វៀតណាម កោះធំ ៣០៥ ២៩-តុលា-២០១២៖ ភូមិ​វៀតណាម ដែល​បាន​បោះ​ទីតាំង​យ៉ាង​រឹងមាំ​ក្នុង​ទឹកដី​ខ្មែរ​ស្ថិត​ក្នុង​ភូមិ​ចុងខ្សាច់ ឃុំ​ឈើខ្មៅ ស្រុក​កោះធំ ខេត្ត​កណ្ដាល។
RFA/Morm Moniroth

មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល អះអាង​ថា ក្រសួង​ការងារ និង​ក្រសួង​មហាផ្ទៃ កំពុង​សហការ​គ្នា​ដើម្បី​ស្វែងរក​យន្តការ​គ្រប់គ្រង​ជន​បរទេស ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា និង​ជួយ​ដល់​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស មុន​ពេល​ដែល​កម្ពុជា ធ្វើ​សមាហរណកម្ម​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥ ខាង​មុខ។

ការ​បញ្ជាក់​នេះ ធ្វើ​ឡើង​ក្នុង​សិក្ខា​សាលា​មួយ​ស្តីអំពី «ការ​គ្រប់គ្រង​ទេសន្តរប្រវេសន៍​ឲ្យ​បាន​ល្អ​ប្រសើរ» កាល​ពី​ថ្ងៃ​ពុធ ទី​២៧ ខែ​សីហា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana Hotel) ក្រុង ភ្នំពេញ ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ស៊ី.ឌី.អ.ងាយ (CDRI)។

នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា (Caram Cambodia) លោក យ៉ា ណាវុធ ដែល​ជា​វាគ្មិន​មួយ​រូប​ក្នុង​សិក្ខា​សាលា​នេះ​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​គ្រប់គ្រង​ជន​បរទេស​ដែល​រស់នៅ និង​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា មាន​សារសំខាន់​ណាស់​ក្នុង​ការ​រក​ប្រាក់​ចំណូល​បន្ថែម​ដល់​ថវិកា​ជាតិ។ បន្ថែម​ពី​នេះ លោក​ថា កម្ពុជា ត្រូវ​ការ​រៀបចំ​យន្តការ​ឲ្យ​ច្បាស់​លាស់ ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​កម្ពុជា អាច​ស្វែងរក​ការងារ​ធ្វើ​បាន។

លោក យ៉ា ណាវុធ៖ «នៅ​ក្នុង​ការ​គ្រប់គ្រង​ទេសន្តរប្រវេសន៍​ហ្នឹង​ជា​ការ​ល្អ ប្រសិន​បើ​រដ្ឋាភិបាល​រៀបចំ​ឲ្យ​ពលករ​កំពុង​ធ្វើ​ការងារ​ក្នុង​ស្រុក​យើង​ហ្នឹង ក្លាយ​ជា​ពលករ​ស្រប​ច្បាប់ ដោយ​ចុះ​បញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ យើង​អាច​ពង្រឹង​ទៅ​លើ​ចំណូល​សម្រាប់​ជាតិ​ដែរ។ ប្រសិន​បើ​មាន​ជនជាតិ​បរទេស​ធ្វើ​ការ​នៅ​ប្រទេស​យើង​ច្រើន យើង​អាច​មាន​ឱកាស​យក​ពន្ធ​យក​ថ្លៃ​ពិនិត្យ​សុខភាព ថ្លៃ​ចុះ​បញ្ជី ថ្លៃ​ស្នាក់នៅ។ ទង្វើ​នេះ​អាច​បង្កើន​ចំណូល​ថវិកា​ជាតិ ក្រោយ​ពី​ការ​ចុះ​ថយ​ផ្នែក​ខាង​ពន្ធ​គយ នៅ​ពេល​អាស៊ាន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ចុង​ឆ្នាំ​២០១៥ នេះ»

