រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អះអាងថា ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាកម្ពុជា មិនថយចុះទេ គឺគ្រាន់តែមានកំណើនយឺត ស្របពេលដែលភ្ញៀវទេសចរបានថយចុះខ្លាំងនៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ា ដោយសារតែភ័យខ្លាចនឹងជំងឺផ្លូវដង្ហើម។
ជាមួយគ្នានេះដែរ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០១៥ គឺចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាខេត្តសៀមរាប បានថយចុះ ១១% ក៏ប៉ុន្តែគេរំពឹងថាចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាខេត្តនេះ នឹងកើនឡើងវិញនៅពេលដែលស្ថានភាពជំងឺផ្លូវដង្ហើមនៅមជ្ឈិមបូព៌ាបានស្ងប់ស្ងាត់។ ទន្ទឹមនឹងភ្ញៀវទេសចរនឹងកើនឡើងវិញនេះ អាជ្ញាធរព្រួយបារម្ភពីការខ្វះទឹកស្អាតផ្គត់ផ្គង់ឲ្យអតិថិជនប្រើប្រាស់នាពេលបច្ចុប្បន្ន។
មន្ត្រីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានថ្លែងថា បច្ចុប្បន្នទីក្រុងទេសចរណ៍ដ៏សំខាន់មួយនេះ កំពុងតែប្រឈមមុខនឹងការខ្វះទឹកស្អាតប្រើប្រាស់ ដែលបង្កើតឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការប៉ះពាល់ដល់និរន្តរភាពរបស់ធម្មជាតិ និងប្រាសាទបុរាណ។
ការព្រួយបារម្ភនេះ បានកើតមានឡើងនៅស្របពេលដែលចំនួនភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជា និងខេត្តសៀមរាប ចេះតែកើនឡើងៗ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប គឺលោក ង៉ូវ សេងកាក់។ លោកបានរាយការណ៍នៅក្នុងកិច្ចប្រជុំរវាងមន្ត្រីរដ្ឋាភិបាល ជាមួយនឹងវិស័យឯកជនកាលពីព្រឹកថ្ងៃច័ន្ទ ទី២០ ខែកក្កដា ថា បច្ចុប្បន្នការភ្ជាប់បណ្ដាញទឹកស្អាតនឹងចែកចាយឲ្យប្រើប្រាស់នៅក្នុងទីក្រុង គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដែលជាហេតុធ្វើឲ្យសណ្ឋាគារជាច្រើនត្រូវបុកអណ្ដូងផ្ទាល់ខ្លួន ដើម្បីយកទឹកពីក្រោមដីមកចម្រោះឲ្យស្អាតសម្រាប់បំពេញតម្រូវការរបស់ភ្ញៀវទេសចរ ដែលចេះតែកើនឡើង។ លោក ង៉ូវ សេងកាក់ ព្រួយបារម្ភថា ការបុកអណ្ដូងដើម្បីយកទឹកក្រោមដីមកប្រើប្រាស់នេះ គឺកំពុងគំរាមកំហែងដល់ធនធានធម្មជាតិ និងរមណីយដ្ឋានទេសចរណ៍ជាច្រើនកន្លែង៖ «ក្នុងកិច្ចប្រជុំ អាយ.ស៊ី.ស៊ី (ICC) ក៏បានលើកឡើងថា ការប្រើប្រាស់ទឹកក្រោមដីរបស់យើង គឺមានចំនួនហួសការកំណត់ ធ្វើឲ្យប៉ះពាល់ដល់ប្រាសាទអង្គរផងដែរ ដូច្នេះសូមមន្ទីរពាក់ព័ន្ធ ក៏ដូចជាអង្គភាពរដ្ឋាករទឹកចូលរួម ដើម្បីជួយបំភ្លឺការងារនេះផង»។
