ប្រជាពលរដ្ឋស្រុកស្ទឹងហាវ សំណូមពរដល់អភិបាលខេត្តព្រះសីហនុ ពិសេសប្រមុខដឹកនាំរដ្ឋាភិបាល ជួយជំរុញសកម្មភាពតភ្ជាប់ប្រព័ន្ធទឹកស្អាតជូនពួកគាត់ប្រើប្រាស់ឲ្យបានឆាប់ ខណៈក្រុមហ៊ុនចាស់ផ្គត់ផ្គង់ទឹក ផលិតទឹកគ្មានអនាម័យ និងមានតម្លៃខ្ពស់។
បញ្ហានេះ អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញខេត្តនេះថ្លែងថា ពលរដ្ឋស្រុកស្ទឹងហាវ នឹងមានទឹកស្អាតប្រើប្រាស់ក្នុងពេលដ៏ឆាប់ ព្រោះមានក្រុមហ៊ុនផលិតទឹកស្អាតអានកូ (Anco) កំពុងតភ្ជាប់បណ្ដាញមកកាន់មូលដ្ឋានស្រុកស្ទឹងហាវ និងត្រៀមជួបចរចាជាមួយក្រុមហ៊ុនចាស់ ដើម្បីបញ្ចប់បញ្ហាមិនប្រក្រតីមួយចំនួន។
តំណាងពលរដ្ឋរស់នៅភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ លោក ចាន់ វុត្ថា បានបង្ហាញកង្វល់ថា មូលដ្ឋាននេះមិនមានទឹកស្អាតប្រើប្រាស់ទេ ហើយតម្លៃទឹកក្នុងមួយម៉ែត្រគូបមានតម្លៃខ្ពស់រហូតដល់ ៣ពាន់រៀល។ តំណាងពលរដ្ឋរូបនេះ បានសំណូមពរដល់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយជំរុញឲ្យមានក្រុមហ៊ុនផលិតទឹកស្អាតតបណ្ដាញចូលមកមូលដ្ឋានស្រុកស្ទឹងហាវ ឲ្យបានឆាប់ និងបញ្ចុះតម្លៃសេវាឲ្យទាបជាងក្រុមហ៊ុនចាស់។
លោក ចាន់ វុត្ថា៖ «សូមសម្ដេចជួយពិចារណាជួយជំរុញឲ្យប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ មានទឹកស្អាតប្រើប្រាស់ឲ្យមានអនាម័យ ព្រោះក្រុមហ៊ុនដែលកំពុងដំណើរការរាល់ថ្ងៃនេះ ផលិតទឹកគ្មានអនាម័យ ហើយមានតម្លៃខ្ពស់។ សព្វថ្ងៃនេះ បើមានក្រុមហ៊ុនណាមួយផ្សេងទៀតចូលមកវិនិយោគផលិតទឹកស្អាតនៅតំបន់នេះ និងមានតម្លៃទាបជាងក្រុមហ៊ុនចាស់ សូមឲ្យអាជ្ញាធរស្រុកស្ទឹងហាវ ជួយពិចារណា និងជួយជំរុញឲ្យក្រុមហ៊ុនផលិតទឹកស្អាតថ្មីអាចដំណើរការឲ្យបានឆាប់»។
តំណាងពលរដ្ឋ លោក ចាន់ វុត្ថា មានចម្ងល់ថា សព្វថ្ងៃនេះឃើញសកម្មភាពរបស់ក្រុមហ៊ុនផលិតទឹកស្អាតអានកូ បានតភ្ជាប់បណ្ដាញទឹកស្អាតចូលមកកាន់មូលដ្ឋានស្រុកស្ទឹងហាវ ប៉ុន្តែបែរជាត្រូវអាជ្ញាធរមូលដ្ឋាននេះ ផ្អាកដំណើរការទៅវិញ។ បញ្ហានេះ ក្រុមប្រជាពលរដ្ឋស្រុកស្ទឹងហាវ ស្នើដល់អាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ ជួយមានដំណោះស្រាយធ្វើយ៉ាងណា ឲ្យពលរដ្ឋមូលដ្ឋាននេះមានទឹកស្អាតប្រើប្រាស់ និងមានតម្លៃទាបសមរម្យ។
ឆ្លើយតបបញ្ហានេះ អភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា មានប្រសាសន៍ថា មិនយូរទេ ប្រជាពលរដ្ឋមូលដ្ឋាននេះនឹងមានទឹកស្អាតប្រើប្រាស់ ព្រោះតំណាងក្រុមហ៊ុនផលិតទឹកស្អាតអានកូ កំពុងជួបចរចាជាមួយក្រុមហ៊ុនផលិតទឹកចាស់ ដែលមិនមានលទ្ធភាពផលិតទឹកស្អាតឲ្យមានស្តង់ដារត្រឹមត្រូវ។ លោកស្នើដល់ពលរដ្ឋមូលដ្ឋាននេះស្ងប់អារម្មណ៍ និងរង់ចាំដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយក្នុងពេលដ៏ឆាប់៖ «ម្ចាស់អាជីវកម្មផលិតទឹកស្អាតនៅស្រុកស្ទឹងហាវ នេះ គឺមិនទាន់ចប់កុងត្រា ឬច្បាប់អនុញ្ញាតទេ នៅសល់ ៣ឆ្នាំទៀត ប៉ុន្តែម្ចាស់អាជីវកម្មផលិតទឹកស្អាតមុនហ្នឹងគេនិយាយថា ក្រុមហ៊ុននេះមិនមានលទ្ធភាពពង្រីកសេវារបស់ខ្លួនទេ ហើយបើមានក្រុមហ៊ុនផ្សេងចង់មកបន្តអាជីវកម្មផ្គត់ផ្គង់ទឹកស្អាតនៅស្រុកស្ទឹងហាវ គេក៏មិនជំទាស់ដែរ ប៉ុន្តែសូមឲ្យម្ចាស់អាជីវកម្មថ្មីជួយចេញការខាតបង់ដល់ក្រុមហ៊ុនខ្លួន»។