តាម​កិច្ច​ព្រមព្រៀង ប្រទេស​ទាំង​១០​នៃ​សមាគម​អាស៊ាន នឹង​ធ្វើ​សមាហរណកម្ម​ទីផ្សារ​ការងារ​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥។ នេះ​មាន​ន័យ​ថា ប្រទេស​ជា​សមាជិក​ទាំងអស់ អនុញ្ញាត​ឲ្យ​មាន​លំហូរ​ពលកម្ម​ជំនាញ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​តំបន់។ ការ​ស្រាវជ្រាវ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​ផ្សព្វផ្សាយ​ក្នុង​វែបសាយ (Website) របស់​ខ្លួន បង្ហាញ​ថា កម្ពុជា ត្រូវ​ការ​វិស្វករ​ចំនួន ៣​ម៉ឺន ៥​ពាន់​នាក់ និង​អ្នក​បច្ចេកទេស​ចំនួន ៤​ម៉ឺន ៦​ពាន់​នាក់ ដើម្បី​អាច​រក្សា​កំណើន​សេដ្ឋកិច្ច គឺ​ផលិតផល​សរុប​ក្នុង​ស្រុក (GDP) ឲ្យ​បាន​ពី ៦% ទៅ ៨% ក្នុង​អំឡុង​ពេល ៥​ឆ្នាំ​ខាង​មុខ។ បញ្ហា​នេះ​ហើយ ដែល​អ្នក​វិភាគ​សេដ្ឋកិច្ច​បារម្ភ​ថា កម្ពុជា ត្រូវ​ខិតខំ​បង្កើន​គុណភាព​នៃ​ការ​អប់រំ ជាពិសេស​បង្កើន​កម្មករ​ជំនាញ​ការងារ​ឲ្យ​បាន​ច្រើន ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​សមាជិក​ប្រទេស​អាស៊ាន​ផ្សេង​ទៀត​ក្នុង​តំបន់។

ពាក់ព័ន្ធ​នឹង​ចំនួន​ជន​ទេសន្តរប្រវេសន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា រហូត​មក​ដល់​ពេល​នេះ គេ​នៅ​ពុំ​ទាន់​មាន​ស្ថិតិ​ពិត​ប្រាកដ​នោះ​ឡើយ សូម្បី​តែ​ជន​អន្តោប្រវេសន៍​វៀតណាម ទាំង​ស្រប និង​មិន​ស្រប​ច្បាប់ ក៏​នៅ​មិន​ទាន់​មាន​តួលេខ​ពិត​ប្រាកដ​ផង​ដែរ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ថា ជន​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា មាន​ជាង ១០​ម៉ឺន​នាក់ ប៉ុន្តែ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី អះអាង​ថា ជន​អន្តោប្រវេសន៍​វៀតណាម រស់នៅ​កម្ពុជា បច្ចុប្បន្ន ប្រមាណ​ជា ៥​សែន​នាក់។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដែល​ជា​វាគ្មិន​មួយ​រូប​ទៀត​ក្នុង​សិក្ខា​សាលា​នេះ​មាន​ប្រសាសន៍​ថា ស្ថាប័ន​មួយ​ចំនួន​របស់​រដ្ឋាភិបាល កំពុង​សហការ​គ្នា​ធ្វើ​ជំរឿន​ដល់​ជន​បរទេស​ដែល​កំពុង​ធ្វើ​ការ និង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា៖ «ចំពោះ​ពលករ​បរទេស​ដែល​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​រួម​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ការងារ និង​អភិបាល​កិច្ច កំពុង​តែ​ធ្វើ​ការ​ហ្នឹង ដើម្បី​ធានា​ថា អ្នក​ទាំង​នោះ​មាន​ឯកសារ​គ្រប់គ្រាន់ គឺ​មាន​ទិដ្ឋាការ​ស្នាក់នៅ និង​មាន​ប័ណ្ណ​អនុញ្ញាត​ការងារ​ពី​ក្រសួង​ការងារ»