បច្ចុប្បន្ន នៅក្នុងទីក្រុងសៀមរាប ទាំងមូលដែលមានប្រជាពលរដ្ឋរស់នៅជាង ៣០ម៉ឺននាក់ ហើយមានភោជនីយដ្ឋាន និងសណ្ឋាគារសម្រាប់ទទួលភ្ញៀវទេសចររហូតដល់ទៅជិត ២០០កន្លែងទៀតនោះ គឺរដ្ឋាករទឹកមានសមត្ថភាពផលិតទឹកស្អាត ដែលបូមពីអណ្ដូងក្រោមដីដែរបានជាង ១៣.០០០ម៉ែត្រគូប ហើយអាចផ្គត់ផ្គង់សេវាឲ្យអ្នកប្រើប្រាស់បានត្រឹមតែ ២០% ទេ។
អគ្គនាយករងរដ្ឋាករទឹក លោក ជាវ ចាន់នី មានប្រសាសន៍ថា តាមការសិក្សារបស់ទីភ្នាក់ងារអភិវឌ្ឍន៍ជប៉ុន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ចៃកា (JICA) ឲ្យដឹងថា ទីក្រុងសៀមរាប ក្នុងឆ្នាំ២០១៥ នេះ គឺត្រូវការទឹកស្អាតប្រើប្រាស់ប្រមាណ ៣ម៉ឺនម៉ែត្រគូប។ លោក ជាវ ចាន់នី បញ្ជាក់ទៀតថា បច្ចុប្បន្នរដ្ឋាករទឹកខេត្តសៀមរាប កំពុងអនុវត្តគម្រោងផលិតទឹកស្អាតចំនួនបី គឺទី១ គម្រោងកម្ចីប្រាក់ពីជប៉ុន គឺកំពុងសាងសង់រោងចក្រផលិតទឹកស្អាតពីបឹងទន្លេសាប ដែលនឹងបញ្ចប់នៅឆ្នាំ២០១៩-២០២០។ គម្រោងទី២ គឺកំពុងទាក់ទងឥណទាន អេ.អេហ្វ.ឌី (AFD) ដើម្បីសាងសង់រោងចក្រមួយទៀតដែលទាញយកទឹកស្អាតពីបារាយណ៍ទឹកថ្លា មកប្រើប្រាស់ក្នុងទីក្រុងចាប់ពីឆ្នាំ២០១៥-២០១៨ ហើយគម្រោង អេ.ឌី.ប៊ី (ADB) មួយទៀត គឺតបណ្ដាញទឹក។ លោក ជាវ ចាន់នី រំពឹងថា នៅពេលដែលគម្រោងតបណ្ដាញទឹក ហើយនិងរោងចក្រដែលផលិតទឹកពីបារាយណ៍ទឹកថ្លាដំណើរការរួចរាល់ គឺប្រជាពលរដ្ឋនៅក្រុងសៀមរាប នឹងអាចមានទឹកស្អាតប្រើប្រាស់បន្ថែមទៀតចាប់ពីឆ្នាំ២០១៧៖ «ផែនការអភិវឌ្ឍន៍ឥណទានរបស់ចៃកា គឺចប់ ២០១៩-២០២០ នោះ ប៉ុន្តែគម្រោងអេ.អេហ្វ.ឌី នៅឆ្នាំ២០១៧ គឺអាចដំណើរការជំហានទី១ហើយ គឺអាចផលិតទឹកស្អាត ១ម៉ឺន ៥ពាន់ម៉ែត្រគូបថែមទៀត សម្រាប់ចែកចាយឲ្យទីក្រុង»។
អ្នកជំនាញរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់កិច្ចការពារបេតិកភណ្ឌ (ICC) បានសម្ដែងការព្រួយបារម្ភរឿងនេះ ៣-៤ឆ្នាំមកហើយថា ការជីកអណ្ដូងដើម្បីបូមទឹកពីក្រោមដីមកប្រើប្រាស់ច្រើនហួសកំណត់ វានឹងធ្វើឲ្យធនធានទឹកនៅក្រោមដីរីងស្ងួត ហើយនៅពេលដែលគ្មានទឹកក្រោមដី គឺធម្មជាតិទាំងអស់នឹងក្រៀមស្វិតងាប់ ចំណែកឯគ្រឹះប្រាសាទបុរាណ នឹងស្រុតបាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