ទាក់ទិនបញ្ហានេះដែរ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តព្រះសីហនុ លោក ប្រាក់ ប្រាកដ មានប្រសាសន៍ថា ប្រជាពលរដ្ឋនៅទូទាំងស្រុកស្ទឹងហាវ នឹងមានទឹកស្អាតប្រើប្រាស់ ព្រោះក្រុមហ៊ុនអានកូ កំពុងតភ្ជាប់បណ្ដាញចូលមកក្នុងតំបន់នេះ។ លោកបន្តថា ក្រុមហ៊ុនអានកូ គួរជំរុញការតភ្ជាប់បណ្ដាញរបស់ខ្លួនចូលមកកាន់មូលដ្ឋានស្រុកស្ទឹងហាវ ដោយមិនត្រូវឲ្យមានផ្នែកពាក់ព័ន្ធណាមួយផ្អាកសកម្មភាពក្រុមហ៊ុននេះទេ។
លោក ប្រាក់ ប្រាកដ៖ «ម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតចាស់នៅស្រុកស្ទឹងហាវ បានរកស៊ីខាត ឬក្ស័យធន ហើយបានពឹងឲ្យក្រសួង និងមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុ ជួយរកដៃគូថ្មី ដើម្បីផ្គត់ផ្គង់ទឹកស្អាតនៅមូលដ្ឋានស្រុកស្ទឹងហាវ ជំនួសវិញ។ ហើយក្រសួង និងមន្ទីរ បានពិនិត្យឃើញថា មានតែក្រុមហ៊ុនអានកូ ទេដែលមានបច្ចេកទេស និងលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតទឹកស្អាតមានស្តង់ដារ ឬមានអនាម័យ។ ករណីនេះ ខាងតំណាងក្រុមហ៊ុនអានកូ ក៏បានយល់ព្រមតាមសំណើឲ្យជួយដល់ប្រជាពលរដ្ឋ ក្នុងការចូលមកផ្គត់ផ្គង់ទឹកស្អាតនៅស្រុកស្ទឹងហាវ។ ប៉ុន្តែបច្ចុប្បន្ននេះ ខាងម្ចាស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតចាស់ បានទាមទារសំណងមួយចំនួនពីក្រុមហ៊ុនអានកូ ហើយក្រុមហ៊ុនទាំងពីរកំពុងចរចាគ្នាមិនទាន់មានដំណោះស្រាយទេ»។
តំណាងក្រុមហ៊ុនផលិតទឹកស្អាតអានកូ លោក ស៊ុន ងី មានប្រសាសន៍ថា ក្រុមហ៊ុននេះរីករាយនឹងតភ្ជាប់បណ្ដាញជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាននាខេត្តព្រះសីហនុ នៅពេលមានសំណូមពរពីអាជ្ញាធរ ឬមន្ត្រីស្ថាប័នជំនាញខេត្តនេះ។ លោកបន្តថា កន្លងមកនេះ ក្រុមហ៊ុនអានកូ បានតភ្ជាប់បណ្ដាញទឹកស្អាតរបស់ខ្លួនចូលទៅស្រុកស្ទឹងហាវ រួចហើយ ប៉ុន្តែត្រូវអាជ្ញាធរស្រុកស្នើឲ្យផ្អាកដំណើរការជាបណ្ដោះអាសន្ន ដោយរង់ចាំជួបចរចារកដំណោះស្រាយជាមួយក្រុមហ៊ុនផលិតទឹកចាស់។
លោក ស៊ុន ងី៖ «មន្ទីរជំនាញត្រូវមានការទទួលខុសត្រូវទៅលើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដោយការទទួលខុសត្រូវខ្ពស់។ ហើយករណីនេះ ខាងមន្ទីរជំនាញក៏ត្រូវពិនិត្យ និងយកចិត្តទុកដាក់លើការងារនេះ។ ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋមិនមានទឹកស្អាតប្រើប្រាស់ ហើយទោះបីមានប្រតិកម្មតិច ឬច្រើនពីប្រជាពលរដ្ឋក៏ដោយ ក៏ខាងមន្ទីរត្រូវទាក់ទងមកក្រុមហ៊ុនខ្លួន ដើម្បីឈានដល់តភ្ជាប់បណ្ដាញទឹកស្អាតជូនពលរដ្ឋប្រើប្រាស់ឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្ននេះ បណ្ដាញទឹកស្អាតរបស់ក្រុមហ៊ុនអានកូ បានតភ្ជាប់បណ្ដាញរបស់ខ្លួនបានទូលំទូលាយ រហូតដល់តំបន់ទំនប់រលក តំបន់អូរ២ តំបន់អូរ៣ និងភ្ជាប់បណ្ដាញទៅដល់វត្តលើ ជាដើម»។
ទោះយ៉ាងណា អាជ្ញាធរខេត្តព្រះសីហនុ បានអះអាងថា ប្រជាពលរដ្ឋស្រុកស្ទឹងហាវ នឹងមានទឹកស្អាតប្រើប្រាស់ក្នុងពេលដ៏ឆាប់ នៅក្រោយពេលក្រុមហ៊ុនអានកូ បញ្ចប់ជំនួបចរចាជាមួយក្រុមហ៊ុនវិនិយោគទឹកស្អាតនៅស្រុកស្ទឹងហាវ ដែលក្ស័យធន និងគ្មានលទ្ធភាពពង្រីកសេវាកម្មផ្គត់ផ្គង់ទឹកស្អាតឲ្យមានអនាម័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