បន្ថែម​ពី​លើ​ការ​គ្រប់គ្រង​ទេសន្តរប្រវេសន៍​នៅ​កម្ពុជា រដ្ឋាភិបាល ក៏​កំពុង​គិតគូរ​ជួយ​ដល់​ពលករ​ខ្មែរ​ចំណាក​ស្រុក ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ រួម​មាន នៅ​ប្រទេស​ថៃ កូរ៉េ​ខាង​ត្បូង ជាដើម។ ចំពោះ​បញ្ហា​នេះ លោក ហេង សួរ អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ការងារ គូស​បញ្ជាក់​ថា ក្រៅ​ពី​បង្កើត​យន្តការ​ច្បាស់​លាស់​ក្នុង​ការ​ទាក់ទង​ជាមួយ​ប្រទេស​ដែល​ទទួល​ពលករ​ខ្មែរ ក្រសួង​ពាក់ព័ន្ធ​បាន​ព្យាយាម​សម្រួល​ដល់​ការ​ធ្វើ​សំបុត្រ​ស្នាម និង​ផ្តល់​ព័ត៌មាន​ដល់​ពលករ​ដែល​មាន​បំណង​ចង់​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ដោយ​ស្រប​ច្បាប់៖ «ព្យាយាម​បង្កើត​ឲ្យ​មាន​សេវា​ព័ត៌មាន និង​យន្តការ​ច្បាស់​លាស់​សម្រាប់​បង​ប្អូន​យើង គាត់​អនុវត្ត​កម្មវិធី​ហ្នឹង។ បន្ថែម​ទៀត សម្រាប់​ពលករ​មាន​បំណង​ទៅ​ធ្វើ​ការ​ប្រទេស​ក្រៅ​មាន​ឯកសារ​គ្រប់គ្រាន់ រដ្ឋាភិបាល​ជួយ ១០០​ដុល្លារ ចំណែក​ក្រសួង​ទទួល​បន្ទុក​ការងារ​នេះ រួម​មាន​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការងារ សម្រួល​ឲ្យ​កិច្ចការ​នេះ​ចេញ​ឆាប់​រហ័ស។ ក្រៅ​ពី​នេះ យើង​បាន​ព្យាយាម​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទទួល​ពលករ​យើង ក្នុង​នោះ​រួម​ទាំង​ប្រទេស​ថៃ ផង ដើម្បី​ជំរុញ​យន្តការ និង​នីតិវិធី​ផ្សេងៗ ដើម្បី​ឲ្យ​ពលករ​យើង​មាន​ភាព​ស្រប​ច្បាប់ ដែល​កំពុង​ស្នាក់នៅ និង​ធ្វើ​ការ»

នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា លោក យ៉ា ណាវុធ សម្ដែង​ក្តី​សង្ឃឹម​ថា កម្ពុជា នឹង​អាច​ពុះពារ​ឧបសគ្គ​ទាំង​នោះ​បាន ប្រសិន​បើ​រាជ​រដ្ឋាភិបាល​អនុវត្ត​ដោយ​យក​ចិត្ត​ទុក​ដាក់ និង​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​ចំណាក​ស្រុក និង​ទេសន្តរប្រវេសន៍​នៅ​កម្ពុជា៖ «ទី​១ ដើម្បី​គ្រប់គ្រង​បញ្ហា​ទេសន្តរប្រវេសន៍​ឲ្យ​បាន​ល្អ​ប្រសើរ រដ្ឋាភិបាល​គួរ​បញ្ចូល​បញ្ហា​ទេសន្តរប្រវេសន៍​នេះ​ទៅ​ក្នុង​គោល​នយោបាយ​សាធារណៈ។ ចំណុច​ទី​២ យើង​គួរ​បង្កើត​ទិន្នន័យ​គ្រប់គ្រង​ទាំង​ថ្នាក់​មូលដ្ឋាន និង​ថ្នាក់​ជាតិ ហើយ​រៀបចំ​បណ្តុះបណ្តាល​ឲ្យ​គាត់​ក្លាយ​ជា​ពលករ​មាន​ជំនាញ​ទាំង​នៅ​មជ្ឈមណ្ឌល និង​នៅ​ថ្នាក់​មូលដ្ឋាន។ ទី​៣ ត្រូវ​ធ្វើ​ការ​សិក្សា​អំពី​តម្រូវ​ការ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ដែល​ពលករ​មាន»

លោក​គូស​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​អនុក្រឹត្យ និង​គោលការណ៍​ណែនាំ​ល្អៗ ប៉ុន្តែ​ទាមទារ​ឲ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព និង​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។